(?)
vin cv 04 08 បាលី cs-km: vin.cv.04.08 អដ្ឋកថា: vin.cv.04.08_att PTS: ?
(អធិករណៈ ទី៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. អធិករណំ)
[៤៨] សម័យនោះឯង ភិក្ខុទាំងឡាយ ទាស់ទែងនឹងពួកភិក្ខុនី។ ពួកភិក្ខុនី ក៏ទាស់គ្នា នឹងពួកភិក្ខុ។ ចំណែកខាងឆន្នភិក្ខុ ក៏ចូលជ្រៀតជ្រក ទៅរកពួកភិក្ខុនី ហើយទាស់ទែងនឹងពួកភិក្ខុ ប្រកាន់ គឺចូលដៃខាងពួកភិក្ខុនី។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុ មិនសមបើនឹងចូលជ្រៀតជ្រក ទៅរកពួកភិក្ខុនី ហើយមកទាស់ទែងនឹងពួកភិក្ខុ ប្រកាន់ខាងពួកភិក្ខុនីសោះ។ លំដាប់នោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ដំណើរនោះ ពិតមែន។ បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍ទាំងឡាយ៤នេះ គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។
[៤៩] បណ្តាអធិករណ៍៤យ៉ាងនោះ វិវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ ទាស់ទែងគ្នាថា នេះជាធម៌ ឬថា នេះមិនមែនជាធម៌ នេះជាវិន័យ ឬថា នេះមិនមែនជាវិន័យ នេះជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកហើយ ឬថា នេះជាពាក្យ ដែលព្រះតថាគត មិនបានទ្រង់ត្រាស់សំដែងទុកមកទេ នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកហើយ ឬថា នេះជាកិច្ច ដែលព្រះតថាគត មិនបានទ្រង់ប្រព្រឹត្តសន្សំមកទេ នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តទុកមកហើយ ឬថា នេះជាពាក្យ ដែលព្រះតថាគត មិនបានទ្រង់បញ្ញត្តទុកមកទេ នេះជាអាបត្តិ ឬថា នេះមិនមែនជាអាបត្តិ នេះជាអាបត្តិស្រាល ឬថា នេះជាអាបត្តិធ្ងន់ នេះជាអាបត្តិមានចំណែកសេសសល់ ឬថា នេះជាអាបត្តិ មិនមានចំណែកសេសសល់ នេះជាអាបត្តិអាក្រក់ ឬថា នេះមិនមែនជាអាបត្តិអាក្រក់ បណ្តាអធិករណ៍ទាំងឡាយនោះ ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងគ្នា ការទាស់ទែងគ្នា ការពោលផ្សេងៗគ្នា ការពោលដោយឡែកពីគ្នា ការពោល ដើម្បីសេចក្តីទុក្ខដល់ចិត្ត ការប្រកួតប្រកាន់ណា ការបង្កហេតុ ជាដើមនេះ តថាគតហៅថា វិវាទាធិករណ៍។
[៥០] បណ្តាអធិករណ៍ទាំង៤នោះ អនុវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី បណ្តាអធិករណ៍ទាំង៤នោះ ការចោទ ការតិះដៀល ការពោលរឿយៗ ការនិយាយរឿយៗ ការបង្អោនទៅ (កាន់អធិករណ៍) ការប្រឹងប្រែងឡើង ការបន្ថែមកំលាំងណា ការចោទ ជាដើមនោះ តថាគតហៅថា អនុវាទាធិករណ៍។
[៥១] បណ្តាអធិករណ៍ទាំង៤នោះ អាបត្តាធិករណ៍ តើដូចម្តេច។ អាបត្តិទាំង៥កង ជាអាបត្តាធិករណ៍ក៏មាន អាបត្តិទាំង៧កង ជាអាបត្តាធិករណ៍ក៏មាន នេះតថាគតហៅថា អាបត្តាធិករណ៍។
[៥២] បណ្តាអធិករណ៍ទាំង៤នោះ កិច្ចាធិករណ៍ តើដូចម្តេច។ កិច្ចរបស់សង្ឃ (ឬ) កម្មដែលសង្ឃត្រូវធ្វើបាន (ដូចយ៉ាង) អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម និងញត្តិចតុត្ថកម្ម នេះ តថាគតហៅថា កិច្ចាធិករណ៍។
[៥៣] អ្វីជាមូលនៃ វិវាទាធិករណ៍។ ធម៌៦យ៉ាង ជាមូលនៃសេចក្តីវិវាទ ចាត់ជា មូលនៃវិវាទាធិករណ៍ គឺ អកុសលមូល ៣យ៉ាង ជាមូលនៃវិវាទាធិករណ៍ និងកុសលមូល ៣យ៉ាង ជាមូលនៃវិវាទាធិករណ៍ដែរ។ ធម៌៦យ៉ាង ជាមូលនៃវិវាទ ដែលចាត់ជា មូលនៃវិវាទាធិករណ៍ នោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីក្រោធច្រើន ជាអ្នកចងគំនុំទុក ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានសេចក្តីក្រោធច្រើន ជាអ្នកចងគំនុំទុក ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ឈ្មោះថា មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងសេចក្តីវិវាទ ដែលកំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីមិនចម្រើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុងក្តី ខាងក្រៅក្តី មានសភាពយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីព្យាយាម ដើម្បីលះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនោះឯង ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនបានពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុង និង ខាងក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរប្រតិបត្តិ កុំឲ្យមូលនៃសេចក្តីវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃសេចក្តីវិវាទដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល នៃសេចក្តីវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខទៀតបាន។
[៥៤] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រណាំងវាសនា។ បេ។ ជាអ្នកមានសេចក្តីឫស្យា ជាអ្នកមានសេចក្តីកំណាញ់។ បេ។ ជាអ្នកអួតអាង ជាអ្នកមានមាយា។ បេ។ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ជាអ្នកមានសេចក្តីឃើញខុស។ បេ។ ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់ខ្ជាប់មាំ លះបង់បានដោយកម្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់ខ្ជាប់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុឯណា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងវិវាទ ដែលកំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្តីសុខ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីមិនមានប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុងក្តី ខាងក្រៅក្តី មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនោះឯង ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញមូល នៃវិវាទខាងក្នុងក្តី ខាងក្រៅក្តី ដែលមានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរប្រតិបត្តិ កុំឲ្យមូលនៃវិវាទដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល នៃវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខទៀតបាន មូលនៃវិវាទ៦យ៉ាងនេះ ចាត់ជា មូលនៃវិវាទាធិករណ៍។
[៥៥] អកុសលមូល៣ ដែលចាត់ជា មូលនៃវិវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តលោភ ទាស់ទែងគ្នា មានចិត្តប្រទូស្តទាស់ទែងគ្នា មានចិត្តវង្វេងទាស់ទែងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី នេះជាវិន័យក្តី នេះមិនមែនជាវិន័យក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកហើយក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកទេក្តី នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកហើយក្តី នេះមិនមែនជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះមិនមានជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះជាអាបត្តិក្តី នេះមិនមែនជាអាបត្តិក្តី នេះជាអាបត្តិស្រាលក្តី នេះជាអាបត្តិធ្ងន់ក្តី នេះជាអាបត្តិ មានចំណែកសេសសល់ក្តី នេះជាអាបត្តិ មិនមានចំណែកសេសសល់ក្តី នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី អកុសលមូល ទាំង៣នេះឯង ចាត់ជា មូលនៃវិវាទាធិករណ៍។
[៥៦] កុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃវិវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តមិនលោភទាស់ទែងគ្នា មានចិត្តមិនប្រទូស្តទាស់ទែងគ្នា មានចិត្តមិនវង្វេងទាស់ទែងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី កុសលមូល ទាំង៣យ៉ាងនេះឯង ចាត់ជា មូលនៃវិវាទាធិករណ៍។
[៥៧] មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ មូលនៃការចោទគ្នា មាន៦យ៉ាង ចាត់ជាមូលនៃអនុវាទាធិករណ៍ គឺអកុសលមូល ៣យ៉ាង ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ កុសលមូល ៣យ៉ាង ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ដែរ កាយ ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ ទាំងវាចា ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ដែរ។
[៥៨] មូលនៃការចោទគ្នា មាន៦យ៉ាង ចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីក្រោធ ជាអ្នកចងគំនុំទុក ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកមានសេចក្តីក្រោធ ជាអ្នកចងគំនុំទុក ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទ គឺការចោទ ដែលកំពុងកើត ឲ្យកើតក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីសុខ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីចំរើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីព្យាយាម ដើម្បីលះបង់ នូវមូលនៃអនុវាទ ដ៏លាមកនោះ ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីប្រតិបត្តិ ដើម្បីកុំឲ្យមូលនៃអនុវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃអនុវាទដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល នៃអនុវាទ ដ៏លាមកនុ៎ះ ចំរើនតទៅទៀតបាន។
[៥៩] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រណាំងវាសនា។ បេ។ ជាអ្នកមានសេចក្តីឫស្យា ជាអ្នកមានសេចក្តីកំណាញ់។ បេ។ ជាអ្នកមានអំនួត ជាអ្នកមានមាយា។ បេ។ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ជាអ្នកមានសេចក្តីឃើញខុស។ បេ។ ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។ បេ។ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ឈ្មោះថា មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទ ដែលកំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីមិនចំរើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីព្យាយាម ដើម្បីលះបង់ មូលនៃអនុវាទ ដ៏លាមកនោះ ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីប្រតិបត្តិ ដើម្បីកុំឲ្យមូលនៃអនុវាទដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតបានឡើយ។ យ៉ាងនេះឯង ឈ្មោះថា លះបង់នូវ មូលនៃអនុវាទ ដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនបានឲ្យមូល នៃអនុវាទ ដ៏លាមកនុ៎ះ ចំរើនតទៅទៀតបាន មូលនៃអនុវាទ ទាំង៦យ៉ាងនេះ ចាត់ជា មូលនៃអនុវាទាធិករណ៍។
[៦០] អកុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តលោភ ពោលចោទ មានចិត្តប្រទូស្តពោលចោទ មានចិត្តវង្វេងពោលចោទ នូវភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី អកុលមូល ទាំង៣យ៉ាងនេះ ជាមូលនៃអនុវាទាធិករណ៍។
[៦១] កុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តមិនលោភពោលចោទ មានចិត្តមិនប្រទូស្តពោលចោទ មានចិត្តមិនវង្វេងពោលចោទ នូវភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី កុសលមូល ទាំង៣យ៉ាងនេះ ជា មូលនៃអនុវាទាធិករណ៍។
[៦២] ឯកាយ ចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ មានសម្បុរអាក្រក់ មានរូបអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ឬស្លាប់ខ្លួន១ចំហៀង1) ភិក្ខុទាំងឡាយចោទភិក្ខុនោះ ដោយកាយណា កាយនោះ ជាមូលនៃអនុវាទាធិករណ៍។
[៦៣] ចុះវាចា ដូចម្តេច ដែលជា មូលនៃអនុវាទាធិករណ៍។ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ជាអ្នកមានវាចាអាក្រក់ ជាអ្នកនិយាយជាប់ ជាអ្នកមានវាចាប៉ប៉ាច់ ប៉ប៉ោច ភិក្ខុទាំងឡាយ ចោទភិក្ខុនោះ ដោយវាចាណា វាចានោះ ឈ្មោះថាជា មូលនៃអនុវាទាធិករណ៍។
[៦៤] អ្វីដែលជា មូលនៃអាបត្តាធិករណ៍។ សមុដ្ឋាន នៃអាបត្តិ៦យ៉ាង ជាមូលនៃអាបត្តាធិករណ៍ (សមុដ្ឋាន នៃអាបត្តិ៦នោះ គឺ) អាបត្តិ កើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា អំពីចិត្ត១ អាបត្តិ កើតឡើងអំពីវាចា មិនកើតឡើងអំពីកាយ អំពីចិត្ត១ អាបត្តិ កើតឡើងអំពីកាយ អំពីវាចា មិនកើតឡើងអំពីចិត្ត១ អាបត្តិ កើតឡើងអំពីកាយ អំពីចិត្ត មិនកើតឡើងអំពីវាចា១ អាបត្តិ កើតឡើងអំពីវាចា អំពីចិត្ត មិនកើតឡើងអំពីកាយ១ អាបត្តិ កើតឡើងអំពីកាយ អំពីវាចា អំពីចិត្ត១ សមុដ្ឋាន នៃអាបត្តិ៦យ៉ាងនេះ ជាមូលនៃអាបត្តាធិករណ៍។
[៦៥] អ្វីជា មូលនៃកិច្ចាធិករណ៍។ មានតែសង្ឃមួយ ជាមូលនៃកិច្ចាធិករណ៍។2)
[៦៦] (សំដែងអំពី) វិវាទាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ វិវាទាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈ ក៏មាន។
[៦៧] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាអកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអកុសល ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ទាស់ទែង ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយដើម្បីឲ្យព្រួយចិត្ត សេចក្តីប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាអកុសល។
[៦៨] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាកុសល ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ការទាស់ទែង ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាកុសល។
[៦៩] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអព្យាកតៈ ជជែកនឹងភិក្ខុផងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ការទាស់ទែងគ្នា ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងវិវាទាធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាអព្យាកតៈ។
[៧០] (សំដែងអំពី) អនុវាទាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ អនុវាទាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។
[៧១] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាអកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអកុសល ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាអកុសល។
[៧២] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាកុសល ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាកុសល។
[៧៣] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តជាអព្យាកតៈ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាអព្យាកតៈ។
[៧៤] (សំដែងអំពី) អាបត្តាធិករណ៍ ជាអកុសល ជាអព្យាកតៈ។ អាបត្តាធិករណ៍ ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន អាបត្តាធិករណ៍ ជាកុសល គ្មានទេ។
[៧៥] បណ្តាអាបត្តាធិករណ៍ ទាំង២នោះ អាបត្តាធិករណ៍ ជាអកុសល តើដូចម្តេច។ ភិក្ខុ កាលបើដឹង ស្គាល់ហើយ ក្លែងព្យាយាមកន្លង នូវអាបត្តិណា អាបត្តិនេះ តថាគត ហៅថា អាបត្តាធិករណ៍ ជាអកុសល។ បណ្តាអាបត្តាធិករណ៍ ទាំង២នោះ អាបត្តាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ភិក្ខុ កាលមិនដឹង មិនស្គាល់ហើយ មិនក្លែង មិនព្យាយាមកន្លង នូវអាបត្តិណា អាបត្តិនេះ តថាគត ហៅថា អាបត្តាធិករណ៍ ជាអព្យាកតៈ។3)
[៧៦] ] (សំដែងអំពី) កិច្ចាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ កិច្ចាធិករណ៍ ជាកុសល ក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។
[៧៧] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាអកុសល តើដូចម្តេច។ សង្ឃមានចិត្ត ជាអកុសល ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាអកុសល។
[៧៨] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាកុសល តើដូចម្តេច។ សង្ឃមានចិត្ត ជាកុសល ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាកុសល។
[៧៩] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ សង្ឃមានចិត្ត ជាអព្យាកតៈ ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាអព្យាកតៈ។
[៨០] (សំដែងអំពី) ការទាស់ទែងគ្នា ចាត់ជាវិវាទាធិករណ៍ ការទាស់ទែងគ្នា មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការទាស់ទែងគ្នា ចាត់ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង។ ការទាស់ទែងគ្នា ចាត់ជាវិវាទាធិករណ៍ក៏មាន ការទាស់ទែងគ្នា មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការទាស់ទែងគ្នាក៏មាន ចាត់ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផងក៏មាន។
[៨១] បណ្តាអធិករណ៍ទាំងនោះ ការទាស់ទែងគ្នា ដែលចាត់ជាវិវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ ការប្រកាន់ខុស ការទាស់ទែង ការនិយាយផ្សេងៗ ការនិយាយផ្តេសផ្តាស ការនិយាយដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្កហេតុ ជាដើមនេះ ចាត់ជាការទាស់ទែងគ្នា ហៅថា វិវាទាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ ការទាស់ទែងគ្នា ដែលមិនមែនជាអធិករណ៍ តើដូចម្តេច។ មាតាទាស់នឹងបុត្រក្តី បុត្រទាស់នឹងមាតាក្តី បិតាទាស់នឹងបុត្រក្តី បុត្រទាស់នឹងបិតាក្តី បងប្អូនប្រុសទាស់នឹងបងប្អូនប្រុសក្តី បងប្អូនប្រុស ទាស់នឹងបងប្អូនស្រីក្តី បងប្អូនស្រី ទាស់នឹងបងប្អូនប្រុសក្តី សម្លាញ់ ទាស់នឹងសម្លាញ់ក្តី នេះហៅថា ការទាស់ទែងគ្នា មិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនចាត់ជាការទាស់ទែងគ្នា តើដូចម្តេច។ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ នេះហៅថា អធិករណ៍ ដែលមិនចាត់ជាការទាស់ទែងគ្នា។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ពេញថា ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង តើដូចម្តេច។ វិវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង។
[៨២] (សំដែងអំពី) ការចោទ ចាត់ជាអនុវាទាធិករណ៍ ការចោទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការចោទ ទាំងជាអធិករណ៍ផង ចាត់ជាការចោទផង។ ការចោទ ចាត់ជាអនុវាទាធិករណ៍ក៏មាន ការចោទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការចោទក៏មាន ទាំងជាអធិករណ៍ផង ចាត់ជាការចោទផងក៏មាន។
[៨៣] បណ្តាអធិករណ៍ទាំងនោះ ការចោទ ចាត់ជាអនុវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង ចោទប្រកាន់ភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លាំងឲ្យណា ក្នុងអធិករណ៍នោះ ការចោទជាដើមនេះ ហៅថា អនុវាទាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ ការចោទ ដែលមិនចាត់ជាអធិករណ៍ តើដូចម្តេច។ មាតាចោទបុត្រក្តី បុត្រចោទមាតាក្តី បិតាចោទបុត្រក្តី បុត្រចោទបិតាក្តី បងប្អូនប្រុសចោទបងប្អូនប្រុសក្តី បងប្អូនប្រុស ចោទបងប្អូនស្រីក្តី បងប្អូនស្រី ចោទបងប្អូនប្រុសក្តី សម្លាញ់ ចោទសម្លាញ់ក្តី នេះឯងហៅថា ការចោទ ដែលមិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ តែមិនចាត់ជាការចោទ តើដូចម្តេច។ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ វិវាទាធិករណ៍១ នេះហៅថា អធិករណ៍ តែមិនចាត់ជាការចោទទេ។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ពេញថា ជាអធិករណ៍ផង ចាត់ជាការចោទផង តើដូចម្តេច។ អនុវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ចាត់ជាការចោទផង។
[៨៤] (សំដែងអំពី) អាបត្តិ ចាត់ជាអាបត្តាធិករណ៍ អាបត្តិ មិនមែនជាអធិករណ៍ អធិករណ៍ មិនមែនជាអាបត្តិ ទាំងអធិករណ៍ ទាំងអាបត្តិ។ អាបត្តិ ចាត់ជាអាបត្តាធិករណ៍ក៏មាន អាបត្តិ មិនមែនជាអធិករណ៍ក៏មាន អធិករណ៍ មិនមែនជាអាបត្តិក៏មាន អធិករណ៍ផង អាបត្តិផងក៏មាន។
[៨៥] បណ្តាអធិករណ៍ទាំងនោះ អាបត្តិ ដែលចាត់ជាអាបត្តាធិករណ៍ តើដូចម្តេច។ អាបត្តិទាំង៥កង ក៏ចាត់ជាអាបត្តាធិករណ៍ អាបត្តិទាំង៧កង ក៏ចាត់ជាអាបត្តាធិករណ៍ នេះហៅថា អាបត្តិ ដែលចាត់ជាអាបត្តាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អាបត្តិដែលមិនចាត់ជាអធិករណ៍ តើដូចម្តេច។ សោតាបត្តិ និងសមាបត្តិ នេះហៅថា អាបត្តិ តែមិនចាត់ជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនចាត់ជាអាបត្តិ តើដូចម្តេច។ កិច្ចាធិករណ៍១ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ នេះហៅថា អធិករណ៍ មិនមែនជាអាបត្តិ។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ជាអធិករណ៍ផង ជាអាបត្តិផង តើដូចម្តេច។ អាបត្តាធិករណ៍ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង។
[៨៦] (សំដែងអំពី) កិច្ចចាត់ជាកិច្ចាធិករណ៍ កិច្ចមិនមែនជាអធិករណ៍ អធិករណ៍ មិនមែនជាកិច្ច ជាអធិករណ៍ផង កិច្ចផង។ កិច្ច ចាត់ជាកិច្ចាធិករណ៍ក៏មាន កិច្ច មិនមែនជាអធិករណ៍ក៏មាន អធិករណ៍ មិនមែនជាកិច្ចក៏មាន ជាអធិករណ៍ផង កិច្ចផងក៏មាន។
[៨៧] បណ្តាអធិករណ៍ទាំងនោះ កិច្ច ដែលចាត់ជាកិច្ចាធិករណ៍ តើដូចម្តេច។ កិច្ច ឬកម្មណា ដែលសង្ឃគប្បីធ្វើ គឺ អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម ទាំងនេះ ហៅថា កិច្ចដែលចាត់ជាកិច្ចាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ កិច្ច ដែលមិនមែនជាអធិករណ៍ តើដូចម្តេច។ អាចរិយកិច្ច ឧបជ្ឈាយកិច្ច សមានុបជ្ឈាយកិច្ច សមានាចរិយកិច្ច ទាំងនេះហៅថា កិច្ច មិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនមែនជាកិច្ច តើដូចម្តេច។ វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្តាធិករណ៍ នេះហៅថា អធិករណ៍ មិនមែនជាកិច្ច។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ជា អធិករណ៍ផង ជាកិច្ចផង តើដូចម្តេច។ កិច្ចាធិករណ៍ ចាត់ជាអធិករណ៍ផង ជាកិច្ចផង។