(?)
vin cv 04 09 02 បាលី cs-km: vin.cv.04.09.02 អដ្ឋកថា: vin.cv.04.09.02_att PTS: ?
(ឧព្ពាហិកាយវូបសមន)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(ឧព្ពាហិកាយវូបសមនំ)
[៩២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតភិក្ខុនោះយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុន លុះសូមរួចហើយ ភិក្ខុជាអ្នកឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់។ សង្ឃសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ ការសន្មតិ នូវភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ ភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង សង្ឃបានសន្មត ដើម្បីឲ្យរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាហើយ ការសន្មតិភិក្ខុ ដើម្បីឲ្យរម្ងាប់នូវអធិករណ៍នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៩៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចដើម្បីរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកាកម្មវាចាបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។
[៩៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងតែវិនិច្ឆ័យអធិករណ៍នោះ មានភិក្ខុជាធម្មកថិក នៅក្នុងបរិសទ្យនោះ មិនចាំសុត្តៈ (មាតិកា) មិនចាំសុត្តវិភង្គ (វិន័យ) ភិក្ខុនោះ មិនបានកំណត់សេចក្តី ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា លោកមានអាយុទាំងឡាយ ចូរប្រុងស្តាប់ខ្ញុំ ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ មិនចាំសុត្តៈ មិនស្ទាត់សុត្តវិភង្គទេ ភិក្ខុជាធម្មកថិកនោះ កំណត់សេចក្តីមិនបានទេ ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ។ បើកម្មមានកាលគួរ ដល់លោកមានអាយុទាំងឡាយហើយ យើងទាំងឡាយដ៏សេស គប្បីឲ្យភិក្ខុឈ្មោះនេះ ក្រោកឡើង ហើយសឹមរម្ងាប់នូវអធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ ឲ្យភិក្ខុនោះក្រោកឡើងហើយ អាចដើម្បីរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។
[៩៥] ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងតែវិនិច្ឆ័យ មានភិក្ខុជាធម្មកថិក ក្នុងបរិសទ្យនោះ ជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គ ភិក្ខុនោះ កំណត់សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា សូមលោកមានអាយុទាំងឡាយ ស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ លោកជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គទេ លោកកំណត់សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ។ បើកម្មមានកាលគួរ ដល់លោកដ៏មានអាយុទាំងឡាយហើយ យើងទាំងឡាយដ៏សេស គប្បីញុំាងភិក្ខុឈ្មោះនេះ ឲ្យក្រោកចេញ ហើយសឹមរម្ងាប់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ បានឲ្យភិក្ខុនោះក្រោកចេញហើយ អាចដើម្បីនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ក៏ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។