km:tipitaka:sut:sn:48:sut.sn.48.v05



ជរាវគ្គ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 48.v05 បាលី cs-km: sut.sn.48.v05 អដ្ឋកថា: sut.sn.48.v05_att PTS: ?

ជរាវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. ជរាវគ្គោ)

(ជរាធម្មសូត្រ ទី១)

(១. ជរាធម្មសុត្តំ)

[២៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ នៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ (ផលសមាបត្តិ) ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ហាលព្រះបិដ្ឋិ (ខ្នង) ក្នុងទីកំដៅថ្ងៃខាងក្រោយ (ប្រាសាទ)។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយច្របាច់ នូវព្រះកាយ នៃព្រះដ៏មានព្រះភាគ ដោយដៃ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[២៨៦] អសា្ចរ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះឆវិវណ្ណ របស់ព្រះអង្គ មិនបរិសុទ្ធផូរផង់ ដូចអំពីមុនឡើយ ទាំងព្រះអង្គាវយវៈ ក៏ធូរជ្រាយ មានព្រះចម្មៈជ្រួញជ្រីវ ព្រះកាយក៏ទន់ទោរ ការប្រែប្រួល នៃឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្រ្ទិយ ឃានិន្រ្ទិយ ជីវិ្ហន្រ្ទិយ កាយិន្ទ្រិយ ក៏ឃើញប្រាកដ។

[២៨៧] អើ អានន្ទ ពាក្យនុ៎ះមែនហើយ ជរាធម៌ រមែងមាននៅត្រង់អវយវៈ ដែលកំពុងចំរើន ព្យាធិធម៌ មាននៅត្រង់ការដែលមិនមានរោគ មរណធម៌ ក៏មាននៅត្រង់ជីវិត។ ឆវិវណ្ណ (របស់តថាគត) មិនបរិសុទ្ធផូរផង់ដូចមុនទេ ទាំងអង្គាវយវៈ ក៏ថូរជ្រាយ មានស្បែកជ្រួញជ្រីវ កាយក៏ទន់ទោរ ការប្រែប្រួល នៃឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ ក៏ឃើញប្រាកដមែន។ ព្រះដ៏មានព្រះភាគ បានត្រាស់ភាសិតនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់ភាសិតនេះរួចហើយ ទើបព្រះសាស្តា ត្រាស់គាថានេះ តទៅទៀតដូច្នេះ

[២៨៨]

ថ្វឺយសរីរៈនោះ រមែងមានក្នុងកាលដែលចាស់អាក្រក់ ក្នុងកាលដែលជរា ធ្វើឲ្យមានសម្បុរអាក្រក់ អត្តភាពជាទីត្រេកអរនៃចិត្ត ក៏ត្រូវជរាគ្របសង្កត់ដោយពិត។ ពួកសត្វទាំងអស់ មានមច្ចុប្រព្រឹត្តទៅខាងមុខ ទោះជនឯណា រស់នៅអស់ ១០០ ឆ្នាំក្តី ជននោះ ចៀសវាងនូវមច្ចុតិចតួច ក៏ពុំរួច មច្ចុ តែងញំាញី នូវសត្វទាំងអស់ ឥតសល់ឡើយ។

(ឧណ្ណាភព្រាហ្មណសូត្រ ទី២)

(២. ឧណ្ណាភព្រាហ្មណសុត្តំ)

[២៨៩] សាវត្ថីនិទាន។ គ្រាននោះឯង ឧណ្ណាភព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧណ្ណាភព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[២៩០] បពិត្រព្រះគោតមដ៏ចំរើន ឥន្ទ្រិយ ៥យ៉ាងនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា រមែងមិនទទួលនូវអារម្មណ៍ និងវិស័យ នៃគ្នានឹងគ្នាឡើយ។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វី ជាទីពឹង របស់ឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ ដែលមានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នា ចុះសភាវៈដូចម្តេច រមែងទទួលនូវអារម្មណ៍ និងវិស័យនៃឥន្ទ្រិយទាំងនេះ។

[២៩១] ម្នាលព្រាហ្មណ៍ ឥន្ទ្រិយ ៥ យ៉ាងនេះ មានវិស័យផ្សេង ៗគ្នា មានអារម្មណ៍ផ្សេងៗ គ្នា រមែងមិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នា។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ ម្នាលព្រាហ្មណ៍ កាលបើឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ មានវិស័យផ្សេងៗ គ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នាហើយ មានតែចិត្តជាទីពឹង ទាំងចិត្ត ក៏រមែងទទួលនូវអារម្មណ៍ និងវិស័យ នៃឥន្ទ្រិយទាំងនោះ។

[២៩២] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់ចិត្ត។ ម្នាលព្រាហ្មណ៍ សតិ ជាទីពឹងរបស់ចិត្ត។

[២៩៣] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់សតិ។ ម្នាលព្រាហ្មណ៍ វិមុត្តិ ជាទីពឹងរបស់សតិ។

[២៩៤] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់វិមុត្តិ។ ម្នាលព្រាហ្មណ៍ និព្វានជាទីពឹងរបស់វិមុត្តិ។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹង របស់ព្រះនិព្វាន។ ម្នាលព្រាហ្មណ៍ អ្នកកន្លងហួសប្រស្នាហើយ អ្នកមិនអាចកាន់យក នូវទីបំផុតនៃប្រស្នាបានឡើយ។ ម្នាលព្រាហ្មណ៍ ព្រោះថា មគ្គព្រហ្មចរិយធម៌ ឈមទៅកាន់និព្វាន មាននិព្វានប្រព្រឹត្តទៅខាងមុខ មាននិព្វានជាទីបំផុត។

[២៩៥] គ្រានោះឯង ឧណ្ណាភព្រាហ្មណ៍ ក៏ត្រេកអរ អនុមោទនា នូវភាសិតនៃព្រះដ៏មានព្រះភាគ រួចក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។

[២៩៦] គ្រានោះ កាលឧណ្ណាភព្រាហ្មណ៍ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ក៏ត្រាស់នឹងពួកភិក្ខុថា

[២៩៧] ម្នាលភិក្ខុទាំងឡាយ ផ្ទះកំពូល ឬសាលា ដែលមានកំពូល មានបង្អួចក្នុងទិសខាងជើង ឬទិសខាងកើត កាលបើព្រះអាទិត្យរះឡើង រស្មីចូលទៅតាមបង្អួចហើយ ស្ថិតនៅក្នុងទីណា មានឧបមាយ៉ាងណា។ បពិត្រព្រះអង្គដ៏ចំរើន រស្មីស្ថិតនៅត្រង់ជញ្ជាំងទិសខាងលិច។ ម្នាលភិក្ខុទាំងឡាយ ឯឧណ្ណាភព្រាហ្មណ៍ មានសទ្ធាខ្ជាប់ខ្ជួន ជាឫសស្ថិតនៅមាំមួន ចំពោះតថាគត ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយ ក្នុងលោកក្តី មិនងាយបំបែរ ឲ្យងាកចេញបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនេះ បើឧណ្ណាភព្រាហ្មណ៍ ធ្វើមរណកាល ឧណ្ណាភព្រាហ្មណ៍ ដែលប្រកបដោយសញ្ញោជនឯណាហើយ គប្បីមកកាន់លោកនេះម្តងទៀត សញ្ញោជននោះ មិនមានទេ។

(សាកេតសូត្រ ទី៣)

(៣. សាកេតសុត្តំ)

[២៩៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ទៀបនគរសាកេត។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះ មានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់ មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមអារាធនា សូមព្រះដ៏មានព្រះភាគ បំភ្លឺសេចក្តី នៃភាសិតនុ៎ះឲ្យទាន បើពួកភិក្ខុ បានស្តាប់ព្រះវាចា របស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន។ បេ។

[២៩៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ មានដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។

[៣០០] ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយឯណា សទ្ធិន្ទ្រិយនោះ ក៏គឺសទ្ធាពលៈ សទ្ធាពលៈឯណា សទ្ធាពលៈនោះ ក៏គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយឯណា វិរិយិន្ទ្រិយនោះ ក៏គឺវិរិយពលៈ វិរិយពលៈឯណា វិរិយពលៈនោះ ក៏គឺវិរិយិន្ទ្រិយ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពលៈ សតិពលៈឯណា សតិពលៈនោះ ក៏គឺសតិន្ទ្រិយ សមាធិន្ទ្រិយឯណា សមាធិន្ទ្រិយនោះ ក៏គឺសមាធិពលៈ សមាធិពលៈឯណា សមាធិពលៈនោះ ក៏គឺសមាធិន្ទ្រិយ បញ្ញិន្ទ្រិយឯណា បញ្ញិន្ទ្រិយនោះ ក៏គឺបញ្ញាពលៈ បញ្ញាពលៈឯណា បញ្ញាពលៈនោះ ក៏គឺបញ្ញិន្ទ្រិយ។

[៣០១] ម្នាលភិក្ខុទាំងឡាយ ដូចទន្លេហូរទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត កោះក៏មាននៅត្រង់កណ្តាល នៃទន្លេនោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលដល់ នូវការរាប់ថា ទន្លេនោះមានខ្សែទឹកតែមួយ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកពីរ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ ក៏មានដែរ។

[៣០២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកតែមួយ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទឹកឯណា មាននៅចុង នៃទិសខាងកើត នៃកោះនោះ និងទឹកឯណា មាននៅចុង នៃទិសខាងលិច នៃកោះនោះ។ ម្នាលភិក្ខុទាំងឡាយ ទឹកនោះៗ ដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកតែមួយ ព្រោះអាស្រ័យ នូវបរិយាយឯណា នេះឯងជាបរិយាយ។

[៣០៣] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខែ្សទឹកពីរ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទឹកឯណា មាននៅចុង នៃទិសខាងជើង នៃកោះនោះ និងទឹកឯណា មាននៅចុង នៃទិសខាងត្បូង នៃកោះនោះ។ ម្នាលភិក្ខុទាំងឡាយ ទឹកនោះៗ ដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកពីរ ព្រោះអាស្រ័យ នូវបរិយាយឯណា នេះឯងជាបរិយាយ យ៉ាងណាមិញ។

[៣០៤] ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយឯណា សទ្ធិន្ទ្រិយនោះ ក៏គឺសទ្ធាពលៈ សទ្ធាពលៈឯណា សទ្ធាពលៈនោះ ក៏គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយឯណា វិរិយិន្ទ្រិយនោះ ក៏គឺវិរិយពលៈ វិរិយពលៈឯណា វិរិយពលៈនោះ ក៏គឺវិរិយិន្ទ្រយ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពលៈ សតិពលៈឯណា សតិពលៈនោះ ក៏គឺសតិន្ទ្រិយ សមាធិន្ទ្រិយឯណា សមាធិន្ទ្រិយនោះ ក៏គឺសមាធិពលៈ សមាធិពលៈឯណា សមាធិពលៈនោះ ក៏គឺសមាធិន្ទ្រិយ បញ្ញិន្ទ្រិយឯណា បញ្ញិន្ទ្រិយនោះ ក៏គឺបញ្ញាពលៈ បញ្ញាពលៈឯណា បញ្ញាពលៈនោះ ក៏គឺបញ្ញិន្ទ្រិយ ក៏យ៉ាងនោះដែរ។

[៣០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុរមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ព្រោះបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ទាំង ៥ ហើយសម្រាន្តនៅ។

(បុព្វកោដ្ឋកសូត្រ ទី៤)

(៤. បុព្វកោដ្ឋកសុត្តំ)

[៣០៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបុព្វកោដ្ឋកនិគម ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់សួរបញ្ជាក់ព្រះសារីបុត្តដ៏មានអាយុថា

[៣០៧] ម្នាលសារីបុត្ត អ្នកជឿដែរឬ ថាសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

[៣០៨] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនលុះដោយការជឿព្រះដ៏មានព្រះភាគ ក្នុងដំណើរនុ៎ះទេ ថាសទ្ធិន្ទ្រិយ។ បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ លុះតែពួកជន ដែលមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជនដទៃ ក្នុងដំណើរនុ៎ះ ថាសទ្ធិន្ទ្រិយ។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ បើពួកជនឯណា ធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញាហើយ ពួកជននោះ ឥតមានសង្ស័យ ឥតមានងឿងឆ្ងល់ ក្នុងដំណើរនុ៎ះឡើយ ថាសទ្ធិន្ទ្រិយ។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ ឯខ្ញុំព្រះអង្គ ធ្លាប់ដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញាហើយ ខ្ញុំព្រះអង្គ ឥតមានសង្ស័យ ឥតមានងឿងឆ្ងល់ ក្នុងដំណើរនុ៎ះទេ ថាសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

[៣០៩] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ព្រោះថា ដំណើរនោះ ពួកជនដែលមិនធ្លាប់ដឹង មិនឃើញ មិនយល់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ មិនទាន់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជនដទៃ ក្នុងដំណើរនោះថា សទ្ធិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។បេ។ ថា បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ ម្នាលសារីបុត្រ ដំណើរនុ៎ះ បើពួកជនឯណា ធ្លាប់ដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញា ពួកជននោះ មិនមានសង្ស័យ មិនមានងឿងឆ្ងល់ ក្នុងដំណើរនោះឡើយ ថាសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

(បឋមបុព្វារាមសូត្រ ទី៥)

(៥. បឋមបុព្វារាមសុត្តំ)

[៣១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទ របស់មិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែខ្លួនបានចំរើន ធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រពឹ្រត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣១១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែខ្លួនបានចំរើន ធ្វើឲ្យក្រាស់ក្រែលនូវឥន្ទ្រិយមួយ ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ឥន្ទ្រិយតែមួយ គឺអ្វី។ គឺបញ្ញិន្ទ្រិយ។

[៣១២] ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ វីរិយៈ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ សតិ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយ នោះ ក៏តាំងនៅស៊ប់ សមាធិ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ ចំពោះ អរិយសាវក ដែលមានបញ្ញា។

[៣១៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយមួយនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បាន ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុតិយបុព្វារាមសូត្រ ទី៦)

(៦. ទុតិយបុព្វារាមសុត្តំ)

[៣១៤] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣១៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយពីរ ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣១៦] ឥន្ទ្រិយពីរយ៉ាង តើអ្វីខ្លះ។ គឺបញ្ញាដ៏ប្រសើរ ១ វិមុត្តិដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បញ្ញាដ៏ប្រសើរឯណា របស់ភិក្ខុនោះ បញ្ញានោះ ឈ្មោះថា បញ្ញិន្ទ្រិយរបស់ ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា វិមុត្តិដ៏ប្រសើរឯណា របស់ភិក្ខុនោះ វិមុត្តិនោះ ឈ្មោះថា សមាធិន្ទ្រិយ របស់ភិក្ខុនោះ។

[៣១៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយពីរយ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(តតិយបុព្វារាមសូត្រ ទី៧)

(៧. តតិយបុព្វារាមសុត្តំ)

[៣១៨] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣១៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៤ យ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២០] ឥន្ទ្រិយ ៤ យ៉ាង តើអ្វីខ្លះ។ គឺវីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

[៣២១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៤ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ចតុត្ថបុព្វារាមសូត្រ ទី៨)

(៨. ចតុត្ថបុព្វារាមសុត្តំ)

[៣២២] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយនៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣២៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៥ យ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាសថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៤] ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

[៣២៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៥ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(បិណ្ឌោលភារទ្វាជសូត្រ ទី៩)

(៩. បិណ្ឌោលភារទ្វាជសុត្តំ)

[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ សម័យនោះឯង ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៧] គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៨] បពិត្រព្រះអង្គដ៏ចំរើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ឃើញអំណាចប្រយោជន៍ដូចម្តេច ទើបប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៣ យ៉ាង ទើបបិណ្ឌោលភារទ្វាជភិក្ខុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៣០] ឥន្ទ្រិយ ៣ យ៉ាង តើអ្វីខ្លះ។ គឺសតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

[៣៣១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៣ យ៉ាងនេះឯង ទើបបិណ្ឌោលភារទ្វាជភិក្ខុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយទាំង ៣ យ៉ាងនេះ មានអ្វីជាទីបំផុត។ មានការអស់ទៅជាទីបំផុត។ មានការអស់ទៅជាទីបំផុតនៃអ្វី។ នៃជាតិ ជរា មរណៈ។ ម្នាលភិក្ខុទាំងឡាយ បិណ្ឌោលភារទ្វាជភិក្ខុ ឃើញច្បាស់ថា ការអស់ទៅនៃជាតិ ជរា មរណៈ ដូច្នេះឯង ទើបប្រកាស នូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អាបណសូត្រ ទី១០)

(១០. អាបណសុត្តំ)

[៣៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះ អាបណៈ របស់ពួកអ្នកស្រុកអង្គៈ ក្នុងដែនអង្គៈ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត អរិយសាវកឯណា ជ្រះថ្លា តាំងនៅ មាំមួន ចំពោះព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតទេឬ។

[៣៣៤] បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកឯណា ជ្រះថ្លា តាំងនៅមាំមួន ចំពោះព្រះតថាគតហើយ អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា អរិយសាវក អ្នកមានសទ្ធា គប្បីនឹកសង្ឃឹម នូវហេតុនុ៎ះ ជាប្រាកដ គឺអរិយសាវកនោះ នឹងប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញ នូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។

[៣៣៥] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាវីរិយៈឯណា របស់អរិយសាវកនោះ វីរិយៈនោះ ឈ្មោះថា វីរិយិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺជាអ្នកមានស្មារតី ប្រកបដោយប្រាជ្ញាចាស់ក្លា ដ៏ប្រសើរ តែងនឹកបាន ចាំបាន នូវអំពើ ដែលធ្លាប់ធ្វើមកជាយូរហើយផង នូវពាក្យសំដីដែលធ្លាប់និយាយមកជាយូរហើយផង។

[៣៣៦] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សតិឯណា របស់អរិយសាវកនោះ សតិនោះ ឈ្មោះថា សតិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺធ្វើនូវព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយនិងបាននូវសមាធិ និងបាននូវភាវៈ នៃចិត្តមានអារម្មណ៍តែមួយ។

[៣៣៧] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សមាធិឯណា របស់អរិយសាវកនោះ សមាធិនោះ ឈ្មោះថា សមាធិន្ទ្រិយ របស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ មានចិត្តតាំងមាំ ដោយប្រពៃ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺនឹងដឹងច្បាស់ យ៉ាងនេះថា សង្សារមានទីបំផុតកំណត់មិនបាន ទីបំផុតខាងដើម មិនប្រាកដ ដល់សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មានតណ្ហាជាគ្រឿងប្រកប ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ ការប្រាសចាកតម្រេក និងការរលត់ឥតមានសេសសល់ នៃគំនរងងឹត គឺអវិជ្ជានុ៎ះឯង ជាផ្លូវដ៏ស្ងប់ ជាផ្លូវដ៏ប្រសើរ គឺការស្ងប់រម្ងាប់ទៅ នៃសង្ខារទាំងពួង លះបង់ នូវឧបធិក្កិលេសទាំងពួង ក្ស័យទៅនៃតណ្ហា ប្រាសចាកតម្រេក រលត់ទៅ (នៃកិលេស) ឈ្មោះថា និព្វាន។

[៣៣៨] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាបញ្ញាឯណា របស់អរិយសាវកនោះ បញ្ញានោះ ឈ្មោះថា បញ្ញិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន អរិយសាវក អ្នកមានសទ្ធានោះ បានផ្គូផ្គងស្រេច យ៉ាងនេះ នឹករឭកឃើញស្រេច យ៉ាងនេះ ដំកល់ទុកស្រេច យ៉ាងនេះ ដឹងច្បាស់ស្រេច យ៉ាងនេះ រមែងជឿស៊ប់ យ៉ាងនេះថា ធម៌ទាំងឡាយនេះឯង ជាធម៌ ដែលអាត្មាអញ ធ្លាប់ស្តាប់មកក្នុងកាលមុន ព្រោះហេតុនោះ អាត្មាអញ រមែងបានប៉ះពាល់ ដោយនាមកាយក្នុងកាលឥឡូវនេះផង ចាក់ធ្លុះធ្លាយ ឃើញដោយប្រាជ្ញាផង។

[៣៣៩] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សទ្ធាឯណា របស់អរិយសាវកនោះ សទ្ធានោះ ឈ្មោះថា សទ្ធិន្ទ្រិយរបស់លោក។

[៣៤០] ម្នាលសារីបុត្ត ប្រពៃហើយៗ ម្នាលសារីបុត្ត អរិយសាវកឯណា ជ្រះថ្លា តាំងនៅមាំមួន ចំពោះព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតឡើយ។ ម្នាលសារីបុត្ត ព្រោះថា អរិយសាវក អ្នកមានសទ្ធា នឹងនឹកសង្ឃឹមនូវហេតុនុ៎ះ ជាប្រាកដ គឺនឹងប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញ នូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។

[៣៤១] ម្នាលសារីបុត្ត ព្រោះថា វីរិយឯណា របស់អរិយសាវកនោះ វីរិយនោះ ឈ្មោះថា វីរិយិន្ទ្រិយ របស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺជាអ្នកមានស្មារតី ប្រកបដោយប្រាជ្ញាចាស់ក្លា ដ៏ប្រសើរ តែងនឹកបាន ចាំបាន នូវអំពើ ដែលធ្លាប់ធ្វើមកជាយូរហើយផង នូវពាក្យសំដី ដែលធ្លាប់និយាយមកជាយូរហើយផង។

[៣៤២] ម្នាលសារីបុត្ត ព្រោះថា សតិឯណា របស់អរិយសាវកនោះ សតិនោះ ឈ្មោះថា សតិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ហើយ នឹងបាននូវសមាធិ នឹងបាននូវភាវៈ នៃចិត្តមានអារម្មណ៍តែមួយ។

[៣៤៣] ម្នាលសារីបុត្ត ព្រោះថា សមាធិឯណា របស់អរិយសាវកនោះ សមាធិនោះ ឈ្មោះថា សមាធិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ មានចិត្តតាំងមាំ ដោយប្រពៃ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺនឹងដឹងច្បាស់យ៉ាងនេះថា សង្សារមានទីបំផុតកំណត់មិនបាន ទីបំផុតខាងដើម មិនប្រាកដ ដល់សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មានតណ្ហា ជាគ្រឿងប្រកប ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ ការប្រាសចាកតម្រេក និងការរលត់ទៅ ឥតមានសេសសល់ នៃគំនរងងឹត គឺអវិជ្ជានុ៎ះឯង ជាផ្លូវដ៏ស្ងប់ ជាផ្លូវដ៏ប្រសើរ គឺការស្ងប់រម្ងាប់ទៅ នៃសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំងពួង ក្ស័យទៅនៃតណ្ហា ប្រាសចាកតម្រេក រលត់ទៅ (នៃកិលេស) ឈ្មោះថា និព្វាន។

[៣៤៤] ម្នាលសារីបុត្ត ព្រោះថា បញ្ញាឯណារបស់អរិយសាវកនោះ បញ្ញានោះ ឈ្មោះថា បញ្ញិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត អរិយសាវក អ្នកមានសទ្ធានោះ បានផ្គូផ្គងសេ្រច យ៉ាងនេះ នឹករឭកឃើញស្រេចយ៉ាងនេះ ដំកល់ទុកស្រេចយ៉ាងនេះ ដឹងច្បាស់ស្រេចយ៉ាងនេះ រមែងជឿស៊ប់ យ៉ាងនេះថា ធម៌ទាំងឡាយនេះឯង ជាធម៌ដែលអាត្មាអញ ធ្លាប់បានស្តាប់មកក្នុងកាលមុន ព្រោះហេតុនោះ អាត្មាអញ រមែងបានប៉ះពាល់ ដោយនាមកាយ ក្នុងកាលឥឡូវនេះផង ចាក់ធ្លុះធ្លាយ ឃើញដោយប្រាជ្ញាផង។

[៣៤៥] ម្នាលសារីបុត្ត ព្រោះថា សទ្ធាឯណា របស់អរិយសាវកនោះ សទ្ធានោះ ឈ្មោះថា សទ្ធិន្ទ្រិយរបស់លោក។

ចប់ ជរាវគ្គ ទី៥។

ឧទ្ទាននៃជរាវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់ព្រះជរា ១ អំពីឧណ្ណាភព្រាហ្មណ៍ ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងក្រុងសាកេត ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងបុព្វកោដ្ឋកនិគម ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងបុព្វារាម មាន ៤ លើក អំពីព្រះបិណ្ឌោលភារទ្វាជៈ ១ អំពីអរិយសាវក អ្នកមានសទ្ធា ១ រួមទាំងអស់ត្រូវជា ១០។

 

លេខយោង

km/tipitaka/sut/sn/48/sut.sn.48.v05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann