(?)
vin cv 04 05 បាលី cs-km: vin.cv.04.05 អដ្ឋកថា: vin.cv.04.05_att PTS: ?
(យេភុយ្យសិកា ទី៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. យេភុយ្យសិកា)
[២៧] សម័យនោះឯង ភិក្ខុទាំងឡាយ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ក្នុងកណ្តាលជំនុំសង្ឃ ពោលពាក្យចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់ ភិក្ខុទាំងឡាយ មិនអាចញុំាងអធិករណ៍នោះ ឲ្យរម្ងាប់បាន។ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយយេភុយ្យសិកា។1) សង្ឃគប្បីសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុដែលមិនលុះនូវឆន្ទាគតិ១ មិនលុះនូវទោសាគតិ១ មិនលុះនូវមោហាគតិ១ មិនលុះនូវភយាគតិ១ ដឹងនូវស្លាកដែលបានចាប់ហើយ និងមិនទាន់បានចាប់១ឲ្យ (ធ្វើ) ជាសលាកគ្គាហាបកៈ (អ្នកចាត់ចែងឲ្យគេចាប់ស្លាក) ម្នាលភិក្ខុទាំងឡាយ ឯសលាកគ្គាហាបកៈនោះ សង្ឃត្រូវសន្មតយ៉ាងនេះ។ មុនដម្បូងត្រូវសង្ឃសូមភិក្ខុ (នោះ) លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើការសន្មតិ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃសន្មតិភិក្ខុ ឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈ។ ការសន្មតិភិក្ខុ ឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាសលាកគ្គាហាបកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៨] ម្នាលភិក្ខុទាំងឡាយ ការឲ្យចាប់ស្លាកនេះ ដែលមិនប្រកបដោយធម៌ មាន១០យ៉ាង ដែលប្រកបដោយធម៌ មាន១០យ៉ាង។ ការឲ្យចាប់ស្លាក ដែលមិនប្រកបដោយធម៌ ១០យ៉ាង (នោះ) តើដូចម្តេច។ គឺមានអធិករណ៍បន្តិចបន្តួច2) ១ អធិករណ៍មិនទៅតាមគតិ១ អធិករណ៍ ដែលភិក្ខុមិនទាន់បានរលឹកឃើញខ្លួនឯង និងរំលឹកអ្នកដទៃ១ ភិក្ខុដឹងថា ពួកអធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបពួកអធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុដឹងថា សង្ឃនឹងបែកគ្នា១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបសង្ឃបែកគ្នា១ ភិក្ខុទាំងឡាយ ចាប់ស្លាកដោយមិនតាមធម៌3) ១ ភិក្ខុទាំងឡាយ ចាប់ស្លាកជាពួកៗ១ ភិក្ខុទាំងឡាយ មិនចាប់ស្លាកតាមសមគួរ ដល់ទិដ្ឋិ4) ១ ការឲ្យចាប់ស្លាក ដែលមិនប្រកបដោយធម៌ មាន១០យ៉ាង ប៉ុណ្ណេះឯង។
[២៩] ការឲ្យចាប់ស្លាក ដែលប្រកបដោយធម៌ មាន១០យ៉ាង (នោះ) តើដូចម្តេច។ គឺមិនមានអធិករណ៍បន្តិចបន្តួច១ អធិករណ៍ប្រព្រឹត្តទៅតាមគតិ១ អធិករណ៍ ដែលភិក្ខុបានរលឹកឃើញខ្លួនឯង ឬបានរំលឹកអ្នកដទៃ១ ភិក្ខុដឹងថា ពួកធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបពួកធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុដឹងថា សង្ឃនឹងមិនបែកគ្នា១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបសង្ឃមិនបែកគ្នា១ ភិក្ខុទាំងឡាយ ចាប់ស្លាកប្រកបដោយធម៌១ ព្រមព្រៀងគ្នាចាប់ស្លាក១ ចាប់ស្លាកដោយសមគួរ ដល់ទិដ្ឋិ១ ការឲ្យចាប់ស្លាក ដែលប្រកបដោយធម៌ មាន១០យ៉ាង ប៉ុណ្ណេះឯង។