(?)
vin cv 04 07 បាលី cs-km: vin.cv.04.07 អដ្ឋកថា: vin.cv.04.07_att PTS: ?
(តិណវត្ថារក ទី៧)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. តិណវត្ថារកំ)
[៤១] សម័យនោះឯង ពួកភិក្ខុនាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ គ្រានោះ ភិក្ខុទាំងនោះ មានសេចក្តីបរិវិតក្ក យ៉ាងនេះថា ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ) តើពួកយើងគប្បីប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុក្នុងទីនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង ញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យសង្ឃរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយតិណវត្ថារកសមថៈ។1)
[៤៣] ម្នាលភិក្ខុទាំងឡាយ អធិករណ៍នោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ភិក្ខុទាំងអស់ គប្បីប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងខ្ញុំទាំងឡាយ នឹងញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ នឹងគប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់អធិករណ៍នេះ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិមានទោសធ្ងន់2) វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។3) បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងបក្ខពួករបស់ខ្លួនថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ នឹងនាំគ្នាធ្វើ ដោយអាបត្តិទាំងនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ និងវៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។
[៤៤] បណ្តាភិក្ខុទាំងឡាយ ដែលជាពួក ជាមួយគ្នាដទៃទៀត ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួន ក្នុងវេលានោះថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ពួកយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកដ៏មានអាយុទាំងឡាយហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ មានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។
[៤៥] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ នឹងនាំគ្នាធ្វើ ដោយអាបត្តិទាំងនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ ការសំដែងអាបត្តិទាំងឡាយនេះ របស់ពួកយើង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ ដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវនិយាយឡើង។ អាបត្តិទាំងឡាយនេះ យើងទាំងឡាយបានសំដែងហើយ ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត ការសំដែងនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៦] បណ្តាភិក្ខុ ដែលជាពួកជាមួយគ្នាដទៃទៀត ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃ ក្នុងវេលានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ ញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងនេះផង អាបត្តិរបស់ខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ ញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ ខ្ញុំសូមសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ ការសំដែងអាបត្តិទាំងឡាយនេះ របស់យើងទាំងឡាយ ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ ដល់លោកមានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ អាបត្តិទាំងនេះ យើងទាំងឡាយ បានសំដែងហើយ ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត ការសំដែងអាបត្តិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថាបានចេញចាកអាបត្តិទាំងឡាយនោះ ដោយអាការយ៉ាងនេះហើយ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត វៀរលែងតែការធ្វើឲ្យច្បាស់នូវទិដ្ឋិ វៀរលែងតែភិក្ខុទាំងឡាយណា ដែលមិនមាននៅ4) ក្នុងទីនោះ។