km:tipitaka:sut:sn:56:sut.sn.56.011



(ធម្មចក្កប្បវត្តនសូត្រ ទី១)

សង្ខេប

ក្នុង​ទី​នោះ​ឯង ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ចំពោះ​បញ្ចវគ្គិយ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​អមខាង ២ ប្រការ​នេះ បព្វជិត មិន​គួរ​សេព​គប់​ឡើយ… ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​បន្លឺ​នូវ​ឧទានវាចា​ថា អើ​ហ្ន៎ កោណ្ឌញ្ញ បាន​ត្រាស់​ដឹង​ពិត​ហើយ! ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​បង្រៀន​ព្រះ​ធម៌​ជា​លើក​ដំបូង។

sn 56.011 បាលី cs-km: sut.sn.56.011 អដ្ឋកថា: sut.sn.56.011_att PTS: ?

(ធម្មចក្កប្បវត្តនសូត្រ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

មើល​​បន្ថែម​ទៀត​​អំពី​ឱកាស​នេះ ក្នុងបញ្ចវគ្គិយកថា នៃមហាវគ្គ ក្នុងវិន័យបិដក

អានដោយ ឧបាសិកា វិឡា

(១. ធម្មចក្កប្បវត្តនសុត្តំ)

[៣៦៥] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ ក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង ២ ប្រការនេះ បព្វជិត មិនគួរសេពគប់ឡើយ។ ធម៌អមខាង ២ ប្រការ គឺអ្វីខ្លះ។ ការប្រកបរឿយៗ នូវសេចក្ដីជាប់ជំពាក់ ដោយកាមសុខ ក្នុងកាមទាំងឡាយ ដែលជាធម៌ ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ ការប្រកបរឿយៗ នូវសេចក្ដីព្យាយាមធ្វើខ្លួនឯងឲ្យលំបាក ដែលនាំមកនូវសេចក្ដីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា មិនប៉ះពាល់នូវធម៌អមខាង ទាំង ២ នុ៎ះ តថាគត បានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ តើដូចម្ដេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ (មជ្ឈិមាបដិបទា) គឺ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ។ គឺសេចក្ដីយល់ត្រូវ ១ សេចក្ដីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្ដីព្យាយាមត្រូវ ១ សេចក្ដីរឭកត្រូវ ១ ការធ្វើចិត្តឲ្យនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មជ្ឈិមាបដិបទា ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ ក៏សេចក្ដីទុក្ខនេះឯង ហៅថា អរិយសច្ច គឺជាតិ ជាទុក្ខ ១ ជរាជាទុក្ខ ១ ព្យាធិជាទុក្ខ ១ មរណៈជាទុក្ខ ១ ដំណើរជួបប្រសព្វ ដោយសត្វ និងសង្ខារ មិនជាទីស្រឡាញ់ទាំងឡាយ ជាទុក្ខ ១ ដំណើរព្រាត់ប្រាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ទាំងឡាយ ជាទុក្ខ ១ បុគ្គលប្រាថ្នារបស់ណា មិនបានរបស់នោះ ជាទុក្ខ ១ បើពោលដោយសង្ខេប ឧបាទានក្ខន្ធ ទាំង ៥ ប្រការ ឈ្មោះថា ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ហេតុជាទីកើតឡើង នៃទុក្ខនេះ ហៅថា អរិយសច្ច។ គឺតណ្ហានេះឯង ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្ដីរីករាយ និងត្រេកត្រអាល ជាធម្មជាតិ នាំសត្វឲ្យ ត្រេកត្រអាល ក្នុងភពនោះៗ។ តណ្ហា គឺអ្វីខ្លះ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីរលត់នៃទុក្ខនេះ ហៅថា អរិយសច្ច។ គឺសភាវៈនឿយណាយ និងការរលត់ ដោយមិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនមានអាល័យ ចំពោះតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច។ គឺអរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ អរិយមគ្គ គឺអ្វីខ្លះ។ គឺសេចក្ដីយល់ត្រូវ ១។បេ។ ការដំកល់ចិត្តត្រូវ ១។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត គប្បីកំណត់ដឹង។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ទុក្ខនេះហៅថា អរិយសច្ច ដែលតថាគត បានកំណត់ដឹងហើយ។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ ប្រាជ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ហេតុជាទីកើតឡើង នៃទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា តណ្ហាជាហេតុឲ្យកើតទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត គប្បីលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ ប្រាជ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា តណ្ហា ជាហេតុឲ្យកើតទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត លះចោលហើយ។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត គប្បីធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើត ឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ។

[៣៧០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត គប្បីចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគតចំរើនហើយ។

[៣៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ញាណទស្សនៈ (ការដឹង និងការឃើញ) មានបរិវដ្ដ (វិល) ៣ មានអាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់តថាគតនៅមិនទាន់បរិសុទ្ធតាមពិតត្រឹមណា ភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង ចំពោះសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ត្រឹមណោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែញាណទស្សនៈ មានបរិវដ្ដ ៣ មានអាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់តថាគត បរិសុទ្ធតាមពិតក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង ចំពោះសម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលណោះ។ មួយទៀត ញ្ញាណទស្សនៈ កើតឡើងដល់តថាគតថា វិមុត្តិ គឺ អរហត្តផល របស់តថាគត មិនកម្រើកឡើយ ជាតិនេះផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។ លុះព្រះដ៏មានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ។ ពួកបញ្ចវគ្គិយភិក្ខុ ក៏មានចិត្តត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ។

[៣៧២] កាលដែលព្រះដ៏មានព្រះភាគ កំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ (ភ្នែកឃើញធម៌) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា បានកើតឡើងហើយ ដល់កោណ្ឌញ្ញភិក្ខុដ៏មានអាយុថា ធម្មជាតណាមួយ ដែលកើតឡើង ជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញ ជាធម្មតា។ កាលបើធម្មចក្កដែលព្រះមានព្រះភាគ ឲ្យប្រព្រឹត្តទៅ (សំដែងដូចជាគេបង្វិលយ៉ាងនេះ) ហើយ ភុម្មទេវតាទាំងឡាយ ក៏បន្លឺនូវសូរសព្ទថា ធម្មចក្កនេះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ពួកទេវតា នៅក្នុងឋានចាតុម្មហារាជិកទាំងឡាយ ឮសំឡេងរបស់ភុម្មទេវតាទាំងឡាយហើយ ក៏បន្លឺនូវសំលេងថា ធម្មចក្កនុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ពួកទេវតា នៅឋានតាវត្តិង្ស ឮសំឡេងរបស់ទេវតា នៅក្នុងឋានចាតុម្មហារាជិក។ ពួកទេវតា ក្នុងឋានយាមៈ។ ទេវតានៅក្នុងឋានតុសិត។ ពួកទេវតា នៅក្នុងឋាននិម្មានរតី។ ពួកទេវតា នៅក្នុងឋានបរិនិម្មិតវសវត្តី។ ទេវតាទាំងឡាយ ដែលរាប់ក្នុងពពួកព្រហ្ម ក៏បន្លឺនូវសូរសព្ទថា ព្រះធម្មចក្កនុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។

[៣៧៣] សំឡេង (កងរំពង) ក៏លាន់ឮឡើង ទៅដរាបដល់ព្រហ្មលោក ក្នុងខណៈ មួយរំពេចនោះ ដោយប្រការដូច្នេះ។ លោកធាតុ ទាំង ១ ហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ។ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើសអានុភាព របស់ទេវតាទាំងឡាយ ក៏កើតប្រាកដឡើងក្នុងលោក។

[៣៧៤] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញ បានត្រាស់ដឹងពិតហើយ អើហ្ន៎ កោណ្ឌញ្ញ បានត្រាស់ដឹងពិតហើយ។ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះ ក៏បានជាប់ជានាម របស់ព្រះកោណ្ឌញ្ញភិក្ខុដ៏មានអាយុ ដោយប្រការដូច្នេះ។

 

លេខយោង

km/tipitaka/sut/sn/56/sut.sn.56.011.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann