(?)
vin cv 04 09 08 បាលី cs-km: vin.cv.04.09.08 អដ្ឋកថា: vin.cv.04.09.08_att PTS: ?
(បដិញ្ញាតករណៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(បដិញ្ញាតករណំ)
[១០៥] អាបត្តាធិករណ៍ រម្ងាប់ដោយសមថៈ ប៉ុន្មានយ៉ាង។ អាបត្តាធិករណ៍ រម្ងាប់ដោយសមថៈបីយ៉ាងគឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។
[១០៦] អាបត្តាធិករណ៍មិនបាច់អាស្រ័យសមថៈ១ គឺតិណវត្ថារកៈ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងបដិញ្ញាតករណៈ១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវលហុកាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅរកភិក្ខុ១រូប ហើយធ្វើចីវរឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើងហើយ ពោលយ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែងអាបត្តិនោះចេញ។ ភិក្ខុអ្នកទទួលអាបត្តិនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ចុះក្នុងបដិញ្ញាតករណៈនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនឃាត់ហាម នូវបដិញ្ញាតករណកម្មណា នេះជាកិច្ច ក្នុងបដិញ្ញាតករណកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ បើភិក្ខុនោះបានភិក្ខុអ្នកទទួលយ៉ាងនេះហើយ ការបានយ៉ាងនេះ នេះជាការស្រួល បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុច្រើនរូប ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី គប្បីពោលយ៉ាងនេះ នឹងភិក្ខុទាំងនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណា ត្រូវអាបត្តិឈ្មោះនេះហើយ សូមសំដែងអាបត្តិនោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងភិក្ខុទាំងនោះថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នេះនឹកឃើញអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែងអាបត្តិ។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីទទួលអាបត្តិ របស់ភិក្ខុឈ្មោះនេះ។ ភិក្ខុអ្នកទទួលនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុនោះពោលថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យនោះ មានអង្គ ដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងបដិញ្ញាតករណៈ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវបដិញ្ញាតករណកម្មណា នេះជាកិច្ច ក្នុងបដិញ្ញាតករណកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ បើភិក្ខុ បានភិក្ខុអ្នកទទួលនុ៎ះ យ៉ាងនេះហើយ ការបានយ៉ាងនេះ ជាការស្រួល បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយក្រាបសំពះបាទាភិក្ខុចាស់ទាំងឡាយ អង្គុយច្រហោង ផ្គងអញ្ជលី ពោលនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែង នូវអាបត្តិនោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នឹកឃើញនូវអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែងអាបត្តិ។ បើកម្មមានកាលដ៏គួរ ដល់សង្ឃហើយ ខ្ញុំត្រូវទទួលនូវអាបត្តិ របស់ភិក្ខុឈ្មោះនេះ។ ភិក្ខុអ្នកទទួលនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀតចុះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈ ហើយត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។