User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.03.03

(ចត្តាលីសកៈ ទី៣)

សង្ខេប

(?)

vin cv 03 03 បាលី cs-km: vin.cv.03.03 អដ្ឋកថា: vin.cv.03.03_att PTS: ?

(ចត្តាលីសកៈ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៣. ចត្តាលីសកំ)

[៤៧១] សម័យនោះឯង មានភិក្ខុ១រូបកំពុងនៅបរិវាស ក៏ស្រាប់តែសឹកចេញទៅ។ បុរសនោះ បានត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយវិញ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគ។

[៣៧២] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយសឹកចេញទៅ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសឹកចេញទៅហើយ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញទៀត ការដែលឲ្យបរិវាសអំពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។

[៤៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏ប្តេជ្ញាខ្លួន ជាសាមណេរវិញ។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់សាមណេរនោះ ក៏មិនបានលូតលាស់ឡើងទេ។ បើសាមណេរនោះ មកបួសជាភិក្ខុវិញ ការដែលឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។

[៤៧៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏ទៅជាមនុស្សឆ្កួត។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់ភិក្ខុដែលឆ្កួត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ បាត់ឆ្កួតទៅវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។

[៤៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏មានចិត្តរវើរវាយ។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់ភិក្ខុ ដែលមានចិត្តរវើរវាយ មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ បាត់រវើរវាយចិត្តទៅវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុនោះ បាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។

[៤៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏មានទុក្ខវេទនាគ្របសង្កត់។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលមានទុក្ខវេទនាគ្របសង្កត់ មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ ត្រឡប់ជាឥតមានទុក្ខវេទនាគ្របសង្កត់វិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុ បាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ បរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។

[៤៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្ម (បានឲ្យលាទោសចេញ) វិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ បរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។

[៤៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិចេញ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ បរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។

[៤៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ស្រាប់តែសង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានឲ្យឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។

[៤៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរនឹងទាញមកដាក់ក្នុងមូលាបត្តិហើយ ក៏ស្រាប់តែសឹកចេញទៅ។ ការទាញភិក្ខុ ដែលសឹកចេញទៅ មកដាក់ក្នុងមូលាបត្តិ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញទៀត ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ភិក្ខុនោះ សង្ឃត្រូវទាញមកដាក់ ក្នុងមូលាបត្តិ។

[៤៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរនឹងទាញមកដាក់ក្នុងមូលាបត្តិហើយ ក៏ប្តេជ្ញាខ្លួនជាសាមណេរវិញ។បេ។ ក៏ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ ការទាញភិក្ខុ ដែលសង្ឃលើកវត្ត មកដាក់ក្នុងមូលាបត្តិ មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯភិក្ខុនោះ សង្ឃត្រូវទាញមកដាក់ ក្នុងមូលាបត្តិចុះ។

[៤៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្តហើយ ក៏ត្រឡប់សឹកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ការឲ្យមានត្ត ដល់បុគ្គលដែលសឹកចេញ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ សង្ឃត្រូវឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៤៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្តហើយ ក៏ប្តេជ្ញាខ្លួនជាសាមណេរវិញ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ ការឲ្យមានត្ត ដល់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ សង្ឃត្រូវឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៤៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្តហើយ ក៏ស្រាប់តែសឹកចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិមានត្ត របស់ភិក្ខុដែលសឹកចេញទៅ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញទៀត ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ មានត្តដែលសល់ ភិក្ខុនោះ ត្រូវប្រព្រឹត្តតទៅទៀតចុះ។

[៤៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្តហើយ ក៏ប្តេជ្ញាខ្លួន ទៅជាសាមណេរ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិមានត្ត របស់ភិក្ខុដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុនៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ មានត្តដែលសល់នៅ ភិក្ខុនោះ ត្រូវប្រព្រឹត្តតទៅទៀតចុះ។

[៤៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្មហើយ ក៏ស្រាប់តែសឹកចេញទៅ។ ម្នាលភិក្ខុទាំងឡាយ អព្ភានកម្ម របស់ភិក្ខុដែលសឹកចេញ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ ភិក្ខុនោះ សង្ឃត្រូវឲ្យអព្ភានកម្មចុះ។

[៤៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្មហើយ ក៏ប្តេជ្ញាខ្លួន ទៅជាសាមណេរ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ទៅជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ អព្ភានកម្ម របស់ភិក្ខុដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ ភិក្ខុនោះ សង្ឃត្រូវឲ្យអព្ភានកម្មចុះ។

ចប់វារចំនួន៤០។

 

លេខយោង

km/tipitaka/vin/cv/vin.cv.03.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann