km:tipitaka:vin:cv:vin.cv.02.02

(មូលាយបដិកស្សនារហវត្ត ទី២)

សង្ខេប

(?)

vin cv 02 02 បាលី cs-km: vin.cv.02.02 អដ្ឋកថា: vin.cv.02.02_att PTS: ?

(មូលាយបដិកស្សនារហវត្ត ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(២. មូលាយបដិកស្សនារហវត្តំ)

[៣៣៤] សម័យនោះឯង ពួកភិក្ខុដែលគួរដល់មូលាយបដិកស្សនា ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនៈមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួកភិក្ខុ ដែលគួរដល់មូលាយបដិកស្សនា ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនៈមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ភិក្ខុទាំងឡាយ ជាបកតត្តសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៣៣៥] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកមូលាយបដិកស្សនារហភិក្ខុ (ភិក្ខុដែលគួរដល់កិរិយាទាញត្រឡប់មករកអាបត្តិដើម) ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមូលាយបដិកស្សនារហភិក្ខុ មិនសមបើនឹងត្រេកអរ នូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់សំដែងធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុ ជាបកតត្តទេ ភិក្ខុណាត្រេកអរ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក ដល់ពួកមូលាយបដិកស្សនារហភិក្ខុ តាមលំដាប់ចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបោសថ១ បវារណា១ ការទទួលវស្សិកសាដក១ ការលះបង់ភត្ត១ ការទទួលភត្ត១ ទាំង៥យ៉ាង ដល់ពួកមូលាយបដិកស្សនារហភិក្ខុ តាមលំដាប់ចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្តវត្ត ដល់ពួកមូលាយបដិកស្សនារហភិក្ខុ តាមទំនងដែលពួកមូលាយបដិកស្សនារហភិក្ខុ ត្រូវប្រព្រឹត្តតាម។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ ត្រូវប្រព្រឹត្តវត្តដោយប្រព្រៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងមូលាយបដិកស្សនានោះ ដូច្នេះ គឺមូលាយបដិកស្សនារហភិក្ខុ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើ (ខ្លួន) មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនី ភិក្ខុ ដែលគួរដល់កិរិយាទាញមករកអាបត្តិដើម ចំពោះអាបត្តិណា មិនគួរត្រូវអាបត្តិនោះទៀត ឬអាបត្តិដទៃ ដែលប្រហែលនឹងអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវរំលឹក មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

[៣៣៧] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវដើរមុន មិនត្រូវអង្គុយមុខភិក្ខុជាបកតត្តឡើយ ឱកាសឯណា ជាទីបំផុតនៃទីអង្គុយ ជាទីបំផុតនៃទីដេក ជាទីបំផុត នៃវិហារជារបស់សង្ឃ សង្ឃត្រូវប្រគល់ឲ្យទីឱកាសនោះ ដល់មូលាយបដិកស្សនារហភិក្ខុនោះ មួយវិញទៀត ភិក្ខុនោះ ត្រូវត្រេកអរនឹងទីឱកាសនោះ។ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ (មិនត្រូវធ្វើ) បកតត្តភិក្ខុ ឲ្យជាបុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូលទាំងឡាយឡើយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវសមាទានអារញ្ញិកធុតង្គ មិនត្រូវសមាទានបិណ្ឌបាតិកធុតង្គ មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹង (រឿង) អញឡើយ។

[៣៣៨] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣៣៩] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ គឺអាវាសណា ដែលមានពួកភិក្ខុ មានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ។បេ។ មិនត្រូវទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ មិនត្រូវទៅកាន់អនាវាស ដែលមានភិក្ខុទេ។បេ។ មិនត្រូវទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ មិនត្រូវទៅកាន់អនាវាស ដែលមានភិក្ខុទេ។បេ។ មិនត្រូវទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។

[៣៤០] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ គួរចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ គួរចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ គួរចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន។

[៣៤១] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្ត (ដើរមក) ត្រូវក្រោកឡើងចាកអាសនៈ ត្រូវនិមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងភិក្ខុជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ទេ កាលបើភិក្ខុជាបកតត្តអង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈទេ មិនត្រូវចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលបើភិក្ខុជាបកតត្តចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រមខ្ពស់ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមទេ។

[៣៤២] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវនៅជាមួយនឹងបារិវាសិកភិក្ខុទេ។បេ។ មិនត្រូវនៅជាមួយនឹងមូលាយបដិកស្សនារហភិក្ខុ ដែលចាស់ជាងខ្លួនទេ។បេ។ មិនត្រូវនៅជាមួយនឹងមានត្តារហភិក្ខុ (ភិក្ខុគួរដល់មានត្ត)ទេ។បេ។ មិនត្រូវនៅជាមួយនឹងមានត្តចារិកភិក្ខុ (ភិក្ខុដែលប្រព្រឹត្តមានត្ត) ទេ។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយគ្នានឹងអព្ភានារហភិក្ខុ (ភិក្ខុដែលគួរដល់អព្ភាន) មិនត្រូវអង្គុយលើអាសនៈជាមួយគ្នា កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ទេ កាលបើភិក្ខុជាបកតត្ត អង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈទេ មិនត្រូវចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រមខ្ពស់ទេ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមទេ។

[៣៤៣] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានមូលាយបដិកស្សនារហភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យមូលាយបដិកស្សនា ឲ្យមានត្ត គណសង្ឃ មានមូលាយបដិកស្សនារហភិក្ខុនោះ ជាគំរប់២០ ឲ្យអព្ភានកម្ម នោះមិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។

ចប់ វត្តរបស់មូលាយបដិកស្សនារហភិក្ខុ។

 

លេខយោង

km/tipitaka/vin/cv/vin.cv.02.02.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann