(?)
vin cv 04 09 04 បាលី cs-km: vin.cv.04.09.04 អដ្ឋកថា: vin.cv.04.09.04_att PTS: ?
(តិវិធសលាកគ្គាហៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(តិវិធសលាកគ្គាហោ)
[៩៧] សម័យនោះឯង ក្នុងក្រុងសាវត្ថី មានអធិករណ៍កើតប្រាកដយ៉ាងនេះឡើង។ គ្រានោះឯង ភិក្ខុទាំងនោះ ជាអ្នកមិនត្រេកអរ ដោយវិធីរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថីឡើយ ហើយបានឮដំណឹងថា មានព្រះថេរៈច្រើនអង្គ គង់នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាអ្នកប្រាជ្ញ វាងវៃ មានប្រាជ្ញា មានអៀនខ្មាស ជាអ្នកមានរង្កៀស ជាអ្នកប្រាថ្នាការសិក្សា បើព្រះថេរៈទាំងនោះ រម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ នាំគ្នាទៅកាន់អាវាសនោះ ហើយនិយាយពាក្យនុ៎ះ នឹងព្រះថេរៈទាំងនោះថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះថេរៈទាំងឡាយ រម្ងាប់នូវអធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយទំនងដែលអធិករណ៍នេះ គប្បីរម្ងាប់បានដោយស្រួល។ គ្រានោះឯង ព្រះថេរៈទាំងនោះ បានរម្ងាប់អធិករណ៍ទាំងនោះ តាមទំនង ដែលអធិករណ៍បានរម្ងាប់ដោយស្រួល ដូចជាអធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែមិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថី ទាំងមិនត្រេកអរដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយច្រើនអង្គ បានឮដំណឹងថា ព្រះថេរៈទាំងឡាយបីអង្គ គង់នៅក្នុងអាវាសឯណោះ។ បេ។ ព្រះថេរៈទាំងឡាយពីរអង្គគង់នៅ។ បេ។ ព្រះថេរៈមួយអង្គ គង់នៅ (ក្នុងអាវាសឯណោះ) ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ មានប្រាជ្ញា មានអៀនខ្មាស មានសេចក្តីរង្កៀសប្រាថ្នាការសិក្សា ប្រសិនបើព្រះថេរៈអង្គនោះ គប្បីរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ បានទៅកាន់អាវាសនោះ ហើយនិយាយពាក្យនុ៎ះ នឹងព្រះថេរៈនោះថា បពិត្រលោកម្ចាស់ដ៏ចំរើន អធិករណ៍នេះ កើតប្រាកដយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះថេរៈរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយទំនងដែលអធិករណ៍នេះ គប្បីរម្ងាប់បានដោយស្រួល។ គ្រានោះឯង ព្រះថេរៈនោះ ក៏បានរម្ងាប់អធិករណ៍នោះ តាមទំនង ដែលអធិករណ៍រម្ងាប់ទៅដោយស្រួល ដូចជាអធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុងសាវត្ថី ដូចជាអធិករណ៍ ដែលព្រះថេរៈច្រើនអង្គ បានរម្ងាប់ហើយ ដូចជាអធិករណ៍ ដែលព្រះថេរៈទាំងឡាយបីអង្គ បានរម្ងាប់ហើយ ដូចជាអធិករណ៍ ដែលព្រះថេរៈទាំងឡាយពីរអង្គ បានរម្ងាប់ហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែមិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថី មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរទាំងឡាយច្រើនអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយបីអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយពីរអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈមួយអង្គ ហើយក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅជិតហើយ ក៏ក្រាបបង្គំទូល ដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍នុ៎ះ សង្ឃបានកំចាត់បង់ឲ្យស្ងប់រម្ងាប់ហើយ ឈ្មោះថារម្ងាប់ដោយប្រពៃហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ការចាប់ស្លាកបីយ៉ាង គឺគូឡ្ហកៈ (បិទមុខ)១ សកណ្ណជប្បកៈ (ខ្សឹបប្រាប់)១ វិវដកៈ1) (បើកចំហ)១ ដើម្បីបញ្ជាក់ដល់ភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ចុះការចាប់ស្លាក ឈ្មោះគូឡ្ហកៈនោះដូចម្តេច។ ត្រូវសលាកគ្គាហាបកភិក្ខុនោះ ធ្វើស្លាកឲ្យមានពណ៌ផ្សេងគ្នា ហើយចូលទៅរកភិក្ខុ១រូបម្តងៗ ហើយនិយាយយ៉ាងនេះថា នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ លោកចង់ចាប់ស្លាកណា ចូរលោកចាប់ស្លាកនោះចុះ។ លុះភិក្ខុអ្នកចាប់នោះ ចាប់យកទៅហើយ សលាកគ្គាហាបកភិក្ខុ ត្រូវប្រាប់ថា លោកកុំបង្ហាញអ្នកណាឲ្យសោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រាប់ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត។2) បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា គូឡ្ហកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក ឈ្មោះសកណ្ណជប្បកៈនោះ តើដូចម្តេច។ សលាកគ្គាហាបកភិក្ខុនោះ ត្រូវខ្សឹបជិតត្រចៀកភិក្ខុមួយរូបៗថា នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ លោកចង់ចាប់ស្លាកណា ចូរយកស្លាកនោះចុះ។ លុះភិក្ខុចាប់ស្លាកទៅហើយ ត្រូវសលាកគ្គាហាបកភិក្ខុ និយាយថា លោកកុំប្រាប់អ្នកណាឲ្យសោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រាប់ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ យ៉ាងនេះ ដែលហៅថា សកណ្ណជប្បកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក ឈ្មោះវិវដកៈនោះ ដូចម្តេច។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវបណ្តោយឲ្យចាប់ដោយវិធីចាប់ស្លាក ឈ្មោះវិវកដៈចុះ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា វិវដកៈ ម្នាលភិក្ខុទាំងឡាយ វិធីចាប់ស្លាកមាន៣យ៉ាង ប៉ុណ្ណេះឯង។