km:tipitaka:sut:sn:55:sut.sn.55.018



(បឋមទេវចារិកសូត្រ ទី៨)

សង្ខេប

ទេវតាជាន់​តាវត្តិង្ស ចូល​ទៅរក​ព្រះ​មហាមោគ្គល្លាន និងស្តាប់ការ​សសើរ​អំពី ការប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មិន​ញា​ប់ញ័រ។

sn 55.018 បាលី cs-km: sut.sn.55.018 អដ្ឋកថា: sut.sn.55.018_att PTS: ?

(បឋមទេវចារិកសូត្រ ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. បឋមទេវចារិកសុត្តំ)

[១៩៩] សាវត្ថីនិទាន។ គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បាត់ខ្លួនក្នុងវត្តជេតពន មកប្រាកដក្នុងពួកទេវតាជាន់តាវត្តិង្ស ដូចជាបុរសមានកម្លាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង។ គ្រានោះឯង ទេវតាទាំងឡាយ ដែលនៅក្នុងពួកទេវតា ជាន់តាវត្តិង្សជាច្រើន បាននាំគ្នាចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា

[២០០] ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ យ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺ សុគតិ ស្ថានសួគ៌។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ របស់អរិយៈយ៉ាងនេះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌។

[២០១] ពួកទេវតាក្នុងជាន់តាវត្តិង្ស ទូលតបព្រះមហាមោគ្គល្លានវិញថា បពិត្រព្រះមហាមោគ្គល្លាន អ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺ សុគតិ ស្ថានសួគ៌។ បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់ របស់អរិយៈយ៉ាងនេះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌។

 

លេខយោង

km/tipitaka/sut/sn/55/sut.sn.55.018.txt · ពេលកែចុងក្រោយ: 2024/10/28 14:03 និពន្ឋដោយ Cheav Villa