km:tipitaka:vin:cv:vin.cv.01.05

(ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ជាគំរប់៥)

សង្ខេប

(?)

vin cv 01 05 បាលី cs-km: vin.cv.01.05 អដ្ឋកថា: vin.cv.01.05_att PTS: ?

(ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ជាគំរប់៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៥. អាបត្តិយា អទស្សនេ ឧក្ខេបនីយកម្មំ)

[១៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ វេលានោះឯង ឆន្នភិក្ខុដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញ នូវអាបត្តិឡើយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ឆន្នដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[១៧៥] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា ឆន្នភិក្ខុត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ការនេះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មិនសមបើ មោឃបុរសនោះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ លុះទ្រង់បន្ទោសរួច។បេ។ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទឆន្នភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិឡើយ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើឧក្ខេបនីយកម្ម គឺកុំឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ។ សង្ឃក៏ធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ។ សង្ឃក៏ធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុហើយ ការធ្វើឧក្ខេបនីយកម្ម ដល់ឆន្នភិក្ខុនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុងអាវាសតៗទៅថា ឆន្នភិក្ខុ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិហើយ។

(អធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ)

(អធម្មកម្មទ្វាទសកំ)

[១៧៦] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ គឺកម្ម ដែលធ្វើ ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[១៧៧] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១។បេ។

[១៧៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១។បេ។

[១៧៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ។បេ។

[១៨១] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយគ្មានអាបត្តិ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិដែលមិនមែនជា ទេសនាគាមិនី១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់ អធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។

(ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ)

(ធម្មកម្មទ្វាទសកំ)

[១៨៨] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើ តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៨៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុមិនបានសំដែងចេញ១។បេ។

[១៩០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិហើយ ទើបធ្វើ១។បេ។

[១៩១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុមិនបានសំដែងចេញ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

ចប់ ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ

(ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ មានចំនួន៦ ដែលសង្ឃប្រាថ្នា)

(អាកង្ខមានឆក្កំ)

[២០០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ១ ភិក្ខុល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២០១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២០២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២០៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួក គឺភិក្ខុអ្នកបង្កហេតុ។បេ។ បង្កអធិករណក្នុងសង្ឃពួក១ ជាអ្នកល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

[២០៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

[២០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

ចប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ មានចំនួន៦ ដែលសង្ឃប្រាថ្នា (នឹងធ្វើក៏ធ្វើបាន)។

(វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះការមិនឃើញអាបត្តិ)

(តេចត្តាលីសវត្តំ)

[២០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងឧក្ខេបនីយកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីឡើយ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវត្រេកអរនឹងការថ្វាយបង្គំ ការក្រោកទទួល អញ្ជលីកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេក ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រចីវរ និងការបរិកម្ម (ដុស) ខ្នង ក្នុងវេលាស្រង់ទឹក របស់ភិក្ខុជាបកតត្ត មិនត្រូវចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយអាចារវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយទិដ្ឋិវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយអាជីវវិបត្តិ មិនត្រូវបំបែកភិក្ខុទាំងឡាយ ឲ្យបែកចាកពួកភិក្ខុ មិនត្រូវទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ1) មិនត្រូវទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ2) មិនត្រូវសេពគប់នឹងពួកតិរ្ថិយ ត្រូវសេពគប់នឹងពួកភិក្ខុ ត្រូវសិក្សាសិក្ខារបស់ភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងទីមិនមែនអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬទីមិនមែនអាវាស ដែលមានដម្បូលមួយជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកឡើងពីអាសនៈ មិនត្រូវរុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ) មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ ក្នុងអធិករណនោះ មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវរំលឹក មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

ចប់ វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះការមិនឃើញអាបត្តិ

[២០៧] គ្រានោះ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ឆន្នភិក្ខុនោះ ជាអ្នកដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិរួចហើយ ក៏បានចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ ឯភិក្ខុទាំងឡាយក្នុងអាវាសនោះ មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើសាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុទាំងឡាយ មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា ឥតមានគេធ្វើសក្ការហើយ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត ឯពួកភិក្ខុទាំងឡាយក្នុងអាវាសនោះសោត ក៏មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើសាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជាឡើយ។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុលែងធ្វើសក្ការ លែងគោរព លែងរាប់អាន លែងបូជា ឥតមានគេធ្វើសក្ការហើយ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត ឯពួកភិក្ខុក្នុងអាវាសនោះសោត ក៏មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើសាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជាឡើយ។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុ មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា ឥតមានគេធ្វើសក្ការហើយ ក៏ត្រឡប់វិលមកក្រុងកោសម្ពីវិញ ឆន្នភិក្ខុនោះ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម រួចចូលទៅរកភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្លួនខ្ញុំ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនបានឃើញអាបត្តិ ខ្ញុំបានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម ខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ឯភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។

(វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ)

(នប្បដិប្បស្សម្ភេតព្ពតេចត្តាលីសកំ)

[២០៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ សង្ឃបានសន្មតហើយ ក៏នៅតែប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២០៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា ហើយនៅតែត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុដែលធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១០] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុត្រេកអរនឹងការសំពះ១ ការក្រោកឡើងទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១១] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុត្រេកអរនឹងការនាំទីដេកមក១ ទឹកលាងជើង១ តាំងសម្រាប់រងជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលយកបាត្រ និងចីវរ១ និងបរិកម្ម (ដុស) ខ្នង ក្នុងការងូតទឹក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ១ ចោទដោយអាចារវិបត្តិ១ ចោទដោយទិដ្ឋិវិបត្តិ១ ចោទដោយអាជីវវិបត្តិ១ បំបែកពួកភិក្ខុ ឲ្យបែកចាកភិក្ខុទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ១ ទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ១ សេពគប់នឹងពួកតិរ្ថិយ១ មិនសេពគប់នឹងពួកភិក្ខុ១ មិនសិក្សាសិក្ខារបស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុនៅក្នុងអាវាស ដែលមានដម្បូលមួយ១ នៅក្នុងទីមិនមែនអាវាស ដែលមានដម្បូលមួយ១ នៅក្នុងអាវាស ឬទីមិនមែនអាវាស ដែលមានដម្បូលមួយ១ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ មិនបានក្រោកចាកអាសន១ រុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១៥] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ហាមបវារណា ដល់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទ១ រំលឹក១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។

ចប់ វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ

(វត្តមានចំនួន៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ)

(បដិប្បស្សម្ភេតព្ពតេចត្តាលីសកំ)

[២១៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃបានសន្មតហើយ ក៏មិនប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២១៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀលកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២១៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនត្រេកអរនឹងការសំពះ១ ការក្រោកទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២១៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនត្រេកអរនឹងការនាំទីដេកមកឲ្យ១ ទឹកសម្រាប់លាងជើង១ តាំងសម្រាប់ទ្រជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ ចីវរ១ និងបរិកម្ម (ដុស) ខ្នង ក្នុងការងូតទឹក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២២០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ១ មិនចោទដោយអាចារវិបត្តិ១ មិនចោទដោយទិដ្ឋិវិបត្តិ១ មិនចោទដោយអាជីវវិបត្តិ១ មិនបំបែកពួកភិក្ខុ (ឲ្យបែក)ចាកភិក្ខុទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២២១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ១ មិនទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ១ មិនសេពគប់នឹងពួកតិរ្ថិយ១ សេពគប់នឹងពួកភិក្ខុ១ សិក្សាសិក្ខារបស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២២២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិននៅក្នុងអាវាសមានដម្បូលមួយ១ មិននៅក្នុងទីមិនមែនជាអាវាស ដែលមានដម្បូលមួយ១ មិននៅក្នុងទីអាវាស ឬទីមិនមែនអាវាស ដែលមានដម្បូលមួយ១ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ក្រោកចេញពីអាសន១ មិនរុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនហាមបវារណា ដល់ភិក្ខុជាបកតត្ត១ មិនធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទ១ មិនរំលឹក១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះឯង។

ចប់ វត្តមានចំនួន៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។

[២២៤] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឆន្នភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទា ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណា សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ត្រូវសូមជាគំរប់ពីរដងផង។ ត្រូវសូមជាគំរប់បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ បើកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគួររម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុនេះចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុហើយ ការរម្ងាប់ឧក្ខេបនីយកម្មនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ជាគំរប់៥។

 

លេខយោង

1)
ក្នុងអដ្ឋកថា ថា មិនត្រូវទ្រទ្រង់សំពត់ពណ៌ស មិនបានកាត់ជាយផង មានជាយជាផ្កាផង។
2)
មិនត្រូវទ្រទ្រង់សំពត់ទាំងឡាយ មានសំពត់ដែលគេក្រងដោយស្បូវជាដើម។
km/tipitaka/vin/cv/vin.cv.01.05.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann