km:tipitaka:sut:sn:56:sut.sn.56.v05



បបាតវគ្គ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 56.v05 បាលី cs-km: sut.sn.56.v05 អដ្ឋកថា: sut.sn.56.v05_att PTS: ?

បបាតវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. បបាតវគ្គោ)

(លោកចិន្តាសូត្រ ទី១)

(១. លោកចិន្តាសុត្តំ)

[៤២៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទក និវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានបុរសម្នាក់ ចេញអំពីក្រុងរាជគ្រឹះដោយគិតថា អញនឹងគិត នូវលោកចិន្ដា1) (គិតអំពីលោក) ដូច្នេះហើយ ចូលទៅរកស្រះបោក្ខរណី ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏អង្គុយទៀបឆ្នេរស្រះបោក្ខរណីឈ្មោះ សុមាគធា ហើយគិតលោកចិន្ដា។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ស្រាប់តែឃើញ នូវសេនាមានអង្គ ៤ កំពុងចូលទៅក្នុងក្រឪឈូក ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះសុមាគធា។ លុះបុរសនោះឃើញហើយ ក៏មានសេចក្ដីត្រិះរិះ ដូច្នេះថា អញជាមនុស្សឆ្កួតទេតើ អញជាមនុស្សមានចិត្តរាយមាយទេតើ វត្ថុណា មិនមានក្នុងលោក វត្ថុនោះ អញបានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសនោះ ត្រឡប់ចូលទៅកាន់នគរ ហើយប្រាប់ពួកមហាជនថា នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាមនុស្សឆ្កួត នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាមនុស្សមានចិត្តរាយមាយ វត្ថុណា មិនមានក្នុងលោក វត្ថុនោះ ខ្ញុំបានឃើញហើយ។ ពួកមហាជន តបវិញថា នែបុរសដ៏ចំរើន ចុះហេតុដូចម្ដេច បានជាអ្នកឆ្កួត ហេតុដូចម្ដេច បានជាអ្នកមានចិត្តរាយមាយ វត្ថុដែលអ្នកបានឃើញហើយ មិនមានក្នុងលោក តើដូចម្ដេច។ នែអ្នកទាំងឡាយដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំចេញអំពីក្រុងរាជគ្រឹះ ដោយគិតថា អាត្មាអញ នឹងគិតនូវលោកចិន្ដា ដូច្នេះហើយ ចូលទៅរកស្រះបោក្ខរណី ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏អង្គុយទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះសុមាគធា គិតនូវលោកចិន្ដា។ នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំក៏បានឃើញ នូវសេនាមានអង្គ ៤ កំពុងចូលទៅក្នុងក្រឪឈូក ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះសុមាគធា។ នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាមនុស្សឆ្កួត យ៉ាងនេះឯង ខ្ញុំជាមនុស្សមានចិត្តរាយមាយ យ៉ាងនេះ វត្ថុដែលខ្ញុំឃើញនេះហើយ មិនដែលមានក្នុងលោកទេ។ នែបុរសដ៏ចំរើន ខ្ញុំសូមរំលឹក អ្នកជាមនុស្សឆ្កួតហើយ ខ្ញុំសូមរំលឹក អ្នកជាមនុស្សមានចិត្តរាយមាយហើយ វត្ថុដែលអ្នកឃើញហើយនេះ មិនដែលមានក្នុងលោកទេ។ ម្នាលភិក្ខុទាំងឡាយ ឯបុរសនោះ បានឃើញវត្ថុដែលពិតមែន មិនមែនបានឃើញនូវវត្ថុ ដែលមិនពិតទេ។

[៤២៧] ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសង្គ្រាមទេវតា និងអសុរ ជាសង្គ្រាមតទល់ប្រកៀកគ្នា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសង្គ្រាមនោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ លុះពួកអសុរចាញ់ហើយ ក៏ភ័យ រត់ចូលទៅកាន់អសុរបុរី តាមចន្លោះក្រឪឈូក (ញ៉ាំងចិត្ត) ពួកទេវតាឲ្យភ័ន្ដច្រឡំ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ អ្នកកុំគិត នូវលោកចិន្ដាថា លោកទៀង ដូច្នេះក្ដី លោកមិនទៀង ដូច្នេះក្ដី លោកមានទីបំផុត ដូច្នេះក្ដី លោកមិនមានទីបំផុត ដូច្នេះក្ដី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្ដី ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្ដី សត្វស្លាប់ទៅ កើតទៀត ដូច្នេះក្ដី សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះក្ដី សត្វស្លាប់ទៅ កើតទៀត ក៏មាន មិនកើតទៀត ក៏មាន ដូច្នេះក្ដី សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្ដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះការគិតនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយៈ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បីរំលត់ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹង មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វានទេ។

[៤២៨] ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយគិត គួរគិតថា នេះជាទុក្ខ។បេ។ គួរគិតថា នេះជាទុក្ខនិរោធគាមិនីបដិបទាវិញ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) ការគិតនេះ ប្រកបដោយប្រយោជន៍ ការគិតនេះ ជាអាទិព្រហ្មចរិយៈ ការគិតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា បដិបទានេះ ជាទុក្ខនិរោធគាមិនីបដិបទា។

(បបាតសូត្រ ទី២)

(២. បបាតសុត្តំ)

[៤២៩] សម័យមួយ ព្រះមានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ មក យើងចូលទៅឯថ្មបដិភាណកូដ (ថ្មជាព្រំខ័ណ្ឌបែបភ្នំ) ដើម្បីសំរាកក្នុងវេលាថ្ងៃ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលទៅឯថ្មបដិភាណកូដ ជាមួយនឹងភិក្ខុច្រើនរូប។ ភិក្ខុមួយរូប បានឃើញនូវជ្រោះធំ ជិតថ្មបដិភាណកូដ លុះឃើញហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ជ្រោះនេះ ធំណាស់តើ បពិត្រព្រះអង្គដ៏ចំរើន ជ្រោះនេះធំពេកណាស់តើ បពិត្រព្រះអង្គដ៏ចំរើន ជ្រោះដទៃ ធំជាងផង គួរខ្លាចផង ជាងជ្រោះនេះទៅទៀត មានដែរឬ។ ម្នាលភិក្ខុ ជ្រោះដទៃ ធំជាងផង គួរខ្លាចផង ជាងជ្រោះនេះ មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន ជ្រោះដទៃ ធំជាងផង គួរខ្លាចផង ជាងជ្រោះនេះទៅទៀត តើដូចម្ដេច។

[៤៣០] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខសមុទ័យ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តែងត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ ត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ។ កាលបើសមណៈ ឬព្រាហ្មណ៍ទាំងនោះ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ឈ្មោះថា តាក់តែងនូវសង្ខារ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ។ លុះសមណៈ ឬព្រាហ្មណ៍ទាំងនោះ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ក៏ឈ្មោះថា ធ្លាក់ចុះកាន់ជ្រោះ គឺជាតិផង ធ្លាក់ចុះកាន់ជ្រោះ គឺជរាផង ធ្លាក់ចុះកាន់ជ្រោះ គឺមរណៈផង ធ្លាក់ចុះកាន់ជ្រោះ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនផុតចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈទាំងឡាយ តថាគត ពោលថា មិនផុតស្រឡះចាកទុក្ខឡើយ។

[៤៣១] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ។ កាលបើសមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ឈ្មោះថា មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈឡើយ។ លុះសមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ មិនបានតាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ រមែងមិនធ្លាក់ចុះកាន់ជ្រោះ គឺជាតិផង មិនធ្លាក់ចុះកាន់ជ្រោះ គឺជរាផង មិនធ្លាក់ចុះកាន់ជ្រោះ គឺមរណៈផង មិនធ្លាក់ចុះកាន់ជ្រោះ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(មហាបរិឡាហសូត្រ ទី៣)

(៣. មហាបរិឡាហសុត្តំ)

[៤៣២] ម្នាលភិក្ខុទាំងឡាយ នរក មានសេចក្ដីក្រហល់ក្រហាយធំ សត្វរមែងឃើញ នូវរូបណាមួយដោយចក្ខុ ក្នុងនរកនោះ រមែងឃើញរូបមិនជាទីប្រាថ្នា មិនឃើញរូបជាទីប្រាថ្នា ឃើញរូបមិនជាទីគាប់ចិត្ត មិនឃើញរូបជាទីគាប់ចិត្ត ឃើញរូបមិនជាទីពេញចិត្ត មិនឃើញរូបជាទីពេញចិត្ត ស្ដាប់សំឡេងណាមួយ ដោយត្រចៀក។បេ។ ពាល់ត្រូវនូវផ្សព្វណាមួយ ដោយកាយ។ ដឹងច្បាស់ធម្មារម្មណ៍ណាមួយ ដោយចិត្ត ដឹងច្បាស់រូបមិនជាទីប្រាថ្នា មិនដឹងច្បាស់រូបជាទីប្រាថ្នា ដឹងច្បាស់រូបមិនជាទីគាប់ចិត្ត មិនដឹងច្បាស់រូបជាទីគាប់ចិត្ត ដឹងច្បាស់រូបមិនជាទីពេញចិត្ត មិនដឹងច្បាស់រូបជាទីពេញចិត្ត។

[៤៣៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយនោះធំណាស់តើ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយនោះ ធំណាស់តើ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយដទៃ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ មានដែរឬ។ ម្នាលភិក្ខុ សេចក្ដីក្រហល់ក្រហាយដទៃ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ តើដូចម្ដេច។

[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ត្រេកអរ ក្នុងពួកសង្ខារ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។ កាលបើត្រេកអរហើយ រមែងតាក់តែង លុះតាក់តែងហើយ រមែងក្ដៅ ដោយសេចក្ដីក្រហល់ក្រហាយ គឺជាតិផង ក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺជរាផង ក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺមរណៈផង ក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងមិនផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា មិនផុតស្រឡះចាកទុក្ខឡើយ។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងមិនផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា នឹងមិនផុតស្រឡះចាកទុក្ខឡើយ។

[៤៣៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងមិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។ កាលបើមិនត្រេកអរហើយ រមែងមិនបានតាក់តែង លុះមិនបានតាក់តែងហើយ រមែងមិនក្ដៅ ដោយសេចក្ដីក្រហល់ក្រហាយ គឺជាតិផង មិនក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺមរណៈផង មិនក្ដៅដោយសេចក្ដីក្រហល់ក្រហាយ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(កូដាគារសូត្រ ទី៤)

(៤. កូដាគារសុត្តំ)

[៤៣៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ មិនបាច់ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត ក៏គង់នឹងធ្វើនូវទីបំផុត នៃទុក្ខដោយប្រពៃបាន ហេតុនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ធ្វើផ្ទះ ខាងក្រោមនៃផ្ទះមានកំពូល នឹងលើកផ្ទះខាងលើតែម្ដង (គឺមិនបាច់ធ្វើគ្រឿងក្រោម ធ្វើតែគ្រឿងលើ) ហេតុនេះ មិនមានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ត្រាស់ដឹង នូវទុក្ខអរិយសច្ចតាមសេចក្ដីពិត។បេ។ មិនបាច់ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃតែម្ដង ហេតុនេះ មិនមានឡើយ ក៏យ៉ាងនោះដែរ។

[៤៣៧] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណា ពោលយ៉ាងនេះវិញថា អាត្មាអញបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ បានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិតហើយ នឹងធ្វើនូវទីបំផុត នៃសេចក្តីទុក្ខបាន ហេតុនេះ ទើបមាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ ធ្វើផ្ទះ ខាងក្រោម នៃផ្ទះមានកំពូល ហើយសឹមលើកផ្ទះខាងលើ ហេតុនេះ ទើបមាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ ត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិតហើយ នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃបាន ហេតុនេះទើបមាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(វាលសូត្រ ទី៥)

(៥. វាលសុត្តំ)

[៤៣៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងគូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត្រ។ ព្រះអានន្ទដ៏មានអាយុ ក៏បានឃើញពួកលិច្ឆវិកុមារច្រើននាក់ កំពុងធ្វើគ្រឿងក្រោះក្នុងផ្ទះ ជាទីរៀននូវសិល្បៈ កំពុងបាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ឡើយ។ លុះព្រះអានន្ទនោះ បានឃើញហើយ ក៏មានសេចក្ដីត្រិះរិះ ដូច្នេះថា ពួកលិច្ឆវិកុមារនេះ ចេះសិក្សាណាស់តើ ពួកលិច្ឆវិកុមារនេះ ចេះសិក្សាល្អណាស់តើ ព្រោះពួកលិច្ឆវិកុមារនេះ ចេះបាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ឡើយ។

[៤៣៩] លំដាប់នោះ ព្រះអានន្ទមានអាយុ ត្រាច់ទៅក្នុងក្រុងវេសាលី ដើម្បី បិណ្ឌបាត កាលត្រឡប់មកពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ ព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត្រ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញពួកលិច្ឆវិកុមារច្រើននាក់ កំពុងធ្វើនូវគ្រឿងក្រោះក្នុងផ្ទះ ជាទីរៀននូវសិល្បៈ បាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ឡើយ។ លុះខ្ញុំព្រះអង្គ បានឃើញហើយ មានសេចក្ដីត្រិះរិះ ដូច្នេះថា ពួកលិច្ឆវិកុមារនេះ ចេះសិក្សាណាស់តើ ពួកលិច្ឆវិកុមារនេះ ចេះសិក្សាល្អណាស់តើ ព្រោះពួកលិច្ឆវិកុមារនេះ ចេះបាញ់សរ តាមរន្ធចន្លោងដ៏តូច ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់។ ម្នាលអានន្ទ អ្នកសំគាល់ហេតុនោះ ដូចម្ដេច អំពើដូចម្ដេចហ្ន៎ ដែលបុគ្គលធ្វើបានដោយកម្រក្រៃលែងផង ហេតុកើតឡើងព្រម ដោយកម្រផង។ ជនណាបាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ ឬក៏ជនណា បាញ់ទំលុះនូវចុង នៃចុងរោមកន្ទុយ ដែលច្រៀកជា ៧ ចំរៀក។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា បាញ់ទំលុះនូវចុង នៃចុងរោមកន្ទុយ ដែលច្រៀកជា ៧ ចំរៀក ហេតុនុ៎ះ ដែលបុគ្គលធ្វើបានដោយកម្រ ឬជាហេតុកើតឡើងព្រម ដោយកម្រ។ ម្នាលអានន្ទ ពួកជនណា ចាក់ធ្លុះតាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ចាក់ធ្លុះតាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ពួកជនទាំងនោះ ទើបឈ្មោះថា ចាក់ធ្លុះនូវហេតុ ដែលបុគ្គលចាក់ធ្លុះបាន ដោយកម្រ។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(អន្ធការសូត្រ ទី៦)

(៦. អន្ធការសុត្តំ)

[៤៤០] ម្នាលភិក្ខុទាំងឡាយ ពួកសត្វក្នុងលោកន្ដរនរក មានតែសេចក្ដីទុក្ខឥតល្ហែ ជានរកងងឹត ជានរកងងឹតសូន្យឈឹង ក្នុងនរកនោះ មិនដែលបានទទួលពន្លឺ នៃព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំ យ៉ាងនេះ ឡើយ។

[៤៤១] កាលព្រះមានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ងងឹតនោះ ជាងងឹតធំណាស់ បពិត្រព្រះអង្គដ៏ចំរើន ងងឹតនោះ ជាងងឹតធំមហិមា បពិត្រព្រះអង្គដ៏ចំរើន ងងឹតដទៃ ដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរឬ។ ម្នាលភិក្ខុ ងងឹតដទៃដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះងងឹតដទៃ ធំជាងផង គួរខ្លាចផង ជាងងងឹតនេះ តើធំដូចម្ដេច។

[៤៤២] ម្នាលភិក្ខុ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។ កាលបើត្រេកអរហើយ រមែងតាក់តែង។ លុះតាក់តែងហើយ ក៏ធ្លាក់ចុះកាន់ទីងងឹត គឺជាតិផង ធ្លាក់ចុះកាន់ទីងងឹត គឺជរាផង ធ្លាក់ចុះកាន់ទីងងឹត គឺមរណៈផង ធ្លាក់ចុះកាន់ទីងងឹត គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនផុតស្រឡះចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា មិនផុតស្រឡះចាកទុក្ខឡើយ។

[៤៤៣] ម្នាលភិក្ខុ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។ កាលបើមិនត្រេកអរហើយ ក៏រមែងមិនតាក់តែង។ លុះមិនបានតាក់តែងហើយ ក៏មិនធ្លាក់ចុះកាន់ទីងងឹត គឺជាតិផង មិនធ្លាក់ចុះកាន់ទីងងឹត គឺជរាផង មិនធ្លាក់ ចុះកាន់ទីងងឹត គឺមរណៈផង មិនធ្លាក់ចុះកាន់ទីងងឹត គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(បឋមឆិគ្គឡយុគសូត្រ ទី៧)

(៧. បឋមឆិគ្គឡយុគសុត្តំ)

[៤៤៤] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសបោះនឹម មានច្បោះតែមួយ ក្នុងមហាសមុទ្រ ក៏ក្នុងមហាសមុទ្រនោះ មានអណ្ដើកខ្វាក់ (មួយ) លុះកន្លងមួយរយឆ្នាំៗទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច កាលបើកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ តើគួរនឹងស៊កក ក្នុងនឹម មានច្បោះតែមួយឯណោះ បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងតែកាលកន្លងយូរអង្វែងទៅ ទើបមានម្ដងៗខ្លះ។ ម្នាលភិក្ខុទាំងឡាយ លុះកន្លងមួយរយឆ្នាំៗទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ ក៏ស៊កកទៅក្នុងនឹម មានច្បោះតែមួយឯណោះ ទុកជាឆាប់ពេកណាស់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ជនពាល ដែលធ្លាក់ទៅក្នុងវិនិបាតហើយ បានមកជាមនុស្សអស់វារៈម្ដង តថាគតពោលថា មិនបានឆាប់ឡើយ គឺយូរពេកណាស់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលពាល ក្នុងលោកនេះ គ្មានប្រព្រឹត្តនូវធម៌ គ្មានប្រព្រឹត្តស្មើ គ្មានធ្វើកុសល គ្មានធ្វើបុណ្យទេ មានតែទំពាស៊ី នូវគ្នានិងគ្នា។ ម្នាលភិក្ខុទាំងឡាយ ការទំពារស៊ីនូវសត្វ ដែលមានកំឡាំងថយ រមែងប្រព្រឹត្តទៅ ក្នុងបុគ្គលពាលនុ៎ះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលពាល មិនឃើញនូវអរិយសច្ច ៤។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(ទុតិយឆិគ្គឡយុគសូត្រ ទី៨)

(៨. ទុតិយឆិគ្គឡយុគសុត្តំ)

[៤៤៥] ម្នាលភិក្ខុទាំងឡាយ ដូចជាផែនដីធំនេះ មានទីបំផុតជាមួយគ្នា មានបុរសបោះនឹម មានច្បោះតែមួយ ទៅលើផែនដីនោះ ខ្យល់ពីទិសខាងកើត បក់នឹមនោះទៅទិសខាងលិច ខ្យល់ពីទិសខាងលិច បក់ (នឹមនោះ) ទៅទិសខាងកើត ខ្យល់ពីទិសខាងជើង បក់ ( នឹមនោះ ) ទៅទិសខាងត្បូង ខ្យល់ពីទិសខាងត្បូង បក់ (នឹមនោះ) ទៅទិសខាងជើង លុះកន្លងមួយរយឆ្នាំៗ ទៅ ទើបមានអណ្ដើកខ្វាក់មួយ ក្នុងទីនោះ ងើបម្ដងៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច លុះកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ តើគួរនឹងស៊កក ក្នុងនឹម មានច្បោះតែមួយឯណោះ បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន លុះកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ គួរនឹងស៊កក ទៅក្នុងនឹម មានច្បោះតែមួយឯណោះ ដោយហេតុឯណា ហេតុនោះ កម្រក្រៃពេក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបាននូវភាពជាមនុស្ស កម្រក្រៃពេក យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ដសម្មាសម្ពុទ្ធ កើតក្នុងលោក កម្រក្រៃពេក យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យដែលតថាគត សំដែងហើយ រមែងភ្លឺច្បាស់ក្នុងលោក កម្រក្រៃពេក យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ការបាននូវអត្តភាពជាមនុស្សនេះ ១ ព្រះតថាគត ជាអរហន្ដ សម្មាសម្ពុទ្ធកើតក្នុងលោក ១ ធម្មវិន័យ ដែលតថាគតសំដែងហើយ រមែងភ្លឺច្បាស់ក្នុងលោក ១ (ទាំង៣នេះ ក្រដូចគ្នា)។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(បឋមសិនេរុបព្វតរាជសូត្រ ទី៩)

(៩. បឋមសិនេរុបព្វតរាជសុត្តំ)

[៤៤៦] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស យកដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ទៅប្រៀបផ្ទឹមនឹងស្ដេចភ្នំ ឈ្មោះសិនេរុ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់នូវហេតុនោះ ដូចម្ដេច ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលយកទៅប្រៀបផ្ទឹមក្ដី ស្ដេចភ្នំឈ្មោះ សិនេរុ ក្ដី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្ដេចភ្នំ ឈ្មោះសិនេរុនេះ មានចំនួនច្រើនជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលប្រៀបធៀបហើយ មានចំនួនតិចជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលយកទៅប្រៀបធៀប នឹងស្ដេចភ្នំ សិនេរុ មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក ដែលបរិបូរណ៍ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង (នូវមគ្គ និងផល) សេចក្ដីទុក្ខ (របស់អរិយសាវកនោះ) ដែលអស់ទៅ រលីងទៅ ច្រើនជាង សេចក្ដីទុក្ខ ដែលសល់នៅ តិចជាង មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង ដើម្បីប្រៀបធៀប នូវគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ ចំនួន ៧ អត្តភាពជាយ៉ាងយូរ ក៏យ៉ាងនោះឯង។ បុគ្គលណា ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

(ទុតិយសិនេរុបព្វតរាជសូត្រ ទី១០)

(១០. ទុតិយសិនេរុបព្វតរាជសុត្តំ)

[៤៤៧] ម្នាលភិក្ខុទាំងឡាយ ស្ដេចភ្នំឈ្មោះ សិនេរុ ក៏ដល់នូវការអស់ទៅ រលីងទៅ លើកលែង គឺកុំបាច់និយាយដល់ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ការអស់ទៅ រលីងទៅ នៃ ស្ដេចភ្នំឈ្មោះ សិនេរុក្ដី ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅក្ដី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ការអស់ទៅ រលីងទៅនៃស្ដេចភ្នំឈ្មោះសិនេរុ មានចំនួនច្រើនជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅមានចំនួនតិចជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅ ក៏មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀប នូវការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះសិនេរុឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក ដែលបរិបូណ៌ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង (នូវមគ្គ និងផល) សេចក្ដីទុក្ខ ដែលអស់ទៅ វិនាសទៅ (នៃអរិយសាវកនោះ) មានចំនួនច្រើន សេចក្ដីទុក្ខ ដែលសល់នៅ មានចំនួនតិច មិនដល់នូវការរាប់ មិនដល់នូវការប្រៀបធៀប មិនដល់នូវចំណែក នៃចំណិត នឹងគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ ចំនួន ៧ អត្តភាពជាយ៉ាងយូរ យ៉ាងនោះឯង។ បុគ្គលណា ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។

ចប់ បបាតវគ្គ ទី៥។

ឧទាននៃបបាតវគ្គនោះគឺ

និយាយអំពីការគិត ១ អំពីជ្រោះ ១ អំពីសេចក្ដីក្រហល់ក្រហាយ ១ អំពីសាលាមានកំពូល ១ អំពីទំលុះចុងសរសៃរោម ១ អំពីលោកន្តរនរក ងងឹតសូន្យឈឹង ១ អំពីច្បោះនឹម ២ លើក អំពីស្ដេចភ្នំ ឈ្មោះសិនេរុដទៃ ពីរលើក។

 

លេខយោង

1)
គឺគិតថា នរណាបង្កើតព្រះចន្ទ្រ និងព្រះអាទិត្យ នរណាបង្កើតផែនដី នរណាតាក់តែងសមុទ្រ នរណា តាក់តែងពួកសត្វ ដែលជាឱបបាតិកៈ នរណាតាក់តែងភ្នំ នរណាតាក់តែងដើមស្វាយ ត្នោត ដូង ជាដើម មក នេះហៅថា លោកចិន្តា (អដ្ឋកថា)។
km/tipitaka/sut/sn/56/sut.sn.56.v05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann