User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.02.01

(បារិវាសិកវត្ត ទី១)

សង្ខេប

(?)

vin cv 02 01 បាលី cs-km: vin.cv.02.01 អដ្ឋកថា: vin.cv.02.01_att PTS: ?

(បារិវាសិកវត្ត ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១. បារិវាសិកវត្តំ)

[៣២០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុអ្នកនៅបរិវាស1) តែងទទួលត្រេកអរ ចំពោះអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាស្រង់ទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុអ្នកនៅបរិវាស មិនសមបើនឹងត្រេកអរ ចំពោះអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៣២១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុអ្នកនៅបរិវាស ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុអ្នកនៅបរិវាស មិនសមបើ នឹងត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទើបទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅបរិវាស មិនត្រូវត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទេ ភិក្ខុឯណាត្រេកអរ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យភិក្ខុអ្នកនៅបរិវាស (ត្រេកអរ) នឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក នៃគ្នានឹងគ្នា គឺភិក្ខុដែលនៅបរិវាសដូចគ្នា តាមលំដាប់ភិក្ខុចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឧបោសថ១ បវារណា១ ការទទួលវស្សិកសាដក១ ការលះបង់ភត្ត2) ១ ការទទួលភត្ត3) ១ ទាំង៥យ៉ាង ដល់ភិក្ខុអ្នកនៅបរិវាសទាំងឡាយ តាមលំដាប់ភិក្ខុចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្តវត្ត ដល់ពួកភិក្ខុអ្នកនៅបរិវាស តាមទំនងដែលភិក្ខុអ្នកនៅបរិវាស ត្រូវប្រព្រឹត្ត។

[៣២២] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ (ភិក្ខុអ្នកនៅបរិវាស) ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងការនៅបរិវាសនោះ ដូច្នេះ គឺភិក្ខុដែលនៅបរិវាសនោះ មិនត្រូវឲ្យឧបសម្បទា4) ១ មិនត្រូវឲ្យនិស្ស័យ5) ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន6) ១ មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនី១ សង្ឃឲ្យបរិវាស ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នា នឹងអាបត្តិនោះ១ ឬត្រូវអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ មិនត្រូវតិះដៀលកម្ម១ មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនត្រូវទទួលនាទីជាធំ ក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១។

[៣២៣] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវដើរមុខ មិនត្រូវអង្គុយមុខភិក្ខុ ជាបកតត្ត ទីឱកាសឯណា ដែលជាទីបំផុត នៃទីអង្គុយ ជាទីបំផុតនៃទីដេក (គ្រែ ឬតាំងដែលអាក្រក់ជាងគេ) ជាទីបំផុតនៃលំនៅ (លំនៅដែលអាក្រក់ជាងគេ) របស់សង្ឃ ៗត្រូវប្រគល់ឲ្យឱកាសនោះ ដល់បារិវាសិកភិក្ខុនោះ បារិវាសិកភិក្ខុនោះ ត្រូវត្រេកអរ ចំពោះឱកាសនោះ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ (មិនត្រូវធ្វើ) ភិក្ខុជាបកតត្ត ឲ្យជាបុរេសមណ (សមណដើរមុខ) ឬបច្ឆាសមណ (សមណដើរក្រោយ) ចូលទៅកាន់ត្រកូលទាំងឡាយទេ មិនត្រូវសមាទានអារញ្ញិកធុតង្គ មិនត្រូវសមាទានបិណ្ឌបាតិកធុតង្គ មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាត្រមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយកុំដឹង (រឿង) អញឡើយ។7)

[៣២៤] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ជាអាគន្តុក ត្រូវប្រាប់ដល់អាគន្តុកភិក្ខុផងគ្នា ត្រូវប្រាប់ក្នុងថ្ងៃឧបោសថ ត្រូវប្រាប់ក្នុងថ្ងៃបវារណា បើមានជម្ងឺ (មិនអាចនឹងទៅបាន) ប្រើបម្រើទៅប្រាប់ក៏បាន។

[៣២៥] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស8) ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស9) ដែលគ្មានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣២៦] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ គឺអាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ គឺអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ គឺអាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ គឺអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ គឺអាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ គឺអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣២៧] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន គឺអាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន គឺអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន គឺអាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន គឺអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន គឺអាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន គឺអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន។

[៣២៨] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្តទេ ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកចាកអាសនៈ ត្រូវនិមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ (របស់ខ្លួន) មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងភិក្ខុជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ កាលបើភិក្ខុជាបកតត្តអង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវចង្ក្រម ក្នុងទីចង្ក្រមមួយ (ជាមួយនឹងភិក្ខុជាបកតត្ត) កាលបើភិក្ខុជាបកតត្តចង្ក្រម ក្នុងទីចង្ក្រមទាប មិនត្រូវចង្ក្រម ក្នុងទីចង្ក្រមខ្ពស់ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមក្នុងទីចង្ក្រមឡើយ។

[៣២៩] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវនៅ។បេ។ ជាមួយនឹងបារិវាសិកភិក្ខុ ដែលចាស់ជាងខ្លួន ជាមួយនឹងភិក្ខុ ដែលគួរដល់កិរិយាទាញចូលក្នុងមូលាបត្តិ។បេ។ ជាមួយនឹងភិក្ខុ ដែលគួរដល់មានត្ត។បេ។ ជាមួយនឹងភិក្ខុ ដែលប្រព្រឹត្តមានត្ត។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុ ដែលគួរដល់អព្ភាន មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងអព្ភានារហភិក្ខុ (ភិក្ខុដែលគួរដល់អព្ភាន) កាលអព្ភានារហភិក្ខុ អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ កាលអព្ភានារហភិក្ខុ អង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលអព្ភានារហភិក្ខុ ចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រមខ្ពស់ កាលអព្ភានារហភិក្ខុ ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមឡើយ។

[៣៣០] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានបារិវាសិកភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យមូលាយបដិកស្សនា (ទាញចូលមកកាន់មូលាបត្តិ) ឲ្យមានត្ត គណសង្ឃ មានបារិវាសិកភិក្ខុ ជាគំរប់២០ ឲ្យអព្ភានកម្មនោះ មិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។

ចប់ បារិវាសិកវត្ត ៩៤។

[៣៣១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ព្រះឧបាលិដ៏មានអាយុអង្គុយ ក្នុងទីដ៏សមគួរហើយ ទើបក្រាបថ្វាយបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការដាច់រាត្រីរបស់បារិវាសិកភិក្ខុ មានប៉ុន្មាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដាច់រាត្រី របស់បារិវាសិកភិក្ខុ មាន៣យ៉ាង គឺការនៅរួមគ្នា10) ១ ការមិននៅរួមគ្នា11) ១ ការមិនប្រាប់12) ១ ម្នាលឧបាលិ ការដាច់រាត្រី របស់បារិវាសិកភិក្ខុ មាន៣យ៉ាងដូច្នេះឯង។

[៣៣២] សម័យនោះឯង ភិក្ខុសង្ឃប្រជុំគ្នាច្រើន ក្នុងក្រុងសាវត្ថី។ ពួកបារិវាសិកភិក្ខុ មិនអាចនឹងជម្រះបរិវាស។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យដាក់បរិវាស។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសនោះ ភិក្ខុត្រូវដាក់យ៉ាងនេះ។ បារិវាសិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុមួយរូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះថា ខ្ញុំសូមដាក់បរិវាស។ បរិវាសឈ្មោះថា ភិក្ខុដាក់ហើយ។ ថាខ្ញុំសូមដាក់វត្ត។ បរិវាស បានឈ្មោះថា ភិក្ខុដាក់ហើយដែរ។

[៣៣៣] សម័យនោះឯង ភិក្ខុទាំងឡាយ ចេញពីក្រុងសាវត្ថី ហើយចៀសចេញ ទៅក្នុងទីនោះៗ។ ពួកបារិវាសិកភិក្ខុ អាចនឹងជម្រះបរិវាសបាន។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសមាទានបរិវាស។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសនោះ ភិក្ខុត្រូវសមាទានយ៉ាងនេះ។ បារិវាសិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុមួយរូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះថា ខ្ញុំសូមសមាទានបរិវាស។ បរិវាស បានឈ្មោះថា ភិក្ខុសមាទានហើយ។ ថាខ្ញុំសូមសមាទាននូវវត្ត។ បរិវាស បានឈ្មោះថា ភិក្ខុសមាទានហើយដែរ។

ចប់បារិវាសិកវត្ត។

 

លេខយោង

1)
បរិវាស មាន៤យ៉ាង គឺអប្បដិច្ឆន្នបរិវាស១ បដិច្ឆន្នបរិវាស១ សុទ្ធន្តបរិវាស១ សមោធានបរិវាស១។ ឯអប្បដិច្ឆន្នបរិវាសនោះ បានសំដែងរួចហើយ ក្នុងមហាខន្ធក នៃមហាវគ្គ ចំណែកបរិវាស៣ទៀតនោះ មានសេចក្តីពិស្តារក្នុងសមុច្ចយក្ខន្ធក។
2)
លំដាប់ភត្ត មានឧទ្ទេសភត្តជាដើម ដែលសង្ឃត្រូវចែកឲ្យដល់ខ្លួនក្នុងថ្ងៃនេះ ហើយខ្លួនក៏លះបង់ភត្តនោះ គឺប្រាប់ឲ្យចែកដល់ភិក្ខុដទៃសិន ចំណែកខ្លួន នឹងសូមទទួល ក្នុងថ្ងៃតទៅ។
3)
ទទួលចែកភត្ត ដែលខ្លួនត្រូវបានតាមលំដាប់វស្សាបាន
4)
អដ្ឋកថាថា មិនត្រូវធ្វើជាឧបជ្ឈាយ៍ ឲ្យឧបសម្បទា ដល់កុលបុត្ត ប៉ុន្តែ បើបានដាក់វត្តហើយ នឹងឲ្យឧបសម្បទា ក៏គួរ។ មិនត្រូវធ្វើជាអាចារ្យ សូត្រកម្មវាចា កាលបើគ្មានភិក្ខុដទៃ ភិក្ខុនោះបានដាក់វត្តហើយ សូត្រកម្មវាចាក៏គួរ។
5)
មិនត្រូវឲ្យនិស្ស័យ ដល់ភិក្ខុជាអាគន្តុក ភិក្ខុឯណាបានកាន់និស្ស័យទៅហើយ ត្រូវប្រាប់ភិក្ខុអស់នោះថា ខ្ញុំធ្វើវិនយកម្ម ត្រូវលោកកាន់យកនិស្ស័យ ក្នុងសំណាក់ព្រះថេរៈឯណោះចុះ កុំមកធ្វើវត្តដល់ខ្ញុំឡើយ វេលាចូលស្រុក កុំមកលាខ្ញុំឡើយ។ បើបានហាមយ៉ាងនេះហើយ គេនៅតែធ្វើនោះ បារិវាសិកភិក្ខុ មិនត្រូវអាបត្តិទេ។
6)
មិនត្រូវទទួលសាមណេរឯទៀត ទុកជាសាមណេរដែលខ្លួនបំបួសហើយ ក៏ត្រូវហាមថា ខ្ញុំធ្វើវិនយកម្ម កុំមកធ្វើវត្តដល់ខ្ញុំឡើយ។ បើបានហាមយ៉ាងនេះហើយ សាមណេរអស់នោះ នៅតែធ្វើ បារិវាសិកភិក្ខុនោះ មិនត្រូវអាបត្តិឡើយ។
7)
បារិវាសិកភិក្ខុគិតថា អញនឹងអង្គុយឆាន់ក្នុងវត្តនេះ ហើយនឹងរាប់រាត្រីទាំងឡាយ កាលបើអញចេញទៅបិណ្ឌបាត្រ នឹងប្រទះភិក្ខុក្នុងស្រុក កាលបើអញមិនប្រាប់ នឹងដាច់រាត្រី បារិវាសិកភិក្ខុនោះ មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាត មកដើម្បីខ្លួន ដោយហេតុនេះឯង។ ទុកជាប្រើឲ្យសាមណេរចំអិន ហើយឆាន់ ក្នុងវត្ត ដោយអធ្យាស្រ័យថា កុំឲ្យអ្នកណាមួយ ដឹងសោះឡើយ ដូច្នេះ ក៏មិនបាន បារិវាសិកភិក្ខុនោះ ត្រូវតែចូលទៅបិណ្ឌបាតក្នុងស្រុក។
8)
អាវាស បានដល់ទីសេនាសន ដែលគេធ្វើសម្រាប់នៅ។
9)
អនាវាស បានដល់រាន សម្រាប់ទុកអម្បោស រានសម្រាប់ទុកឧស រោងទឹក បង្គន់ និងក្លោងទ្វារ ជាដើម។
10)
គឺនៅជាមួយនឹងភិក្ខុ ជាបកតត្ត ក្នុងលំនៅដែលមានដម្បូលមួយរួមគ្នា។
11)
គឺនៅតែឯង មិនបាននៅក្នុងអាវាស ដែលមានភិក្ខុជាបកតត្ត។
12)
គឺមិនប្រាប់ ការដែលខ្លួនប្រព្រឹត្ត ដល់ភិក្ខុផងគ្នា មានអាគន្តុកភិក្ខុជាដើម។
km/tipitaka/vin/cv/vin.cv.02.01.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann