User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.04.09.09

(តិណវត្ថារកៈ)

សង្ខេប

(?)

vin cv 04 09 09 បាលី cs-km: vin.cv.04.09.09 អដ្ឋកថា: vin.cv.04.09.09_att PTS: ?

(តិណវត្ថារកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(តិណវត្ថារកំ)

[១០៧] អាបត្តាធិករណ៍ មិនបាច់អាស្រ័យសមថៈ១ គឺបដិញ្ញាតករណៈ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ តិណវត្ថារកៈ១ ក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ ដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយ ក្នុងទីនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើយើងទាំងឡាយ នាំបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន បើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនោះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ដើម្បីឲ្យរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយតិណវត្ថារកៈ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់អធិករណ៍យ៉ាងនេះ។ ភិក្ខុទាំងឡាយរាល់គ្នា ត្រូវប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលបើយើងទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ បើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់នូវអធិករណ៍នេះ ដោយតិណវត្ថារកៈ វៀរលែងតែ អាបត្តិ ដែលមានទោសធំ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួនថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ កាលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។

[១០៨] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួក ជាមួយគ្នាម្ខាងទៀត ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួនថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។

[១០៩] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ ការសំដែងអាបត្តិទាំងឡាយនេះ របស់យើងទាំងឡាយ ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ ការសំដែងអាបត្តិនេះ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ អាបត្តិទាំងឡាយនេះ យើងទាំងឡាយ បានសំដែងហើយ ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ ការសំដែងនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ លំដាប់នោះ ភិក្ខុទាំងឡាយ១ពួកទៀត។ បេ។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ។ ក្នុងសម្មុខាវិន័យនោះ តើមានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ចុះការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ភិក្ខុទាំងឡាយ ដែលគួរដល់កម្ម មានចំនួនប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ មាននៅក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ចុះការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ណា តាមវិន័យណា តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិ ដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងតិណវត្ថារកៈ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវតិណវត្ថារកកម្មណា នេះជាកិច្ច ក្នុងតិណវត្ថារកកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។

[១១០] កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈតែមួយ គឺសម្មុខាវិន័យ។

ចប់ សមថក្ខន្ធកៈ ទី៤។

 

លេខយោង

km/tipitaka/vin/cv/vin.cv.04.09.09.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann