User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.04.09.03

(យេភុយ្យសិកាវិនយ)

សង្ខេប

(?)

vin cv 04 09 03 បាលី cs-km: vin.cv.04.09.03 អដ្ឋកថា: vin.cv.04.09.03_att PTS: ?

(យេភុយ្យសិកាវិនយ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(យេភុយ្យសិកាវិនយោ)

[៩៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចដើម្បីនឹងរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកាកម្មវាចាទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ប្រគល់អធិករណ៍នោះ ដល់សង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន យើងទាំងឡាយ មិនអាចដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាទេ សូមសង្ឃ រម្ងាប់អធិករណ៍នេះចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីរម្ងាប់អធិករណ៍បែបនេះ ដោយយេភុយ្យសិកាវិញ។ សង្ឃគប្បីសន្មតភិក្ខុប្រកបដោយអង្គ៥ប្រការ ឲ្យជាសលាកគ្គាហាបកៈ (អ្នកចែកស្លាក) គឺភិក្ខុណា មិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ ដឹងស្លាកដែលគេបានចាប់ និងមិនបានចាប់១។ បេ។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសលាកគ្គាហាបកៈ ការសន្មតិ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ សលាកគ្គាហាបកភិក្ខុនោះ គប្បីឲ្យភិក្ខុទាំងឡាយចាប់ស្លាកចុះ។ (បើ) ភិក្ខុទាំងឡាយ ជាធម្មវាទី មានចំនួនច្រើនជាង ពោលឡើងយ៉ាងណា សង្ឃត្រូវរម្ងាប់អធិករណ៍នោះ យ៉ាងនោះចុះ ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងយេភុយ្យសិកា។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ) ក៏ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ ដែលមាននៅក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ភិក្ខុណា ទាស់ទែងគ្នា ទៅវិញទៅមក ភិក្ខុទាំងពីររូបនោះ ជាសត្រូវនឹងគ្នា ព្រោះការទាស់ទែងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងយេភុយ្យសិកាកម្មនោះ មានវិធីធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវយេភុយ្យសិកាកម្មណា នេះហៅថា វិធីធ្វើ ក្នុងយេភុយ្យសិកាកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។

 

លេខយោង

km/tipitaka/vin/cv/vin.cv.04.09.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann