km:tipitaka:sut:sn:55:sut.sn.55.006



(ថបតិសូត្រ ទី៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 55.006 បាលី cs-km: sut.sn.55.006 អដ្ឋកថា: sut.sn.55.006_att PTS: ?

(ថបតិសូត្រ ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ថបតិសុត្តំ)

[១៣៥] សាវត្ថីនិទាន។ សម័យនោះឯង ភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះដ៏មានព្រះភាគ កាលព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ លុះកន្លង ៣ ខែទៅ នឹងសេ្តចចៀសចេញទៅកាន់ចារិក។

[១៣៦] សម័យនោះឯង មាននាយជាងឈើ (ពីរនាក់) ឈ្មោះ ឥសិទត្ត1) និងបុរាណៈ2) នៅអាស្រ័យក្នុងស្រុកសួយ ឥសិទត្ត និងបុរាណៈ បានឮដំណឹងថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះដ៏មានព្រះភាគ កាលព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ លុះកន្លង ៣ ខែទៅ ក៏នឹងស្ដេចចៀសចេញ ទៅកាន់ចារិក។ គ្រានោះ នាយជាងឈើ ឈ្មោះ ឥសិទត្ត និងបុរាណៈ បានឲ្យបុរសឈរចាំផ្លូវ (ហើយផ្ដាំ) ថា នែបុរសដ៏ចំរើន (បើ) អ្នកឃើញព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ស្ដេចមកក្នុងវេលាណា គប្បីប្រាប់ដល់យើង ក្នុងវេលានោះ។ បុរសនោះ នៅចាំអស់ ២ ថ្ងៃ ៣ ថ្ងៃហើយ ក៏បានឃើញព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ត្រឡប់ចូលទៅរកនាយជាងឈើ ឈ្មោះឥសិទត្តនិងបុរាណៈ លុះចូលទៅដល់ហើយ ក៏ជម្រាបទៅនាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈ ដូច្នេះថា បពិត្រអ្នកដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ ទ្រង់ស្ដេចមកដល់ហើយ អ្នកទាំងឡាយ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។

[១៣៧] គ្រានោះ នាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយតាមជាប់ព្រះដ៏មានព្រះភាគ អំពីក្រោយៗ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចៀសចេញ អំពីផ្លូវ ចូលទៅរកម្លប់ឈើ ១ លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ នាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះនាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[១៣៨] បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកក្រុងសាវត្ថី ទៅកាន់ចារិក ក្នុងដែនកោសល ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកក្រុងសាវត្ថី ទៅកាន់ចារិក ក្នុងដែនកោសលហើយ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៣៩] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកោសល ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើង នឹងនៅក្នុងទីឆ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចេញចាកដែនកោសលហើយ ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៤០] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំទាំងឡាយ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនវជ្ជី ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយហើយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនវជ្ជីហើយ ក្នុងវេលាណា សេចក្ដីតូចចិត្តនិងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៤១] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនកាសី ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីធ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនកាសីហើយ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៤២] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនមគធៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនមគធៈហើយ ក្នុងវេលាណា សេចក្ដីតូចចិត្តច្រើននិងសេចក្ដីទោមនស្សច្រើន ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។

[១៤៣] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមគធៈ ទៅកាន់ចារិក ក្នុងដែនកាសី ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនមគធៈ ទៅកាន់ចារិក ក្នុងដែនកាសីហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។

[១៤៤] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនវជ្ជី ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនវជ្ជីហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។

[១៤៥] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្តេចចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនមល្លៈហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។

[១៤៦] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនកោសល ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនកោសលហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។

[១៤៧] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកោសល ទៅកាន់ចារិក ក្នុងក្រុងសាវត្ថី ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់ខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ក្នុងវេលាណា សេចក្ដីរីករាយច្រើន និងសេចក្ដីសោមនស្សច្រើន ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថាព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិត។

[១៤៨] ព្រះអង្គត្រាស់ថា ម្នាលនាយជាងឈើទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ ការនៅគ្រប់គ្រងផ្ទះ ជាទីចង្អៀត ជាផ្លូវហូរមកនៃធូលី មានតែបព្វជ្ជា ទើបមានឱកាសទូលាយ ម្នាលនាយជាងឈើទាំងឡាយ គួរអ្នកទាំងឡាយ កុំប្រមាទ។

[១៤៩] បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីចង្អៀតដទៃ ដែលចង្អៀតដោយវិសេសផង ដែលពោលថា ចង្អៀតដោយវិសេសផង ជាងសេចក្ដីចង្អៀតនុ៎ះ របស់យើងខ្ញុំព្រះអង្គ មានដោយពិត។ ម្នាលនាយជាងឈើទាំងឡាយ ចុះសេចក្ដីចង្អៀតដទៃ ដែលចង្អៀតដោយវិសេសផង ដែលពោលថា ចង្អៀតដោយវិសេសផង ជាងសេចក្ដីចង្អៀតនុ៎ះ របស់អ្នកទាំងឡាយ តើដូចម្ដេច។

[១៥០] បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ បើព្រះបាទបសេនទិកោសល មានប្រាថ្នានឹងសេ្ដចចេញទៅកាន់ទីឧទ្យាន ក្នុងកាលណា យើងខ្ញុំព្រះអង្គ ក៏រៀបចំដំរី ដ៏ប្រសើរទាំងឡាយ ដែលជាព្រះទីនាំង របស់ព្រះបាទបសេនទិកោសល ហើយ (រៀប) ព្រះមហេសីទាំងឡាយ ដែលជាទីស្រឡាញ់ ជាទីគាប់ព្រះហឫទ័យ នៃព្រះបាទបសេនទិកោសល ឲ្យម្នាក់អង្គុយខាងមុខ ម្នាក់អង្គុយខាងក្រោយ (ក្នុងកាលនោះ)។ បពិត្រព្រះអង្គដ៏ចំរើន ឯក្លិន មានសភាពដូច្នេះ របស់នាងទាំងនោះឯង ប្រៀបដូចជាទូមានក្លិន ដែលគេបើកឡើងភ្លាម យ៉ាងណា ឯក្លិននៃពួកព្រះរាជកញ្ញា ដែលស្អិតស្អាងដោយក្លិន ក៏ដូច្នោះឯង។ បពិត្រព្រះអង្គដ៏ចំរើន ឯកាយសម្ផស្ស មានសភាពដូច្នេះ របស់នាងទាំងនោះឯង ប្រៀបដូចជាសំឡីគរ និងសំឡីកប្បាស យ៉ាងណា កាយសម្ផស្ស របស់ពួកព្រះរាជកញ្ញា ដែល ប្រកបដោយសេចក្ដីសុខ ក៏ដូច្នោះឯង។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង យើងខ្ញុំព្រះអង្គ ត្រូវរក្សាដំរី ដ៏ប្រសើរផង ត្រូវរក្សានាងទាំងនោះផង ត្រូវរក្សាខ្លួនផង។

[១៥១] បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនហ៊ានញ៉ាំងចិត្តអាក្រក់ ឲ្យកើតឡើង ចំពោះនាងទាំងនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯងជាសេចក្ដីចង្អៀតដទៃ ដែលចង្អៀតដោយវិសេសផង ដែលពោលថា ចង្អៀតដោយវិសេសផង ជាងសេចក្ដីចង្អៀតនុ៎ះ។

[១៥២] ម្នាលនាយជាងឈើទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ ការនៅគ្រប់គ្រងផ្ទះ ជាទីចង្អៀត ជាផ្លូវហូរមក នៃធូលី មានតែបព្វជ្ជា ទើបមានឱកាសទូលាយ ម្នាលនាយជាងឈើទាំងឡាយ គួរអ្នកទាំងឡាយ កុំប្រមាទ។

[១៥៣] ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈហើយ ប្រកបដោយធម៌ ៤ យ៉ាង មានសភាពមិនបានធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅ ក្នុងខាងមុខ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមានទាន លះបង់ស្រឡះហើយ មានដៃលាងស្អាតហើយ ជាអ្នកត្រេកអរ ក្នុងការលះបង់ គួរដល់ការសូម ត្រេកអរក្នុងការចែករលែក នូវទាន។ ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈហើយ ប្រកបដោយធម៌ ៤ យ៉ាងនេះ មានសភាពមិនបានធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ។

[១៥៤] ម្នាលនាយជាងឈើទាំងឡាយ អ្នកទាំងឡាយ ចូរប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ទ្រង់ជាគ្រូ នៃទេវតានិងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ទេយ្យធម៌ណា បន្តិចបន្តួចក្នុងត្រកូល ទេយ្យធម៌ទាំងអស់នោះ បុគ្គលអ្នកមានសីល មានធម៌ល្អទាំងឡាយ មិនបានចែករលែក3) ឡើយ។ ម្នាលនាយជាងឈើទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវដំណើរនោះ ដូចម្ដេច។ ក្នុងដែនកោសល មានមនុស្សចំនួនប៉ុន្មានស្មើៗគ្នា នឹងអ្នកទាំងឡាយ ដោយការចែករលែក នូវទានដោយទាន។ បពិត្រព្រះអង្គដ៏ចំរើន (នេះ) ជាលាភ របស់យើងខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន (អត្តភាពជាមនុស្សនេះ) យើងខ្ញុំព្រះអង្គ បានដោយល្អហើយ ព្រោះថា ព្រះដ៏មានព្រះភាគ ជ្រាបច្បាស់ នូវហេតុយ៉ាងនេះ របស់យើងខ្ញុំព្រះអង្គ។

 

លេខយោង

1)
បានសម្រេចសកទាគាមិ។
2)
បានសម្រេចសោតៈ (អដ្ឋកថា)។
3)
ពួកអ្នកមានសីល មានធម៌ល្អ កាលបើបានទេយ្យធម៌តិចក្តី ច្រើនក្តី មិនបានចែក ឲ្យដាច់មុខ ថារបស់នេះ សម្រាប់អាត្មាអញ របស់នេះ សម្រាប់ភិក្ខុទាំងឡាយ យ៉ាងនេះឡើយ។ (អដ្ឋកថា)។
km/tipitaka/sut/sn/55/sut.sn.55.006.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann