(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 48.057 បាលី cs-km: sut.sn.48.057 អដ្ឋកថា: sut.sn.48.057_att PTS: ?
(សហម្បតិព្រហ្មសូត្រ ទី៧)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. សហម្បតិព្រហ្មសុត្តំ)
[៣៧០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅនា អជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះ ព្រះដ៏មានព្រះភាគ នៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅក្នុងផលសមាបត្តិ កើតព្រះហឫទ័យ បរិវិតក្កៈ យ៉ាងនេះថា ឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន ជាទីបំផុត។ ឥន្ទ្រិយទាំង ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ ឥន្ទ្រិយទាំង ៥ នេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទិ្រយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។
[៣៧១] គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវចេតោបរិវិតក្កៈ នៃព្រះដ៏មានព្រះភាគ ដោយចិត្ត (របស់ខ្លួន) ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលា។
[៣៧២] គ្រានោះឯង សហម្បតិព្រហ្ម ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ ឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់ កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ ចុះឥន្ទ្រិយ ទាំង ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់ កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ ឥន្ទ្រិយទាំង៥ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន ជាទីបំផុត។
[៣៧៣] បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះកស្សបសម្មាសម្ពុទ្ធ ក្នុងកាលណោះ អ្នកផងតែងស្តាប់ខ្ញុំព្រះអង្គ យ៉ាងនេះថា សហកភិក្ខុ សហកភិក្ខុ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ នឿយណាយ ចាកកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយទាំង ៥ នេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិព្រហ្មលោក ពួកទេវតាទាំងនោះ ក៏ស្គាល់ខ្ញុំព្រះអង្គ ក្នុងទីនោះ យ៉ាងនេះថា សហម្បតិព្រហ្ម សហម្បតិព្រហ្ម ដូច្នេះ។
[៣៧៤] បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ ខ្ញុំព្រះអង្គ ដឹងហេតុនុ៎ះ ខ្ញុំព្រះអង្គ ឃើញហេតុនុ៎ះ ដូចជាឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។