(?)
vin cv 04 09 01 បាលី cs-km: vin.cv.04.09.01 អដ្ឋកថា: vin.cv.04.09.01_att PTS: ?
(សម្មុខាវិនយ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(សម្មុខាវិនយោ)
[៨៨] វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ វិវាទាធិករណ៍ រម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ យេភុយ្យសិកា១។ វិវាទាធិករណ៍ មិនអាស្រ័យសមថៈ១ គឺ យេភុយ្យសិកា គ្រាន់តែរម្ងាប់ដោយសមថៈតែ១ គឺសម្មុខាវិន័យក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោលថា ក៏មានដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ ក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី នេះជាវិន័យក្តី នេះមិនមែនជាវិន័យក្តី នេះជាពាក្យ ដែលព្រះតថាគត បានទ្រង់ត្រាស់សំដែងទុកក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកទេក្តី នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំទុកក្តី នេះមិនមែនជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកទេក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តទេក្តី នេះជាអាបត្តិក្តី នេះមិនមែនជាអាបត្តិក្តី នេះជាអាបត្តិស្រាលក្តី នេះជាអាបត្តិធ្ងន់ក្តី នេះជាអាបត្តិ មានចំណែកសេសសល់ក្តី នេះជាអាបត្តិ មិនមានចំណែកសេសសល់ក្តី នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះហើយ ដែលតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយអ្វី។ អធិករណ៍នោះ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គប៉ុន្មាន។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយមកប្រជុំចំពោះមុខ មិនឃាត់ហាម នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ចំពោះមុខធម៌ ចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គលទាំងពីរនេះ ជាសត្រូវនឹងគ្នា មាននៅក្នុងទីចំពោះមុខ នេះហៅថា ចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះរើរុស)។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះតិះដៀល)។
[៨៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចរម្ងាប់អធិករណ៍នោះ ក្នុងអាវាសនោះបានទេ ម្នាលភិក្ខុទាំងឡាយ (បើ) អាវាសណា មានភិក្ខុច្រើនក្រាសក្រែល ត្រូវភិក្ខុទាំងនោះ ទៅរកអាវានោះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅរកអាវាសនោះ អាចរម្ងាប់អធិករណ៍នោះ ក្នុងកណ្តាលផ្លូវបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌ដូចម្តេច។ រម្ងាប់ដោយសម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គប៉ុន្មាន។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ក៏ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ក៏បាននាំមក ភិក្ខុទាំងឡាយមានក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គលទាំងពីររូប ជាសត្រូវនឹងគ្នា មានក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកធ្វើ ឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅកាន់អាវាសនោះ មិនអាចរម្ងាប់អធិករណ៍ ក្នុងកណ្តាលផ្លូវបានទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ទៅកាន់អាវាសនោះហើយ ពោលយ៉ាងនេះ នឹងភិក្ខុទាំងឡាយ ជាម្ចាស់អាវាសថា ម្នាលលោកទាំងឡាយមានអាយុ អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ សូមលោកមានអាយុទាំងឡាយ រម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយប្រពៃ តាមទំនង ដែលអធិរកណ៍នេះ គប្បីរម្ងាប់ទៅដោយប្រពៃចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ ជាម្ចាស់អាវាស ចាស់ជាង ពួកភិក្ខុជាអាគន្តុកៈ ខ្ចីជាង ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុជាម្ចាស់អាវាសទាំងនោះ និយាយទៅនឹងពួកភិក្ខុ ជាអាគន្តុកៈ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយនៅរង់ចាំ ក្នុងទីសមគួរ មួយរំពេចសិន ទំរាំយើងទាំងឡាយ ប្រឹក្សាគ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកភិក្ខុជាម្ចាស់អាវាស ខ្ចីជាង ពួកភិក្ខុជាអាគន្តុកៈ ចាស់ជាង ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុជាម្ចាស់អាវាសទាំងនោះ និយាយទៅនឹងពួកភិក្ខុជាអាគន្តុកៈ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ នៅរង់ចាំ ក្នុងទីនេះ មួយរំពេចសិន ទំរាំយើងទាំងឡាយ ប្រឹក្សាគ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ពួកភិក្ខុជាម្ចាស់អាវាស កំពុងប្រឹក្សាគ្នា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយ មិនអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបានទេ អធិករណ៍នោះ ភិក្ខុជាម្ចាស់អាវាសទាំងឡាយ មិនត្រូវទទួលទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកភិក្ខុជាម្ចាស់អាវាស កំពុងប្រឹក្សាគ្នា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយ អាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបាន ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាម្ចាស់អាវាសនោះ ត្រូវនិយាយ នឹងពួកភិក្ខុជាអាគន្តុកៈ យ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ ប្រសិនបើលោកទាំងឡាយ ប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដហើយ ដល់យើងទាំងឡាយ យើងទាំងឡាយ នឹងរម្ងាប់អធិករណ៍នេះ ឲ្យសមគួរតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបាន អធិករណ៍ មុខជានឹងរម្ងាប់បាន ដោយស្រួល បើយ៉ាងនេះ ទើបយើងទាំងឡាយ នឹងទទួលអធិករណ៍នេះ។ ម្នាលលោកមានអាយុ ប្រសិនបើលោកទាំងឡាយ មិនប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់យើងទាំងឡាយទេ ចំណែកខាងយើងទាំងឡាយ នឹងរម្ងាប់អធិករណ៍នេះ ឲ្យសមគួរតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា អធិករណ៍នោះ មុខជាមិនបានរម្ងាប់ ដោយល្អឡើយ យើងទាំងឡាយ មិនព្រមទទួលអធិករណ៍នេះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុជាម្ចាស់អាវាស ធ្វើសេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ ត្រូវទទួលអធិករណ៍នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាអាគន្តុកៈនោះ ត្រូវនិយាយទៅនឹងពួកភិក្ខុជាម្ចាស់អាវាសយ៉ាងនេះថា យើងទាំងឡាយ នឹងប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់លោកមានអាយុទាំងឡាយ ប្រសិនបើលោកមានអាយុទាំងឡាយ អាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ មុខជានឹងរម្ងាប់បាន ដោយល្អ បើយ៉ាងនេះ ទើបយើងទាំងឡាយ នឹងប្រគល់អធិករណ៍នេះ ឲ្យលោកមានអាយុទាំងឡាយ បើលោកមានអាយុទាំងឡាយ មិនអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ ក៏មុខជានឹងមិនរម្ងាប់ ដោយប្រពៃឡើយ យើងទាំងឡាយ នឹងមិនប្រគល់អធិករណ៍នេះ ឲ្យលោកមានអាយុទាំងឡាយទេ យើងទាំងឡាយ នឹងជាម្ចាស់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុ ជាអាគន្តុកៈ ធ្វើសេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ សឹមប្រគល់អធិករណ៍នោះ ដល់ពួកភិក្ខុជាម្ចាស់វត្តចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនោះ អាចនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍ រម្ងាប់បានដោយស្រួលល្អ។ អធិករណ៍នោះ រម្ងាប់បានដោយអ្វី។ រម្ងាប់បានដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេចខ្លះ។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គ ក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
[៩១] ម្នាលភិក្ខុទាំងឡាយ កាលបើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុត គឺមិនចេះអស់ មិនចេះហើយ កើតឡើងផង ទាំងសេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់ផង ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យរម្ងាប់អធិករណ៍បែបនេះ ដោយឧព្វាហិ1) កាកម្មវាចា។ សង្ឃគប្បីសន្មតភិក្ខុ ដែលប្រកបដោយអង្គ១០ប្រការ ដោយឧព្វាហិកាកម្មវាចា (ឯអង្គ ១០ប្រការនោះ) គឺ ភិក្ខុជាអ្នកមានសីល១ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ១ ឃើញភ័យ ក្នុងទោសបន្តិចបន្តួច ហើយសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១ ជាពហុស្សូត ទ្រង់ទ្រង់ពុទ្ធវចនៈ ជាអ្នកសន្សំនូវពុទ្ធវចនៈ១ ធម៌ណា ដែលមានពីរោះបទខាងដើម ពីរោះបទកណ្តាល ពីរោះបទចុង ពោលសរសើរព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ឲ្យបរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពយ៉ាងនេះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់ក្នុងចិត្ត ត្រាស់ដឹងល្អ ដោយទិដ្ឋិ១ មិនតែប៉ុណ្ណោះឡើយ បាតិមោក្ខ ទាំងពីរយ៉ាង ក៏ភិក្ខុនោះចាំបាន ដោយពិស្តារ ចេះចែក រលែកស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសុត្តៈ តាមអនុព្យញ្ជនៈ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាល់ ក្នុងផ្លូវវិន័យ១ ជាអ្នកអង់អាច ដើម្បីធ្វើបុគ្គលទាំងពីរ ដែលជាសត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ ឲ្យជ្រះថ្លាបាន១ ជាអ្នកឈ្លាស ដើម្បីរម្ងាប់អធិករណ៍ ដែលកើតឡើងហើយ១ ស្គាល់អធិករណ៍ ស្គាល់ហេតុ ដែលឲ្យកើតអធិករណ៍ ស្គាល់ធម៌សម្រាប់រំលត់អធិករណ៍ ទាំងស្គាល់ផ្លូវ ទៅកាន់ធម៌ សម្រាប់រំលត់អធិករណ៍១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គទាំង១០ប្រការនេះ ដោយឧព្វាហិកាកម្ម។