User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.04.09.07

(តស្សបាបិយសិកាវិនយ)

សង្ខេប

(?)

vin cv 04 09 07 បាលី cs-km: vin.cv.04.09.07 អដ្ឋកថា: vin.cv.04.09.07_att PTS: ?

(តស្សបាបិយសិកាវិនយ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(តស្សបាបិយសិកាវិនយោ)

[១០៣] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺសតិវិន័យ១ អមូឡ្ហវិន័យ១ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ១ តស្សបាបិយសិកា១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃថា លោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិក1) ហើយ ចូរនឹកមើលទៅ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាលលោកមានអាយុ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវអាបត្តិបន្តិចបន្តួច មានសភាពយ៉ាងនេះ ប៉ុណ្ណោះ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះវិញថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិឈ្មោះនេះបន្តិចបន្តួច ទោះបីឥតគេសួរនោះ ក៏គង់តែខ្ញុំប្តេជ្ញា ចំណង់បើខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក គេសួរហើយ ខ្ញុំនឹងមិនប្តេជ្ញា ដូចម្តេចបាន។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាលលោកមានអាយុ លោកត្រូវអាបត្តិ ឈ្មោះនេះបន្តិចបន្តួច ទោះបីឥតគេសួរនោះ ក៏គង់តែលោកមិនប្តេជ្ញា ចំណង់បើលោកត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក គេមិនសួរហើយ លោកនឹងប្តេជ្ញា ដូចម្តេចបាន លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹង ដោយស្រួលបួលចុះ បើលោកត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញយ៉ាងនេះថា ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក ពាក្យនេះ ខ្ញុំនិយាយលេងទេ ពាក្យនេះ ខ្ញុំនិយាយភ្លាត់ទេ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្មនេះ សង្ឃត្រូវតែធ្វើដល់ភិក្ខុនោះកុំខានឡើយ។

[១០៤] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម សង្ឃត្រូវធ្វើយ៉ាងនេះ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង ខ្ញុំពោលសេចក្តីនេះ អស់វារៈពីរដងផង។ បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈបីដងផង។ បេ។ តស្សបាបិយសិកាកម្ម សង្ឃបានធ្វើហើយ ដល់ភិក្ខុឈ្មោះនេះ ការធ្វើនូវតស្សបាបិយសិកាកម្មនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងតស្សបាបិយសិកា។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ក្នុងតស្សបាបិយសិកាកម្មនោះ មានកិរិយាធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនឃាត់ហាម នូវតស្សបាបិយសិកាកម្មណា នេះជាកិរិយាធ្វើ ក្នុងតស្សបាបិយសិកាកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។

 

លេខយោង

1)
អដ្ឋកថា ថា អាបត្តិទុក្កដ ឈ្មោះថា អាបត្តិរងបារាជិក ក្នុងមេថុនធម្មសិក្ខាបទ។ អាបត្តិថុល្លច្ច័យ ឈ្មោះថា អាបត្តិរងបារាជិក ក្នុងសិក្ខាបទឯទៀត មានអទិន្នានសិក្ខាបទ ជាដើម។
km/tipitaka/vin/cv/vin.cv.04.09.07.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann