(?)
vin cv 04 02 បាលី cs-km: vin.cv.04.02 អដ្ឋកថា: vin.cv.04.02_att PTS: ?
(សតិវិនយ ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. សតិវិនយោ)
[៥] សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះទព្វមល្លបុត្តដ៏មានអាយុ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងអំពីកើតមកបាន៧ឆ្នាំ ថែមទាំងគុណជាតណាមួយ ដែល សាវ័កត្រូវដល់ គុណជាតនោះ លោកក៏បានដល់ ដោយលំដាប់សព្វគ្រប់ហើយ កិច្ចអ្វីមួយ ដែលលោកគប្បីធ្វើតទៅទៀត ឬការសន្សំនូវកិច្ចដែលធ្វើរួចហើយ ក៏មិនមានដល់លោក។
[៦] លំដាប់នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ទៅកាន់ទីស្ងាត់ សម្ងំនៅស្ងប់ស្ងៀមតែម្នាក់ឯង ហើយមានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងពីកើតមកបាន៧ឆ្នាំ គុណជាតណានីមួយ ដែលសាវ័កត្រូវដល់ អាត្មាអញ ក៏បានដល់ នូវគុណជាតនោះ ដោយលំដាប់សព្វគ្រប់ហើយ មួយទៀត កិច្ចអ្វីមួយ ដែលអាត្មាអញ ត្រូវធ្វើតទៅទៀត ឬការសន្សំនូវកិច្ចដែលធ្វើរួចហើយ ក៏មិនមានដល់អាត្មាអញ (បើដូច្នោះ) គួរអាត្មាអញ ធ្វើការខ្វល់ខ្វាយបម្រើដល់សង្ឃដូចម្តេចហ្ន៎។ គ្រានោះ ព្រះទព្វមល្លបុត្តមានអាយុ បានត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវរៀបចំសេនាសនៈផង ត្រូវចាត់ចែងចង្ហាន់ដល់សង្ឃផងចុះ។
[៧] គ្រានោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ លុះសាយណ្ហសម័យ ក៏ចេញពីទីពួនសម្ងំនៅ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទៅកាន់ទីស្ងាត់ ពួនសម្ងំនៅតែម្នាក់ឯង ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងអំពីកើតមកបាន៧ឆ្នាំ ហើយគុណជាតណានីមួយ ដែលសាវ័កត្រូវដល់ អាត្មាអញ ក៏បានដល់ នូវគុណជាតនោះ ដោយលំដាប់សព្វគ្រប់ហើយ មួយទៀត កិច្ចអ្វីមួយ ដែលអាត្មាអញ គប្បីធ្វើតទៅទៀត ឬការសន្សំនូវកិច្ច ដែលបានធ្វើរួចហើយ មិនមានដល់អាត្មាអញទេ គួរអាត្មាអញ ធ្វើការខ្វល់ខ្វាយបម្រើ ដល់សង្ឃដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវរៀបចំសេនាសនៈផង ត្រូវចាត់ចែងចង្ហាន់ ដល់សង្ឃផងចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់រៀបចំសេនាសនៈផង ចង់ចាត់ចែងចង្ហាន់ ដល់សង្ឃផង។ ព្រះបរមគ្រូ ទ្រង់ត្រាស់ថា ម្នាលទព្វៈ ប្រពៃហើយៗ ម្នាលទព្វៈ បើដូច្នោះ អ្នកចូររៀបចំសេនាសនៈ ហើយចាត់ចែងចង្ហាន់ ដល់សង្ឃចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ។
[៨] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរសន្មតទព្វមល្លបុត្ត ឲ្យជាសេនាសនប្បញ្ញាបកៈ (អ្នកចាត់ចែងសេនាសនៈ)ផង ឲ្យជាភត្តុទ្ទេសកៈ (អ្នកចាត់ចែងចង្ហាន់)ផង។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ មុនដំបូង ត្រូវសង្ឃសូមទព្វភិក្ខុ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាសវៃ ប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើការសន្មតិ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃសន្មតទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផង។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផង។ ការសន្មតិព្រះទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផង គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានសន្មតព្រះទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផងហើយ ការសន្មតិនេះ គួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៩] ព្រះទព្វមល្លបុត្តដ៏មានអាយុ ដែលសង្ឃបានសន្មតរួចហើយ ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងឡាយ ដែលសុទ្ធតែជាសភាគៈនឹងគ្នា ក្នុងទីជាមួយគ្នា ពួកភិក្ខុណាជាអ្នករៀនព្រះសូត្រ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាហាត់សមព្រះសូត្រ ពួកភិក្ខុណា ជាអ្នកទ្រទ្រង់វិន័យ ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាវិនិច្ឆ័យវិន័យ ពួកភិក្ខុណា ជាធម្មកថិក ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាធ្វើសាកច្ឆាធម៌ ពួកភិក្ខុណា ជាអ្នកចំរើនឈាន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងមិនបៀតបៀនគ្នាទៅវិញទៅមក ពួកភិក្ខុណា ជាអ្នកពោលនូវតិរច្ឆានកថា ច្រើនតែមានរាងកាយមាំមួន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុនោះ ក្នុងទីជាមួយគ្នា ដោយគិតថា លោកមានអាយុទាំងឡាយនេះ នឹងនៅទាល់ភ្លឺ ដោយពោលនូវតិរច្ឆានកថានេះ ភិក្ខុទាំងឡាយណា មកដល់ក្នុងវេលាវិកាល1) ព្រះទព្វមល្លបុត្ត ក៏ចូលកាន់តេជោធាតុ ហើយរៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងនោះ ដោយពន្លឺនៃតេជោធាតុនោះឯង។ ចួនកាល មានភិក្ខុទាំងឡាយក្លែងមក ក្នុងវេលាវិកាល ដោយគិតថា យើងទាំងឡាយ នឹងបានឃើញឥទ្ធិប្បាដិហារ្យ របស់ព្រះទព្វមល្លបុត្តដ៏មានអាយុ។ ភិក្ខុទាំងឡាយនោះ ក៏ចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោទព្វៈ ចូរលោករៀបចំសេនាសនៈ ដើម្បីយើងទាំងឡាយ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ និយាយយ៉ាងនេះ នឹងភិក្ខុទាំងនោះថា លោកទាំងឡាយដ៏មានអាយុ ចង់នៅក្នុងទីណា ឲ្យខ្ញុំរៀបចំក្នុងទីណា។ ភិក្ខុទាំងឡាយនោះ ក្លែងចង្អុរទៅរកទីឆ្ងាយ ដោយពាក្យថា ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈលើភ្នំគិជ្ឈកូដ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ជិតជ្រោះសម្រាប់ទម្លាក់ចោរ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ លើកាឡសិលាខាងភ្នំឥសិគិលិ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ក្នុងសត្តបណ្ណគូហា ខាងភ្នំវេភារៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ទៀបញកភ្នំ ឈ្មោះ សប្បសោណ្ឌិកៈ ក្នុងសីតវ័ន (ព្រៃត្រជាក់) ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះ គោមដៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះ តិណ្ឌុកៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះកបោតៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ក្នុងវត្តតបោទា ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ក្នុងជីវកម្ពវ័ន ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ក្នុងមិគទាយវ័ន ទៀបភ្នំមទ្ទកុច្ឆិ ដើម្បីយើងទាំងឡាយចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចូលកាន់តេជោធាតុ ហើយមានម្រាមភ្លឺរុងរឿង ដើរទៅអំពីខាងមុខៗ នៃភិក្ខុទាំងឡាយនោះ។ ភិក្ខុទាំងឡាយនោះ ក៏ដើរទៅអំពីខាងក្រោយៗ នៃព្រះទព្វមល្លបុត្តមានអាយុ ដោយពន្លឺនោះឯង។ ព្រះទព្វមល្លបុត្តមានអាយុ រៀបចំសេនាសនៈ ដល់ភិក្ខុទាំងឡាយនោះ យ៉ាងនេះថា នេះគ្រែ នេះតាំង នេះពូក នេះខ្នើយ នេះទីសម្រាប់បន្ទោបង់ឧច្ចារៈ នេះទីសម្រាប់បន្ទោបង់បស្សាវៈ នេះទឹកសម្រាប់ឆាន់ នេះទឹកសម្រាប់ប្រើប្រាស់ នេះឈើច្រត់ នេះទីកតិកាសញ្ញារបស់សង្ឃ ពេលនេះ ត្រូវលោកទាំងឡាយចូល ពេលនេះ ត្រូវលោកទាំងឡាយចេញ។ ព្រះទព្វមល្លបុត្តមានអាយុ រៀបចំសេនាសនៈ យ៉ាងនេះ ដល់ភិក្ខុទាំងឡាយនោះ ហើយនិមន្តត្រឡប់មកវត្តវេឡុវ័នវិញ។
[១០] សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ ជាភិក្ខុថ្មីផង មានបុណ្យតិចផង។ លោកទាំងនោះ តែងបានសេនាសនៈទាំងឡាយ របស់សង្ឃ ដែលជារបស់ថោកទាប និងភត្តដ៏ថោកទាប។ សម័យនោះឯង មនុស្សទាំងឡាយ ក្នុងក្រុងរាជគ្រឹះ ចង់ប្រគេនសប្បិខ្លះ ប្រេងខ្លះ សម្លឧត្តរិភង្គខ្លះ2) ដែលគេតាក់តែងឡើង ដោយផ្ចិតផ្ចង់ ដល់ភិក្ខុទាំងឡាយជាថេរៈ ចំណែកខាងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុវិញ គេប្រគេនតែត្រឹមបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរ ជាភោជនប្រក្រតី ដែលគេប្រារព្ធហើយយ៉ាងណា។3) ពួកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយក៏សួរភិក្ខុទាំងឡាយ ជាថេរៈថា ម្នាលអាវុសោទាំងឡាយ ក្នុងរោងភត្តរបស់លោក មានអ្វីខ្លះ មិនមានអ្វីខ្លះ។ ព្រះថេរៈទាំងឡាយពួកខ្លះ ប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ក្នុងរោងឆាន់របស់យើង មានសប្បិ មានប្រេង មានសម្លឧត្តរិភង្គ។ ឯមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយប្រាប់យ៉ាងនេះថា ម្នាលអាវុសោ យើងគ្មានវត្ថុអ្វីទេ មានតែបាយចុងអង្ករ និងទឹកជ្រក់ ជាគំរប់ពីរ ជាភោជនប្រក្រតី ដែលគេប្រារព្ធហើយយ៉ាងណាប៉ុណ្ណោះ។
[១១] សម័យនោះឯង គហបតិ ឈ្មោះកល្យាណភត្តិកៈ តែងប្រគេនចតុក្កភត្ត4) ជានិច្ចភត្ត ដល់សង្ឃ។ គហបតិនោះ ព្រមទាំងកូនប្រពន្ធ តែងចូលទៅបម្រើ អង្គាស (ព្រះសង្ឃ) ក្នុងរោងភត្ត។ ភិក្ខុទាំងឡាយដទៃៗ ក៏សួររកបាយ សួររកសម្ល រកប្រេង រកសម្លឧត្តរិភង្គ។
[១២] សម័យនោះឯង ភត្តុទ្ទេសកភិក្ខុ ចាត់ពួកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ (ឲ្យទៅទទួល) ចង្ហាន់របស់កល្យាណភត្តិកគហបតិ ក្នុងថ្ងៃព្រឹកស្អែក។ គ្រានោះ កល្យាណភត្តិកគហបតិ បានទៅកាន់អារាម ដោយមានកិច្ចអ្វីមួយ ហើយក៏ចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះទព្វមល្លបុត្តដ៏មានអាយុ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ បាននិយាយពន្យល់ កល្យាណភត្តិកគហបតិ ដែលអង្គុយនៅក្នុងទីដ៏សមគួរ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ កល្យាណភត្តិកគហបតិ កាលព្រះទព្វមល្លបុត្តដ៏មានអាយុ និយាយពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ និយាយពាក្យនេះ នឹងព្រះទព្វមល្លបុត្តដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ស្អែកនេះ លោកម្ចាស់ចាត់ភិក្ខុអង្គណា (ឲ្យទៅទទួល) ភត្តក្នុងផ្ទះរបស់ខ្ញុំ។ ព្រះទព្វមល្លបុត្តឆ្លើយថា ម្នាលគហបតី ស្អែកនេះ អាត្មានឹងចាត់មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ (ឲ្យទៅទទួល) ភត្តក្នុងផ្ទះអ្នកក្នុងថ្ងៃស្អែក។ លំដាប់នោះ កល្យាណភត្តិកគហបតិ មានសេចក្តីអាក់អន់ចិត្ត ដោយគិតថា ចុះហេតុអ្វី បានជាភិក្ខុលាមកទាំងឡាយ ទៅឆាន់ក្នុងផ្ទះរបស់អាត្មាអញ (លុះគិតដូច្នេះហើយ) ក៏ទៅផ្ទះ បង្គាប់ទាសីថា នែហង ស្អែកត្រូវពួកលោកណាមកទទួលចង្ហាន់ ហងឯងចូរក្រាលអាសនៈ ក្នុងជង្រុក ហើយអង្គាសលោកទាំងនោះ ដោយបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរចុះ។ ទាសីនោះ ទទួលស្តាប់ពាក្យ កល្យាណភត្តិកគហបតិ ដោយពាក្យថា ច៎ាះ អ្នកម្ចាស់។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយគិតគ្នាថា ម្នាលអាវុសោ អំពីថ្ងៃម្សិលមិញ ភត្តុទ្ទេសកភិក្ខុ បានចាត់ឲ្យយើងទៅទទួលភត្ត របស់កល្យាណភត្តិកគហបតិ កល្យាណភត្តិកគហបតិ ព្រមទាំងកូនប្រពន្ធ នឹងចូលមកបម្រើ អង្គាសពួកយើងក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយដទៃៗ មុខជានឹងសួររកបាយ រកសម្ល រកប្រេង រកសម្លឧត្តរិភង្គ។ ដោយសេចក្តីសោមនស្សនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនោះ ក៏ដេកមិនលក់ តាមសេចក្តីគាប់ចិត្ត ក្នុងរាត្រី(នោះ)។ គ្រានោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់លំនៅ របស់កល្យាណភត្តិកគហបតិ អំពីព្រឹកព្រហាម។ ទាសីនោះ បានឃើញមេត្តិយភិក្ខុនិងភុម្មជកភិក្ខុកំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ ក្នុងជង្រុក ហើយបាននិយាយពាក្យនេះ នឹងមេត្តិយភុម្មជកភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយគង់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ត្រិះរិះដូច្នេះថា កុំសង្ស័យឡើយ ចង្ហាន់មិនទាន់ស្រេចទេ បានជាគេឲ្យយើងអង្គុយក្នុងជង្រុកសិន។ គ្រានោះ ទាសីនោះ ក៏ផ្គត់ផ្គង់ ដោយបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរ ហើយនិមន្តថា បពិត្រលោកដ៏ចំរើន សូមលោកទាំងឡាយឆាន់ចុះ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ឆ្លើយថា ម្នាលប្អូនស្រី យើងទាំងឡាយ សុទ្ធតែជាអ្នក ទទួលនិច្ចភត្ត។ ទាសីនោះ ឆ្លើយថា ខ្ញុំព្រះករុណាដឹងថា លោកម្ចាស់ទាំងឡាយ ជាអ្នកទទួលនិច្ចភត្តហើយ តែម្សិលមិញ គហបតិ បង្គាប់ខ្ញុំព្រះករុណាថា នែហង លោកទាំងឡាយណា ត្រូវការដោយចង្ហាន់ និមន្តមក ក្នុងថ្ងៃស្អែក ហងឯង ចូរក្រាលអាសនៈ ក្នុងជង្រុកចុះ ហើយអង្គាសលោកទាំងនោះ ដោយបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរចុះ បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយឆាន់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយគ្នាថា ម្នាលអាវុសោ កាលថ្ងៃម្សិលមិញ កល្យាណភត្តិកគហបតិ បានទៅកាន់អារាមនៅ នាសំណាក់ទព្វមល្លបុត្ត ពួកយើង ប្រាកដជាទព្វមល្លបុត្ត ញុះញង់ ក្នុងសំណាក់នៃគហបតីពិតហើយ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះ ក៏មិនបានឆាន់ដូចចិត្ត ដែលប៉ុនប៉ង ព្រោះតែសេចក្តីទោមនស្សនោះឯង។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាក្រោយភត្តហើយ ទៅកាន់អារាមក្នុងពេលនោះ ក៏រៀបទុកដាក់បាត្រ និងចីវរ ហើយអង្គុយ ត្របោមក្បាលជង្គង់ ទាំងសង្ឃាដិខាងក្រៅក្លោងទ្វារវត្តនៅស្ងៀម មានសេចក្តីអៀនអន់ ឱនកចុះ មានមុខជ្រប់ ស្រពាប់ស្រពោន ឥតមាននិយាយអ្វីសោះ។ គ្រានោះ ភិក្ខុនីឈ្មោះ មេត្តិយា ចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ។ កាលបើមេត្តិយាភិក្ខុនី និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតបតសោះឡើយ។ មេត្តិយាភិក្ខុនី បាននិយាយពាក្យនេះ ចំពោះមេត្តិយភុម្មជកភិក្ខុ ជាគំរប់ពីរដងផង។ បេ។ ជាគំរប់បីដងផងថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតតប ជាគំរប់បីដងផង។ ទើបមេត្តិយាភិក្ខុនីសួរថា ខ្ញុំព្រះករុណា បានប្រទូស្តនឹងលោកម្ចាស់រាល់អង្គ ដូចម្តេចខ្លះ ហេតុអ្វី បានជាលោកម្ចាស់រាល់អង្គ មិននិយាយនឹងខ្ញុំព្រះករុណា។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ពិតដូច្នោះហើយ ទព្វមល្លបុត្ត កំពុងបៀតបៀនយើង នាងឯងក៏ធ្វើព្រងើយកន្តើយ។ មេត្តិយាភិក្ខុនីសួរថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា នឹងធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បើនាងប្រាថ្នានឹង (ធ្វើ) ត្រូវក្រាបបង្គំទូល ព្រះមានព្រះភាគ ឲ្យញុំាងទព្វមល្លបុត្តមានអាយុ ឲ្យវិនាសចេញ ក្នុងថ្ងៃនេះឲ្យបាន។ មេត្តិយាភិក្ខុនីសួរថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំនឹងធ្វើដូចម្តេច ចុះអំពើអ្វី ដែលខ្ញុំនឹងអាចធ្វើបាន។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី នាងចូរមក នាងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរក្រាបបង្គំទូលព្រះមានព្រះភាគថាយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ការនេះ មិនមែនជាការកំបាំងទេ មិនមែនជាការសមគួរ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះ ត្រឡប់ជាប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពទៅវិញ ទីណា ដែលមិនធ្លាប់មានខ្យល់ ទីនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែខ្វែជាក្តៅ ឥឡូវព្រះទព្វមល្លបុត្តជាម្ចាស់ បានប្រទូស្ត នឹងខ្ញុំព្រះអង្គហើយ។ មេត្តិយាភិក្ខុនីទទួលស្តាប់ពាក្យមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ដោយពាក្យថា យ៉ាងហ្នឹងហើយ លោកម្ចាស់ រួចហើយចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតនៅ ក្នុងទីដ៏សមគួរ។ មេត្តិយាភិក្ខុនីនោះ លុះឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែនជាការកំបាំងទេ មិនមែនជាការសមគួរទេ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនធ្លាប់មានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះត្រឡប់ទៅជាប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពទៅវិញ ទីណាដែលមិនធ្លាប់មានខ្យល់ ទីនោះ ត្រឡប់ទៅជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែខ្វែជាក្តៅវិញ ឥឡូវព្រះទព្វមល្លបុត្តជាម្ចាស់ បានប្រទូស្តនឹងខ្ញុំព្រះអង្គហើយ។
[១៣] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ នូវព្រះទព្វមល្លបុត្តដ៏មានអាយុ ក្នុងវេលានោះថា ម្នាលទព្វៈ អ្នករលឹកឃើញថា អ្នកបានធ្វើអំពើ ដូចភិក្ខុនីនេះ បានពោលឬទេ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ដូចជាព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ព្រះទព្វមល្លបុត្ត ជាគំរប់ពីរដងផង។ បេ។ ជាគំរប់បីដងផងថា ម្នាលទព្វៈ អ្នករលឹកឃើញថា អ្នកបានធ្វើអំពើ ដូចជាភិក្ខុនីនេះ បានពោលឬទេ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ដូចជាព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិននិយាយបណ្តោះបណ្តៃយ៉ាងនេះទេ បើអំពើដែលអ្នកបានធ្វើហើយ អ្នកចូរនិយាយថា ខ្ញុំបានធ្វើហើយ បើអំពើដែលអ្នកមិនបានធ្វើទេ អ្នកចូរនិយាយថា ខ្ញុំមិនបានធ្វើទេ។ ព្រះទព្វមល្លបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន តាំងពីខ្ញុំព្រះអង្គកើតមក សូម្បីតែយល់សប្តិសេពមេថុនធម្ម ក៏មិនដែលស្គាល់សោះឡើយ នឹងបាច់និយាយទៅថ្វី ដល់ការភ្ញាក់រលឹកឡើង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរឲ្យមេត្តិយាភិក្ខុនីសឹកចេញ មួយទៀត អ្នកទាំងឡាយ ចូរសាកសួរពួកភិក្ខុទាំងនេះមើល។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ ទ្រង់ក្រោកចាកអាសនៈ ចូលទៅកាន់វិហារវិញ។ ភិក្ខុទាំងឡាយនោះ ក៏ឲ្យមេត្តិយាភិក្ខុនីសឹកចេញ ក្នុងពេលនោះ។ ទើបមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយពាក្យនេះ នឹងភិក្ខុទាំងឡាយនោះថា ម្នាលអាវុសោ ចូរលោកទាំងឡាយ កុំផ្សឹកមេត្តិយាភិក្ខុនីឡើយ នាងនោះ ឥតមានកំហុសអ្វីទេ (ហេតុដើមមកពី) យើងខឹង អាក់អន់ចិត្ត ចង់ឲ្យទព្វមល្លបុត្ត ឃ្លាតចាកសមណភេទ ទើបឲ្យមេត្តិយាភិក្ខុនីនោះ ខ្នាស់ខ្នែងឡើង។ ភិក្ខុទាំងឡាយសួរថា ម្នាលអាវុសោ អ្នកហ៊ានចោទ ព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូលដែរឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ចោទព្រះទព្វមល្លបុត្តមានអាយុ ដោយសីលវិបត្តិ មិនមានមូលសោះ។ ឯភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ចោទទព្វមល្លបុត្ត ដោយសីលវិបត្តិ មិនមានមូល ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យសតិវិន័យ ដល់ទព្វមល្លបុត្ត ជាអ្នកបរិបូណ៌ដោយសតិចុះ។ ម្នាលភិក្ខុទាំងឡាយ សតិវិន័យនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ទព្វមល្លបុត្តនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទខ្ញុំដោយសីលវិបត្តិ មិនមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ ទព្វមល្លបុត្ត គប្បីសូមជាគំរប់ពីរដងផង។ បេ។ គប្បីសូម ជាគំរប់បីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទខ្ញុំដោយសីលវិបត្តិ មិនមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ ជាគំរប់បីដងផង។
[១៤] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ បើការសូមសតិវិន័យ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ។ ការឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ។ ការឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិហើយ (ការឲ្យសតិវិន័យនេះ) សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[១៥] ម្នាលភិក្ខុទាំងឡាយ ការឲ្យសតិវិន័យ5) ដែលប្រកបដោយធម៌នេះ មាន៥យ៉ាង គឺឲ្យដល់ភិក្ខុបរិសុទ្ធ មិនមានអាបត្តិ១ ភិក្ខុឯទៀតចោទភិក្ខុនោះ១ ភិក្ខុនោះសូម១ សង្ឃឲ្យសតិវិន័យ ដល់ភិក្ខុនោះ១ សង្ឃព្រមព្រៀងឲ្យ ដោយធម៌១ ម្នាលភិក្ខុទាំងឡាយ ការឲ្យសតិវិន័យប្រកបដោយធម៌ ៥យ៉ាងនេះឯង។