km:tipitaka:vin:cv:vin.cv.01.02

(និយស្សកម្មជាគំរប់ពីរ)

សង្ខេប

(?)

vin cv 01 02 បាលី cs-km: vin.cv.01.02 អដ្ឋកថា: vin.cv.01.02_att PTS: ?

(និយស្សកម្មជាគំរប់ពីរ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(២. និយស្សកម្មំ)

[៤៣] សម័យនោះឯង សេយ្យសកភិក្ខុដ៏មានអាយុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ភិក្ខុទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជា សេយ្យសកភិក្ខុដ៏មានអាយុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៤៤] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរភិក្ខុទាំងឡាយ ក្នុងកាលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថា សេយ្យសកភិក្ខុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុអ្វីបានជាមោឃបុរសនោះ ជាបុគ្គលល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏ឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ មិនមែនដឹងនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើនិយស្សកម្ម1) ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅដោយមាននិស្ស័យ។2) ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីធ្វើ និយស្សកម្មយ៉ាងនេះ។ សង្ឃត្រូវចោទ សេយ្យសកភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិហើយ ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពលញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ និយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្ត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ឥឡូវនេះ សង្ឃធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ ការធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅដោយមាននិស្ស័យ (ទៀត) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ឥឡូវនេះ សង្ឃធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ ការធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ។បេ។ លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត) ដូច្នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

(និយស្សកម្ម មានចំនួន១២ក្នុងអធម្មកម្ម)

(អធម្មកម្មទ្វាទសកំ)

[៤៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលសង្ឃរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើកំបាំងមុខ១ កម្មដែលមិនសាកសួរ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៤៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអនាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី១ កម្មដែលធ្វើ ដោយទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៤៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់ចោទ ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់រំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់លើកអាបត្តិឡើង ហើយធ្វើ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៤៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើកំបាំងមុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៤៩] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់សាកសួរ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥០] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥១] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអនាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥២] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអាបត្តិមិនមែនជាទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥៣] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយទេសិតាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៥៤] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលមិនទាន់ចោទ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៥៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់រំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់លើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់ និយស្សកម្មមានចំនួន១២ក្នុងអធម្មកម្ម។

(និយស្សកម្ម មានចំនួន១២ក្នុងធម្មកម្ម)

(ធម្មកម្មទ្វាទសកំ)

[៥៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែលសាកសួរហើយទើបធ្វើ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[៥៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៥៩] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦០] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[៦១] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលសាកសួរហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦២] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦៣] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[៦៤] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[៦៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអទេសិតាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលលើកអាបត្តិឡើង ហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

ចប់ និយស្សកម្មមានចំនួន១២ក្នុងធម្មកម្ម។

(និយស្សកម្ម ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦)

(អាកង្ខមានឆក្កំ)

[៦៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ជាភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៣នេះឯង។

[៧០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ ភិក្ខុមានអាចារវិបត្តិក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៣នេះឯង។

[៧១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[៧២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកគឺភិក្ខុអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ ភិក្ខុនៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកនេះឯង។

[៧៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ ភិក្ខុមានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ ភិក្ខុមានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកនេះឯង។

[៧៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុទាំងឡាយ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុទាំង៣ពួកនេះឯង។

ចប់ និយស្សកម្ម ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦។

(វត្ត១៨ក្នុងនិយស្សកម្ម)

(អដ្ឋារសវត្តំ)

[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើនិយស្សកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយប្រពៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងនិយស្សកម្មនោះ ដូច្នេះ គឺភិក្ខុមិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន១ មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃ បានសន្មតឲ្យហើយ ក៏មិនត្រូវទៅប្រដៅពួកភិក្ខុនីឡើយ១ និយស្សកម្ម ដែលសង្ឃធ្វើព្រោះអាបត្តិណា ភិក្ខុកុំឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃប្រហែលគ្នា នឹងអាបត្តិមុននោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ មិនត្រូវតិះដៀលនិយស្សកម្ម១ មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា (របស់ភិក្ខុជាបកតត្ត)១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួលនាទីជាធំក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុ១។

ចប់ វត្ត១៨ក្នុងនិយស្សកម្ម។

[៧៦] លំដាប់នោះ សង្ឃបានធ្វើនិយស្សកម្មដល់សេយ្យសកភិក្ខុ ដោយពាក្យថា លោកត្រូវនៅដោយមាននិស្ស័យ (ទៀត)។ សេយ្យសកភិក្ខុ ដែលសង្ឃបានធ្វើនិយស្សកម្មហើយនោះ ក៏សេពគប់ ចូលទៅអង្គុយជិតពួកភិក្ខុ ជាកល្យាណមិត្ត សូមរៀនបាលី និងអដ្ឋកថា ក៏បានជាពហុស្សូត ជាអ្នកទ្រទ្រង់ព្រះត្រៃបិដក អ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានបញ្ញា មានសេចក្តីខ្មាស មានសេចក្តីរអែង ប្រាថ្នាក្នុងសិក្ខា សេយ្យសកភិក្ខុនោះ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម ហើយក៏ចូលទៅរកភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា ម្នាលលោកទាំងឡាយដ៏មានអាយុ ខ្ញុំ ដែលសង្ឃធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញ ចាកកម្មហើយ ខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។

(និយស្សកម្ម មានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់)

(នប្បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[៧៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់និយស្សកម្ម របស់សេយ្យសកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្មរ បស់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ភិក្ខុឲ្យនិស្ស័យ១ ភិក្ខុឲ្យសាមណេរបម្រើខ្លួន១ ភិក្ខុទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី១ ភិក្ខុដែលសង្ឃសន្មតឲ្យហើយ ក៏នៅតែទៅប្រដៅភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយ អង្គ៥ឡើយ។

[៧៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើនិយស្សកម្ម ព្រោះអាបត្តិណា ហើយត្រឡប់ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលនឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិនោះ១ តិះដៀលនិយស្សកម្ម១ តិះដៀលពួកភិក្ខុអ្នកធ្វើនិយស្សកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ និយស្សកម្ម របស់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។

[៧៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ ហាមបវារណា របស់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទគេ១ រំលឹកគេ១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។

ចប់ និយស្សកម្ម មានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់។

(និយស្សកម្ម មានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់)

(បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[៨០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១។បេ។

[៨១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើនិយស្សកម្ម ព្រោះអាបត្តិណាហើយ មិនត្រឡប់ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិមុននោះ១ មិនតិះដៀលនិយស្សកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើនិយស្សកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[៨២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនហាមបវារណា របស់ភិក្ខុជាបកតត្ត១ មិនធ្វើឲ្យជាអ្នកមានមាត់ពាក្យ១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទគេ១ មិនរំលឹកគេ១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៨នេះឯង។

ចប់ និយស្សកម្ម មានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់។

[៨៣] ម្នាលភិក្ខុទាំងឡាយ ឯនិយស្សកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សេយ្យសកភិក្ខុនោះ គប្បីចូលទៅរកជំនុំសង្ឃ ហើយធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទារបស់ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយពាក្យយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណា ដែលសង្ឃបានធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ខ្ញុំសូមការរម្ងាប់ និយស្សកម្ម។ គប្បីសូមជាគំរប់ពីរដងផង។ គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ដែលសង្ឃធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់និយស្សកម្ម។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់ និយស្សកម្មរបស់សេយ្យសកភិក្ខុនោះចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសេយ្យសកភិក្ខុនេះ ដែលសង្ឃបានធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់និយស្សកម្ម។ សង្ឃរម្ងាប់ និយស្សកម្ម របស់សេយ្យសកភិក្ខុ។ ការរម្ងាប់និយស្សកម្ម របស់សេយ្យសកភិក្ខុ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ដែលសង្ឃធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម មកសូមការរម្ងាប់និយស្សកម្ម។ សង្ឃរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ។ ការរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ដែលសង្ឃបានធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម មកសូមការរម្ងាប់និយស្សកម្ម។ សង្ឃរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ។ ការរម្ងាប់និយស្សកម្ម របស់សេយ្យសកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុហើយ ការរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ និយស្សកម្មជាគំរប់ពីរ។

 

លេខយោង

1)
កម្មដែលសង្ឃត្រូវធ្វើឲ្យថយ យស។
2)
ភិក្ខុដែលល្ងង់ មិនឆ្លាសនោះ ត្រូវសូមនិស្ស័យ ហើយនៅអាស្រ័យនឹងគ្រូអាចារ្យរបស់ខ្លួន មិនត្រូវនៅ ដោយនិស្សយមុត្តកទេ។
km/tipitaka/vin/cv/vin.cv.01.02.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann