km:tipitaka:sut:sn:51:sut.sn.51.032



(តថាគតសូត្រ ទី១២)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 51.032 បាលី cs-km: sut.sn.51.032 អដ្ឋកថា: sut.sn.51.032_att PTS: ?

(តថាគតសូត្រ ទី១២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១២. តថាគតសុត្តំ)

[៥៦៨] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់សេចក្តីនោះ ដូចម្តេច ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគ ជាមូល។បេ។

[៥៦៩] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ព្រះតថាគត ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលក្រោយ និងមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ លុះព្រះតថាគត ទ្រង់គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ។ វិរិយសមាធិ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំងផង នឹងមិនផ្គងគំហុកខ្លាំងពេកផង។បេ។ លុះព្រះតថាគត ទ្រង់គិត ដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៧០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។ (អភិញ្ញា ទាំង ៦ បណ្ឌិតគប្បីឲ្យពិស្តារ)។

ចប់ អយោគុឡវគ្គ ទី៣។

ឧទ្ទាននៃអយោគុឡវគ្គនោះគឺ

និយាយអំពីមគ្គ ១ អំពីកាយប្រៀបដូចដុំដែក១ អំពីភិក្ខុចំរើនឥទ្ធិបាទ ១ អំពីផលសុទ្ធ មាន ២ លើក អំពីព្រះអានន្ទ មាន ២ លើក អំពីពួកភិក្ខុដទៃ មាន ២ លើក អំពីព្រះមោគ្គល្លាន ១ អំពីព្រះតថាគត ១។

 

លេខយោង

km/tipitaka/sut/sn/51/sut.sn.51.032.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann