(?)
vin cv 04 06 បាលី cs-km: vin.cv.04.06 អដ្ឋកថា: vin.cv.04.06_att PTS: ?
(តស្សបាបិយសិកា ទី៦)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៦. តស្សបាបិយសិកា)
[៣០] សម័យនោះឯង ឧបវាឡភិក្ខុ កាលត្រូវគេសាកសួរដោយអាបត្តិក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃវិញ ពោលសម្បជានមុសាវាទ គឺពោលពាក្យកុហកដោយដឹងខ្លួន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបវាឡភិក្ខុ កាលត្រូវគេសាកសួរ ដោយអាបត្តិក្នុងកណ្តាលជំនុំសង្ឃ មិនសមបើនឹងគេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃពោលសម្បជានមុសាវាទសោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើតស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្មនោះ សង្ឃគប្បីធ្វើយ៉ាងនេះ។ មុនដម្បូង សង្ឃគប្បីចោទ ឧបវាឡភិក្ខុ លុះចោទហើយ គប្បីរំលឹក លុះរំលឹកហើយ គប្បីលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបវាឡភិក្ខុនេះ កាលត្រូវគេសាកសួរ ដោយអាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ បើការធ្វើ តស្សបាបិយសិកាកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបវាឡភិក្ខុនេះ កាលត្រូវគេសាកសួរ ដោយអាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។ ការធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំសូមប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បេ។ ខ្ញុំសូមប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បេ។ សង្ឃបានធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុហើយ (ការធ្វើតស្សបាបិយសិកាកម្មនេះ) សមគួរ ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៣១] ម្នាលភិក្ខុទាំងឡាយ ការធ្វើតស្សបាបិយសិកាកម្មនេះ ប្រកបដោយធម៌ មាន៥យ៉ាង គឺភិក្ខុនោះ (មានកាយវាចា) មិនស្អាត១ ជាអ្នកមិនមានសេចក្តីអៀនខ្មាស១ ជាអ្នកប្រកបដោយពាក្យគេតិះដៀល១ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុនោះ១ សង្ឃធ្វើដោយសេចក្តីព្រមព្រៀងគ្នា ត្រូវតាមធម៌១ ម្នាលភិក្ខុទាំងឡាយ ការធ្វើតស្សបាបិយសិកាកម្ម ដែលប្រកបដោយធម៌ មាន៥យ៉ាង ប៉ុណ្ណេះឯង។
(អធម្មកម្មទ្វាទសកំ)
[៣២] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើកំបាំងមុខ១ ធ្វើដោយមិនបានសាកសួរជាមុន១ ធ្វើដោយមិនតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣ នេះឯង។ បេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសង្ឃមិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣ នេះឯង។
(ធម្មកម្មទ្វាទសកំ)
[៣៣] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើក្នុងទីចំពោះមុខ១ ធ្វើដោយបានសាកសួរជាមុន១ ធ្វើតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គទាំង៣ នេះឯង។ បេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសង្ឃលើកអាបត្តិឡើង ហើយទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គទាំង៣ នេះឯង។
(អាកង្ខមានឆក្កំ)
[៣៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា (នឹងធ្វើ) ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៣បាន គឺភិក្ខុអ្នកធ្វើ នូវសេចក្តីបង្កហេតុ ធ្វើជម្លោះ ធ្វើសេចក្តីទាស់ទែង បង្កតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ១ ភិក្ខុល្ងង់ មិនឈ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ មិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គទាំង៣ នេះឯង។
[៣៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១។ បេ។
[៣៦] ម្នាលភិក្ខុទាំងឡាយ។ បេ។ អង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គទាំង៣នេះឯង។
[៣៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ៣ពួក គឺ ភិក្ខុអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ ធ្វើសេចក្តីទាស់ទែង បង្កតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឈ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុទាំង៣ពួកនេះឯង។
[៣៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ ភិក្ខុមានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ ភិក្ខុមានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១។ បេ។
[៣៩] ម្នាលភិក្ខុទាំងឡាយ។ បេ។ ភិក្ខុ ៣ពួកដទៃទៀត គឺ ភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុទាំង៣ពួកនេះឯង។
(អដ្ឋារសវត្តំ)
[៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើតស្សបាបិយសិកាកម្មហើយនោះ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងតស្សបាបិយសិកាកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើ មិនត្រូវត្រេកអរ ក្នុងការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាបានទទួលការសន្មតិហើយ ក៏មិនត្រូវប្រដៅភិក្ខុនី។ បេ។ មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។ គ្រានោះ សង្ឃបានធ្វើតស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។