(?)
vin cv 04 09 05 បាលី cs-km: vin.cv.04.09.05 អដ្ឋកថា: vin.cv.04.09.05_att PTS: ?
(សតិវិនយ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(សតិវិនយោ)
[៩៨] អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ ប៉ុន្មានយ៉ាង។ អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៤យ៉ាង គឺសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។
[៩៩] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺអមូឡ្ហវិន័យ និងតស្សបាបិយសិកាទេ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងសតិវិន័យ (ប៉ុណ្ណោះ) ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិ ឥតមានមូល។ ម្នាលភិក្ខុទាំងឡាយ សតិវិន័យ សង្ឃត្រូវឲ្យដល់ភិក្ខុ ដែលមានសតិបរិបូណ៌នោះឯង។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសតិវិន័យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីវរឆៀងស្មាម្ខាង។ បេ។ ហើយនិយាយនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ភិក្ខុទាំងឡាយ ចោទខ្ញុំដោយសីលវិបត្តិ ឥតមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកមានសតិពេញបរិបូណ៌ហើយ មកសូមសតិវិន័យនឹងសង្ឃ។ ភិក្ខុនោះ ត្រូវសូមសតិវិន័យ ជាគំរប់ពីរដងផង។ ភិក្ខុនោះ ត្រូវសូមសតិវិន័យ ជាគំរប់បីដងផង។
[១០០] ភិក្ខុអ្នកឈ្លាស វាងវៃ ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុទាំងឡាយ ចោទភិក្ខុឈ្មោះនេះ ដោយសីលវិបត្តិ ឥតមានមូល។ ភិក្ខុនោះ ជាអ្នកមានសតិពេញបរិបូណ៌ ហើយមកសូមសតិវិន័យនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកមានសតិពេញបរិបូណ៌ហើយ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុទាំងឡាយ ចោទភិក្ខុឈ្មោះនេះ ដោយសីលវិបត្តិ ឥតមានមូល។ ភិក្ខុនោះ ជាអ្នកមានសតិពេញបរិបូណ៌ ហើយមកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យនូវសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ។ ការឲ្យនូវសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បេ។ សតិវិន័យ សង្ឃបានឲ្យដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ ការឲ្យសតិវិន័យនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍ រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងសតិវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ចោទគ្នាទៅវិញទៅមក បុគ្គលទាំងពីរនាក់នោះ ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ចុះក្នុងសតិវិន័យនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅឯបនែប ការទទួល និងកិរិយាមិនឃាត់ហាម នូវសតិវិន័យកម្មណា នេះជាកិច្ច ក្នុងសតិវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។