User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.02.04

(មានត្តចារិកវត្ត ទី៤)

សង្ខេប

(?)

vin cv 02 04 បាលី cs-km: vin.cv.02.04 អដ្ឋកថា: vin.cv.02.04_att PTS: ?

(មានត្តចារិកវត្ត ទី៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៤. មានត្តចារិកវត្តំ)

[៣៥៤] សម័យនោះឯង ពួកមានត្តចារិកភិក្ខុ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក នៃបកតត្តភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួកមានត្តចារិកភិក្ខុ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយដូច្នោះ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៣៥៥] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកមានត្តចារិកភិក្ខុ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមានត្តចារិកភិក្ខុ មិនសមបើនឹងត្រេកអរអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវត្រេកអរអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តឡើយ ភិក្ខុណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក ដល់មានត្តចារិកភិក្ខុទាំងឡាយ តាមលំដាប់ចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបោសថ១ បវារណា១ ការទទួលសំពត់វស្សិកសាដិក១ ការលះបង់ភត្ត១ ការទទួលភត្ត១ ទាំង៥យ៉ាង ដល់មានត្តចារិកភិក្ខុ តាមលំដាប់ចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្តវត្ត ដល់ពួកមានត្តចារិកភិក្ខុ តាមទំនងដែលមានត្តចារិកភិក្ខុ ត្រូវប្រព្រឹត្ត។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ ត្រូវប្រព្រឹត្តវត្តដោយប្រព្រៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងមានត្តនោះ ដូច្នេះ គឺមានត្តចារិកភិក្ខុ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនី សង្ឃឲ្យមានត្ត ចំពោះអាបត្តិណា មិនគប្បីត្រូវអាបត្តិនោះទៀត ឬអាបត្តិដទៃ ដែលប្រហែលនឹងអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវរំលឹក មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

[៣៥៧] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវដើរមុន មិនត្រូវអង្គុយមុខភិក្ខុជាបកតត្តឡើយ ឱកាសឯណា ជាទីបំផុតនៃអាសនៈ ជាទីបំផុតនៃទីដេក ជាទីបំផុត នៃវិហាររបស់សង្ឃ សង្ឃត្រូវប្រគល់ឱកាសនោះ ដល់ភិក្ខុនោះ ឯភិក្ខុនោះ ត្រូវត្រេកអរចំពោះទីឱកាសនោះ។ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវធ្វើភិក្ខុជាបកតត្ត ឲ្យជាបុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូលទាំងឡាយឡើយ មិនត្រូវសមាទានអារញ្ញិកធុតង្គ មិនត្រូវសមាទានបិណ្ឌបាតិកធុតង្គ មួយទៀត មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹងអាត្មាអញឡើយ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ ជាអាគន្តុក ត្រូវប្រាប់ (ដល់ភិក្ខុក្នុងអាវាស ដែលខ្លួនទៅដល់) ត្រូវប្រាប់ដល់អាគន្តុកភិក្ខុ (ដែលមកដល់ទីកន្លែងខ្លួន) ត្រូវប្រាប់ ក្នុងថ្ងៃឧបោសថ ត្រូវប្រាប់ក្នុងថ្ងៃបវារណា ត្រូវប្រាប់រាល់ថ្ងៃ បើមានជម្ងឺ ត្រូវប្រើបម្រើ ទៅប្រាប់ ក៏បាន។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ គួរចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ គួរចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញ អាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ គួរចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញ អាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន។

[៣៦២] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត បើឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកចាកអាសនៈ ត្រូវនិមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងភិក្ខុ ជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ កាលបើភិក្ខុជាបកតត្ត អង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈទេ មិនត្រូវចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលបើភិក្ខុជាបកតត្តចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រមខ្ពស់ឡើយ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមឡើយ។

[៣៦៣] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវនៅជាមួយនឹងបារិវាសិកភិក្ខុ។បេ។ ជាមួយនឹងមូលាយបដិកស្សនារហភិក្ខុ។បេ។ ជាមួយនឹងមានត្តារហភិក្ខុ។បេ។ ជាមួយនឹងមានត្តចារិកភិក្ខុ ដែលចាស់ជាងខ្លួន។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងអព្ភានារហភិក្ខុ មិនត្រូវអង្គុយលើអាសនៈជាមួយគ្នា កាលបើអព្ភានារហភិក្ខុ អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ កាលបើអព្ភានារហភិក្ខុ អង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលបើអព្ភានារហភិក្ខុ ចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រមខ្ពស់ កាលបើអព្ភានារហភិក្ខុ ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមឡើយ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានមានត្តចារិកភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យមូលាយបដិកស្សនា ឲ្យមានត្ត គណសង្ឃ មានមានត្តចារិកភិក្ខុនោះ ជាគំរប់២០ ឲ្យអព្ភាន កម្មនោះមិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។

[៣៦៥] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការដាច់រាត្រី របស់មានត្តចារិកភិក្ខុ មានប៉ុន្មាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដាច់រាត្រី របស់មានត្តចារិកភិក្ខុ មាន៤យ៉ាងគឺ ការនៅរួមគ្នា1) ១ ការមិននៅរួមគ្នា2) ១ ការមិនប្រាប់3) ១ ភិក្ខុនោះប្រព្រឹត្តមានត្ត ក្នុងពួកបកតត្តភិក្ខុមិនគ្រប់ចំនួន4) ១ ម្នាលឧបាលិ ការដាច់រាត្រី របស់មានត្តចារិកភិក្ខុ មាន៤យ៉ាងនេះឯង។

[៣៦៦] សម័យនោះ ភិក្ខុសង្ឃប្រជុំគ្នាច្រើន ក្នុងក្រុងសាវត្ថី។ ពួកមានត្តចារិកភិក្ខុ មិនអាចជំរះមានត្តបាន។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យដាក់មានត្តបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវដាក់មានត្ត យ៉ាងនេះ។ មានត្តចារិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា ខ្ញុំសូមដាក់នូវមានត្ត។ មានត្ត ឈ្មោះថា ភិក្ខុបានដាក់ហើយ។ ថាខ្ញុំសូមដាក់វត្ត។ មានត្ត ក៏ឈ្មោះថា ភិក្ខុបានដាក់ហើយដែរ។

[៣៦៧] សម័យនោះ ភិក្ខុទាំងឡាយចេញអំពីក្រុងសាវត្ថី ទៅក្នុងទីនោះៗ។ មានត្តចារិកភិក្ខុទាំងឡាយ ក៏អាចជំរះនូវមានត្តបាន។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យសមាទានមានត្ត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសមាទាន យ៉ាងនេះ។ មានត្តចារិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា ខ្ញុំសូមសមាទានមានត្ត។ មានត្ត ឈ្មោះថា ភិក្ខុបានសមាទានហើយ។ ថាខ្ញុំសូមសមាទានវត្ត មានត្ត ឈ្មោះថា ភិក្ខុបានសមាទានហើយដែរ។

ចប់ វត្តរបស់មានត្តចារិកភិក្ខុ។

 

លេខយោង

1)
អដ្ឋកថា ថា គឺនៅក្នុងទីមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត។
2)
នៅតែម្នាក់ឯង គឺនៅក្នុងទី ដែលគ្មានសង្ឃជាគ្នា។
3)
គឺមិនប្រាប់ ថាខ្លួនជាមានត្តចារិកភិក្ខុ ដល់អាគន្តុកភិក្ខុ ជាដើម។
4)
គឺមិនគ្រប់ចំនួនសង្ឃ តាំងពី៤រូបឡើងទៅ។
km/tipitaka/vin/cv/vin.cv.02.04.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann