km:tipitaka:sut:sn:55:sut.sn.55.v03



សរកានិវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 55.v03 បាលី cs-km: sut.sn.55.v03 អដ្ឋកថា: sut.sn.55.v03_att PTS: ?

សរកានិវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. សរណានិវគ្គោ)

(បឋមមហានាមសូត្រ ទី១)

(១. បឋមមហានាមសុត្តំ)

[២០៨] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្ដុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះបានចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នគរកបិលព័ស្តុនេះ ជានគរស្ដុកស្ដម្ភ ធំទូលាយ មានមនុស្សច្រើន មានមនុស្សកុះករ មានច្រកចង្អៀតដ៏ច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង បានចូលមកអង្គុយជិតព្រះដ៏មានព្រះភាគផង បានចូលមកអង្គុយជិតភិក្ខុទាំងឡាយ ដែលគួរជាទីចំរើនចិត្តផង ហើយចូលទៅនគរកបិលព័ស្តុ ក្នុងវេលាល្ងាចវិញ តែងទៅដោយដំរីលឿនក៏មាន ទៅដោយសេះលឿនក៏មាន ទៅដោយរថលឿនក៏មាន ទៅដោយរទេះលឿនក៏មាន ទៅដោយបុរសលឿនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនោះ សតិរបស់ខ្ញុំព្រះអង្គ ប្រារព្ធព្រះដ៏មានព្រះភាគ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះធម៌ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះសង្ឃ ក៏ភ្លេចបាត់ទៅ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើអញធ្វើមរណកាល ក្នុងសម័យនេះ គតិរបស់អញ ដូចម្ដេចទៅ អភិសម្បរាយភព របស់អញដូចម្ដេចទៅ។

[២០៩] ព្រះដ៏មានព្រះភាគត្រាស់ថា បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកទេ។ បពិត្រព្រះមហានាម ចិត្តដែលបុគ្គលណា អប់រំហើយដោយសទ្ធា ចិត្តដែលបុគ្គលណា អប់រំហើយដោយសីល ចិត្តដែលបុគ្គលណា អប់រំហើយដោយសុតៈ ចិត្តដែលបុគ្គលណា អប់រំហើយដោយចាគៈ ចិត្តដែលបុគ្គលណា អប់រំហើយដោយបញ្ញា អស់កាលដ៏យូរ។ ក៏កាយឯណារបស់បុគ្គលនោះ មានរូបជាទីប្រជុំ នៃមហាភូតទាំង ៤ កើតមកអំពីមាតា និងបិតា ចំរើនឡើងដោយបាយ និងនំកុម្មាស មានការមិនទៀង ការដុសលាង ការគក់ច្របាច់ ការបែកធ្លាយ និងការរាត់រាយទៅ ជាធម្មតា ក្អែកទាំងឡាយ តែងចឹកស៊ីខ្លះ ត្មាតទាំងឡាយ តែងចឹកស៊ីខ្លះ ត្រដក់ទាំងឡាយ តែងចឹកស៊ីខ្លះ សុនខទាំងឡាយ តែងទំពាស៊ីខ្លះ ចចកទាំងឡាយតែងទំពាស៊ីខ្លះ បាណកជាតិទាំងឡាយផ្សេងៗ ( សត្វតូចៗ មានរុយជាដើម) តែងចោមរោមជញ្ជក់ស៊ីខ្លះ នូវកាយនោះឯង។ ចំណែកចិត្តណា ដែលបុគ្គលនោះ អប់រំហើយដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចិត្តនោះ តែងអណ្ដែតខ្ពស់ឡើង ដល់នូវភាពជាចិត្តវិសេស។

[២១០] បពិត្រព្រះមហានាម ដូចបុរសចុះទៅកាន់អន្លង់ទឹកដ៏ជ្រៅ ហើយវាយបំបែក នូវឆ្នាំងសប្បិ ឬឆ្នាំងប្រេង ក្រួស ឬអំបែងឯណា ដែលមានក្នុងឆ្នាំងនោះ គ្រោះឬអំបែងនោះ តែងលិចចុះក្រោម ចំណែកសប្បិ ឬប្រេងឯណា ដែលមានក្នុងឆ្នាំងនោះ សប្បិ ឬប្រេងនោះ តែងអណ្ដែតឡើងលើ ដល់នូវភាពជាវត្ថុវិសេស ដូចម្ដេចមិញ។ បពិត្រព្រះមហានាម ចិត្តដែលបុគ្គលណាមួយ បានអប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចំណែកកាយឯណា របស់បុគ្គលនោះ មានរូបជាទីប្រជុំ នៃមហាភូតទាំង ៤ កើតមកអំពីមាតា និងបិតា ចំរើនឡើងដោយបាយ និងនំកុម្មាស មានការមិនទៀង ការដុសលាង ការគក់ច្របាច់ ការបែកធ្លាយ និងការរាត់រាយទៅ ជាធម្មតា ក្អែកទាំងឡាយ តែងចឹកស៊ីខ្លះ ត្មាតទាំងឡាយ តែងចឹកស៊ីខ្លះ ត្រដក់ទាំងឡាយ តែងចឹកស៊ីខ្លះ សុនខទាំងឡាយ តែងទំពាស៊ីខ្លះ ចចកទាំងឡាយ តែងទំពាស៊ីខ្លះ បាណកជាតិទាំងឡាយផ្សេងៗ ( សត្វតូចៗ មានរុយជាដើម) តែងចោមរោម ជញ្ជក់ស៊ីខ្លះ នូវកាយនោះឯង ចំណែកចិត្តណា ដែលបុគ្គលនោះ អប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចិត្តនោះ តែងអណ្ដែតឡើង ដល់នូវភាពជាចិត្តវិសេស មានឧបមេយ្យ ដូច្នោះឯង។ បពិត្រព្រះមហានាម ចិត្តដែលព្រះអង្គបានអប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ។ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកឡើយ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកឡើយ។

(ទុតិយមហានាមសូត្រ ទី២)

(២. ទុតិយមហានាមសុត្តំ)

[២១១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នគរកបិលព័ស្តុនេះ ជានគរស្ដុកស្ដម្ភ ធំទូលាយ មានមនុស្សច្រើន មានមនុស្សកុះករ មានច្រកចង្អៀតដ៏ច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង បានចូលមកអង្គុយជិតព្រះដ៏មានព្រះភាគផង បានចូលមកអង្គុយជិតភិក្ខុទាំងឡាយ ដែលគួរជាទីចំរើនចិត្តផង ហើយចូលទៅនគរកបិលព័ស្តុ ក្នុងវេលាល្ងាចវិញ តែងទៅដោយដំរីលឿនក៏មាន ទៅដោយសេះលឿនក៏មាន ទៅដោយរថលឿនក៏មាន ទៅដោយរទេះលឿនក៏មាន ទៅដោយបុរសលឿនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនោះ សតិរបស់ខ្ញុំព្រះអង្គ ប្រារព្ធព្រះដ៏មានព្រះភាគ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះធម៌ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះសង្ឃ ក៏ភ្លេចបាត់ទៅ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រសិនបើអញ ធ្វើមរណកាល ក្នុងសម័យនេះ គតិរបស់អញ ដូចម្ដេចទៅ អភិសម្បរាយភពរបស់អញ ដូចម្ដេចទៅ។

[២១២] បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកទេ។ បពិត្រព្រះមហានាម អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាង តែងបង្អោន ទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ធម៌ ៤ យ៉ាង គឺអ្វីខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។

[២១៣] បពិត្រព្រះមហានាម ដូចដើមឈើ តែងទេរទៅកាន់ទិសខាងកើត ទោរទៅកាន់ទិសខាងកើត ទ្រេតទៅកាន់ទិសខាងកើត ឈើនោះ កាលបើឫសដាច់ហើយ តើគប្បីដួលទៅទិសខាងណា។ ព្រះមហានាមសក្យរាជ ក្រាបទូលថា បពិត្រព្រះអង្គ ឈើនោះ ទេរទៅខាងណា ទោរទៅខាងណា ទ្រេតទៅខាងណា (គប្បីដួលទៅខាងនោះ)។ ព្រះដ៏មានព្រះភាគ ត្រាស់ថា បពិត្រព្រះមហានាម អរិយសាវក ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ រមែងបង្អោន ទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។

(គោធសក្កសូត្រ ទី៣)

(៣. គោធសក្កសុត្តំ)

[២១៤] កបិលវត្ថុនិទាន។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅរកព្រះគោធាសក្យរាជ លុះចូលទៅដល់ហើយ ទូលព្រះគោធាសក្យរាជ ដូច្នេះថា

[២១៥] បពិត្រព្រះគោធា ព្រះអង្គបានជ្រាបបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ព្រះ គោធាសក្យរាជ ទូលថា បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ទាំង ៣ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម៌វិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អ ហើយ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។ បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាងនេះឯង ទើបជាបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាង មុខ។

[២១៦] ព្រះគោធាសក្យរាជ ទូលព្រះមហានាមវិញថា បពិត្រព្រះមហានាម ចុះព្រះអង្គ បានជ្រាបបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង ជាបុគ្គលមានការត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខ។ ព្រះមហានាមសក្យរាជ ទូលតបវិញថា បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់ នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង ជាបុគ្គលមានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៤ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះគោធា អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ។ (អរិយសាវ័ក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវ័ក ប្រកបដោយសីលជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង ជាបុគ្គលមានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២១៧] ព្រះគោធាសក្យរាជ ទូលព្រះមហានាមថា បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំសិន បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំសិន មានតែព្រះដ៏មានព្រះភាគមួយអង្គប៉ុណ្ណោះ ទើបទ្រង់ជ្រាបនូវបុគ្គល ដែលជាសោតាបន្នៈនុ៎ះ ប្រកប ឬមិនប្រកបដោយធម៌ទាំងឡាយនេះបាន។ ព្រះមហានាម ទូលព្រះគោធាសក្យរាជវិញថា បពិត្រព្រះគោធា មកយើងនាំគ្នាទៅ យើងគួរចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្ដីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[២១៨] គ្រានោះឯង ព្រះមហានាមសក្យរាជ និងព្រះគោធាសក្យរាជ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ ទើបគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំបានចូលទៅរកព្រះគោធាសក្យរាជ លុះចូលទៅដល់ ទូលព្រះគោធាសក្យរាជ ដូច្នេះថា បពិត្រព្រះគោធា ព្រះអង្គបានជ្រាបនូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២១៩] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំទូលយ៉ាងនេះហើយ ព្រះគោធាសក្យរាជបានឆ្លើយមកខ្ញុំព្រះអង្គវិញ ដូច្នេះថា បពិត្រព្រះមហានាម ខ្ញុំបានដឹងនូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៣ យ៉ាង ជាអ្នកមានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៣ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម៌វិន័យនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។ បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាងនេះឯង ទើបជាបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រព្រះមហានាម ចុះព្រះអង្គជ្រាបច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២២០] ព្រះមហានាមសក្យរាជ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះគោធាសក្យរាជ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បានទូលព្រះគោធាសក្យរាជ ដូច្នេះថា បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គល ទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៤ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះគោធា អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកប្រកបដោយសីល ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង ទើបជាបុគ្គលមានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[២២១] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ ព្រះគោធាសក្យរាជ បានឆ្លើយមកខ្ញុំព្រះអង្គវិញ ដូច្នេះថា បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំ សិន បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំសិន មានតែព្រះដ៏មានព្រះភាគមួយអង្គប៉ុណ្ណោះ ទើបទ្រង់ជ្រាបនូវបុគ្គល ដែលជាសោតាបន្នៈនុ៎ះ ប្រកប ឬមិនប្រកបដោយធម៌ទាំងអម្បាលនេះបាន។

[២២២] ពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម៌វិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ដែលជាអ្នកជ្រះថ្លា យ៉ាងនេះចុះ។

[២២៣] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លា យ៉ាងនេះចុះ។

[២២៤] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើង ក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ និងពួកឧបាសក ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គ ក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លាយ៉ាងនេះចុះ។

[២២៥] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ ក៏គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ពួកឧបាសក និងពួកឧបាសិកា ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គ ក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លាយ៉ាងនេះចុះ។

[២២៦] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ ក៏គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ពួកឧបាសក ឧបាសិកា និងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លា យ៉ាងនេះចុះ។

[២២៧] ព្រះដ៏មានព្រះភាគត្រាស់ថា បពិត្រព្រះគោធា ព្រះអង្គមានវាទៈ យ៉ាងនេះហើយ ចុះមានព្រះបន្ទូលដូចម្ដេចទៅ នឹងព្រះមហានាមសក្យរាជទៀត។ ព្រះគោធាសក្យរាជ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានវាទៈយ៉ាងនេះហើយ ក្រៅអំពីកល្យាណធម៌ និងកុសលធម៌ ឥតមានពោលពាក្យអ្វី នឹងព្រះមហានាមសក្យរាជទេ។

(បឋមសរណានិសក្កសូត្រ ទី៤)

(៤. បឋមសរណានិសក្កសុត្តំ)

[២២៨] កបិលវត្ថុនិទាន។ សម័យនោះឯង ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បានឮថា ពួកសក្យរាជ ជាច្រើនអង្គ មកប្រជុំគ្នាក្នុងទីនោះហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅ ក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ ដល់នូវភាពនៃខ្លួន ជាអ្នកមានកំឡាំងខ្សោយដោយសិក្ខា អ្នកក្រេបផឹក នូវទឹកស្រវឹង។

[២២៩] គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតហើយ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រព្រះអង្គដ៏ចំរើន បានឮថា ពួកសក្យរាជ ជាច្រើនអង្គ បានមកប្រជុំក្នុងទីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងព្រះសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះ ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ បានដល់នូវភាពនៃខ្លួន ជាអ្នកមានកំឡាំងខ្សោយដោយសិក្ខា អ្នកក្រេបផឹកនូវទឹកស្រវឹង។

[២៣០] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រព្រះមហានាម បុគ្គលណា ជា ឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង បុគ្គលនោះ គប្បីទៅកាន់អបាយ ដូចម្ដេចបាន។ បពិត្រព្រះមហានាម បុគ្គល កាលពោលចំពោះបុគ្គល ដែលជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង គប្បីពោលដោយប្រពៃ។ បពិត្រព្រះមហានាម បុគ្គលកាលពោលអំពីព្រះសរកានិសក្យរាជ គប្បីពោលដោយប្រពៃថា ព្រះសរកានិសក្យរាជ ជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង គប្បីទៅកាន់អបាយ ដូចម្ដេចបាន។

[២៣១] បពិត្រព្រះមហានាម បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ ប្រកបដោយវិមុត្តិ។ បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេច សម្រាន្តនៅ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ឈ្មោះថា រួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៣២] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ ប៉ុន្តែ មិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ មានសភាពជាឱបបាតិកសត្វ ហើយបរិនិព្វាន ក្នុងលោកនេះ មានសភាព មិនត្រឡប់ចាកលោកនោះ ព្រោះអស់សញ្ញោជនៈ ៥ ជាចំណែកខាងក្រោម។ បពិត្រព្រះមហានាម បុគ្គលនេះឯង ឈ្មោះថា រួចចាកនរក រួចចាកកំណើត តិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៣៣] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លាមិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប៉ុន្តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ ជាសកទាគាមី នឹងមកកាន់លោកនេះម្ដងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់សញ្ញោជនៈ ៣ ប្រការ ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើង។ បពិត្រព្រះមហានាម បុគ្គលនេះឯង ឈ្មោះថារួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៣៤] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប៉ុន្តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់សញ្ញោជនៈ ៣ ប្រការ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នក រួចចាកនរក រួចចាកតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៣៥] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមានបញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថាធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត ធម៌ទាំងឡាយ ដែលព្រះតថាគតទ្រង់ប្រកាសហើយ តែងសមគួរដល់ការពិចារណា ដោយបញ្ញារបស់បុគ្គលនោះ ដោយក្រៃពេក។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅកាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។

[២៣៦] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមានបញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថា ធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត បុគ្គលនោះ គ្រាន់តែមានសទ្ធា និងសេចក្ដីស្រឡាញ់ ក្នុងព្រះតថាគត។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅកាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។

[២៣៧] បពិត្រព្រះមហានាម បើពួកមហាសាលអម្បាលនេះ គប្បីដឹងច្បាស់ នូវពាក្យជាសុភាសិត និងពាក្យជាទុព្ភាសិត តថាគត គប្បីព្យាករ នូវពួកមហាសាលអម្បាលនេះថា សោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ នឹងបាច់ពោលទៅថ្វី ដល់ព្រះសរកានិសក្យរាជ បពិត្រព្រះមហានាម ដ្បិតព្រះសរកានិសក្យរាជ បានសមាទាននូវសិក្ខា ក្នុងកាលជិតមរណៈ។

(ទុតិយសរណានិសក្កសូត្រ ទី៥)

(៥. ទុតិយសរណានិសក្កសុត្តំ)

[២៣៨] កបិលវត្ថុនិទាន។ សម័យនោះឯង ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅ។ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បានឮថា ពួកសក្យរាជច្រើនអង្គ មកប្រជុំគ្នា ក្នុងទីនោះ ពោលទោស តិះដៀលបន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែល ទ្រង់ទិវង្គតទៅហើយនេះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅ ក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ មិនបានធ្វើឲ្យពេញបរិបូរណ៌ ក្នុងសិក្ខាទេ។

[២៣៩] គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅហើយ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រព្រះអង្គដ៏ចំរើន បានឮថា ពួកសក្យរាជច្រើនអង្គ មកប្រជុំគ្នា ក្នុងទីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខសោះ។ ដ្បិតព្រះសរកានិសក្យរាជ មិនបានធ្វើឲ្យពេញបរិបូរណ៌ ក្នុងសិក្ខាទេ។

[២៤០] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រព្រះមហានាម បុគ្គលណាជា ឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង អស់រាត្រីវែង បុគ្គលនោះ គប្បីទៅកាន់អបាយដូចម្ដេចបាន។ បពិត្រព្រះមហានាម បុគ្គលកាលពោលដោយប្រពៃ គប្បីពោលតាមហេតុពិតថា បុគ្គលជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង បុគ្គលកាលពោលដោយប្រពៃ គប្បីពោលចំពោះព្រះសរកានិសក្យរាជ បពិត្រព្រះមហានាម ព្រះសរកានិសក្យរាជ ជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង ព្រះសរកានិសក្យរាជនោះ គប្បីទៅកាន់អបាយដូច ម្ដេចបាន។

[២៤១] បពិត្រព្រះមហានាម បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃ លែងពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (បុគ្គលជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ និងប្រកបដោយវិមុត្តិ។ បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកបានរួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៤២] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិល ត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ តែមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ នឹងបរិនិព្វាន ក្នុងរវាងអាយុនៅមិនទាន់ដល់ពាក់កណ្ដាល នឹងបរិនិព្វាន ក្នុងអាយុផុតពាក់កណ្ដាលហើយ ជិតដល់ទីបំផុត នឹងបរិនិព្វាន ដោយធ្វើសេចក្ដីព្យាយាមយ៉ាងខ្លាំង នឹងបរិនិព្វាន ដោយមិនបាច់ធ្វើសេចក្ដីព្យាយាមពេកទេ នឹងមានខ្សែធម៌ឰដ៏ខាងលើ ទៅកាន់អកនិដ្ឋភព ព្រោះអស់ពួកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នករួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៤៣] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិល ត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ ជាសកទាគាមី នឹងមកកាន់លោកនេះម្ដងទៀត ទើបធ្វើនូវទីបំផុត នៃទុក្ខបាន ព្រោះអស់សញ្ញោជនៈ ៣ ប្រការ ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើង។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នករួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៤៤] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គល ទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់សញ្ញោជនៈទាំង ៣ ប្រការ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នករួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។

[២៤៥] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិន បានជ្រះថ្លាក្រៃលែងពិតប្រាកដ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមានបញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថា ធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត ធម៌ទាំងឡាយ ដែលព្រះតថាគត ទ្រង់ប្រកាសហើយ ជាធម៌គួរដល់ការពិចារណា ដោយបញ្ញាដ៏ក្រៃលែង ដល់បុគ្គលនោះ។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅ កាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។

[២៤៦] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាមិនបានជ្រះថ្លាក្រៃលែងពិតប្រាកដ ក្នុងព្រះពុទ្ធទេ។ ក្នុងព្រះធម៌ទេ។ ក្នុងព្រះសង្ឃទេ។ មិនមាន បញ្ញា ជាគ្រឿងរីករាយទេ មិនមានបញ្ញាវាងវៃទេ មិនប្រកបដោយវិមុត្តិទេ។ តែថាធម៌អម្បាលនេះ គឺសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ តែងមានដល់បុគ្គលនោះ។ មួយទៀត បុគ្គល នោះ គ្រាន់តែមានសទ្ធា និងសេចក្ដីស្រឡាញ់ ក្នុងព្រះតថាគត។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នកមិនទៅកាន់នរក មិនទៅកាន់កំណើតតិរច្ឆាន មិនទៅកាន់ប្រេតវិស័យ មិនទៅកាន់អបាយ ទុគ្គតិ វិនិបាត។

[២៤៧] បពិត្រព្រះមហានាម ដូចពូជទាំងឡាយ ដែលបាក់ខ្ទេច ដែលស្អុយ ដែលក្រៀមក្រោះ ដោយខ្យល់ និងកំដៅថ្ងៃ ដែលឥតពន្លក ដែលគេទុកដាក់ ក្នុងទីមិនស្អាត ភ្លៀងក៏បង្អោរនូវទឹកភ្លៀង ដោយស្រួល ចុះកាន់ស្រែ ដែលក្រហេងក្រហូង មានដែនដីអាក្រក់ ដែលគេមិនទាន់បានគាស់រានយកដង្គត់ឈើចេញនៅឡើយ ពូជទាំងអម្បាលនោះ នឹងដល់នូវសេចក្ដីចំរើន ដុះដាល លូតលាស់បានដែរឬទេ។ មិនបានទេ ព្រះអង្គ។ បពិត្រព្រះមហានាម សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ធម៌ក្នុងលោកនេះ ជាធម៌ដែលបុគ្គលពោលមិនល្អ ជាធម៌ដែលបុគ្គលប្រកាសមិនល្អ ជាធម៌មិននាំសត្វចេញចាកទុក្ខបាន មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់ស្ងាត់ ជាធម៌ដែលបុគ្គលមិនមែនសម្មាសម្ពុទ្ធប្រកាសហើយ តថាគតពោលថា ធម៌នេះ ដូចស្រែដែលក្រហេងក្រហូង។ មួយវិញទៀត សាវកដែលប្រតិបត្តិ នូវធម៌តាមធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តនូវធម៌ដ៏សមគួរ នៅគ្រប់ឥរិយាបថ ក្នុងធម៌នោះ តថាគតពោលថា សាវកអ្នកប្រតិបត្តិធម៌តាមធម៌ នៅគ្រប់ឥរិយាបថនេះ ដូចជាពូជអាក្រក់។

[២៤៨] បពិត្រព្រះមហានាម ដូចពូជទាំងឡាយ ដែលមិនបាក់ខ្ទេច ដែលមិនស្អុយ ដែលមិនក្រៀមក្រោះ ដោយខ្យល់ និងកំដៅថ្ងៃ មានពន្លក ដែលគេទុកដាក់ ក្នុងទីដ៏ស្អាត ទាំងភ្លៀងក៏បង្អោរនូវទឹកភ្លៀង ដោយស្រួល ចុះកាន់ស្រែដែលល្អ មានផែនដីរាបស្មើ ដែលគេបានគាស់រានយកដង្គត់ឈើចេញហើយ ពូជអម្បាលនោះ នឹងដល់នូវសេចក្ដីចំរើន ដុះដាល លូតលាស់ឡើងបានឬទេ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ បពិត្រព្រះមហានាម សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ធម៌ក្នុងលោកនេះ ជាធម៌ដែលបុគ្គលពោលទុកល្អហើយ ធម៌ដែលបុគ្គលប្រកាសទុកល្អហើយ ជាធម៌នាំសត្វចេញចាកទុក្ខបាន ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់ស្ងាត់ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសហើយ តថាគតពោលថា ធម៌នេះ ដូចជាស្រែដ៏ល្អ។ មួយវិញទៀត សាវកដែលប្រតិបត្តិនូវធម៌តាមធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តនូវធម៌ដ៏សមគួរ នៅគ្រប់ឥរិយាបថក្នុងធម៌នោះ តថាគតពោលថា សាវកអ្នកប្រតិបត្តិធម៌តាមធម៌ នៅគ្រប់ឥរិយាបថនេះ ដូចជាពូជដ៏ល្អ។ នឹងបាច់ពោលទៅថ្វី ដល់ព្រះសរកានិសក្យរាជ បពិត្រព្រះមហានាម ព្រះសរកានិសក្យរាជ ជាអ្នកបានធ្វើឲ្យពេញបរិបូណ៌ ក្នុងសិក្ខា ក្នុងកាលជិតមរណៈ។

(បឋមអនាថបិណ្ឌិកសូត្រ ទី៦)

(៦. បឋមអនាថបិណ្ឌិកសុត្តំ)

[២៤៩] សាវត្ថីនិទាន។ សម័យនោះឯង អនាថបិណ្ឌិកគហបតី មានអាពាធប្រកបដោយទុក្ខ មានជម្ងឺជាទម្ងន់។ លំដាប់នោះ អនាថបិណ្ឌិកគហបតី បានហៅបុរសម្នាក់មកថា ម្នាលបុរសដ៏ចំរើន ឯងចូរមកនេះ ឯងចូរទៅរកព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំបាទាព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា តាមពាក្យអញថា បពិត្រព្រះករុណាដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំបាទាព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា។ រួចហើយ ឯងចូរនិមន្តយ៉ាងនេះថា បពិត្រព្រះករុណាដ៏ចំរើន សូមព្រះសារីបុត្រដ៏មានអាយុ អាស្រ័យនូវសេចក្ដីអនុគ្រោះ និមន្ដទៅកាន់ទីលំនៅអនាថបិណ្ឌិកហបតី ឲ្យទាន។ បុរសនោះទទួលពាក្យអនាថបិណ្ឌិកគហបតីថា ប្របាទ ហើយក៏ចូលទៅរកព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះសារីបុត្រដ៏មានអាយុហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះសារីបុត្រដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា។ រួចពោលយ៉ាងនេះថា បពិត្រព្រះករុណាដ៏ចំរើន សូមព្រះសារីបុត្រដ៏មានអាយុ អាស្រ័យនូវសេចក្ដីអនុគ្រោះ និមន្តទៅកាន់ទីលំនៅអនាថបិណ្ឌិកគហបតី ឲ្យទាន។ ព្រះសារីបុត្រដ៏មានអាយុ បានទទួលនិមន្ត ដោយអាការស្ងៀម។

[២៥០] លំដាប់នោះ ព្រះសារីបុត្រដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុងវេលាបុព្វណ្ហសម័យ មានព្រះអានន្ទដ៏មានអាយុ ជាបច្ឆាសមណៈ ចូលទៅកាន់ទីលំនៅអនាថបិណ្ឌិកគហបតី លុះចូលទៅដល់ គង់លើអាសនៈ ដែលគេក្រាលហើយ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់ហើយ ក៏ពោលនឹងអនាថបិណ្ឌិកគហបតី ដូច្នេះថា ម្នាលគហបតី អ្នកល្មមអត់ធន់បានទេឬ ល្មមប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនាធូរថយ មិនចំរើនឡើងទេឬ សេចក្ដីធូរថយ (ចាករោគ) រមែងប្រាកដ ឯសេចក្ដីមិនចំរើនឡើងនៃរោគ រមែងមិនប្រាកដទេឬ។ អនាថបិណ្ឌិកគហបតីទូលថា បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណា អត់ធន់មិនបានទេ ខ្ញុំព្រះករុណា ប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះករុណា ចំរើនឡើងខ្លាំងណាស់ មិនធូរថយទេ សេចក្ដីចំរើន (នៃរោគ) ចេះតែប្រាកដឡើង មិនមានធូរថយទេ។

[២៥១] ព្រះសារីបុត្រពោលថា ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ មិនមានដល់អ្នកទេ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ តែងមានដល់អ្នកថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ កាលបើអ្នកពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរបាន។

[២៥២] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ មានដល់អ្នកថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគត្រាស់ ប្រពៃហើយ។ បេ។ ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងចំពោះខ្លួន កាលបើអ្នកពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៣] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯសេចក្ដីមិនជ្រះថ្លា មានសភាពយ៉ាងនោះ ក្នុងព្រះសង្ឃ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ ក៏មានដល់អ្នកថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។ កាលបើអ្នកពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៤] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយភាពជាអ្នកទ្រុស្តសីល មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯភាពជាអ្នកទ្រុស្តសីល មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសីលទាំងឡាយ ដែលជាទីស្រឡាញ់របស់អរិយៈនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរបាន។

[២៥៥] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាទិដ្ឋិ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាទិដ្ឋិ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាទិដ្ឋិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាទិដ្ឋិនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៦] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាសង្កប្បៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិវិនិបាត នរក មិច្ឆាសង្កប្បៈ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាសង្កប្បៈ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវ សម្មាសង្កប្បៈនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៧] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាវាចា មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាវាចា មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាវាចា ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាវាចានោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៨] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាកម្មន្តៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាកម្មន្តៈ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាកម្មន្តៈ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាកម្មន្តៈនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៥៩] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាអាជីវៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាអាជីវៈ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាអាជីវៈ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាអាជីវៈ នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦០] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាវាយាមៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាវាយាមៈ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាវាយាមៈ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាវាយាម នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦១] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយមិច្ឆាសតិ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាសតិ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាសតិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាសតិនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦២] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ជាអ្នកប្រកបដោយ មិច្ឆាសមាធិ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាសមាធិ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាសមាធិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាសមាធិ នោះចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦៣] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ជាអ្នកប្រកបដោយមិច្ឆាញាណ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាញាណ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាញាណ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាញាណ នោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦៤] ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ជាអ្នកប្រកបដោយមិច្ឆាវិមុត្តិ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិច្ឆាវិមុត្តិ មានសភាពយ៉ាងនោះ មិនមានដល់អ្នកឡើយ។ ម្នាលគហបតី មួយទៀត សម្មាវិមុត្តិ ក៏មានដល់អ្នក។ កាលបើអ្នកពិចារណាឃើញ នូវសម្មាវិមុត្តិនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ។

[២៦៥] គ្រានោះឯង វេទនារបស់អនាថបិណ្ឌិកគហបតី ក៏ស្ងប់រម្ងាប់ដោយមួយរំពេច។ ទើបអនាថបិណ្ឌិកគហបតី អង្គាសព្រះសារីបុត្តដ៏មានអាយុផង ព្រះអានន្ទដ៏មានអាយុផង ដោយម្ហូបចំណីដ៏ឆ្អិន ក្នុងថាសជារបស់ខ្លួន។ អនាថបិណ្ឌិកគហបតី បានដឹងថា ព្រះសារីបុត្តដ៏មានអាយុឆាន់ហើយ ដាក់ព្រះហស្តចេញពីបាត្រហើយ ក៏កាន់យកនូវអាសនៈដ៏ទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ ព្រះសារីបុត្តដ៏មានអាយុ អនុមោទនាចំពោះអនាថបិណ្ឌិកគហបតី ដែលអង្គុយក្នុងទីសមគួរ ដោយគាថាទាំងឡាយនេះថា

[២៦៦]

សទ្ធារបស់បុគ្គលណា មិនញាប់ញ័រ បានដម្កល់ស៊ប់ល្អហើយ ក្នុងព្រះតថាគតផង សីលរបស់បុគ្គលណាល្អ ដែលព្រះអរិយៈត្រូវការសរសើរផង។ សេចក្ដីជ្រះថ្លា ក្នុងសង្ឃ និងសេចក្ដីឃើញត្រង់ មានដល់បុគ្គលណាផង អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមិនខ្សត់ ទាំងជីវិតរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុនោះ អ្នកមានប្រាជ្ញា កាលបើរលឹកឃើញ នូវពុទ្ធសាសនាហើយ គួរប្រកបនូវសទ្ធាផង សីលផង សេចក្ដីជ្រះថ្លាផង ការឃើញធម៌ផង។

[២៦៧] លុះព្រះសារីបុត្តដ៏មានអាយុ បានអនុមោទនា ដោយគាថាទាំងឡាយនេះ ចំពោះអនាថបិណ្ឌិកគហបតីរួចហើយ ក៏ក្រោកចាកអាសនៈចេញទៅ។

[២៦៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះអានន្ទដ៏មានអាយុ ដែលអង្គុយក្នុងទីដ៏សមគួរថា ម្នាលអានន្ទ អ្នកទើបមកពីណាហ្ន៎ ថ្ងៃម្ល៉េះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុបានទូន្មានអនាថបិណ្ឌិកគហបតី ដោយឱវាទនេះផង នេះផង។ ម្នាលអានន្ទ សារីបុត្តជាបណ្ឌិត ម្នាលអានន្ទ សារីបុត្តមានប្រាជ្ញាច្រើន ព្រោះសារីបុត្ត អាចនឹងចែកនូវសោតាបត្តិយង្គ (អង្គនៃធម៌ សម្រាប់បាននូវសោតៈ) ៤ ដោយអាការ ១០ បាន។

(ទុតិយអនាថបិណ្ឌិកសូត្រ ទី៧)

(៧. ទុតិយអនាថបិណ្ឌិកសុត្តំ)

[២៦៩] សាវត្ថីនិទាន។ សម័យនោះឯង អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខវេទនា ឈឺធ្ងន់។ គ្រានោះឯង អនាថបិណ្ឌិកគហបតីហៅបុរស ១ នាក់មកថា ម្នាលបុរសដ៏ចំរើន អ្នកចូរមកនេះ ចូរអ្នកទៅគាល់ព្រះអានន្ទ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏មានអាយុ ដោយក្បាល តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះថេរៈដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខវេទនា ឈឺធ្ងន់ លោកថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏មានអាយុ ដោយក្បាល។ ចូរអ្នកនិយាយយ៉ាងនេះ ទៀតថា បពិត្រព្រះថេរៈដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះអានន្ទដ៏មានអាយុ និមន្ដទៅឯទីលំនៅ របស់អនាថបិណ្ឌិកគហបតី ដោយសេចក្តីអនុគ្រោះ។ បុរសនោះ ទទួលស្ដាប់អនាថបិណ្ឌិកគហបតីថា បាទ លោកដ៏ចំរើន ហើយចូលទៅគាល់ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងព្រះអានន្ទ ដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខវេទនា ឈឺធ្ងន់ លោកថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏មានអាយុ ដោយក្បាល។ ទាំងនិយាយយ៉ាងនេះទៀតថា បពិត្រព្រះថេរៈដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះអានន្ទដ៏មានអាយុ និមន្តទៅឯទីលំនៅ របស់អនាថបិណ្ឌិកគហបតី ដើម្បីសេចក្ដីអនុគ្រោះ។ ព្រះអានន្ទដ៏មានអាយុ បានទទួលនិមន្តដោយតុណ្ហីភាព។

[២៧០] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅឯទីលំនៅ របស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះអានន្ទដ៏មានអាយុ គង់ស៊ប់ហើយ បាននិយាយនឹងអនាថបិណ្ឌិកគហបតី យ៉ាងនេះថា

[២៧១] ម្នាលគហបតី សរីរយន្តរបស់អ្នក ល្មមអត់ទ្រាំបានទេឬ ល្មមឲ្យប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនា បានស្រាកស្រាន្តទៅ មិនរឹតឡើង មានតែធូរថយទៅ មិន ចំរើនឡើងទេឬ។ បពិត្រព្រះថេរៈដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះករុណា មិនល្មមអត់ ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំខ្លាំងណាស់ ចំរើនឡើង មិនធូរស្រាលទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។

[២៧២] ម្នាលគហបតី សេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ទៅខាងមុខ តែងមានដល់បុថុជ្ជន ជាអ្នកមិនចេះដឹង ប្រកបដោយធម៌ ៤។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលគហបតី បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធ។ កាលបើបុថុជ្ជននោះ ពិចារណាឃើញសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធនោះ ក្នុងខ្លួន រមែងកើតសេចក្ដីតក់ស្លុត រន្ធត់ និងសេចក្ដីខ្លាចស្លាប់ទៅខាងមុខ។ ម្នាលគហបតី មួយទៀត បុថុជ្ជនជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌។ កាលបើបុថុជ្ជននោះ ពិចារណាឃើញ នូវសេចក្ដីមិនជ្រះថ្លា ក្នុងព្រះធម៌នោះ ក្នុងខ្លួន រមែងមានសេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ។ ម្នាលគហបតី មួយទៀត បុថុជ្ជន ជាអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីមិនជ្រះថ្លា ក្នុងព្រះសង្ឃ។ កាលបើបុថុជ្ជននោះ ពិចារណាឃើញ នូវសេចក្ដីមិនជ្រះថ្លា ក្នុងព្រះសង្ឃនោះ ក្នុងខ្លួន រមែងមានសេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ។ ម្នាលគហបតី មួយទៀត បុថុជ្ជនជាអ្នកមិនចេះដឹង ប្រកបដោយភាពជាបុគ្គលទ្រុស្ដសីល។ កាលបើបុថុជ្ជន ពិចារណាឃើញ នូវភាពជាអ្នកទ្រុស្ដសីលនោះក្នុងខ្លួន រមែងមានសេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ។ ម្នាលគហបតី សេចក្ដីតក់ស្លុតរន្ធត់ និងសេចក្ដីខ្លាចស្លាប់ ទៅខាងមុខ តែងកើតឡើង ដល់បុថុជ្ជនជាអ្នកមិនចេះដឹង ប្រកបដោយធម៌ ៤ នេះឯង។

[២៧៣] ម្នាលគហបតី អរិយសាវក ជាអ្នកចេះដឹង ប្រកបដោយធម៌ ៤ រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ ទៅខាងមុខទេ។ ធម៌ ៤ តើអ្វីខ្លះ។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ កាលបើអរិយសាវកនោះ ពិចារណាឃើញនូវសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធនោះ ក្នុងខ្លួន រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ទៅខាងមុខទេ។ ម្នាលគហបតី មួយទៀត អរិយសាវក ជាអ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយប្រពៃហើយ។បេ។ ជាធម៌ ដែលពួកវិញ្ញូជន គួរដឹងចំពោះខ្លួន។ កាលបើអរិយសាវកនោះ ពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌នោះ ក្នុងខ្លួន រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ ទៅខាងមុខទេ។ ម្នាលគហបតី មួយទៀត អរិយសាវក ជាអ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវក របស់ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។បេ។ ជាបុញ្ញក្ខេត្តរបស់សត្វលោក ដ៏ប្រសើរបំផុត។ កាលបើអរិយសាវកនោះ ពិចារណាឃើញ នូវសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃនោះ ក្នុងខ្លួន រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ទៅខាងមុខទេ។ ម្នាលគហបតី អរិយសាវកជាអ្នកចេះដឹង ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ កាលបើអរិយសាវកនោះ ពិចារណាឃើញនូវអរិយកន្តសីលទាំងនោះ ក្នុងខ្លួន រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ទៅខាងមុខឡើយ។ ម្នាលគហបតី អរិយសាវក ជាអ្នកចេះដឹង ប្រកបដោយធម៌ ៤ នេះឯងហើយ រមែងមិនតក់ស្លុត មិនរន្ធត់ មិនខ្លាចស្លាប់ទៅខាងមុខ។

[២៧៤] បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនខ្លាចទេ ខ្ញុំព្រះកុរណា នឹងទូលចំពោះលោក បពិត្រលោកដ៏ចំរើន ព្រោះខ្ញុំព្រះករុណា ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ។ ក្នុងព្រះធម៌។ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិល្អហើយ។បេ។ ជាស្រែបុណ្យនៃសត្វលោក ដ៏ប្រសើរបំផុត។ បពិត្រលោកដ៏ចំរើន សិក្ខាបទណា ដ៏សមគួរដល់គ្រហស្ថ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ខ្ញុំព្រះករុណា មិនឃើញច្បាស់ នូវការដាច់សិក្ខាបទទាំងនោះតិចតួច ក្នុងខ្លួនឡើយ។ ម្នាលគហបតី (នេះ) ជាលាភ របស់អ្នកហើយ ម្នាលគហបតី អ្នកបានល្អហើយ ម្នាលគហបតី ព្រោះអ្នកបានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលហើយ។

(បឋមភយវេរូបសន្តសូត្រ ទី៨)

(៨. បឋមភយវេរូបសន្តសុត្តំ)

[២៧៥] សាវត្ថីនិទាន។ ព្រះដ៏មានព្រះភាគ បានត្រាស់ចំពោះអនាថបិណ្ឌិក គហបតី ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលគហបតី កាលណាអរិយសាវកបានស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាច ៥ ផង ប្រកបដោយសោតាបត្តិយង្គ ៤ ផង អរិយសាវកនោះ បានឃើញ បានចាក់ធ្លុះ នូវធម៌ដ៏ប្រសើរ ដោយប្រាជ្ញាផង។ អរិយសាវកនោះ កាលប្រាថ្នា អាចព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មា អញ បានសម្រេចស្រោតៈហើយ ជាបុគ្គលមិនធ្លាក់ចុះ (ក្នុងអបាយ) ជាធម្មតា ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។

[២៧៦] ពៀរដែលគួរខ្លាច ៥ ជាកម្មបានស្ងប់រម្ងាប់ តើដូចម្ដេច។ ម្នាលគហបតី បុគ្គលធ្វើបាណាតិបាត តែងទទួលពៀរ ដែលគួរខ្លាច ក្នុងបច្ចុប្បន្នផង តែងទទួលពៀរដែលគួរខ្លាច ក្នុងលោកខាងមុខផង តែងរងទុក្ខទោមនស្ស ចំពោះចិត្តផង ព្រោះបាណាតិបាត ជាបច្ច័យឯណា អរិយសាវក ដែលវៀរចាកបាណាតិបាតហើយ តែងស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាចនោះ យ៉ាងនោះ។ ម្នាលគហបតី បុគ្គលប្រព្រឹត្តអទិន្នាទានឯណា។ ម្នាលគហបតី បុគ្គលប្រព្រឹត្តកាមេសុមិច្ឆាចារឯណា។ ម្នាលគហបតី បុគ្គលប្រព្រឹត្តមុសាវាទឯណា។ ម្នាលគហបតី បុគ្គលផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុនៃសេចក្ដីប្រមាទ តែងទទួលពៀរ ដែលគួរខ្លាច ក្នុងបច្ចុប្បន្នផង តែងទទួលពៀរដែលគួរខ្លាច ក្នុងលោកខាងមុខផង តែងរងទុក្ខទោមនស្ស ចំពោះចិត្តផង ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ នៃសេចក្ដីប្រមាទ ជាបច្ច័យឯណា អរិយសាវកដែលវៀរទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទហើយ រមែងស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាចនោះ យ៉ាងនោះ។ ពៀរដែលគួរខ្លាច ទាំង ៥ នេះ បានស្ងប់រម្ងាប់ហើយ។

[២៧៧] អរិយសាវក ប្រកបដោយ សោតាបត្តិយង្គ ៤ តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ប្រកបដោយ សេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ យ៉ាងនេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវក តែងប្រកបដោយសោតាបត្តិយង្គទាំង ៤ នេះ។

[២៧៨] ញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ បានឃើញល្អ បានចាក់ធ្លុះ ដោយល្អ តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ តែងធ្វើទុកក្នុងចិត្តដោយឧបាយ នៃប្រាជ្ញា នូវបដិច្ចសមុប្បាទធម៌ ឲ្យប្រពៃថា កាលបើមានរបស់នេះ ទើបរបស់នេះមាន ព្រោះតែរបស់នេះកើតឡើង ទើបរបស់នេះកើតឡើង បើរបស់នេះ មិនមានទេ របស់នេះ ក៏មិនមាន លុះតែរបស់នេះរលត់ទៅ ទើបរបស់នេះ រលត់ដែរ។ ដូចជា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជា បច្ច័យ។បេ។ ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ លុះតែអវិជ្ជារលត់ ដោយអរិយមគ្គ មិនមានសេសសល់ ទើបរលត់សង្ខារបាន។បេ។ ការរលត់កងទុក្ខទាំងអស់នុ៎ះ តែងមាន យ៉ាងនេះឯង។ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ ឃើញល្អហើយ ចាក់ធ្លុះល្អហើយ ដោយប្រាជ្ញា។

[២៧៩] ម្នាលគហបតី កាលណា អរិយសាវកបានស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាច ទាំង៥ នេះ (អរិយសាវកនោះ) ប្រកបដោយសោតាបត្តិយង្គ ទាំង ៤ នេះ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវក បានឃើញល្អ បានចាក់ធ្លុះល្អហើយ ដោយប្រាជ្ញាដែរ។ អរិយសាវកនោះ កាលប្រាថ្នា អាចព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ និង វិនិបាតហើយ អាត្មាអញ បានសម្រេចស្រោតៈហើយ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។

(ទុតិយភយវេរូបសន្តសូត្រ ទី៩)

(៩. ទុតិយភយវេរូបសន្តសុត្តំ)

[២៨០] សាវត្ថីនិទាន។បេ។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវក បានស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាច ទាំង ៥ នេះ (អរិយសាវកនោះ) ប្រកបដោយសោតាបត្តិយង្គ ៤ នេះ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវក បានឃើញល្អ បានចាក់ធ្លុះល្អហើយ ដោយប្រាជ្ញាដែរ។ អរិយសាវកនោះ កាលប្រាថ្នា គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មា អញ អស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ និងវិនិបាតហើយ អាត្មាអញ បានសម្រេចស្រោតៈហើយ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។

(នន្ទកលិច្ឆវិសូត្រ ទី១០)

(១០. នន្ទកលិច្ឆវិសុត្តំ)

[២៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នា មហាវន ជិតក្រុងវេសាលី។ គ្រានោះឯង លិច្ឆវិមហាមាត្យឈ្មោះ នន្ទកៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ បានត្រាស់ចំពោះលិច្ឆវិមហាមាត្យ ឈ្មោះនន្ទកៈ ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា

[២៨២] ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ តែងសម្រេចស្រោតៈ ជាអ្នកមានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលនន្ទកៈ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ នេះឯង តែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។

[២៨៣] ម្នាលនន្ទកៈ អរិយសាវក ប្រកបដោយធម៌ ៤ នេះហើយ កបកល់ដោយអាយុជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយសម្បុរជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយសេចក្ដីសុខ ជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយយសជាទិព្វផង ជារបស់មនុស្សផង កបកល់ដោយអាធិបតេយ្យ ជាទិព្វផង ជារបស់មនុស្សផង។ ម្នាល នន្ទកៈ តថាគតមិនមែនឮអំពីសំណាក់សមណៈដទៃ ឬព្រាហ្មណ៍ដទៃ ហើយនិយាយដូច្នោះទេ ប្រាកដជារបស់ណា ដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង យល់ខ្លួនឯង តថាគត ក៏និយាយតាមដឹងនោះឯង។

[២៨៤] កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ បុរស ១ នាក់ បាននិយាយនឹងលិច្ឆវិមហាមាត្យ ឈ្មោះនន្ទកៈ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន កាលនេះ ជាកាលគួរងូតទឹក។ ម្នាលនាយ ឥឡូវនេះ មិនគួរនឹងត្រូវការដោយការងូត ជាខាងក្រៅនុ៎ះទេ គួរនឹងងូតខាងក្នុងខ្លួននេះវិញ គឺការធ្វើចិត្តឲ្យជ្រះថ្លា ក្នុងព្រះដ៏មានព្រះភាគ។

ចប់ សរកានិវគ្គ ទី៣។

ឧទាននៃសរកានិវគ្គនោះគឺ

សំដែងរឿងមហានាមសក្យ ពីរសូត្រ រឿងគោធាសក្យ ១ សូត្រ សរកានិសក្យ ២ សូត្រ សំដែងរឿងទ្រុស្តសីល ២ សូត្រ រឿងពៀរ ដែលគួរខ្លាច ២ សូត្រ សំដែងរឿងលិច្ឆវិមហាមាត្យ ឈ្មោះនន្ទកៈ ជាគំរប់ ១០ សូត្រ ហេតុនោះ បានជាលោកចាក់ជា ១ វគ្គ។

 

លេខយោង

km/tipitaka/sut/sn/55/sut.sn.55.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann