km:tipitaka:sut:sn:51:sut.sn.51.014



(មោគ្គល្លានសូត្រ ទី៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 51.014 បាលី cs-km: sut.sn.51.014 អដ្ឋកថា: sut.sn.51.014_att PTS: ?

(មោគ្គល្លានសូត្រ ទី៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. មោគ្គល្លានសុត្តំ)

[៤៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ នាបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុច្រើនរូប នៅក្នុងមិគារមាតុប្រាសាទជាន់ក្រោម ជាអ្នករវើររវាយ មានមានះដូចជាបបុស ងើបឡើងហើយ រជើបរជោរ មានមាត់រឹង មានវាចារោយរាយ មានស្មារតីវង្វេង ប្រាសចាកបញ្ញា មានចិត្ត មិនដំកល់មាំ មានចិត្តអណ្តែតអណ្តូង មានឥន្ទ្រិយមិនសង្រួម។

[៤៧៨] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះមហាមោគ្គល្លាន ដ៏មានអាយុថា ម្នាលមោគ្គល្លាន សព្រហ្មចារីភិក្ខុទាំងនោះឯង នៅក្នុងមិគារមាតុប្រាសាទ ជាន់ក្រោម ជាអ្នកមានចិត្តរវើរវាយ មានមានះដូចជាបបុស ងើបឡើងហើយ រជើបរជោរ មានមាត់រឹង មានសំដីរោយរាយ វង្វេង ភ្លេចស្មារតី ប្រាសចាកបញ្ញា មានចិត្តមិនដំកល់មាំ មានចិត្តអណ្តែតអណ្តូង មានឥន្រ្ទិយមិនសង្រួម ម្នាលមោគ្គល្លាន អ្នកចូរទៅញុំាងភិក្ខុទាំងនោះ ឲ្យសង្វេគ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ទទួលព្រះបន្ទូល ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយញុំាងមិគារមាតុប្រាសាទ ឲ្យកម្រើក ឲ្យរងើ្គ ឲ្យញាប់ញ័រ ដោយម្រាមមេជើងយ៉ាងណា ក៏សំដែងតាក់តែងនូវឫទ្ធិ មានសភាពយ៉ាងនោះ។

[៤៧៩] លំដាប់នោះឯង ភិក្ខុទាំងនោះ តក់ស្លុត កើតព្រឺព្រួចរោម ឈរក្នុងទីសមគួរ ប្រាប់គ្នាថា យីអើ អស្ចារ្យណាស់តើ យីអើ ចំឡែកណាស់តើ គ្មានខ្យល់សោះ មិគារមាតុប្រាសាទនេះ មានរណ្តៅដ៏ជ្រៅ កប់ក៏ជ្រៅ ឥតកម្រើក ឥតញាប់ញ័រ ស្រាប់តែកម្រើក រង្គើ ញាប់ញ័រ។

[៤៨០] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្តេចហ្ន៎ ក៏អ្នកទាំងឡាយ តក់ស្លុត កើតព្រឺព្រួចរោម ឈរក្នុងទីសមគួរ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ស្ងប់ខ្យល់សោះ មិគារមាតុប្រាសាទនេះសោត មានរណ្តៅដ៏ជ្រៅ កប់ក៏ជ្រៅ ជារបស់ឥតកម្រើក ឥតញាប់ញ័រ ក៏ស្រាប់តែកម្រើក រង្គើ ញាប់ញ័រ។

[៤៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះមោគ្គល្លាន ប្រាថ្នានឹងឲ្យអ្នកទាំងឡាយសង្វេគ ទើបធ្វើមិគារមាតុប្រាសាទឲ្យកម្រើក រង្គើ ញាប់ញ័រ ដោយមេជើងទេតើ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មានអានុភាព ធំយ៉ាងនេះ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះដ៏មានព្រះភាគ ជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមព្រះដ៏មានព្រះភាគ សំដែងសេចក្តី នៃភាសិតនុ៎ះ ឲ្យទាន ភិក្ខុទាំងឡាយ ស្តាប់នូវភាសិត របស់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុក។

[៤៨២] ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះមោគ្គល្លាន ក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា ឆន្ទៈរបស់អញ នឹងមិនធូរថយពេកផង។បេ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារថា វិមំសារបស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនមានចិត្តរាយមាយ ទៅខាងក្រៅផង ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើក មានកិលេសមិនរួបរឹត ចំរើនចិត្តដែលប្រកបដោយពន្លឺដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

[៤៨៣] ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។បេ។ ទៅទាំងអំណាចខ្លួន រហូតដល់ព្រហ្មលោកនាយបាន។

[៤៨៤] ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងអត្តភាព ដែលឃើញជាក់ស្តែង ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះ។ (បណ្ឌិតត្រូវញុំាងអភិញ្ញាទាំងឡាយ ឲ្យពិស្តារយ៉ាងនេះចុះ)។

 

លេខយោង

km/tipitaka/sut/sn/51/sut.sn.51.014.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann