km:tipitaka:vin:cv:vin.cv.04.09

(អធិករណវូបសមនសមថៈ ទី៩)

សង្ខេប

(?)

vin cv 04 09 បាលី cs-km: vin.cv.04.09 អដ្ឋកថា: vin.cv.04.09_att PTS: ?

(អធិករណវូបសមនសមថៈ ទី៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៩. អធិករណវូបសមនសមថោ)

(សម្មុខាវិនយ)

(សម្មុខាវិនយោ)

[៨៨] វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ វិវាទាធិករណ៍ រម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ យេភុយ្យសិកា១។ វិវាទាធិករណ៍ មិនអាស្រ័យសមថៈ១ គឺ យេភុយ្យសិកា គ្រាន់តែរម្ងាប់ដោយសមថៈតែ១ គឺសម្មុខាវិន័យក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោលថា ក៏មានដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ ក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី នេះជាវិន័យក្តី នេះមិនមែនជាវិន័យក្តី នេះជាពាក្យ ដែលព្រះតថាគត បានទ្រង់ត្រាស់សំដែងទុកក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកទេក្តី នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំទុកក្តី នេះមិនមែនជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកទេក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តទេក្តី នេះជាអាបត្តិក្តី នេះមិនមែនជាអាបត្តិក្តី នេះជាអាបត្តិស្រាលក្តី នេះជាអាបត្តិធ្ងន់ក្តី នេះជាអាបត្តិ មានចំណែកសេសសល់ក្តី នេះជាអាបត្តិ មិនមានចំណែកសេសសល់ក្តី នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះហើយ ដែលតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយអ្វី។ អធិករណ៍នោះ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គប៉ុន្មាន។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយមកប្រជុំចំពោះមុខ មិនឃាត់ហាម នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ចំពោះមុខធម៌ ចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គលទាំងពីរនេះ ជាសត្រូវនឹងគ្នា មាននៅក្នុងទីចំពោះមុខ នេះហៅថា ចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះរើរុស)។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះតិះដៀល)។

[៨៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចរម្ងាប់អធិករណ៍នោះ ក្នុងអាវាសនោះបានទេ ម្នាលភិក្ខុទាំងឡាយ (បើ) អាវាសណា មានភិក្ខុច្រើនក្រាសក្រែល ត្រូវភិក្ខុទាំងនោះ ទៅរកអាវានោះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅរកអាវាសនោះ អាចរម្ងាប់អធិករណ៍នោះ ក្នុងកណ្តាលផ្លូវបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌ដូចម្តេច។ រម្ងាប់ដោយសម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គប៉ុន្មាន។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ក៏ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ក៏បាននាំមក ភិក្ខុទាំងឡាយមានក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គលទាំងពីររូប ជាសត្រូវនឹងគ្នា មានក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកធ្វើ ឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។

[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅកាន់អាវាសនោះ មិនអាចរម្ងាប់អធិករណ៍ ក្នុងកណ្តាលផ្លូវបានទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ទៅកាន់អាវាសនោះហើយ ពោលយ៉ាងនេះ នឹងភិក្ខុទាំងឡាយ ជាម្ចាស់អាវាសថា ម្នាលលោកទាំងឡាយមានអាយុ អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ សូមលោកមានអាយុទាំងឡាយ រម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយប្រពៃ តាមទំនង ដែលអធិរកណ៍នេះ គប្បីរម្ងាប់ទៅដោយប្រពៃចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ ជាម្ចាស់អាវាស ចាស់ជាង ពួកភិក្ខុជាអាគន្តុកៈ ខ្ចីជាង ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុជាម្ចាស់អាវាសទាំងនោះ និយាយទៅនឹងពួកភិក្ខុ ជាអាគន្តុកៈ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយនៅរង់ចាំ ក្នុងទីសមគួរ មួយរំពេចសិន ទំរាំយើងទាំងឡាយ ប្រឹក្សាគ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកភិក្ខុជាម្ចាស់អាវាស ខ្ចីជាង ពួកភិក្ខុជាអាគន្តុកៈ ចាស់ជាង ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុជាម្ចាស់អាវាសទាំងនោះ និយាយទៅនឹងពួកភិក្ខុជាអាគន្តុកៈ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ នៅរង់ចាំ ក្នុងទីនេះ មួយរំពេចសិន ទំរាំយើងទាំងឡាយ ប្រឹក្សាគ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ពួកភិក្ខុជាម្ចាស់អាវាស កំពុងប្រឹក្សាគ្នា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយ មិនអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបានទេ អធិករណ៍នោះ ភិក្ខុជាម្ចាស់អាវាសទាំងឡាយ មិនត្រូវទទួលទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកភិក្ខុជាម្ចាស់អាវាស កំពុងប្រឹក្សាគ្នា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយ អាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបាន ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាម្ចាស់អាវាសនោះ ត្រូវនិយាយ នឹងពួកភិក្ខុជាអាគន្តុកៈ យ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ ប្រសិនបើលោកទាំងឡាយ ប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដហើយ ដល់យើងទាំងឡាយ យើងទាំងឡាយ នឹងរម្ងាប់អធិករណ៍នេះ ឲ្យសមគួរតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបាន អធិករណ៍ មុខជានឹងរម្ងាប់បាន ដោយស្រួល បើយ៉ាងនេះ ទើបយើងទាំងឡាយ នឹងទទួលអធិករណ៍នេះ។ ម្នាលលោកមានអាយុ ប្រសិនបើលោកទាំងឡាយ មិនប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់យើងទាំងឡាយទេ ចំណែកខាងយើងទាំងឡាយ នឹងរម្ងាប់អធិករណ៍នេះ ឲ្យសមគួរតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា អធិករណ៍នោះ មុខជាមិនបានរម្ងាប់ ដោយល្អឡើយ យើងទាំងឡាយ មិនព្រមទទួលអធិករណ៍នេះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុជាម្ចាស់អាវាស ធ្វើសេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ ត្រូវទទួលអធិករណ៍នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាអាគន្តុកៈនោះ ត្រូវនិយាយទៅនឹងពួកភិក្ខុជាម្ចាស់អាវាសយ៉ាងនេះថា យើងទាំងឡាយ នឹងប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់លោកមានអាយុទាំងឡាយ ប្រសិនបើលោកមានអាយុទាំងឡាយ អាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ មុខជានឹងរម្ងាប់បាន ដោយល្អ បើយ៉ាងនេះ ទើបយើងទាំងឡាយ នឹងប្រគល់អធិករណ៍នេះ ឲ្យលោកមានអាយុទាំងឡាយ បើលោកមានអាយុទាំងឡាយ មិនអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ ក៏មុខជានឹងមិនរម្ងាប់ ដោយប្រពៃឡើយ យើងទាំងឡាយ នឹងមិនប្រគល់អធិករណ៍នេះ ឲ្យលោកមានអាយុទាំងឡាយទេ យើងទាំងឡាយ នឹងជាម្ចាស់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុ ជាអាគន្តុកៈ ធ្វើសេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ សឹមប្រគល់អធិករណ៍នោះ ដល់ពួកភិក្ខុជាម្ចាស់វត្តចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនោះ អាចនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍ រម្ងាប់បានដោយស្រួលល្អ។ អធិករណ៍នោះ រម្ងាប់បានដោយអ្វី។ រម្ងាប់បានដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេចខ្លះ។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គ ក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។

[៩១] ម្នាលភិក្ខុទាំងឡាយ កាលបើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុត គឺមិនចេះអស់ មិនចេះហើយ កើតឡើងផង ទាំងសេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់ផង ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យរម្ងាប់អធិករណ៍បែបនេះ ដោយឧព្វាហិ1) កាកម្មវាចា។ សង្ឃគប្បីសន្មតភិក្ខុ ដែលប្រកបដោយអង្គ១០ប្រការ ដោយឧព្វាហិកាកម្មវាចា (ឯអង្គ ១០ប្រការនោះ) គឺ ភិក្ខុជាអ្នកមានសីល១ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ១ ឃើញភ័យ ក្នុងទោសបន្តិចបន្តួច ហើយសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១ ជាពហុស្សូត ទ្រង់ទ្រង់ពុទ្ធវចនៈ ជាអ្នកសន្សំនូវពុទ្ធវចនៈ១ ធម៌ណា ដែលមានពីរោះបទខាងដើម ពីរោះបទកណ្តាល ពីរោះបទចុង ពោលសរសើរព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ឲ្យបរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពយ៉ាងនេះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់ក្នុងចិត្ត ត្រាស់ដឹងល្អ ដោយទិដ្ឋិ១ មិនតែប៉ុណ្ណោះឡើយ បាតិមោក្ខ ទាំងពីរយ៉ាង ក៏ភិក្ខុនោះចាំបាន ដោយពិស្តារ ចេះចែក រលែកស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសុត្តៈ តាមអនុព្យញ្ជនៈ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាល់ ក្នុងផ្លូវវិន័យ១ ជាអ្នកអង់អាច ដើម្បីធ្វើបុគ្គលទាំងពីរ ដែលជាសត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ ឲ្យជ្រះថ្លាបាន១ ជាអ្នកឈ្លាស ដើម្បីរម្ងាប់អធិករណ៍ ដែលកើតឡើងហើយ១ ស្គាល់អធិករណ៍ ស្គាល់ហេតុ ដែលឲ្យកើតអធិករណ៍ ស្គាល់ធម៌សម្រាប់រំលត់អធិករណ៍ ទាំងស្គាល់ផ្លូវ ទៅកាន់ធម៌ សម្រាប់រំលត់អធិករណ៍១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គទាំង១០ប្រការនេះ ដោយឧព្វាហិកាកម្ម។

(ឧព្ពាហិកាយវូបសមន)

(ឧព្ពាហិកាយវូបសមនំ)

[៩២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតភិក្ខុនោះយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុន លុះសូមរួចហើយ ភិក្ខុជាអ្នកឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់។ សង្ឃសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ ការសន្មតិ នូវភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ ភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង សង្ឃបានសន្មត ដើម្បីឲ្យរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាហើយ ការសន្មតិភិក្ខុ ដើម្បីឲ្យរម្ងាប់នូវអធិករណ៍នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[៩៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចដើម្បីរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកាកម្មវាចាបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។

[៩៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងតែវិនិច្ឆ័យអធិករណ៍នោះ មានភិក្ខុជាធម្មកថិក នៅក្នុងបរិសទ្យនោះ មិនចាំសុត្តៈ (មាតិកា) មិនចាំសុត្តវិភង្គ (វិន័យ) ភិក្ខុនោះ មិនបានកំណត់សេចក្តី ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា លោកមានអាយុទាំងឡាយ ចូរប្រុងស្តាប់ខ្ញុំ ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ មិនចាំសុត្តៈ មិនស្ទាត់សុត្តវិភង្គទេ ភិក្ខុជាធម្មកថិកនោះ កំណត់សេចក្តីមិនបានទេ ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ។ បើកម្មមានកាលគួរ ដល់លោកមានអាយុទាំងឡាយហើយ យើងទាំងឡាយដ៏សេស គប្បីឲ្យភិក្ខុឈ្មោះនេះ ក្រោកឡើង ហើយសឹមរម្ងាប់នូវអធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ ឲ្យភិក្ខុនោះក្រោកឡើងហើយ អាចដើម្បីរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។

[៩៥] ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងតែវិនិច្ឆ័យ មានភិក្ខុជាធម្មកថិក ក្នុងបរិសទ្យនោះ ជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គ ភិក្ខុនោះ កំណត់សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា សូមលោកមានអាយុទាំងឡាយ ស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ លោកជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គទេ លោកកំណត់សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ។ បើកម្មមានកាលគួរ ដល់លោកដ៏មានអាយុទាំងឡាយហើយ យើងទាំងឡាយដ៏សេស គប្បីញុំាងភិក្ខុឈ្មោះនេះ ឲ្យក្រោកចេញ ហើយសឹមរម្ងាប់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ បានឲ្យភិក្ខុនោះក្រោកចេញហើយ អាចដើម្បីនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ក៏ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។

(យេភុយ្យសិកាវិនយ)

(យេភុយ្យសិកាវិនយោ)

[៩៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចដើម្បីនឹងរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកាកម្មវាចាទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ប្រគល់អធិករណ៍នោះ ដល់សង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន យើងទាំងឡាយ មិនអាចដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាទេ សូមសង្ឃ រម្ងាប់អធិករណ៍នេះចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីរម្ងាប់អធិករណ៍បែបនេះ ដោយយេភុយ្យសិកាវិញ។ សង្ឃគប្បីសន្មតភិក្ខុប្រកបដោយអង្គ៥ប្រការ ឲ្យជាសលាកគ្គាហាបកៈ (អ្នកចែកស្លាក) គឺភិក្ខុណា មិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ ដឹងស្លាកដែលគេបានចាប់ និងមិនបានចាប់១។ បេ។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសលាកគ្គាហាបកៈ ការសន្មតិ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ សលាកគ្គាហាបកភិក្ខុនោះ គប្បីឲ្យភិក្ខុទាំងឡាយចាប់ស្លាកចុះ។ (បើ) ភិក្ខុទាំងឡាយ ជាធម្មវាទី មានចំនួនច្រើនជាង ពោលឡើងយ៉ាងណា សង្ឃត្រូវរម្ងាប់អធិករណ៍នោះ យ៉ាងនោះចុះ ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងយេភុយ្យសិកា។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ) ក៏ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ ដែលមាននៅក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ភិក្ខុណា ទាស់ទែងគ្នា ទៅវិញទៅមក ភិក្ខុទាំងពីររូបនោះ ជាសត្រូវនឹងគ្នា ព្រោះការទាស់ទែងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងយេភុយ្យសិកាកម្មនោះ មានវិធីធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវយេភុយ្យសិកាកម្មណា នេះហៅថា វិធីធ្វើ ក្នុងយេភុយ្យសិកាកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។

(តិវិធសលាកគ្គាហៈ)

(តិវិធសលាកគ្គាហោ)

[៩៧] សម័យនោះឯង ក្នុងក្រុងសាវត្ថី មានអធិករណ៍កើតប្រាកដយ៉ាងនេះឡើង។ គ្រានោះឯង ភិក្ខុទាំងនោះ ជាអ្នកមិនត្រេកអរ ដោយវិធីរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថីឡើយ ហើយបានឮដំណឹងថា មានព្រះថេរៈច្រើនអង្គ គង់នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាអ្នកប្រាជ្ញ វាងវៃ មានប្រាជ្ញា មានអៀនខ្មាស ជាអ្នកមានរង្កៀស ជាអ្នកប្រាថ្នាការសិក្សា បើព្រះថេរៈទាំងនោះ រម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ នាំគ្នាទៅកាន់អាវាសនោះ ហើយនិយាយពាក្យនុ៎ះ នឹងព្រះថេរៈទាំងនោះថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះថេរៈទាំងឡាយ រម្ងាប់នូវអធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយទំនងដែលអធិករណ៍នេះ គប្បីរម្ងាប់បានដោយស្រួល។ គ្រានោះឯង ព្រះថេរៈទាំងនោះ បានរម្ងាប់អធិករណ៍ទាំងនោះ តាមទំនង ដែលអធិករណ៍បានរម្ងាប់ដោយស្រួល ដូចជាអធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែមិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថី ទាំងមិនត្រេកអរដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយច្រើនអង្គ បានឮដំណឹងថា ព្រះថេរៈទាំងឡាយបីអង្គ គង់នៅក្នុងអាវាសឯណោះ។ បេ។ ព្រះថេរៈទាំងឡាយពីរអង្គគង់នៅ។ បេ។ ព្រះថេរៈមួយអង្គ គង់នៅ (ក្នុងអាវាសឯណោះ) ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ មានប្រាជ្ញា មានអៀនខ្មាស មានសេចក្តីរង្កៀសប្រាថ្នាការសិក្សា ប្រសិនបើព្រះថេរៈអង្គនោះ គប្បីរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ បានទៅកាន់អាវាសនោះ ហើយនិយាយពាក្យនុ៎ះ នឹងព្រះថេរៈនោះថា បពិត្រលោកម្ចាស់ដ៏ចំរើន អធិករណ៍នេះ កើតប្រាកដយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះថេរៈរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយទំនងដែលអធិករណ៍នេះ គប្បីរម្ងាប់បានដោយស្រួល។ គ្រានោះឯង ព្រះថេរៈនោះ ក៏បានរម្ងាប់អធិករណ៍នោះ តាមទំនង ដែលអធិករណ៍រម្ងាប់ទៅដោយស្រួល ដូចជាអធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុងសាវត្ថី ដូចជាអធិករណ៍ ដែលព្រះថេរៈច្រើនអង្គ បានរម្ងាប់ហើយ ដូចជាអធិករណ៍ ដែលព្រះថេរៈទាំងឡាយបីអង្គ បានរម្ងាប់ហើយ ដូចជាអធិករណ៍ ដែលព្រះថេរៈទាំងឡាយពីរអង្គ បានរម្ងាប់ហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែមិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថី មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរទាំងឡាយច្រើនអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយបីអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយពីរអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈមួយអង្គ ហើយក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅជិតហើយ ក៏ក្រាបបង្គំទូល ដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍នុ៎ះ សង្ឃបានកំចាត់បង់ឲ្យស្ងប់រម្ងាប់ហើយ ឈ្មោះថារម្ងាប់ដោយប្រពៃហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ការចាប់ស្លាកបីយ៉ាង គឺគូឡ្ហកៈ (បិទមុខ)១ សកណ្ណជប្បកៈ (ខ្សឹបប្រាប់)១ វិវដកៈ2) (បើកចំហ)១ ដើម្បីបញ្ជាក់ដល់ភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ចុះការចាប់ស្លាក ឈ្មោះគូឡ្ហកៈនោះដូចម្តេច។ ត្រូវសលាកគ្គាហាបកភិក្ខុនោះ ធ្វើស្លាកឲ្យមានពណ៌ផ្សេងគ្នា ហើយចូលទៅរកភិក្ខុ១រូបម្តងៗ ហើយនិយាយយ៉ាងនេះថា នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ លោកចង់ចាប់ស្លាកណា ចូរលោកចាប់ស្លាកនោះចុះ។ លុះភិក្ខុអ្នកចាប់នោះ ចាប់យកទៅហើយ សលាកគ្គាហាបកភិក្ខុ ត្រូវប្រាប់ថា លោកកុំបង្ហាញអ្នកណាឲ្យសោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រាប់ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត។3) បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា គូឡ្ហកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក ឈ្មោះសកណ្ណជប្បកៈនោះ តើដូចម្តេច។ សលាកគ្គាហាបកភិក្ខុនោះ ត្រូវខ្សឹបជិតត្រចៀកភិក្ខុមួយរូបៗថា នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ លោកចង់ចាប់ស្លាកណា ចូរយកស្លាកនោះចុះ។ លុះភិក្ខុចាប់ស្លាកទៅហើយ ត្រូវសលាកគ្គាហាបកភិក្ខុ និយាយថា លោកកុំប្រាប់អ្នកណាឲ្យសោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រាប់ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ យ៉ាងនេះ ដែលហៅថា សកណ្ណជប្បកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក ឈ្មោះវិវដកៈនោះ ដូចម្តេច។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវបណ្តោយឲ្យចាប់ដោយវិធីចាប់ស្លាក ឈ្មោះវិវកដៈចុះ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា វិវដកៈ ម្នាលភិក្ខុទាំងឡាយ វិធីចាប់ស្លាកមាន៣យ៉ាង ប៉ុណ្ណេះឯង។

(សតិវិនយ)

(សតិវិនយោ)

[៩៨] អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ ប៉ុន្មានយ៉ាង។ អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៤យ៉ាង គឺសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។

[៩៩] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺអមូឡ្ហវិន័យ និងតស្សបាបិយសិកាទេ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងសតិវិន័យ (ប៉ុណ្ណោះ) ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិ ឥតមានមូល។ ម្នាលភិក្ខុទាំងឡាយ សតិវិន័យ សង្ឃត្រូវឲ្យដល់ភិក្ខុ ដែលមានសតិបរិបូណ៌នោះឯង។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសតិវិន័យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីវរឆៀងស្មាម្ខាង។ បេ។ ហើយនិយាយនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ភិក្ខុទាំងឡាយ ចោទខ្ញុំដោយសីលវិបត្តិ ឥតមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកមានសតិពេញបរិបូណ៌ហើយ មកសូមសតិវិន័យនឹងសង្ឃ។ ភិក្ខុនោះ ត្រូវសូមសតិវិន័យ ជាគំរប់ពីរដងផង។ ភិក្ខុនោះ ត្រូវសូមសតិវិន័យ ជាគំរប់បីដងផង។

[១០០] ភិក្ខុអ្នកឈ្លាស វាងវៃ ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុទាំងឡាយ ចោទភិក្ខុឈ្មោះនេះ ដោយសីលវិបត្តិ ឥតមានមូល។ ភិក្ខុនោះ ជាអ្នកមានសតិពេញបរិបូណ៌ ហើយមកសូមសតិវិន័យនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកមានសតិពេញបរិបូណ៌ហើយ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុទាំងឡាយ ចោទភិក្ខុឈ្មោះនេះ ដោយសីលវិបត្តិ ឥតមានមូល។ ភិក្ខុនោះ ជាអ្នកមានសតិពេញបរិបូណ៌ ហើយមកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យនូវសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ។ ការឲ្យនូវសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បេ។ សតិវិន័យ សង្ឃបានឲ្យដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ ការឲ្យសតិវិន័យនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍ រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងសតិវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ចោទគ្នាទៅវិញទៅមក បុគ្គលទាំងពីរនាក់នោះ ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ចុះក្នុងសតិវិន័យនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅឯបនែប ការទទួល និងកិរិយាមិនឃាត់ហាម នូវសតិវិន័យកម្មណា នេះជាកិច្ច ក្នុងសតិវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។

(អមូឡ្ហវិនយ)

(អមូឡ្ហវិនយោ)

[១០១] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺសតិវិន័យ១ តស្សបាបិយសិកា១ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ១ អមូឡ្ហវិន័យ១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាមនុស្សឆ្កួត មានចិត្តវិបល្លាសប្រែប្រួល ភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះហេតុតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ហើយបានប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុឆ្កួតនោះ ឆ្លើយយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំឯង ជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទភិក្ខុឆ្កួតនោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឆ្កួតនោះបាត់វង្វេងហើយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង។ បេ។ ហើយពោលនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល កាលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ព្រោះតែខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទខ្ញុំ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល ខ្ញុំក៏បានឆ្លើយតបនឹងភិក្ខុទាំងឡាយនោះវិញ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលមែន ខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទខ្ញុំ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ ភិក្ខុនោះ ត្រូវសូមអមូឡ្ហវិន័យ អស់វារៈពីរដងផង។ ត្រូវសូមអមូឡ្ហវិន័យ អស់វារៈបីដងផង។

[១០២] ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ជាមនុស្សឆ្កួត ជាអ្នកមានចិត្តវិបល្លាស ប្រែប្រួល ភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ ក៏ឆ្លើយយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលមែន ខ្ញុំឆ្លួត មានចិត្តវិបល្លាសប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹករកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែចោទភិក្ខុនោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ បាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យនូវអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកបាត់វង្វេង។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះវិញថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលមែន កាលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹករកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទភិក្ខុនោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ បាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ សង្ឃបានឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលបាត់វង្វេងហើយ។ ការឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកបាត់វង្វេងហើយ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរ ដល់លោកមានអាយុអង្គណាទេ លោកមានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ អស់វារៈពីរដងផង។ បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈបីដងផង។ បេ។ អមូឡ្ហវិន័យ សង្ឃបានឲ្យដល់ភិក្ខុឈ្មោះនេះ ដែលបាត់វង្វេងហើយ ការឲ្យអមូឡ្ហវិន័យនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍ រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងអមូឡ្ហវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ក្នុងអមូឡ្ហវិន័យនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវអមូឡ្ហវិន័យកម្មណា នេះជាកិច្ច ក្នុងអមូឡ្ហវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។

(តស្សបាបិយសិកាវិនយ)

(តស្សបាបិយសិកាវិនយោ)

[១០៣] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺសតិវិន័យ១ អមូឡ្ហវិន័យ១ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ១ តស្សបាបិយសិកា១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃថា លោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិក4) ហើយ ចូរនឹកមើលទៅ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាលលោកមានអាយុ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវអាបត្តិបន្តិចបន្តួច មានសភាពយ៉ាងនេះ ប៉ុណ្ណោះ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះវិញថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិឈ្មោះនេះបន្តិចបន្តួច ទោះបីឥតគេសួរនោះ ក៏គង់តែខ្ញុំប្តេជ្ញា ចំណង់បើខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក គេសួរហើយ ខ្ញុំនឹងមិនប្តេជ្ញា ដូចម្តេចបាន។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាលលោកមានអាយុ លោកត្រូវអាបត្តិ ឈ្មោះនេះបន្តិចបន្តួច ទោះបីឥតគេសួរនោះ ក៏គង់តែលោកមិនប្តេជ្ញា ចំណង់បើលោកត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក គេមិនសួរហើយ លោកនឹងប្តេជ្ញា ដូចម្តេចបាន លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹង ដោយស្រួលបួលចុះ បើលោកត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញយ៉ាងនេះថា ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក ពាក្យនេះ ខ្ញុំនិយាយលេងទេ ពាក្យនេះ ខ្ញុំនិយាយភ្លាត់ទេ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្មនេះ សង្ឃត្រូវតែធ្វើដល់ភិក្ខុនោះកុំខានឡើយ។

[១០៤] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម សង្ឃត្រូវធ្វើយ៉ាងនេះ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង ខ្ញុំពោលសេចក្តីនេះ អស់វារៈពីរដងផង។ បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈបីដងផង។ បេ។ តស្សបាបិយសិកាកម្ម សង្ឃបានធ្វើហើយ ដល់ភិក្ខុឈ្មោះនេះ ការធ្វើនូវតស្សបាបិយសិកាកម្មនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងតស្សបាបិយសិកា។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ក្នុងតស្សបាបិយសិកាកម្មនោះ មានកិរិយាធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនឃាត់ហាម នូវតស្សបាបិយសិកាកម្មណា នេះជាកិរិយាធ្វើ ក្នុងតស្សបាបិយសិកាកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។

(បដិញ្ញាតករណៈ)

(បដិញ្ញាតករណំ)

[១០៥] អាបត្តាធិករណ៍ រម្ងាប់ដោយសមថៈ ប៉ុន្មានយ៉ាង។ អាបត្តាធិករណ៍ រម្ងាប់ដោយសមថៈបីយ៉ាងគឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។

[១០៦] អាបត្តាធិករណ៍មិនបាច់អាស្រ័យសមថៈ១ គឺតិណវត្ថារកៈ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងបដិញ្ញាតករណៈ១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវលហុកាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅរកភិក្ខុ១រូប ហើយធ្វើចីវរឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើងហើយ ពោលយ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែងអាបត្តិនោះចេញ។ ភិក្ខុអ្នកទទួលអាបត្តិនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ចុះក្នុងបដិញ្ញាតករណៈនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនឃាត់ហាម នូវបដិញ្ញាតករណកម្មណា នេះជាកិច្ច ក្នុងបដិញ្ញាតករណកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ បើភិក្ខុនោះបានភិក្ខុអ្នកទទួលយ៉ាងនេះហើយ ការបានយ៉ាងនេះ នេះជាការស្រួល បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុច្រើនរូប ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី គប្បីពោលយ៉ាងនេះ នឹងភិក្ខុទាំងនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណា ត្រូវអាបត្តិឈ្មោះនេះហើយ សូមសំដែងអាបត្តិនោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងភិក្ខុទាំងនោះថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នេះនឹកឃើញអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែងអាបត្តិ។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីទទួលអាបត្តិ របស់ភិក្ខុឈ្មោះនេះ។ ភិក្ខុអ្នកទទួលនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុនោះពោលថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យនោះ មានអង្គ ដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងបដិញ្ញាតករណៈ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវបដិញ្ញាតករណកម្មណា នេះជាកិច្ច ក្នុងបដិញ្ញាតករណកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ បើភិក្ខុ បានភិក្ខុអ្នកទទួលនុ៎ះ យ៉ាងនេះហើយ ការបានយ៉ាងនេះ ជាការស្រួល បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយក្រាបសំពះបាទាភិក្ខុចាស់ទាំងឡាយ អង្គុយច្រហោង ផ្គងអញ្ជលី ពោលនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែង នូវអាបត្តិនោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នឹកឃើញនូវអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែងអាបត្តិ។ បើកម្មមានកាលដ៏គួរ ដល់សង្ឃហើយ ខ្ញុំត្រូវទទួលនូវអាបត្តិ របស់ភិក្ខុឈ្មោះនេះ។ ភិក្ខុអ្នកទទួលនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀតចុះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈ ហើយត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។

(តិណវត្ថារកៈ)

(តិណវត្ថារកំ)

[១០៧] អាបត្តាធិករណ៍ មិនបាច់អាស្រ័យសមថៈ១ គឺបដិញ្ញាតករណៈ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ តិណវត្ថារកៈ១ ក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ ដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយ ក្នុងទីនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើយើងទាំងឡាយ នាំបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន បើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនោះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ដើម្បីឲ្យរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយតិណវត្ថារកៈ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់អធិករណ៍យ៉ាងនេះ។ ភិក្ខុទាំងឡាយរាល់គ្នា ត្រូវប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលបើយើងទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ បើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់នូវអធិករណ៍នេះ ដោយតិណវត្ថារកៈ វៀរលែងតែ អាបត្តិ ដែលមានទោសធំ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួនថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ កាលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។

[១០៨] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួក ជាមួយគ្នាម្ខាងទៀត ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួនថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។

[១០៩] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ ការសំដែងអាបត្តិទាំងឡាយនេះ របស់យើងទាំងឡាយ ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ ការសំដែងអាបត្តិនេះ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ អាបត្តិទាំងឡាយនេះ យើងទាំងឡាយ បានសំដែងហើយ ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ ការសំដែងនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ លំដាប់នោះ ភិក្ខុទាំងឡាយ១ពួកទៀត។ បេ។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ។ ក្នុងសម្មុខាវិន័យនោះ តើមានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ចុះការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ភិក្ខុទាំងឡាយ ដែលគួរដល់កម្ម មានចំនួនប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ មាននៅក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ចុះការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ណា តាមវិន័យណា តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិ ដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងតិណវត្ថារកៈ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវតិណវត្ថារកកម្មណា នេះជាកិច្ច ក្នុងតិណវត្ថារកកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។

[១១០] កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈតែមួយ គឺសម្មុខាវិន័យ។

ចប់ សមថក្ខន្ធកៈ ទី៤។

 

លេខយោង

1)
អដ្ឋកថា ថា ត្រូវសង្ឃអបលោក ហើយសន្មត ឬសន្មតដោយញត្តិទុតិយកម្មវាចា ឯភិក្ខុ ដែលសង្ឃសន្មតយ៉ាងនេះហើយ ត្រូវទៅអង្គុយផ្សេងគ្នា ភិក្ខុឯទៀត ប្រកាសដល់បរិសទ្យនោះថា អ្នកទាំងឡាយ កុំនិយាយអ្វីឡើយ ហើយសឹមវិនិច្ឆ័យអធិករណ៍នោះ។
2)
អដ្ឋកថា ថា កាលបើភិក្ខុបរិសទ្យ ជាអលជ្ជីច្រើនជាង ត្រូវធ្វើស្លាកបិទមុខ។ បើភិក្ខុបរិសទ្យ ជាលជ្ជីច្រើនជាង ត្រូវធ្វើស្លាកបើកមុខ។ បើភិក្ខុបរិសទ្យជាមនុស្សល្ងង់ច្រើនជាង ត្រូខ្សឹបប្រាប់ជិតត្រចៀក។
3)
អដ្ឋកថា ថា ត្រូវឲ្យចាប់ជាថ្មីទៀត ដរាបតែគ្រប់បីដង។
4)
អដ្ឋកថា ថា អាបត្តិទុក្កដ ឈ្មោះថា អាបត្តិរងបារាជិក ក្នុងមេថុនធម្មសិក្ខាបទ។ អាបត្តិថុល្លច្ច័យ ឈ្មោះថា អាបត្តិរងបារាជិក ក្នុងសិក្ខាបទឯទៀត មានអទិន្នានសិក្ខាបទ ជាដើម។
km/tipitaka/vin/cv/vin.cv.04.09.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann