km:tipitaka:sut:sn:51:sut.sn.51.015



(ឧណ្ណាភព្រាហ្មណសូត្រ ទី៥)

សង្ខេប

មានមនុស្ស​ជា​ច្រើន​ ដោល​បាន​បង្រៀននេះហើយ​ ជឿ​ថា សេចក្តី​ប៉ង​ប្រាថ្នា​គឺ​ជា​អ្វី​ដែល ម្នាក់​ត្រូវ​តែ​បោះ​បង់​ជា​មុន ឬ​មិន​ចាំបាច់​គិត​អំពី​បំណង​ប្រាថ្នា។ តើ​​អ្នក​​នឹង​មក​​ដល់​​ណា ​បើ​​គ្មាន​​បំណង​​ប្រាថ្នា​​ខ្លាំង?

sn 51.015 បាលី cs-km: sut.sn.51.015 អដ្ឋកថា: sut.sn.51.015_att PTS: ?

(ឧណ្ណាភព្រាហ្មណសូត្រ ទី៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក ស្រស់

(៥. ឧណ្ណាភព្រាហ្មណសុត្តំ)

[៤៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុវកោសម្ពី។ លំដាប់នោះឯង ព្រាហ្មណ៍ឈ្មោះឧណ្ណាភៈ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍ឈ្មោះ ឧណ្ណាភៈ អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះអានន្ទ ដ៏មានអាយុ ដូច្នេះថា

[៤៨៦] បពិត្រព្រះអានន្ទដ៏ចំរើន គេប្រព្រឹត្តព្រហ្មចារ្យ ក្នុងសំណាក់ព្រះសមណគោតម មានអ្វីជាប្រយោជន៍។ ម្នាលព្រាហ្មណ៍ គេប្រព្រឹត្តព្រហ្មចារ្យ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ មានការលះបង់ឆន្ទៈ ជាប្រយោជន៍។

[៤៨៧] បពិត្រព្រះអានន្ទដ៏ចំរើន ចុះមានផ្លូវ មានបដិបទា ដើម្បីលះបង់នូវឆន្ទៈនុ៎ះដែរឬ។ ម្នាលព្រាហ្មណ៍ មានផ្លូវ មានបដិបទា ដើម្បីលះបង់នូវឆន្ទៈនុ៎ះដែរ។

[៤៨៨] បពិត្រព្រះអានន្ទដ៏ចំរើន ចុះផ្លូវដូចម្តេច បដិបទា ដូចម្តេច ដើម្បីលះបង់នូវឆន្ទៈនុ៎ះ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ទិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលព្រាហ្មណ៍ នេះឯងជាផ្លូវ នេះជាបដិបទា ដើម្បីលះបង់ឆន្ទៈនុ៎ះ។

[៤៨៩] បពិត្រព្រះអានន្ទដ៏ចំរើន កាលបើយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មាន ឯពាក្យដែលថា បុគ្គលនឹងលះបង់នូវឆន្ទៈ ដោយឆន្ទៈនុ៎ះ មិនសមហេតុទេ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អាត្មា នឹងសួរអ្នក ក្នុងដំណើរនុ៎ះវិញ គួរដល់អ្នកយ៉ាងណា អ្នកត្រូវព្យាករប្រស្នានោះ យ៉ាងនោះចុះ។

[៤៩០] ម្នាលព្រាហ្មណ៍ អ្នកយល់នូវដំណើរនោះ ដូចម្តេច អ្នកមានឆន្ទៈ ក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលអ្នកនោះ ទៅដល់អារាមហើយ ឆន្ទៈដែលកើតមុននោះ ក៏ស្ងប់រម្ងាប់ឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ សេចក្តីព្យាយាម របស់អ្នកក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលអ្នកនោះ ទៅដល់អារាមហើយ ព្យាយាម ដែលកើតមុននោះ ស្ងប់រម្ងាប់ឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ អ្នកបានមានចិត្ត ក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលបើអ្នកនោះ ទៅដល់អារាមហើយ ចិត្តដែលកើតមុននោះ ស្ងប់រម្ងាប់ឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ បញ្ញារបស់អ្នក បានកើតឡើង ក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលអ្នកនោះ ទៅដល់អារាមហើយ បញ្ញាដែលកើតមុននោះ ស្ងប់រម្ងាប់ដែរឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។

[៤៩១] ម្នាលព្រាហ្មណ៍ ការនុ៎ះក៏ដូច្នោះដែរ ភិក្ខុជាព្រះអរហន្តខីណាស្រព មានព្រហ្មចារ្យ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ផ្ទាល់ខ្លួន ដល់ហើយ មានសំយោជនៈ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះការដឹងដោយប្រពៃ ភិក្ខុនោះ មានឆន្ទៈក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះសម្រេចអរហត្តហើយ ឆន្ទៈដែលកើតមុននោះ ក៏ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មានព្យាយាម ក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះបានដល់អរហត្តហើយ ព្យាយាម ដែលកើតអំពីមុននោះ ក៏ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មានចិត្តក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះដល់អរហត្តហើយ ចិត្តដែលកើតអំពីមុននោះ ក៏ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មានបញ្ញាក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះបានដល់អរហត្តហើយ បញ្ញាដែលកើតអំពីមុននោះ ក៏ស្ងប់រម្ងាប់ទៅ។

[៤៩២] ម្នាលព្រាហ្មណ៍ អ្នកសម្គាល់ហេតុនោះដូចម្តេច កាលបើហេតុយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មានឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន ពិតមែនហើយ បើយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មាន បពិត្រព្រះអានន្ទដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ពុំនោះ ដូចគេបា្រប់ផ្លូវ ដល់មនុស្សវង្វេង ឬដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យអ្នកមានចក្ខុ មើលឃើញរូបបាន។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលលោកសំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង។ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា សូមដល់ព្រះគោតមដ៏ចំរើននោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ សូមព្រះអានន្ទដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិតតាំងពីថ្ងៃនេះទៅ។

 

លេខយោង

km/tipitaka/sut/sn/51/sut.sn.51.015.txt · ពេលកែចុងក្រោយ: 2024/02/15 14:15 និពន្ឋដោយ Johann