km:tipitaka:sut:sn:51:sut.sn.51.028



(ទុតិយអានន្ទសូត្រ ទី៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 51.028 បាលី cs-km: sut.sn.51.028 អដ្ឋកថា: sut.sn.51.028_att PTS: ?

(ទុតិយអានន្ទសូត្រ ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. ទុតិយអានន្ទសុត្តំ)

[៥៤៩] លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេចហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ។បេ។

[៥៥០] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលអានន្ទ នេះហៅថា ឥទ្ធិ។

[៥៥១] ម្នាលអានន្ទ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ។ ម្នាលអានន្ទ នេះហៅថា ឥទ្ធិបាទ។

[៥៥២] ម្នាលអានន្ទ ចុះការចំរើនឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលអានន្ទ នេះហៅថា ការចំរើនឥទ្ធិបាទ។

[៥៥៣] ម្នាលអានន្ទ ចុះបដិបទាជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអានន្ទ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

[៥៥៤] គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេចហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

 

លេខយោង

km/tipitaka/sut/sn/51/sut.sn.51.028.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann