(?)
vin cv 05 01 បាលី cs-km: vin.cv.05.01 អដ្ឋកថា: vin.cv.05.01_att PTS: ?
(ខុទ្ទកវត្ថូនិ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(ខុទ្ទកវត្ថូនិ)
[១១១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ហើយត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើ។ មនុស្សទាំងឡាយ បានឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹងមកងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើ ដូចអ្នកប្រដាល់ ឬដូចពួកមនុស្ស អ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់កាយ ដូច្នេះសោះ។ ពួកភិក្ខុ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុ ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងមកនាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ក៏ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងដើមឈើទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
[១១២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងសសរ។1) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹងងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងសសរ ដូចអ្នកប្រដាល់ ឬដូចពួកមនុស្ស អ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់កាយសោះ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ វេលានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងសសរទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
[១១៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងជញ្ជាំង។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹង មកងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងជញ្ជាំង ដូចអ្នកប្រដាល់ ឬដូចពួកមនុស្ស អ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់កាយសោះ។ បេ។ ព្រះមានបុណ្យ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងជញ្ជាំងទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
[១១៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលងូតទឹក ក៏នាំគ្នាទៅងូត ក្នុងទីមិនគួរ។2) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលងូតទឹក មិនត្រូវងូតក្នុងទីមិនគួរទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាងូតទឹក ដោយឈើ ដែលគេធ្វើជាដៃគន្ធព្វ។3) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយឈើដែលគេធ្វើជាដៃគន្ធព្វទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹកដោយដុំលំអិតថ្ម ឈ្មោះកុរុវិន្ទកៈ។4) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយដុំលំអិតថ្ម ឈ្មោះកុរុវិន្ទកៈឡើយ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ញុំាងគ្នានឹងគ្នាឲ្យធ្វើបរិកម្ម5) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវញុំាងគ្នានឹងគ្នា ឲ្យធ្វើបរិកម្ម ទៅវិញទៅមកទេ ភិក្ខុណាឲ្យធ្វើ ត្រូវអាបត្តិទុក្កដ។
[១១៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ងូតទឹកដោយឈើ មានសណ្ឋានដូចជើងកន្ថោរ6) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយឈើ មានសណ្ឋានដូចជើងកន្ថោរទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៩] សម័យនោះឯង មានភិក្ខុ១រូប កើតអាពាធកមរមាស់។ ភិក្ខុនោះ វៀរចាកឈើ មានសណ្ឋានដូចជើងកន្ថោរ ក៏មិនបានសេចក្តីសប្បាយ។ បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើ មានសណ្ឋានដូចជើងកន្ថោរ ដែលគេមិនបានឆ្លាក់ជាក្បាច់ធ្មេញមករ ដល់ភិក្ខុមានជម្ងឺ។
[១២០] សម័យនោះឯង មានភិក្ខុ១រូប ចាស់ជរាកំឡាំងថយ កាលបើងូតទឹក មិនអាចនឹងដុសកាយខ្លួនឯងបាន។ បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្មាញ់សំពត់7) (សម្រាប់ភិក្ខុចាស់ជរាងូតទឹកដុសខ្លួនបាន)។
[១២១] សម័យនោះឯង មានភិក្ខុ១រូប រង្កៀសនឹងការបរិកម្មខ្នង (ដុសខ្នង)។ បេ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការដុសខ្នង ដោយដៃបាន។
[១២២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក8)។ បេ។ ទ្រទ្រង់សង្វារ។ ទ្រទ្រង់គ្រឿងប្រដាប់ក។ ទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ។ ពាក់កង។ ទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ9) ទ្រទ្រង់គ្រឿងប្រដាប់ដៃ។ ពាក់ចិញ្ចៀន។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក។ ទ្រទ្រង់សង្វារ។ ទ្រទ្រង់គ្រឿងប្រដាប់ក។ ទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ។ ពាក់កង។ ទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ។ ទ្រទ្រង់គ្រឿងប្រដាប់ដៃ។ ពាក់ចិញ្ចៀន ពិតមែនឬ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក មិនត្រូវទ្រទ្រង់សង្វារ មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ក មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ មិនត្រូវពាក់កង មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ដៃ មិនត្រូវពាក់ចិញ្ចៀន ភិក្ខុណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។
[១២៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទុកសក់វែង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកសក់វែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យទុកសក់ កំណត់កាលត្រឹមពីរខែ ឬកំណត់ត្រឹមពីរធ្នាប់។10)
[១២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សិតសក់ដោយស្និត។ សិតសក់ដោយក្រាស។ ជ្រងសក់ដោយក្រាស គឺដៃធ្វើជាក្រាស។ សិតសក់ដោយក្រមួន និងប្រេង។ សិតសក់ដោយប្រេង ដែលលាយដោយទឹក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសិតសក់ដោយស្និត មិនត្រូវសិតសក់ដោយក្រាស មិនត្រូវជ្រងសក់ដោយដៃ ធ្វើជាក្រាស មិនត្រូវសិតសក់ ដោយក្រមួន និងប្រេង មិនត្រូវសិតសក់ដោយប្រេង ដែលលាយដោយទឹកទេ ភិក្ខុណាសិត ត្រូវអាបត្តិទុក្កដ។
[១២៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ មើលមុខនិមិត្ត គឺស្រមោលមុខ ក្នុងកញ្ចក់ខ្លះ ក្នុងភាជនៈទឹកខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវមើលមុខនិមិត្ត ក្នុងកញ្ចក់ ឬក្នុងភាជនៈទឹកទេ ភិក្ខុណាមើល ត្រូវអាបត្តិទុក្កដ។
[១២៦] សម័យនោះឯង មានភិក្ខុ១រូប កើតដម្បៅត្រង់មុខ។ ភិក្ខុនោះ សួរភិក្ខុទាំងឡាយថា ម្នាលលោកមានអាយុ ដម្បៅខ្ញុំ ដូចម្តេចទៅ។ ភិក្ខុទាំងឡាយ ប្រាប់យ៉ាងនេះថា ម្នាលលោកមានអាយុ ដម្បៅលោកដូច្នេះ។ ភិក្ខុនោះមិនជឿ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធ ជាហេតុ តថាគតអនុញ្ញាត ឲ្យភិក្ខុមើលនិមិត្ត ក្នុងកញ្ចក់ ឬក្នុងភាជនៈទឹកបាន។
[១២៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាផាត់មុខ។ ដុសខាត់មុខ។ ប្រស់មុខ។ ចុចមុខដោយថ្មមនោសិលា។ ធ្វើការលាបខ្លួន។ ធ្វើការលាបមុខ។ ធ្វើការលាបទាំងខ្លួន ទាំងមុខ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផាត់មុខ មិនត្រូវដុសខាត់មុខ មិនត្រូវប្រស់មុខ មិនត្រូវចុចមុខ ដោយថ្មមនោសិលា មិនត្រូវធ្វើការលាបខ្លួន មិនត្រូវធ្វើការលាបមុខ មិនត្រូវធ្វើការលាបទាំងខ្លួន ទាំងមុខទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[១២៨] សម័យនោះឯង មានភិក្ខុ១រូប កើតអាពាធឈឺភ្នែក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធ ជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុផាត់មុខបាន។
[១២៩] សម័យនោះឯង មានល្បែងមហោស្រព លើកំពូលភ្នំ ទៀបក្រុងរាជគ្រឹះ។ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាទៅមើលល្បែងមហោស្រព លើកំពូលភ្នំ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈសក្យបុត្តិយ៍ មិនសមបើនឹង ទៅមើលរាំ ឬស្តាប់ច្រៀង និងស្តាប់ភ្លេងប្រគំ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម ដូច្នេះសោះ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទៅមើលរាំ ស្តាប់ច្រៀង ឬភ្លេងប្រគំទេ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។
[១៣០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ច្រៀងធម៌ ដោយសំលេងច្រៀងដ៏វែងៗ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងច្រៀងយ៉ាងណាមិញ ពួកសមណៈ សក្យបុត្តិយ៍ទាំងនេះ ក៏ច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗ យ៉ាងនោះដែរ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹង ច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗ ដូច្នេះសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ ព្រះអង្គ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ទោសទាំង៥នេះ នឹងមានដល់ភិក្ខុអ្នកច្រៀងធម៌ ដោយសម្លេងច្រៀងវែងៗ គឺភិក្ខុនោះ ត្រេកអរក្នុងសម្លេងរបស់ខ្លួននោះ១ ជនទាំងឡាយដទៃ រមែងត្រេកអរ ក្នុងសម្លេងនោះ១ គហបតិទាំងឡាយ តែងពោលទោស១ បុគ្គល ដែលពេញចិត្តនឹងការសូត្ររលាក់រលែកសម្លេង រមែងខូចសមាធិ១ ពួកជនខាងក្រោយ នឹងដល់នូវទិដ្ឋានុគតិ (យកតម្រាប់តាម)១ ម្នាលភិក្ខុទាំងឡាយ ទោសទាំង៥នេះឯង នឹងមានដល់ភិក្ខុអ្នកច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗទេ ភិក្ខុណាច្រៀង ត្រូវអាបត្តិទុក្កដ។
[១៣១] សម័យនោះឯង ភិក្ខុទាំងឡាយរង្កៀសក្នុងសរភ័ញ្ញ គឺការសូត្រដោយប្រែសំឡេង។11) លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសូត្រសរភ័ញ្ញបាន។
[១៣២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់សំពត់ ដែលគេធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់សំពត់ ដែលគេធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[១៣៣] សម័យនោះឯង ក្នុងសួនរបស់ព្រះរាជា ទ្រង់ព្រះនាមមាគធសេនិយពិម្ពិសារ មានស្វាយផ្លែជាច្រើន។ ព្រះរាជា ទ្រង់ព្រះនាមមាគធសេនិយពិម្ពិសារ ទ្រង់បវារណាថា សូមលោកម្ចាស់ទាំងឡាយ និមន្តឆាន់ផ្លែស្វាយ តាមសប្បាយចុះ។ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាបេះផ្លែស្វាយខ្ចីៗឆាន់។ ក៏ជួនជា ព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់មានសេចក្តីត្រូវការ ដោយផ្លែស្វាយដែរ។ លំដាប់នោះ ព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់មនុស្សទាំងឡាយថា ម្នាលនាយ អ្នកទាំងឡាយ ចូរទៅសួន ហើយបេះផ្លែស្វាយមក។ មនុស្សទាំងនោះ ទទួលព្រះរាជឱង្ការព្រះរាជាមាគធសេនិយពិម្ពិសារ ដោយពាក្យថា ព្រះករុណាពិសេស ហើយក៏ទៅកាន់សួន និយាយនឹងនាយអារាមបាល (អ្នករក្សាសួន) យ៉ាងនេះថា នែនាយ ព្រះសម្មតិទេព ទ្រង់ត្រូវការដោយផ្លែស្វាយ ចូរអ្នកទាំងឡាយ ថ្វាយផ្លែស្វាយកុំខាន។ នាយអារាមបាល ក៏ឆ្លើយថា បពិត្រលោកទាំងឡាយ ផ្លែស្វាយគ្មានទេ ព្រោះពួកភិក្ខុ បេះផ្លែស្វាយខ្ចីៗ យកទៅឆាន់អស់ហើយ។ លំដាប់នោះ មនុស្សទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះរាជាមាគធសេនិយពិម្ពិសារ។ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ម្នាលនាយ លោកម្ចាស់ទាំងឡាយ បានឆាន់ផ្លែស្វាយ ក៏ជាការប្រពៃហើយ តែថា ព្រះមានព្រះភាគ ទ្រង់សរសើរការដឹងប្រមាណ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ សក្យបុត្តិយ៍ មិនសមបើ នឹងឆាន់ផ្លែស្វាយ របស់ព្រះរាជា មិនដឹងប្រមាណសោះ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ផ្លែស្វាយ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[១៣៤] សម័យនោះ មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ ប្រជុំជននោះ បានដាក់ចំណិតផ្លែស្វាយក្នុងសម្ល។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានទទួល។ បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទទួលឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចំណិតផ្លែស្វាយ។
[១៣៥] សម័យនោះឯង មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ មនុស្សទាំងនោះ មិនអាចនឹងធ្វើចំណិតផ្លែស្វាយបាន។ ជនទាំងនោះ ក៏នាំយកផ្លែស្វាយទាំងមូល ទៅក្នុងរោងភត្ត។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានទទួល។ បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទទួលឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប្ប12) ៥យ៉ាង គឺផ្លែឈើដែលគេអុជ ឬដុតកំដៅដោយភ្លើង១ ដែលគេចោះ ពុះ ចិត ដោយសស្ត្រា១ ដែលគេចុចដោយក្រចក១ ដែលគ្មានពូជដុះតទៅ១ មានពូជដែរ តែគួរបន្លេចគ្រាប់ចេញបាន១ ជាគំរប់ប្រាំ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប្បទាំង៥នេះឯង។
[១៣៦] សម័យនោះឯង ភិក្ខុ១រូបពស់ចឹកហើយក៏ស្លាប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានជាដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ទេ។ ត្រកូលស្តេចពស់ទាំង៤ ដូចម្តេចខ្លះ។ ត្រកូលស្តេចពស់ទាំង៤នោះ គឺ ត្រកូលស្តេចពស់ ឈ្មោះវិរូបក្ខៈ ត្រកូលស្តេចពស់ ឈ្មោះឯរាបថៈ ត្រកូលស្តេចពស់ ឈ្មោះឆព្យាបុត្តៈ ត្រកូលស្តេចពស់ ឈ្មោះកណ្ហាគោតមក ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះបានជាដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះឯង។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះ ដើម្បីគ្រប់គ្រងខ្លួន ដើម្បីរក្សាខ្លួន ដើម្បីការពារខ្លួន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវធ្វើមេត្តាចិត្តយ៉ាងនេះឯង។
[១៣៧] មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះវិរូបក្ខៈផង13) មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះឯរាបថៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះឆព្យាបុត្តៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះកណ្ហាគោតមកៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមិនមានជើងផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងពីរផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងបួនផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងច្រើនផង សត្វគ្មានជើង កុំបៀតបៀនយើង សត្វមានជើងពីរ កុំបៀតបៀនយើងឡើយ។ សត្វមានជើងបួន កុំបៀតបៀនយើង សត្វមានជើងច្រើន កុំបៀតបៀនយើងឡើយ។ ពួកសត្វ14) ទាំងអស់ផង ពួកបាណៈ15) ទាំងអស់ផង ពួកភូត16) ទាំងអស់ផង គ្រប់យ៉ាង សត្វទាំងអស់ (នោះ) ចូរឃើញ នូវអារម្មណ៍ ដ៏ចំរើន អំពើដ៏អាក្រក់តិចតួច កុំបីមកឡើយ។ ព្រះពុទ្ធ មានគុណប្រមាណមិនបាន ព្រះធម៌ មានគុណប្រមាណមិនបាន ព្រះសង្ឃ មានគុណប្រមាណមិនបាន ពួកសត្វទីឃជាតិ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្តុរ ជាសត្វប្រកបដោយគុណសម្បត្តិ (តិច) ការរក្សា យើងបានធ្វើហើយ សេចក្តីការពារ យើងបានធ្វើហើយ សត្វទាំងឡាយ ចូរចៀសចេញទៅ យើងធ្វើកិរិយានមស្ការ ចំពោះព្រះមានព្រះភាគ ធ្វើកិរិយានមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធទាំង៧ព្រះអង្គ (មានព្រះពុទ្ធ ទ្រង់ព្រះនាមវិបស្សីជាដើម)។
[១៣៨] សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីអផ្សុកបៀតបៀន ហើយក៏កាត់នូវអង្គជាតរបស់ខ្លួន។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ វត្ថុដទៃ17) ដែលខ្លួនគួរកាត់ ក៏មាន តែមោឃបុរសនោះ ទៅកាត់ឯវត្ថុដទៃ (អង្គជាត)វិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវកាត់អង្គជាតរបស់ខ្លួនទេ ភិក្ខុណាកាត់ ត្រូវអាបត្តិថុល្លច្ច័យ។
[១៣៩] សម័យនោះឯង រាជគហសេដ្ឋី (ជាសេដ្ឋីនៅក្នុងក្រុងរាជគ្រឹះ) បានពកចន្ទន៍ នៃខ្លឹមចន្ទន៍ មានតម្លៃច្រើន។ លំដាប់នោះ រាជគហសេដ្ឋី មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ឲ្យជាងក្រឡឹងបាត្រ ដោយពកចន្ទន៍នេះ លំអិតដែលបានពីការក្រឡឹង ក៏ជាគ្រឿងប្រើប្រាស់របស់អាត្មាអញផង ហើយអាត្មាអញ នឹងបានឲ្យបាត្រ ទៅជាទានផង។ គ្រានោះ រាជគហសេដ្ឋី ក៏ឲ្យជាងក្រឡឹងបាត្រ ដោយពកចន្ទន៍នោះ ហើយច្រកក្នុងសង្រែក ព្យួរលើចុងឫស្សី ហើយលើកឫស្សីតៗគ្នា (ឲ្យខ្ពស់)ឡើង រួចនិយាយយ៉ាងនេះថា លោកណា ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី ដែលជាព្រះអរហន្ត មានឫទ្ធិ លោកនោះ ចូរដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។
[១៤០] គ្រានោះ គ្រូឈ្មោះ បូរណកស្សបៈ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ ក៏និយាយយ៉ាងនេះ នឹងរាជគហសេដ្ឋីថា នែគហបតិ អាត្មាជាព្រះអរហន្ត ទាំងមានឫទ្ធិផង សូមអ្នកឲ្យបាត្រមកអាត្មាចុះ។ សេដ្ឋីនិយាយថា បពិត្រលោកដ៏ចំរើន បើលោកមានអាយុ ជាព្រះអរហន្ត ទាំងមានឫទ្ធិផងមែន ចូរលោកដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។ លំដាប់នោះ គ្រូឈ្មោះ មក្ខលិគោសាល គ្រូឈ្មោះ អជិតកេសកម្ពល គ្រូឈ្មោះបកុធកច្ចាយនៈ គ្រូឈ្មោះ សញ្ជយវេឡដ្ឋបុត្ត គ្រូឈ្មោះ និគ្គណ្ឋនាដបុត្ត បានចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ ក៏និយាយយ៉ាងនេះ នឹងរាជគហសេដ្ឋីថា នែគហបតិ អាត្មាជាព្រះអរហន្ត ទាំងមានឫទ្ធិផង សូមអ្នកឲ្យបាត្រមកអាត្មាចុះ។ សេដ្ឋីនិយាយថា បពិត្រលោកដ៏ចំរើន បើលោកមានអាយុ ជាព្រះអរហន្ត ទាំងមានឫទ្ធិមែន ចូរលោកដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។
[១៤១] សម័យនោះឯង ព្រះមហាមោគ្គល្លានមានអាយុ និងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ស្លៀកដណ្តប់ក្នុងបុព្វណ្ហសម័យ ហើយទ្រង់បាត្រ និងចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ចំណែកខាងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ជាព្រះអរហន្ត ទាំងមានឫទ្ធិផង។ ព្រះមហាមោគ្គល្លានមានអាយុ ជាព្រះអរហន្ត ទាំងមានឫទ្ធិផងដែរ។ គ្រានោះ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ និយាយនឹងព្រះមហាមោគ្គល្លានមានអាយុ យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ចូរលោកនិមន្តទៅដាក់យកបាត្រនុ៎ះមក បាត្រនុ៎ះ ជាបាត្ររបស់លោកហើយ។ ឯព្រះមហាមោគ្គល្លានមានអាយុ ក៏និយាយទៅនឹងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ យ៉ាងនេះវិញថា ម្នាលអាវុសោភារទ្វាជៈ ចូរលោកនិមន្តទៅដាក់យកបាត្រនុ៎ះមក បាត្រនុ៎ះ ជាបាត្ររបស់លោកហើយ។ លំដាប់នោះ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ក៏ហោះទៅឯអាកាស កាន់យកបាត្រនោះ ហើយហោះក្រឡឹងក្រុងរាជគ្រឹះបីជុំ។
[១៤២] សម័យនោះឯង រាជគហសេដ្ឋី ព្រមទាំងកូន និងប្រពន្ធ ឈរនៅទីផ្ទះរបស់ខ្លួន ផ្គងអញ្ជលីនមស្ការនិយាយថា បពិត្រលោកដ៏ចំរើន សូមព្រះភារទ្វាជៈជាម្ចាស់ មកប្រតិស្ឋាន ក្នុងផ្ទះរបស់យើងឯនេះ។ លំដាប់នោះ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ក៏មកប្រតិស្ឋាន ក្នុងទីផ្ទះរបស់រាជគហសេដ្ឋី។ លំដាប់នោះ រាជគហសេដ្ឋី ទទួលបាត្រ អំពីព្រះហស្តព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ហើយដាក់ខាទនីយៈ ដែលមានថ្លៃច្រើនឲ្យពេញ រួចប្រគេនដល់ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ។ ឯព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ក៏ទទួលយកបាត្រនោះ ហើយដើរទៅកាន់អារាម។ មនុស្សទាំងឡាយ បានឮច្បាស់ថា ឥឡូវ បាត្ររបស់រាជគហសេដ្ឋី ព្រះបិណ្ឌោលភារទ្វាជៈជាម្ចាស់ បានដាក់យកទៅហើយ។ មនុស្សទាំងនោះ ក៏ហ៊ោ កញ្ជ្រៀវ ដើរទៅតាមក្រោយៗព្រះបិណ្ឌោលភារទ្វាជៈមានអាយុ។ ព្រះមានព្រះភាគ ទ្រង់បានឮសំឡេងហ៊ោកញ្ជ្រៀវ លុះឮហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកសួរថា ម្នាលអានន្ទ សំឡេងហ៊ោកញ្ជ្រៀវនោះ ជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវ បាត្ររបស់រាជគហសេដ្ឋី ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ បានដាក់យកទៅហើយ បពិត្រព្រះអង្គដ៏ចំរើន មនុស្សទាំងឡាយ បានឮដំណឹងថា បាត្ររបស់រាជគហសេដ្ឋី លោកម្ចាស់បិណ្ឌោលភារទ្វាជៈ បានដាក់យកទៅហើយ បពិត្រព្រះអង្គដ៏ចំរើន មនុស្សទាំងនោះ ក៏ហ៊ោកញ្ជ្រៀវឡើង ដើរទៅតាមក្រោយៗ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ បពិត្រព្រះមានព្រះភាគ សំឡេងហ៊ោកញ្ជ្រៀវនោះ គឺជាសំឡេងនុ៎ះឯង។
[១៤៣] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរព្រះបិណ្ឌោលភារទ្វាជៈមានអាយុថា ម្នាលភារទ្វាជៈ ឮថា អ្នកបានដាក់យកបាត្រ របស់រាជគហសេដ្ឋី ពិតមែនឬ។ ព្រះបិណ្ឌោលភារទ្វាជៈ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភារទ្វាជៈ (អំពើនេះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើ ម្នាលភារទ្វាជៈ អ្នកមិនសមបើនឹងសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថ ព្រោះតែបាត្រឈើ ជារបស់ថោកទាបទេ ម្នាលភារទ្វាជៈ មាតុគ្រាមបង្ហាញកេរ្តិ៍ខ្មាស ព្រោះតែរូបមាសក18) ដូចជាសាកសព ជារបស់ថោកទាប យ៉ាងណាមិញ ម្នាលភារទ្វាជៈ អ្នកឯងសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថ ព្រោះតែបាត្រឈើ ជារបស់ថោកទាប ក៏យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបំបែកបាត្រឈើនុ៎ះចេញ ហើយធ្វើឲ្យជាចំណែកៗ ហើយឲ្យដល់ភិក្ខុទាំងឡាយ សម្រាប់កិន ធ្វើជាថ្នាំលាបភ្នែក ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រឈើទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[១៤៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់បាត្រខ្ពស់ និងទាប គឺល្អអាក្រក់ គឺបាត្រធ្វើអំពីមាសខ្លះ ធ្វើអំពីប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រធ្វើដោយមាស មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយប្រាក់ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវមណី មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវពិទូរ្យ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវផលិក មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំរឹទ្ធិ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវកញ្ចក់ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំណប៉ាហាំង មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំណភក់ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយស្ពាន់ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបាត្រពីរយ៉ាង គឺ បាត្រដែកម្យ៉ាង បាត្រដីម្យ៉ាង។
[១៤៥] សម័យនោះឯង ផ្ទៃបាត្រខាងក្រោម ក៏សឹករិលរេចទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ជើងបាត្រ។
[១៤៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ជើងបាត្រខ្ពស់ និងទាប គឺល្អអាក្រក់ គឺ ធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ជើងបាត្រខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជើងបាត្រពីរយ៉ាង គឺ ធ្វើដោយសំណប៉ាហាំងម្យ៉ាង ធ្វើដោយសំណភក់ម្យ៉ាង។ ជើងបាត្រក្រាសពេក ភិក្ខុចាប់កាន់មិនស្និទ្ធិ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រឡឹងបាន19) លួសក៏កើតមាន (ដល់ពួកភិក្ខុក្នុងសម័យនោះ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាត់លួសនោះ ធ្វើជាក្បាច់ធ្មេញមករ។
[១៤៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ជើងបាត្រទាំងឡាយ ដ៏វិចិត្រ ឆ្លាក់ ដេរដាស ដោយរូបស្រី និងប្រុសជាដើម ហើយលាប ឲ្យមានពណ៌ផ្សេងៗ ក៏ដើរបង្ហាញជើងបាត្រទាំងនោះ (ដល់មនុស្សទាំងពួង) តាមផ្លូវថ្នល់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ជើងបាត្រ ដ៏វិចិត្រ ឆ្លាក់ ដេរដាស ដោយរូបស្រី និងប្រុសជាដើម និងលាបឲ្យមានពណ៌ផ្សេងៗទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជើងបាត្រជាប្រក្រតី។20)
[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយ ទុកដាក់បាត្រទាំងទទឹក។ បាត្រក៏វិនាសខូចទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកដាក់បាត្រទាំងទទឹកទេ ភិក្ខុណាទុកដាក់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុហាលបាត្រសិន ហើយសឹមទុកដាក់។
[១៤៩] សម័យនោះឯង ភិក្ខុទាំងឡាយ ហាលបាត្រទាំងទទឹក។ បាត្រក៏មានក្លិនអាក្រក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវហាលបាត្រទាំងទទឹកទេ ភិក្ខុណាហាល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជូតបាត្រឲ្យស្ងួតទឹកសិន ហើយសឹមហាលទុកដាក់ចុះ។
[១៥០] សម័យនោះឯង ភិក្ខុទាំងឡាយ ទុកបាត្រក្នុងទីក្តៅ។ បាត្រក៏ខូចពណ៌។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រក្នុងទីក្តៅទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យហាលបាត្រក្នុងទីក្តៅមួយរំពេច ហើយសឹមទុកដាក់ចុះ។
[១៥១] សម័យនោះឯង មានបាត្រជាច្រើន តែមិនទាន់មានគ្រឿងរងដំកល់ ភិក្ខុទុកដាក់ក្នុងទីវាលស្រឡះ។ បាត្រទាំងនោះ ក៏រមៀលបែកខូចទៅ ដោយខ្យល់កំបុតត្បូង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងរង ដំកល់បាត្រ។21)
[១៥២] សម័យនោះឯង ពួកភិក្ខុដាក់បាត្រលើទីបំផុតផែនក្តារតាំង។22) បាត្រក៏រមៀល ទង្គិចបែក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រលើទីបំផុត នៃផែនក្តារតាំងទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៥៣] សម័យនោះឯង ពួកភិក្ខុដាក់បាត្រក្នុងទីបំផុតនៃថ្នាក់។23) បាត្រក៏រមៀល ធ្លាក់បែក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រក្នុងទីបំផុត នៃថ្នាក់ទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៥៤] សម័យនោះឯង ភិក្ខុទាំងឡាយ ផ្កាប់បាត្រលើផែនដី។ រឹមមាត់បាត្រ ក៏សឹករិលរេចទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលស្មៅ។ ពួកកណ្តៀរ ក៏កាត់កម្រាលស្មៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកំណាត់សំពត់។ ពួកកណ្តៀរ ក៏កាត់កំណាត់សំពត់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងសម្រាប់ទុកបាត្រ។ បាត្រក៏រមៀល ធ្លាក់អំពីរោងសម្រាប់ទុកបាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភាជន៍ដី មានមាត់ធំ (ថ្លាង) សម្រាប់ទុកបាត្រ។ បាត្រក៏សឹកដោយភាជនៈដី មានមាត់ធំ សម្រាប់ទុកបាត្រ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់បាត្រ។ យោគបាត្រមិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយោគបាត្រ និងខ្សែសម្រាប់ចង។
[១៥៥] សម័យនោះឯង ភិក្ខុទាំងឡាយព្យួរបាត្រនឹងមេជញ្ជាំងខ្លះ នឹងដែកែវខ្លះ។ បាត្រ ក៏រមៀល ធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវព្យួរបាត្រទេ ភិក្ខុណាព្យួរ ត្រូវអាបត្តិទុក្កដ។
[១៥៦] សម័យនោះឯង ភិក្ខុទាំងឡាយទុកបាត្រលើគ្រែ។ ភិក្ខុទាំងឡាយ ភ្លេចស្មារតី ក៏អង្គុយសង្កត់បាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រលើគ្រែទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[១៥៧] សម័យនោះឯង ភិក្ខុទាំងឡាយទុកបាត្រលើតាំង។ ភិក្ខុទាំងឡាយ ភ្លេចស្មារតី អង្គុយសង្កត់បាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រលើតាំងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[១៥៨] សម័យនោះឯង ភិក្ខុទាំងឡាយដាក់បាត្រលើភ្លៅទាំងភ្នែន។ ក្រោកឡើងដោយភ្លេចស្មារតី។ បាត្រ ក៏រមៀលធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រលើភ្លៅទាំងភ្នែនទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៥៩] សម័យនោះឯង ភិក្ខុទាំងឡាយដាក់បាត្រក្នុងឆត្រ។ ខ្យល់កំបុតត្បូង ក៏បក់ផើយ ប៉ើងឆត្រឡើង។ បាត្រក៏ធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រក្នុងឆត្រទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៦០] សម័យនោះឯង ភិក្ខុទាំងឡាយមានបាត្រនៅដៃ ច្រានសន្ទះទ្វារ។ បាត្រ ក៏ទង្គិច នឹងសន្ទះទ្វារ បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានបាត្រនៅដៃ មិនត្រូវច្រានសន្ទះទ្វារទេ ភិក្ខុណាច្រាន ត្រូវអាបត្តិទុក្កដ។
[១៦១] សម័យនោះឯង ភិក្ខុទាំងឡាយ ដើរទៅបិណ្ឌបាត ដោយសំបកឃ្លោក (កាន់សំបកឃ្លោក)។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកតិរ្ថីយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរទៅបិណ្ឌបាត ដោយសំបកឃ្លោកទេ ភិក្ខុណាដើរទៅ ត្រូវអាបត្តិទុក្កដ។
[១៦២] សម័យនោះឯង ពួកភិក្ខុដើរទៅបិណ្ឌបាត ដោយអម្បែងឆ្នាំង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកតិរ្ថីយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរទៅបិណ្ឌបាត ដោយអម្បែងឆ្នាំងទេ ភិក្ខុណាដើរទៅ ត្រូវអាបត្តិទុក្កដ។
[១៦៣] សម័យនោះឯង ភិក្ខុ១រូប ជាអ្នកប្រព្រឹត្តយកវត្ថុបំសុកូលគ្រប់មុខ។24) ភិក្ខុនោះ ប្រើប្រាស់បាត្រក្បាលខ្មោច។ មានស្រីម្នាក់ ឃើញហើយខ្លាច ស្រែកភ្លាត់សំឡេងថា ឱនេះជាបិសាច ធ្វើសេចក្តីវិនាសដល់អញតើ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ពួកសមណៈ សក្យបុត្តិយ៍ ប្រើប្រាស់បាត្រក្បាលខ្មោច ដូចពួកបិសាចសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រក្បាលខ្មោចទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវជាអ្នកប្រព្រឹត្តយកវត្ថុបំសុកូលគ្រប់មុខទេ ភិក្ខុណាប្រព្រឹត្តយក ត្រូវអាបត្តិទុក្កដ។
[១៦៤] សម័យនោះឯង ភិក្ខុទាំងឡាយ យកបាត្រដាក់កាកអាមិសៈ ដែលគេចោលខ្លះ ឆ្អឹងខ្លះ ទឹកជាដែលខ្លះ ហើយនាំយកទៅចោល។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ សក្យបុត្តិយ៍ទាំងនេះ ឆាន់ក្នុងបាត្រណា បាត្រនោះឯង ជាកន្ថោររបស់លោក។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកបាត្រ ដាក់កាកអាមិសៈ ដែលគេចោលក្តី ឆ្អឹងក្តី ទឹកជាដែលក្តី នាំយកទៅចោលទេ ភិក្ខុណានាំយកទៅចោល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកន្ថោរ។
[១៦៥] សម័យនោះឯង ភិក្ខុទាំងឡាយ ហែកចីវរដោយដៃ ហើយដេរចីវរ។ ចីវរក៏មិនស្មើគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិត និងកំណាត់សំពត់ សម្រាប់រុំកាំបិត។
[១៦៦] សម័យនោះឯង កាំបិតមានដង កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិតមានដង។
[១៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ដងកាំបិត ដ៏ខ្ពស់ និងទាប25) គឺធ្វើដោយមាស និងធ្វើដោយប្រាក់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ដងកាំបិតខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដងកាំបិត ធ្វើដោយឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយបបុស ធ្វើដោយឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រ ធ្វើដោយផ្លែ ធ្វើដោយលោហធាតុ26) ធ្វើដោយគូថស័ង្ខ។
[១៦៨] សម័យនោះឯង ភិក្ខុទាំងឡាយដេរចីវរដោយស្លាបមាន់ខ្លះ ដោយចំរៀកឫស្សីខ្លះ។ ចីវរមានថ្នេរមិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតម្ជុល។ ម្ជុលទាំងឡាយ ក៏មានច្រែះចាប់។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត បំពង់ម្ជុល។ ច្រែះក៏ចាប់ក្នុងបំពង់ម្ជុលទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យដាក់លំអិតបំពេញ (ក្នុងបំពង់ម្ជុល)។ ច្រែះ ក៏កើតឡើងក្នុងលំអិតទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យបំពេញបំពង់ម្ជុល ដោយលំអិតម្សៅ ដ៏លាយដោយរមៀត។ ច្រែះក៏កើតឡើងក្នុងលំអិតម្សៅដ៏លាយដោយរមៀតទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត លំអិតថ្ម។ ច្រែះក៏កើតឡើង ក្នុងលំអិតថ្មទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យលាបដោយក្រមួនឃ្មុំ។ ក្រមួនឃ្មុំដែលភិក្ខុលាបហើយ ក៏បែករាត់រាយទៅ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត កំណាត់សំពត់សម្រាប់រុំក្រមួនឃ្មុំ។
[១៦៩] សម័យនោះឯង ភិក្ខុទាំងឡាយ ជីកដាំបង្គោលក្នុងទីនោះៗ ហើយចងដេរចីវរ។ ចីវរក៏ស្ទោក មិនស្មើល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចងឈើស្តឹង27) និងខ្សែស្តឹង28) ដើម្បីឲ្យភិក្ខុចងចីវរ ហើយដេរក្នុងទីនោះៗ។ ភិក្ខុទាំងឡាយ លាតឈើស្តឹងក្នុងទីមិនស្មើ។ ឈើស្តឹងក៏បែកបាក់ទៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលាតឈើស្តឹង ក្នុងទីមិនស្មើទេ ភិក្ខុណាលាត ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយ លាតឈើស្តឹង លើផែនដី។ ឈើស្តឹង ក៏ប្រឡាក់ដោយធូលី។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត កម្រាលស្មៅ។ ជាយចីវរ ដែលចងនឹងឈើស្តឹង ក៏ទក់ទីអស់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលើក (ថែម) អនុវាតបណ្តោយ និអនុវាតទទឹងរបស់ចីវរ។ ឈើស្តឹងមិនល្មមគ្នានឹងចីវរ29)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដងឈើស្តឹង30) នឹងការបត់ទ្រនាប់ឈើស្តឹង ឲ្យជាពីរជាន់31) ស្លាកសម្រាប់បញ្ចូលក្នុងចន្លោះនៃចីវរមានជាន់ពីរ ខ្សែសម្រាប់រឹតឈើស្តឹងតូច ជាមួយនឹងឈើស្តឹងធំ និងខ្សែសម្រាប់រឹតចីវរភ្ជាប់នឹងឈើស្តឹងតូច ដើម្បីចងចីវរដេរ។ ចន្លោះថ្នេរចីវរមិនស្មើគ្នា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្នាតសម្រាប់វាស់។ ថ្នេរចីវរក៏វៀច មិនត្រង់ល្អ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែបន្ទាត់។
[១៧០] សម័យនោះឯង ភិក្ខុទាំងឡាយ មានជើងមិនស្អាត ហើយដើរជាន់ឈើស្តឹង។ ឈើស្តឹងក៏ប្រឡាក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជើងមិនស្អាត មិនត្រូវដើរជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[១៧១] សម័យនោះឯង ភិក្ខុទាំងឡាយ មានជើងទទឹក ដើរជាន់លើឈើស្តឹង។ ឈើស្តឹងក៏ប្រឡាក់។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជើងទទឹក មិនត្រូវជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[១៧២] សម័យនោះឯង ភិក្ខុទាំងឡាយ ពាក់ស្បែកជើង ដើរជាន់ឈើស្តឹង។ ឈើស្តឹងក៏សៅហ្មង។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង ជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[១៧៣] សម័យនោះឯង ភិក្ខុទាំងឡាយ ដេរចីវរ កាន់ដោយម្រាមដៃ។ ម្រាមដៃក៏ឈឺ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នាប់ម្រាមដៃ។32)
[១៧៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ស្នាប់ម្រាមដៃ ដ៏ខ្ពស់និងទាប គឺធ្វើដោយមាស និងធ្វើដោយប្រាក់។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ស្នាប់ម្រាមដៃខ្ពស់និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នាប់ម្រាមដៃ ធ្វើដោយឆ្អឹង។ បេ។ ធ្វើដោយគូថស័ង្ខ។
[១៧៥] សម័យនោះឯង ម្ជុល កាំបិត នឹងស្នាប់ម្រាមដៃបាត់ទៅ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវត្ថុសម្រាប់ដាក់។33) (លុះដាក់) ក្នុងវត្ថុសម្រាប់ដាក់ក៏នៅតែរាត់រាយ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ស្នាប់ម្រាមដៃ។ ខ្សែយោគ មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្សែយោគ និងខ្សែសម្រាប់ចង។
[១៧៦] សម័យនោះឯង ភិក្ខុទាំងឡាយ ដេរចីវរក្នុងទីវាល លំបាកដោយត្រជាក់ និងក្តៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងសម្រាប់ដាក់ឈើស្តឹង បារាំងសម្រាប់ដាក់ឈើស្តឹង។ រោងសម្រាប់ដាក់ឈើស្តឹងមានទីដ៏ទាប។ ទឹកក៏លិច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកពូនខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយ ក៏លំបាកនឹងឡើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ កាលភិក្ខុទាំងឡាយឡើងទៅ ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។
[១៧៧] សម័យនោះឯង កំទេចស្មៅ ជ្រុះក្នុងរោងឈើស្តឹង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកទាំងខាងក្នុងខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ និងបរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥យ៉ាង ស្នួរចីវរ និងខ្សែស្បៀងចីវរ។
[១៧៨] សម័យនោះឯង ភិក្ខុទាំងឡាយដេរចីវររួចហើយ ទុកឈើស្តឹងចោល ក្នុងទីនោះ ហើយចៀសចេញទៅ។ ពួកកណ្តុរខ្លះ កណ្តៀរខ្លះ កាត់កោរ (ឈើស្តឹង)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសាឈើស្តឹងទុក។ ឈើស្តឹងក៏បាក់បែក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមូរឈើស្តឹងដោយឈើស្នូល។ ឈើស្តឹងក៏រលាចេញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែសម្រាប់ចង។
[១៧៩] សម័យនោះឯង ភិក្ខុទាំងឡាយផ្អែកឈើស្តឹងទុកនឹងជញ្ជាំងខ្លះ នឹងសសរខ្លះ ហើយចៀសចេញទៅ។ ឈើស្តឹង ក៏រលំបាក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពាក់ (ឈើស្តឹង) នឹងមេជញ្ជាំង ឬដៃកែវ។
[១៨០] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ តាមសមគួរ ដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងទៅកាន់ចារិក ក្រុងវេសាលី។ សម័យនោះឯង ភិក្ខុទាំងឡាយ យកម្ជុលខ្លះ កាំបិតខ្លះ ភេសជ្ជៈខ្លះ ដាក់ក្នុងបាត្រ ដើរទៅ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ភេសជ្ជៈ។ ខ្សែយោគ មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែយោគ និងខ្សែសម្រាប់ចង។
[១៨១] សម័យនោះឯង ភិក្ខុ១រូប ចងស្បែកជើងនឹងវត្ថពន្ធចង្កេះ ហើយចូលទៅបិណ្ឌបាតក្នុងស្រុក។ មានឧបាសកម្នាក់ ថ្វាយបង្គំភិក្ខុនោះ ក៏ទង្គិចក្បាលនឹងស្បែកជើង។ ភិក្ខុនោះ មានសេចក្តីអៀនខ្មាស។ ចំណែកខាងភិក្ខុនោះ ទៅកាន់អារាម ហើយក៏បានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុ បានយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ស្បែកជើង។ ខ្សែយោគ មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែយោគ និងខ្សែសម្រាប់ចង។
[១៨២] សម័យនោះឯង មានទឹកជាអកប្បិយៈ ក្នុងចន្លោះផ្លូវ។ សំពត់តម្រងទឹក មិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងទឹក។ កំណាត់សំពត់ មិនគ្រាន់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតម្រងទឹក ដែលគេរឹតភ្ជាប់នឹងឈើបីកំណាត់។ កំណាត់សំពត់មិនគ្រាន់។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតធម្មក្រក។
[១៨៣] សម័យនោះឯង ក្នុងកោសលជនបទ មានភិក្ខុពីររូប នាំគ្នាដើរទៅកាន់ផ្លូវឆ្ងាយ។ ភិក្ខុមួយរូបប្រព្រឹត្តអនាចារ។ ភិក្ខុទីពីរ បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ អ្នកកុំធ្វើអំពើយ៉ាងនេះឡើយ អំពើនេះ មិនគួរទេ។ ភិក្ខុដែលប្រព្រឹត្តអនាចារនោះ ក៏ចងគំនុំ នឹងភិក្ខុនោះ។ ចំណែកខាងភិក្ខុ អ្នកប្រព្រឹត្តអនាចារនោះ ស្រេកទឹក ក៏និយាយទៅនឹងភិក្ខុ ដែលខ្លួនចងគំនុំយ៉ាងនេះថា ម្នាលអាវុសោ ចូរលោកឲ្យតម្រងទឹកមកខ្ញុំ ៗនឹងឆាន់ទឹក។ ភិក្ខុ ដែលគេចងគំនុំមិនព្រមឲ្យ។ ភិក្ខុ ដែលប្រព្រឹត្តអនាចារនោះ ស្រេកទឹកខ្លាំង ក៏ធ្វើមរណកាលទៅ។ កាលភិក្ខុ ដែលគេចងគំនុំនោះទៅអារាម ក៏បានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏និយាយថា ម្នាលអាវុសោ កាលគេសុំសំពត់តម្រងទឹក លោកមិនឲ្យគេ មែនឬ។ ភិក្ខុនោះឆ្លើយថា មែនហើយ អាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើគេខ្ចីសំពត់តម្រងទឹក ភិក្ខុមិនសមបើ មិនឲ្យគេទេ។ លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[១៨៤] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា គេខ្ចីសំពត់តម្រងទឹក អ្នកមិនឲ្យគេ ពិតមែនឬ។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើរបស់អ្នក ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើ ម្នាលមោឃបុរស កាលបើគេខ្ចីសំពត់តម្រងទឹក អ្នកមិនសមបើនឹងមិនឲ្យគេទេ ម្នាលមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដើរទៅតាមផ្លូវឆ្ងាយ កាលបើគេខ្ចីតម្រងទឹក កុំគប្បីមិនឲ្យ ភិក្ខុណាមិនឲ្យ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុគ្មានសំពត់តម្រងទឹក មិនត្រូវដើរផ្លូវឆ្ងាយទេ ភិក្ខុណាដើរ ត្រូវអាបត្តិទុក្កដ បើមិនមានសំពត់តម្រងទឹកក្តី ធម្មក្រកក្តី ទុកជាជាយសង្ឃាដិ ក៏ត្រូវអធិដ្ឋានបានថា អាត្មាអញនឹងត្រងទឹក ដោយជាយសង្ឃាដិនេះឆាន់។
[១៨៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់ចារិក ដោយលំដាប់ ទ្រង់សំដៅទៅកាន់ក្រុងវេសាលី។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។
[១៨៦] សម័យនោះឯង ភិក្ខុទាំងឡាយធ្វើនវកម្ម (ការងារថ្មី)ៗ ភិក្ខុទាំងនោះ មិនបានសន្មតសំពត់តម្រងទឹកនៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងទឹកមានដង។ ភិក្ខុមិនទាន់សន្មតសំពត់តម្រងទឹកមានដងនៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងត្រាំ។34)
[១៨៧] សម័យនោះឯង មូសបៀតបៀនភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតមុង។
[១៨៨] សម័យនោះឯង ក្រុងវេសាលី ពួកជនបានចាត់ចែងភត្តដ៏ឧត្តម (ប្រគេនពួកភិក្ខុ)។ ពួកភិក្ខុ បានឆាន់ភោជនទាំងឡាយដ៏ឧត្តម មានកាយច្រើនទៅដោយទោស (រោគទល់) មានអាពាធច្រើន។ គ្រានោះឯង ជីវកកោមារភត្យ បានទៅក្រុងវេសាលី ដោយកិច្ចនីមួយ។ ជីវកកោមារភត្យ បានឃើញភិក្ខុទាំងឡាយ មានកាយច្រើនទៅដោយរោគ មានអាពាធច្រើន លុះបានឃើញហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះជីវកកោមារភត្យ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុទាំងឡាយ មានកាយច្រើនទៅដោយទោស មានអាពាធច្រើន បពិត្រព្រះមានព្រះភាគដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះអង្គ អនុញ្ញាតទីចង្ក្រម និងរោងភ្លើង ដល់ភិក្ខុទាំងឡាយ ជាការប្រពៃ កាលបើយ៉ាងនេះ ភិក្ខុទាំងឡាយ នឹងមិនសូវមានអាពាធ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ វេលានោះ ជីវកកោមារភត្យ កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថារួចហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។
[១៨៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទីចង្ក្រម និងរោងភ្លើង។
[១៩០] សម័យនោះឯង ភិក្ខុទាំងឡាយចង្ក្រមក្នុងទីចង្ក្រមមិនរាបស្មើ។ ជើងទាំងឡាយក៏ឈឺ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីចង្ក្រម ឲ្យរាបស្មើ។
[១៩១] សម័យនោះឯង ទីចង្ក្រមជាទីទាប។ ទឹកក៏លិច ក្នុងទីចង្ក្រមនោះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីចង្ក្រមឲ្យខ្ពស់ឡើង។ ខឿនក៏របេះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន៣យ៉ាង ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយនាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ភិក្ខុទាំងឡាយនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។
[១៩២] សម័យនោះឯង ពួកភិក្ខុកំពុងចង្ក្រម លើទីចង្ក្រម ក៏ធ្លាក់ចុះមក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ35) ក្នុងទីចង្ក្រម។
[១៩៣] សម័យនោះឯង ភិក្ខុទាំងឡាយកំពុងចង្ក្រមក្នុងទីវាល ក៏លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងចង្រ្កម។ កំទេចស្មៅក៏ជ្រុះមក ក្នុងរោងចង្រ្កម។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។
[១៩៤] សម័យនោះឯង រោងភ្លើងមានទីដីទាប។ ទឹក (ជោរជន់មក) ក៏លិច រោងភ្លើងនោះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចុះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន៣យ៉ាង ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ រោងភ្លើង មិនទាន់មានទ្វារ បង្អួចនៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្បាល់ ឬដំណាប់ក្រោម ឈើអន្ទាក់លើ (ដំណាប់លើ) សសររបស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ (បិទបើក)។ ជើងជញ្ជាំងរោងភ្លើងក៏ពុក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដីឲ្យទាបជុំវិញ36) ប្រហោងសម្រាប់បង្ហុយផ្សែង របស់រោងភ្លើង មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រហោង សម្រាប់បង្ហុយផ្សែង។
[១៩៥] សម័យនោះឯង ពួកភិក្ខុធ្វើចង្ក្រានកណ្តាលរោងភ្លើងតូច។ ទីឱកាសសម្រាប់ចេញចូលមិនមាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើរោងភ្លើងតូច តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើចង្ក្រាន ក្នុងទីដ៏សមគួរមួយ កាលបើរោងភ្លើងធំ ឲ្យធ្វើចង្ក្រាន ក្នុងទីពាក់កណ្តាលចុះ។ ភ្លើងក្នុងរោងភ្លើង ក៏ជះចំហាយក្តៅមកត្រូវមុខ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកដីមកលាបមុខ។ ពួកភិក្ខុ ធ្វើដីឲ្យទទឹកដោយដៃ (របស់ខ្លួន)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ស្នូកសម្រាប់ដាក់ដីស្អិត។ ដីស្អិតក៏ធុំក្លិនស្អុយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអប់ដោយគ្រឿងក្រអូប។
[១៩៦] សម័យនោះឯង ភ្លើងក្នុងរោងភ្លើងក៏ជះចំហាយក្តៅមកត្រូវកាយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យដងទឹកទុក។ ពួកភិក្ខុ ដងទឹកដោយចានខ្លះ ដោយបាត្រខ្លះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសៀន និងផ្តិល។ រោងភ្លើង ដែលប្រក់ដោយស្មៅ ក៏គ្មានចំហាយញើស។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាបដីស្អិតទាំងខាងក្នុង ខាងក្រៅ។ រោងភ្លើង ក៏មានភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាល៣យ៉ាង គឺកម្រាលឥដ្ឋ១ កម្រាលថ្ម១ កម្រាលឈើ១។ រោងភ្លើង ក៏នៅតែមានភក់ជ្រាំដដែល។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាងចេញ។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។
[១៩៧] សម័យនោះឯង ពួកភិក្ខុអង្គុយផ្ទាល់លើផែនដី ក្នុងរោងភ្លើង យកដៃអេះខ្លួន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងសម្រាប់រោងភ្លើង។
[១៩៨] សម័យនោះឯង រោងភ្លើង មិនមានវត្ថុអ្វីបិទបាំងនៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំងកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ បន្ទប់មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់។ បន្ទប់មានទីដ៏ទាប។ ទឹកក៏ជោរជន់លិចមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយ ក៏នាំគ្នាឡើងទៅ បានដោយលំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ បន្ទប់មិនទាន់មានទ្វារ បង្អួចនៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្បាល់ ឬដំណាប់ក្រោមឈើ អន្ទាក់លើ (ដំណាប់លើ) សសរ របស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ (បិទបើក)។
[១៩៩] សម័យនោះឯង កំទេចស្មៅ ក៏ធ្លាក់ចុះមកក្នុងបន្ទប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាប ទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ និងលាបដោយរង់ ធ្វើភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ ទីបរិវេណក៏មានភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកខ្សាច់ចាក់រោយរាយចុះ។ ដីខ្សាច់មិនរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយសម្រាប់បង្ហូរទឹក។
[២០០] សម័យនោះឯង ពួកភិក្ខុអាក្រាត សំពះភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត សំពះភិក្ខុមិនអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេសំពះភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេសំពះភិក្ខុមិនអាក្រាត។ ពួកភិក្ខុអាក្រាត ធ្វើបរិកម្ម ដល់ភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេធ្វើបរិកម្ម ដល់ភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាតឲ្យ (របស់) ដល់ភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាតទទួល (របស់)។ ពួកភិក្ខុអាក្រាតទំពាស៊ី។ ពួកភិក្ខុអាក្រាតបរិភោគ។ ពួកភិក្ខុអាក្រាតលិតភ្លក្ស។ ពួកភិក្ខុអាក្រាតផឹក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រាត មិនត្រូវសំពះភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវសំពះ (គេ) ភិក្ខុអាក្រាត មិនត្រូវឲ្យគេសំពះភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវឲ្យគេសំពះខ្លួន ភិក្ខុអាក្រាត មិនត្រូវធ្វើបរិកម្ម ដល់ភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវឲ្យគេធ្វើបរិកម្មដល់ខ្លួន ភិក្ខុអាក្រាត មិនត្រូវឲ្យរបស់ ដល់ភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវទទួលរបស់ ភិក្ខុអាក្រាតមិនត្រូវទំពាស៊ី ភិក្ខុអាក្រាតមិនត្រូវបរិភោគ ភិក្ខុអាក្រាត មិនត្រូវលិតភ្លក្ស ភិក្ខុអាក្រាត មិនត្រូវផឹកទេ ភិក្ខុណាផឹក ត្រូវអាបត្តិទុក្កដ។
[២០១] សម័យនោះឯង ពួកភិក្ខុដាក់ចីវរលើផែនដី ក្នុងរោងភ្លើង។ ចីវរក៏ប្រឡាក់ទៅដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែស្នួរចីវរ និងខ្សែស្បៀងចីវរ ក្នុងរោងភ្លើង។ កាលដែលភ្លៀងបង្អោរចុះមក ចីវរក៏ទទឹក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាលាជិតរោងភ្លើង។ សាលាជិតរោងភ្លើង មានទីទាប។ ទឹកក៏ជោរជន់មកលិចចុះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូន។ បេ។ ពួកភិក្ខុ នាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ពួកភិក្ខុឡើងទៅ ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) បង្កាន់ដៃ។
[២០២] សម័យនោះឯង កំទេចស្មៅ ក៏ធ្លាក់ចុះមកក្នុងរោងភ្លើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាប ដោយដី ទាំងខាងក្នុង ខាងក្រៅ។ បេ។ (តថាគតអនុញ្ញាតឲ្យធ្វើ) ស្បៀងស្នួរចីវរ និងខ្សែស្បៀងចីវរ។
[២០៣] សម័យនោះឯង ពួកភិក្ខុមានសេចក្តីរង្កៀស នឹងធ្វើបរិកម្មខ្នង (ដុសខ្នង) ក្នុងរោងភ្លើងខ្លះ ក្នុងទឹកខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទីបិទបាំង៣យ៉ាង គឺទីបិទបាំងដោយរោងភ្លើង១ ទីបិទបាំងដោយទឹក១ ទីបិទបាំងដោយសំពត់១។
[២០៤] សម័យនោះឯង រោងភ្លើងមិនទាន់មានទឹកនៅឡើយ។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើអណ្តូងទឹក។ ច្រាំងអណ្តូង ក៏បាក់ចុះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យក) ខឿន៣យ៉ាងគឺ ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ អណ្តូងទឹកមានទីទាប។ ទឹកក៏ជោរជន់លិច។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដី ឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។ បេ។ ពួកភិក្ខុនាំគ្នាឡើង ក៏លំបាក។ បេ។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) បង្កាន់ដៃ។
[២០៥] សម័យនោះឯង ពួកភិក្ខុយោងទឹកឡើងដោយវល្លិ៍ខ្លះ ដោយវត្ថពន្ធចង្កេះខ្លះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ខ្សែសម្រាប់យោងទឹកអណ្តូង។ ដៃក៏ឈឺ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ឈើថ្លឹងយន្ត សម្រាប់យោង (ទឹក) ព្រ័ត្រវែង និងរ៉ត (សម្រាប់យោង)។ ភាជន៍ ក៏បែកបាក់ជាច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបំពង់៣យ៉ាង គឺបំពង់លោហជាតិ១ បំពង់ឈើ១ បំពង់ស្បែក១។
[២០៦] សម័យនោះឯង ពួកភិក្ខុយោងទឹកក្នុងទីវាល ក៏លំបាក ដោយរងាខ្លះ ដោយក្តៅខ្លះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងអណ្តូងទឹក។ កំទេចស្មៅ ក៏ធ្លាក់ចុះក្នុងរោងអណ្តូងទឹក។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យគាបដម្បូល ហើយបូកលាបដីស្អិត ទាំងខាងក្នុង ខាងក្រៅ ឲ្យមានពណ៌ស ឲ្យមានពណ៌ខ្មៅ លាបដោយរង់ ធ្វើភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ធ្វើក្បាច់មានស្រទាប់៥ ស្បៀងស្នួរចីវរ ខ្សែស្បៀងចីវរ។
[២០៧] សម័យនោះឯង អណ្តូងទឹក មិនទាន់មានគំរបនៅឡើយ។ កំទេចស្មៅខ្លះ អាចម៍ដីខ្លះ ក៏រោយរាយចុះ (ក្នុងអណ្តូងនោះ)។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើគំរប។
[២០៨] សម័យនោះឯង ភាជន៍សម្រាប់ដងទឹកមិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នូកសម្រាប់ដាក់ទឹក និងផើងសម្រាប់ដាក់ទឹក។
[២០៩] សម័យនោះឯង ពួកភិក្ខុងូតទឹក ក្នុងទីពីសពាស ក្នុងអារាម។ អារាម ក៏មានភក់ជ្រាំ។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអណ្តូងសម្រាប់ដាក់ទឹកជ្រាំ។ អណ្តូងសម្រាប់ដាក់ទឹកជ្រាំ តាំងនៅក្នុងទីវាល មិនទាន់បានបិទបាំងនៅឡើយ។ ពួកភិក្ខុក៏អៀនខ្មាស មិនហ៊ានងូតទឹក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ អណ្តូងសម្រាប់ដាក់ទឹកជ្រាំក៏មានភក់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាល ៣យ៉ាងគឺ កម្រាលឥដ្ឋ១ កម្រាលថ្ម១ កម្រាលឈើ១។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។
[២១០] សម័យនោះឯង ពួកភិក្ខុមានខ្លួនត្រជាក់ (ដោយដំណក់ទឹក)។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើវត្ថុសម្រាប់ជូតទឹក (មានភ្លុកជាដើម) ឬនឹងជូតដោយកំណាត់សំពត់ ក៏បាន។
[២១១] សម័យនោះឯង មានឧបាសកម្នាក់ មានចំណង់នឹងធ្វើស្រះ ជាប្រយោជន៍ដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្រះបាន។ (វេលានោះ) ភ្លឺស្រះ ក៏របេះចេញ។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើខឿន៣យ៉ាងគឺ ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើង ក៏លំបាក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ភិក្ខុទាំងនោះ នាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃ។ (វេលានោះ) ក្នុងស្រះ មានទឹកចាស់ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក និងទបង្ហូរទឹក។
[២១២] សម័យនោះឯង មានឧបាសកម្នាក់ មានចំណង់នឹងធ្វើរោងភ្លើង ជាទីរក្សាកាយ (ប្រកបដោយ) ជហ្វ៊ាដងក្តារ ដើម្បីជាប្រយោជន៍ដល់ភិក្ខុសង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងភ្លើង ជាទីរក្សាកាយ មានជហ្វ៊ាដងក្តារ។
[២១៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នៅប្រាសចាកនិសីទនៈ អស់៤ខែ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនៅប្រាសចាកនិសីទនៈ អស់៤ខែទេ ភិក្ខុណានៅប្រាស ត្រូវអាបត្តិទុក្កដ។
[២១៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ដេកលើដំណេក ដែលគេរោយរាយ ដោយផ្កា។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដេកលើដំណេក ដែលគេរោយរាយដោយផ្កាទេ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។
[២១៥] សម័យនោះឯង មនុស្សទាំងឡាយ នាំយកគ្រឿងក្រអូបខ្លះ ផ្កាកម្រងខ្លះ មកកាន់អារាម។ ពួកភិក្ខុ មានសេចក្តីរង្កៀស មិនហ៊ានទទួល។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យទទួលគ្រឿងក្រអូប ហើយឲ្យប្រស់ព្រំដោយម្រាមដៃ ៥ ត្រង់ទ្វារ និងបង្អួច ព្រមទាំងទទួលយកផ្កា ទៅទុកក្នុងទីដ៏សមគួរ ក្នុងវិហារបាន។
[២១៦] សម័យនោះឯង កម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀម កើតឡើងដល់សង្ឃ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀម។ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះថា កម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀមនេះ យើងគួរអធិដ្ឋាន ឬគួរវិកប្ប។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបាច់អធិដ្ឋាន មិនបាច់វិកប្ប នូវកម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀមទេ។
[២១៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឆាន់ភោជនក្នុងភាជន៍ពិសេស37) សម្រាប់រងចង្ហាន់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ភោជន ក្នុងភាជន៍ពិសេស សម្រាប់រងចង្ហាន់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[២១៨] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ។ កាលដែលភិក្ខុនោះឆាន់ មិនអាចនឹងទប់បាត្រដោយដៃបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភាជន៍ សម្រាប់រង ដែលធ្វើដោយឈើ។
[២១៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់ (ភោជន) ក្នុងភាជន៍ជាមួយគ្នាខ្លះ។ ផឹកទឹកក្នុងផ្តិលជាមួយគ្នាខ្លះ។ ដេកលើគ្រែ ជាមួយគ្នាខ្លះ។ ដេកលើកម្រាលជាមួយគ្នាខ្លះ។ ដេកដណ្តប់ជាមួយគ្នាខ្លះ។ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ (ភោជន) រួមភាជន៍ជាមួយគ្នា មិនត្រូវផឹកទឹករួមផ្តិលជាមួយគ្នា មិនត្រូវដេកលើគ្រែជាមួយគ្នា មិនត្រូវដេកលើកម្រាលជាមួយគ្នា មិនត្រូវដេកដណ្តប់ជាមួយគ្នា មិនត្រូវដេកលើកម្រាល និងដណ្តប់ជាមួយគ្នាទេ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។
[២២០] សម័យនោះឯង វឌ្ឍលិច្ឆវិ ជាសំឡាញ់ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ។ លំដាប់នោះ វឌ្ឍលិច្ឆវិ ចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុថា លោកម្ចាស់ ខ្ញុំព្រះករុណាថ្វាយបង្គំ។ កាលវឌ្ឍលិច្ឆវិ និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ មិនបាននិយាយរាក់ទាក់មកវិញឡើយ។ វឌ្ឍលិច្ឆវិ ក៏និយាយទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ជាគំរប់ពីរដងទៀតថា លោកម្ចាស់ ខ្ញុំព្រះករុណាថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏មិនបាននិយាយរាក់ទាក់ ជាគំរប់ពីរដងទៀត។ វឌ្ឍលិច្ឆវិ និយាយទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ជាគំរប់បីដងទៀតថា លោកម្ចាស់ ខ្ញុំព្រះករុណា ថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏មិនបាននិយាយរាក់ទាក់ ជាគំរប់បីដងទៀត។ វឌ្ឍលិច្ឆវិ និយាយថា ខ្ញុំធ្វើខុសនឹងលោកម្ចាស់ដូចម្តេច ហេតុអ្វី ក៏បានជាលោកម្ចាស់ មិននិយាយរាក់ទាក់នឹងខ្ញុំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយថា នែអាវុសោវឌ្ឍៈ បានជាយើងមិននិយាយរាក់ទាក់ទៅរកអ្នក ព្រោះព្រះទព្វមល្លបុត្រ បៀតបៀនយើង អ្នកមិនអើពើសោះ។ វឌ្ឍលិច្ឆវិនិយាយថា លោកម្ចាស់ ខ្ញុំនឹងធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយថា នែអាវុសោវឌ្ឍៈ ប្រសិនបើអ្នកចង់ដែរ (ចូលដៃផង) ព្រះមានព្រះភាគ គប្បីឲ្យព្រះទព្វមល្លបុត្តមានអាយុវិនាស ក្នុងថ្ងៃនេះឯង។ វឌ្ឍលិច្ឆវិនិយាយថា លោកម្ចាស់ ខ្ញុំនឹងធ្វើដូចម្តេច ខ្ញុំនឹងអាចដើម្បីធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយបង្គាប់ថា នែអាវុសោវឌ្ឍៈ អ្នកឯងចូរមក អ្នកចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ត្រូវក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីនេះមិនកំបាំង មិនសមគួរ បពិត្រព្រះអង្គដ៏ចំរើន ទិសណា ដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះ ក៏ត្រឡប់ទៅជាមានភ័យ មានចង្រៃ មានឧបទ្រពវិញ ខ្យល់ចេញអំពីទិសណា ទិសនោះ ត្រឡប់ទៅជាមានខ្យល់ចូលវិញ ទឹក (ត្រជាក់) ត្រឡប់ទៅជាក្តៅវិញ ឥឡូវនេះ លោកម្ចាស់ទព្វមល្លបុត្ត បានប្រទូស្តនឹងប្រពន្ធខ្ញុំ។ វឌ្ឍលិច្ឆវិ ទទួលស្តាប់ពាក្យរបស់មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះថា ករុណា លោកម្ចាស់ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះវឌ្ឍលិច្ឆវិ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីនេះមិនកំបាំង មិនសមគួរ បពិត្រព្រះអង្គដ៏ចំរើន ទិសណា ដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះ ក៏ត្រឡប់ទៅជាមានភ័យ មានចង្រៃ មានឧបទ្រព ខ្យល់ចេញអំពីទិសណា ទិសនោះ ត្រឡប់ទៅជាមានខ្យល់ចូលវិញ ទឹក (ត្រជាក់) ត្រឡប់ទៅជាក្តៅវិញ ឥឡូវនេះ លោកម្ចាស់ទព្វមល្លបុត្ត ប្រទូស្តនឹងភរិយារបស់ខ្ញុំ។
[២២១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរព្រះទព្វមល្លបុត្តមានអាយុថា ម្នាលទព្វៈ អ្នករលឹកមើល អ្នកបានធ្វើអំពើយ៉ាងនេះ ដូចជាវឌ្ឍៈនេះពោលមែនឬ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទៅនឹងព្រះទព្វមល្លបុត្ត ដ៏មានអាយុ ជាគំរប់ពីរដងផង។ បេ។ ជាគំរប់បីដងផងថា ម្នាលទព្វៈ អ្នករលឹកមើល អ្នកបានធ្វើអំពើយ៉ាងនេះ ដូចជាវឌ្ឍៈនេះពោលមែនឬ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិនពោលបណ្តោះបណ្តៃយ៉ាងនេះទេ បើអំពើអ្វី ដែលអ្នកបានធ្វើហើយ អ្នកចូរឆ្លើយថា ធ្វើហើយ បើអំពើ ដែលអ្នកមិនបានធ្វើទេ អ្នកចូរឆ្លើយថា មិនបានធ្វើទេ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តាំងអំពីកើតមក វេលាណា មិនដែលស្គាល់សេពមេថុនធម្មទេ សូម្បីតែយល់សប្តិ ក៏មិនដែលឃើញឡើយ បាច់និយាយទៅថ្វី ដល់ការភ្ញាក់រលឹក។
[២២២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃត្រូវផ្កាប់បាត្រដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃសេពគប់រក។
[២២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រ ដល់ឧបាសកប្រកបដោយអង្គ៨ប្រការ គឺឧបាសកព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានលាភ១ ព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានប្រយោជន៍១ ព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានទីលំនៅ១ ជេរប្រទេចពួកភិក្ខុ១ បំបែកពួកភិក្ខុឲ្យបែកចាកពួកភិក្ខុ១ ពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្កាប់បាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការនេះឯង។
[២២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រយ៉ាងនេះ។ ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វឌ្ឍលិច្ឆវិ (ឧបាសក) ចោទព្រះទព្វមល្លបុត្រមានអាយុ ដោយសីលវិបត្តិ មិនមានមូល បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វឌ្ឍលិច្ឆវិ ចោទព្រះទព្វមល្លបុត្រដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ សង្ឃផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន។ ការផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អានហើយ ការផ្កាប់បាត្រនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២២៥] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ផ្ទះវឌ្ឍលិច្ឆវិ លុះចូលទៅដល់ហើយ ក៏ពោលនឹងវឌ្ឍលិច្ឆវិយ៉ាងនេះថា ម្នាលអាវុសោវឌ្ឍៈ សង្ឃបានផ្កាប់បាត្រ ដល់អ្នកហើយ ខ្លួនអ្នក សង្ឃលែងរាប់អានហើយ។ ឯវឌ្ឍលិច្ឆវិ ឮដំណឹងថា សង្ឃផ្កាប់បាត្រ ដល់អាត្មាអញហើយ អាត្មាអញ សង្ឃលែងរាប់អានហើយ ក៏ជ្រប់ដួល នៅក្នុងទីនោះឯង។ គ្រានោះ ពួកមិត្តអមាត្យ ញាតិសាលោហិត របស់វឌ្ឍលិច្ឆវិ ក៏បាននិយាយទៅនឹងវឌ្ឍលិច្ឆវិ យ៉ាងនេះថា ណ្ហើយ អាវុសោ វឌ្ឍៈ អ្នកកុំសោយសោក កុំខ្សឹកខ្សួលឡើយ យើងនឹងធ្វើព្រះមានព្រះភាគ និងព្រះសង្ឃ ឲ្យជ្រះថ្លាឡើងវិញ។ លំដាប់នោះ វឌ្ឍលិច្ឆវិ ព្រមទាំងបុត្រ ភរិយា មិត្តអមាត្យ និងញាតិសាលោហិត មានសំពត់ទទឹក មានសក់ទទឹក នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ហើយពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីឆ្គាំឆ្គង មានដល់ខ្ញុំព្រះអង្គហើយ តាមដោយខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថាខ្ញុំព្រះអង្គ បានចោទលោកម្ចាស់ទព្វមល្លបុត្រ ដោយសីលវិបត្តិ មិនមានមូលហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់សេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គងរបស់ខ្ញុំព្រះអង្គ ដើម្បីនឹងសម្រួមតទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោវឌ្ឍៈ អើ សេចក្តីឆ្គាំឆ្គង មានដល់អ្នកហើយ តាមដោយអ្នក ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថាអ្នកបានចោទទព្វមល្លបុត្រ ដោយសីលវិបត្តិ មិនមានមូលហើយ ម្នាលអាវុសោវឌ្ឍៈ (ឥឡូវនេះ) អ្នកឃើញសេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គង ហើយសំដែងទោស សមគួរតាមដំណើរទោស យើងក៏អត់ទោសនោះដល់អ្នក ម្នាលអាវុសោ វឌ្ឍៈ អ្នកណា បានឃើញសេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គង ហើយសំដែងទោស សមគួរតាមដំណើរទោស ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចំរើន របស់អ្នកនោះ ក្នុងអរិយវិន័យ។
[២២៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ ឲ្យសង្ឃរាប់អានវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្ងារបាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការ គឺឧបាសកមិនព្យាយាម ដើម្បីនឹងឲ្យសាបសូន្យលាភ របស់ភិក្ខុទាំងឡាយ១ មិនព្យាយាម ដើម្បីឲ្យខូចប្រយោជន៍ របស់ភិក្ខុទាំងឡាយ១ មិនព្យាយាម ដើម្បីឲ្យភិក្ខុទាំងឡាយខានបានទីលំនៅ១ មិនជេរប្រទេចភិក្ខុទាំងឡាយ១ មិនញុះញង់ភិក្ខុទាំងឡាយ ឲ្យបែកចាកភិក្ខុទាំងឡាយ១ មិនពោលតិះដៀលព្រះពុទ្ធ១ មិនពោលតិះដៀលព្រះធម៌១ មិនពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្ងារបាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គទាំង៨នេះ។
[២២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្ងារបាត្រយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវវឌ្ឍលិច្ឆវិនោះ ចូលទៅរកសង្ឃ ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង សំពះបាទាភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃបានផ្កាប់បាត្រ ដល់ខ្ញុំហើយ សង្ឃលែងរាប់អានខ្ញុំហើយ បពិត្រព្រះសង្ឃដ៏ចំរើន (ឥឡូវ) ខ្ញុំបានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកទោស ខ្ញុំមកសូមឲ្យព្រះសង្ឃ ផ្ងារបាត្រឡើងវិញ។ វឌ្ឍលិច្ឆវិនោះ ត្រូវសូមជាគំរប់ពីរដងផង ជាគំរប់បីដងផង។
[២២៨] ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃរាប់អាន។ វឌ្ឍលិច្ឆវិនោះ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកទោស មកសូមឲ្យសង្ឃផ្ងារបាត្រឡើងវិញ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់រកឡើងវិញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃរាប់រក។ (ឥឡូវនេះ) វឌ្ឍលិច្ឆវិនោះ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកទោស មកសូមឲ្យសង្ឃផ្ងារបាត្រឡើងវិញ។ សង្ឃក៏ផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់អានឡើងវិញ។ ការផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់អានឡើងវិញ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់រកវិញហើយ ការផ្ងារបាត្រនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២២៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងភគ្គជនបទ យាងទៅតាមលំដាប់ ក៏បានទៅដល់ភគ្គជនបទនោះ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន38) ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទនោះ។
[២៣០] សម័យនោះឯង ពោធិរាជកុមារ ចាត់ការកសាងប្រាសាទ ឈ្មោះកោកនុទ39) ទើបតែនឹងហើយថ្មីៗ ដែលសមណៈ និងព្រាហ្មណ៍ ឬបុគ្គលណានីមួយ ជាតិជាមនុស្ស មិនដែលធ្លាប់បាននៅអាស្រ័យ។ លំដាប់នោះ ពោធិរាជកុមារ ទ្រង់ហៅសញ្ជិកាបុត្តមាណពមកប្រាប់ថា នែសញ្ជិកាបុត្តសំឡាញ់ អ្នកចូរមក អ្នកចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទាព្រះមានព្រះភាគដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លំាងកាយ និងធម៌ជាគ្រឿងនៅសប្បាយ តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះអង្គ ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ ហើយទូលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ព្រមទាំងភិក្ខុសង្ឃទទួលភត្តរបស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូលពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរជាទីរីករាយ និងពាក្យដែលគួររឭកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះសញ្ជិកាបុត្តមាណព អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យយ៉ាងនេះថា ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះគោតមជាម្ចាស់ ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាបទូលព្រះអង្គ យ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះ សញ្ជិកាបុត្តមាណព ដឹងថា ព្រះមានព្រះភាគទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ចូលទៅរកពោធិរាជកុមារ លុះចូលទៅដល់ហើយ ក៏ក្រាបទូលពោធិរាជកុមារ យ៉ាងនេះថា ខ្ញុំព្រះអង្គ បានក្រាបបង្គំទូលព្រះគោតមមានព្រះភាគ តាមបន្ទូលរបស់ទ្រង់ហើយថា ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះគោតមដ៏ចំរើន ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាបទូលព្រះអង្គយ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្ត របស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ព្រះសមណគោតមជាម្ចាស់ បានទទួលនិមន្តហើយ។
[២៣១] លុះព្រឹកឡើង ពោធិរាជកុមារ ក៏ចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តម ហើយឲ្យក្រាលកោកនុទប្រាសាទ ដោយសំពត់សទាំងឡាយ ដរាបដល់កាំជណ្តើរជាន់ខាងក្រោមបំផុត ហើយត្រាស់ហៅសញ្ជិកាបុត្តមាណពមកថា ម្នាលសញ្ជិកាបុត្ត សំឡាញ់ អ្នកចូរមក អ្នកចូរទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូល របស់ពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។
[២៣២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្លៀកស្បង់ ទ្រង់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ពុទ្ធដំណើរទៅកាន់និវេសនស្ថាន របស់ពោធិរាជកុមារ។ សម័យនោះឯង ពោធិរាជកុមារ ឈរនៅខាងក្រៅខ្លោងទ្វារ រង់ចាំព្រះមានព្រះភាគ។ ពោធិរាជកុមារ បានឃើញព្រះមានព្រះភាគ ទ្រង់ស្តេចយាងមកអំពីចំងាយលិមៗ លុះឃើញហើយ ក៏ក្រោកទៅទទួលក្នុងទីនោះ ហើយក្រាបថ្វាយបង្គំព្រះមានព្រះភាគ និមន្តព្រះអង្គ ឲ្យស្តេចយាងទៅខាងមុខ ហើយចូលទៅកាន់កោកនុទប្រាសាទ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ឈប់អាស្រ័យនៅកាំជណ្តើរជាន់ខាងក្រោមបំផុត។ លំដាប់នោះ ពោធិរាជកុមារ ក្រាបថ្វាយបង្គំ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ កាលពោធិរាជកុមារ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះអង្គទ្រង់នៅស្ងៀម។ ពោធិរាជកុមារ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងផង។ បេ។ ជាគំរប់បីដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះសុគត ទ្រង់ស្តេចយាងជាន់សំពត់ទាំងឡាយ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់បែរព្រះភក្ត្រ ទៅរកព្រះអានន្ទមានអាយុ។ ព្រះអានន្ទមានអាយុ ក៏មានថេរវាចាទៅនឹងពោធិរាជកុមារ យ៉ាងនេះថា បពិត្ររាជកុមារ សូមទ្រង់សារសំពត់ចេញ ព្រះមានព្រះភាគ ព្រះអង្គ មិនទ្រង់ជាន់កម្រាលសំពត់ទេ ព្រះតថាគត ទ្រង់អនុគ្រោះដល់ប្រជុំជនជាខាងក្រោយ។ គ្រានោះ ពោធិរាជកុមារ ទ្រង់ឲ្យសារសំពត់ទាំងឡាយចេញ ហើយទ្រង់ឲ្យក្រាលអាសនៈខាងលើកោកនុទប្រាសាទវិញ។ ព្រះមានព្រះភាគ ស្តេចយាងឡើងកាន់កោកនុទប្រាសាទ ហើយគង់លើអាសនៈ ដែលគេក្រាលស្រេចហើយ ព្រមទាំងភិក្ខុសង្ឃ។ លំដាប់នោះ ពោធិរាជកុមារ បានអង្គាសខាទនីយភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់ពីសារ ថ្វាយដោយព្រះហស្តព្រះអង្គឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់ទ្រង់ហាមឃាត់ លុះកំណត់ជ្រាបថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ត ទៅក្នុងបាត្រហើយ ក៏គង់ក្នុងទីសមគួរ។ លុះពោធិរាជកុមារ គង់ក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចេញទៅ។
[២៣៣] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវជាន់កម្រាលសំពត់ទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[២៣៤] សម័យនោះឯង មានស្រីម្នាក់ សម្រាលកូនរួចហើយ និមន្តភិក្ខុទាំងឡាយ ហើយក្រាលសំពត់ និយាយយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយ ជាន់សំពត់ចុះ។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានជាន់។ ស្រីនោះនិយាយថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយ ជាន់សំពត់ ដើម្បីប្រយោជន៍ជាមង្គល។ ភិក្ខុទាំងឡាយ ក៏នៅតែរង្កៀស មិនហ៊ានជាន់សំពត់ (ទៀត)។ លំដាប់នោះ ស្រីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ កាលបើគេអង្វរ ដើម្បីប្រយោជន៍ជាមង្គល មិនសមបើនឹងមិនហ៊ានជាន់កម្រាលសំពត់សោះ។ ភិក្ខុទាំងឡាយ បានឮស្រីនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) គ្រហស្ថត្រូវការមង្គល ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ដែលគ្រហស្ថអង្វរ ដើម្បីប្រយោជន៍ជាមង្គល ជាន់កម្រាលសំពត់បាន។
[២៣៥] សម័យនោះឯង ភិក្ខុទាំងឡាយរង្កៀសនឹងជាន់កម្រាលសម្រាប់ភិក្ខុ ដែលមានជើងស្អាតបាត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាន់លើកម្រាល សម្រាប់ភិក្ខុ ដែលមានជើងស្អាតបាត។
ចប់ ភាណវារៈ ជាគំរប់ពីរ។
[២៣៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភគ្គជនបទ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងទៅកាន់ចារិក ក្នុងក្រុងសាវត្ថី ទ្រង់ពុទ្ធដំណើរ ទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ នាងវិសាខាមិគារមាតា នាំយកក្អម និងទ្រនាប់សម្រាប់ជូតជើង មានរចនាដូចពកផ្លែឈូក40) និងអម្បោស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលក្អមទ្រនាប់ជូតជើង និងអម្បោស ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំម្ចាស់ អស់កាលជាអង្វែងទៅ។ ព្រះមានព្រះភាគ ទ្រង់ទទួលតែក្អម និងអម្បោស។ ព្រះអង្គ មិនទ្រង់ទទួលទ្រនាប់ជូតជើងឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ នាងវិសាខាមិគារមាតា កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
[២៣៧] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្អម និងអម្បោស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់សម្រាប់ជូតជើង មានរចនាដូចពកផ្លែឈូក41) ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់សម្រាប់ជូតជើង៣យ៉ាង គឺគ្រួស ឬដុំថ្ម១ អម្បែងក្បឿង ឬឥដ្ឋ១ ផ្សិត ដែលកើតពីពពុះទឹកសមុទ្រ១។
[២៣៨] គ្រាខាងក្រោយ នាងវិសាខាមិគារមាតា នាំយកផ្លិត៤ជ្រុង និងផ្លិតមូល42) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលផ្លិត៤ជ្រុង និងផ្លិតមូល (ស្លឹកត្នោត) ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំម្ចាស់ អស់កាលជាអង្វែង។ ព្រះមានព្រះភាគ ទ្រង់ទទួលយកផ្លិត៤ជ្រុង ផ្លិតមូល (ស្លឹកត្នោត) រួចហើយ។ ទើបព្រះមានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ឲ្យយល់ (ប្រយោជន៍) ដោយធម្មីកថា។ បេ។ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។
[២៣៩] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លិត៤ជ្រុង និងផ្លិតមូល (ស្លឹកត្នោត)។
[២៤០] សម័យនោះឯង ផ្លិតសម្រាប់បក់មូស កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លិតសម្រាប់បក់មូស។ (សម័យខាងក្រោយមក) ផ្លិតដែលគេធ្វើដោយរោមចាមរី កើតឡើង (ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ផ្លិត ដែលគេធ្វើដោយរោមចាមរីទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លិត៣យ៉ាង គឺ ផ្លិតដែលគេធ្វើដោយសម្បកឈើ១ ផ្លិតដែលគេក្រងដោយស្បូវភ្លំាង១ ផ្លិតដែលគេធ្វើដោយរោមកន្ទុយក្ងោក១។
[២៤១] សម័យនោះឯង មានឆត្រកើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆត្រ។
[២៤២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបាំងឆត្រដើរទៅ។ សម័យនោះឯង មានឧបាសកម្នាក់ដើរទៅកាន់ឱទ្យាន ជាមួយនឹងពួកសាវ័ក របស់អាជីវកជាច្រើននាក់។ សាវ័ករបស់អាជីវកទាំងឡាយនោះ បានឃើញពួកឆព្វគ្គិយភិក្ខុបាំងឆត្រ ដើរមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏និយាយនឹងឧបាសកនោះយ៉ាងនេះថា លោកទាំងអម្បាលនេះ ជាជីតុនរបស់អ្នក លោកបាំងឆត្រដើរមក ដូចជាពួកមហាមាត្យត្រួតពល។ ឧបាសកនោះក៏តបថា លោកទាំងអម្បាលនេះ មិនមែនជាភិក្ខុទេ គឺជាបរិព្វាជក។ ពួកសាវ័កអាជីវក និងឧបាសក ក៏ភ្នាល់គ្នាដោយពាក្យថា ភិក្ខុ (ឬ) មិនមែនជាភិក្ខុ។ ទើបឧបាសកនោះ ដើរចូលទៅជិត មើលស្គាល់ច្បាស់ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីក៏លោកម្ចាស់ដ៏ចំរើន បាំងឆត្រដើរ។ ភិក្ខុទាំងឡាយ បានឮឧបាសកនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (អំពើនោះ) ពិតមែនឬ។ បេ។ ភិក្ខុទាំងអម្បាលនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ ព្រះអង្គ ទ្រង់បន្ទោស រួចហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឆត្រទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[២៤៣] សម័យនោះឯង ភិក្ខុ១រូបទៀតមានជម្ងឺ។ ភិក្ខុនោះ បើខានបាំងឆត្រ មិនបានសេចក្តីសប្បាយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆត្រ ដល់ភិក្ខុមានជម្ងឺ។
[២៤៤] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឆត្រ ដល់ភិក្ខុមានជម្ងឺតែម្យ៉ាង មិនបានទ្រង់អនុញ្ញាត ដល់ភិក្ខុគ្មានជម្ងឺទេ ហើយរង្កៀសនឹងការបាំងឆត្រក្នុងអារាម និងឧបចាររបស់អារាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមិនមានជម្ងឺបាំងឆត្រក្នុងអារាម និងឧបចារនៃអារាមបាន។
[២៤៥] សម័យនោះឯង ភិក្ខុ១រូបច្រកបាត្រក្នុងសង្រែក ហើយពាក់លើឈើច្រត់ ដើរទៅតាមទ្វារស្រុកមួយ ក្នុងវេលាវិកាល។ មនុស្សទាំងឡាយនាំគ្នានិយាយថា បពិត្រអ្នកម្ចាស់ទាំងឡាយ បុរសនេះជាចោរដើរទៅ ដាវរបស់វា (មានមុខ) ភ្លឺស្ងាច ហើយក៏ដេញតាមចាប់ លុះចាប់បានហើយ ស្គាល់ថា (ជាភិក្ខុ) ក៏លែងទៅវិញ។ ទើបភិក្ខុនោះទៅកាន់អារាម ប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុផងគ្នា។ ភិក្ខុទាំងអម្បាលនោះ សួរថា ម្នាលអាវុសោ អ្នកទ្រទ្រង់ឈើច្រត់ទាំងសង្រែក ឬអ្វី។ ភិក្ខុនោះប្រាប់ថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើនឹងទ្រទ្រង់ឈើច្រត់ ទាំងសង្រែកសោះ។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឈើច្រត់ទាំងសង្រែកទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[២៤៦] សម័យនោះឯង ភិក្ខុ១រូបមានជម្ងឺ តែវៀរលែងឈើច្រត់ចេញហើយ មិនអាចនឹងដើរទៅមកបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃ ឲ្យទណ្ឌសម្មតិ ដល់ភិក្ខុមានជម្ងឺ។
[២៤៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុមានជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទារបស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ បើវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមកបាន បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមទណ្ឌសម្មតិនឹងសង្ឃ។ ភិក្ខុនោះគប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។
[២៤៨] ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នេះមានជម្ងឺ តែវៀរលែងឈើច្រត់ចេញហើយ ក៏មិនអាចនឹងដើរទៅមកបាន ភិក្ខុនោះមកសូមទណ្ឌសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមកបាន ភិក្ខុនោះ មកសូមទណ្ឌសម្មតិនឹងសង្ឃ។ សង្ឃឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ សង្ឃបានឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៤៩] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ តែវៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃឲ្យសិក្កាសម្មតិ ដល់ភិក្ខុមានជម្ងឺ។
[២៥០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុដែលមានជម្ងឺ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទារបស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ បើវៀរលែងសង្រែកចេញ ក៏មិនអាចនាំយកបាត្រទៅបាន បពិត្រព្រះសង្ឃដ៏ចំរើន (ឥឡូវនេះ) ខ្ញុំមកសូមសិក្កាសម្មតិនឹងសង្ឃ។ ភិក្ខុនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។
[២៥១] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងសង្រែកចេញហើយ ក៏មិនអាចនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះមកសូមសិក្កាសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងសង្រែកចេញ ក៏មិនអាចនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ មកសូមសិក្កាសម្មតិនឹងសង្ឃ។ សង្ឃក៏ឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ សង្ឃឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៥២] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ តែវៀរលែងឈើច្រត់ ចេញ ក៏មិនអាចនឹងដើរទៅមក បើវៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុមានជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុដែលមានជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក តែវៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមកសូមទណ្ឌសិក្កាសម្មតិនឹងសង្ឃ។ ភិក្ខុនោះ គប្បីសូម ជាគំរប់ពីរដងផង គប្បីសូម ជាគំរប់បីដងផង។
[២៥៣] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក វៀរលែងតែសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ សូមទណ្ឌសិក្កាសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក វៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ មកសូមទណ្ឌសិក្កាសម្មតិនឹងសង្ឃ។ សង្ឃឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ សង្ឃបានឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៥៤] សម័យនោះឯង ភិក្ខុ១រូបទំពាអៀងជាប្រក្រតី។ ភិក្ខុនោះទំពាអៀងៗ ហើយលេបចូលទៅ។ ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនេះឆាន់ភោជន ក្នុងវេលាវិកាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះទើបតែច្យុតមកអំពីកំណើតនៃគោ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទំពាអៀង ដល់ភិក្ខុអ្នកទំពាអៀង ជាប្រក្រតី ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុកុំខ្ជាក់អាហារចេញមកខាងក្រៅទ្វារមាត់ ហើយលេបចូលទៅវិញ បើភិក្ខុណា លេបចូលទៅវិញ វិនយធរគប្បីឲ្យភិក្ខុនោះធ្វើតាមធម៌ (សំដែងអាបត្តិចេញ)។
[២៥៥] សម័យនោះឯង មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ គ្រាប់បាយដ៏ច្រើន ក៏ជ្រុសរោយរាយ ក្នុងរោងភត្ត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណសក្យបុត្តិយ៍ កាលបើគេកំពុងប្រគេនបាយ មិនសមបើ មិនទទួលដោយសេចក្តីគោរពសោះ ធម្មតា គ្រាប់បាយមួយគ្រាប់ៗ រមែងញុំាងការងារច្រើន ឲ្យសម្រេចបាន។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ គ្រាប់បាយណា ដែលគេកំពុងឲ្យ ហើយធ្លាក់ចុះ តថាគតអនុញ្ញាតឲ្យភិក្ខុរើសគ្រាប់បាយនោះខ្លួនឯង ហើយឆាន់ចុះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា គ្រាប់បាយនោះ ទាយកគេលះ គឺប្រគេនរួចស្រេចហើយ។
[២៥៦] សម័យនោះឯង ភិក្ខុ១រូបមានក្រចកវែង ដើរទៅបិណ្ឌបាត។ ស្រីម្នាក់ឃើញហើយ និយាយនឹងភិក្ខុនោះដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមកសេពមេថុនធម្ម (នឹងខ្ញុំចុះ)។ ភិក្ខុនោះឃាត់ថា នែប្អូនស្រី កុំឡើយ ការនុ៎ះ មិនគួរទេ។ ស្រីនោះ និយាយទៀតថា បពិត្រលោកដ៏ចំរើន បើលោកម្ចាស់មិនសេពទេ ខ្ញុំនឹងខ្វារក្រចៅខ្លួន ដោយក្រចករបស់ខ្លួន ហើយនឹងស្រែកឥឡូវនេះថា ភិក្ខុនេះ ធ្វើវិប្បការនឹងខ្ញុំ។ ភិក្ខុនោះ ក៏បណ្តោយថា ប្អូនស្រី នាងឯងចូរដឹងចុះ។ ទើបស្រីនោះ ខ្វារក្រចៅរាងកាយ ដោយក្រចករបស់ខ្លួន ហើយស្រែកថា ភិក្ខុនេះធ្វើវិប្បការនឹងខ្ញុំ។ មនុស្សទាំងឡាយ ក៏ស្ទុះទៅចាប់ភិក្ខុនោះ។ មនុស្សទាំងអម្បាលនោះ បានឃើញស្បែក និងឈាមក្នុងក្រចកស្រីនោះ លុះឃើញហើយ ក៏ជឿជាក់ថា ភិក្ខុនេះ មិនបានធ្វើកម្មនេះ ដល់ស្រីនេះទេ ហើយក៏លែងភិក្ខុនោះទៅ។ ទើបភិក្ខុនោះ ទៅកាន់អារាមប្រាប់ដំណើរនុ៎ះ ដល់ភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយសួរថា ម្នាលលោកមានអាយុ ចុះលោកទុកក្រចកវែងឬ។ ភិក្ខុនោះប្រាប់ថា អើអាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើនឹងទុកក្រចកវែងសោះ។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកក្រចកវែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[២៥៧] សម័យនោះឯង ភិក្ខុទាំងឡាយ កាត់ក្រចកដោយក្រចកខ្លះ។ កាត់ក្រចកដោយមាត់ខ្លះ។ ត្រដុសក្រចកនឹងជញ្ជាំងខ្លះ។ ម្រាមដៃទាំងឡាយ ក៏ឈឺចាប់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវកាំបិតកាត់ក្រចក។ ភិក្ខុទាំងនោះ កាត់ក្រចកត្រាតែដល់ឈាម។ ម្រាមដៃទាំងឡាយ ក៏ឈើចាប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកាត់ក្រចកត្រឹមនឹងសាច់។
[២៥៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឲ្យគេខាត់ក្រចកទាំង២០។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេខាត់ក្រចកទាំង២០ទេ ភិក្ខុណាឲ្យគេខាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគ្រាន់តែជម្រះក្អែលប៉ុណ្ណោះ។
[២៥៩] សម័យនោះឯង ភិក្ខុទាំងឡាយមានសក់វែង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ អាចនឹងកោរសក់គ្នាទៅវិញទៅមកបានឬទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ អាចនឹងកោរបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិតកោរ ថ្មសំលៀងកាំបិតកោរ ស្រោមកាំបិតកោរ គ្រឿងស្មាច់ដែលគេធ្វើដោយរោមចៀម និងគ្រឿងប្រដាប់កាំបិតកោរទាំងពួង។
[២៦០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឲ្យគេកាត់ពុកមាត់ (ដោយកន្ត្រៃខ្លះ)។ ទុកពុកមាត់ (ឲ្យវែង)ខ្លះ។ ឲ្យគេធ្វើពុកចង្កាឲ្យវែង ដូចជាពុកចង្កាពពែខ្លះ។ ឲ្យគេធ្វើពុកមាត់ជា៤ជ្រុងខ្លះ។ ប្រមូលជួររោមត្រង់ទ្រូងខ្លះ។ ទុកជួររោមត្រង់ពោះខ្លះ។ ទុកពុកមាត់ឲ្យដូចជាចង្កូមខ្លះ។ ឲ្យគេដករោមក្នុងទីចង្អៀតខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេកាត់ពុកមាត់ (ដោយកន្ត្រៃ) មិនត្រូវទុកពុកមាត់ ឲ្យវែង មិនត្រូវឲ្យគេធ្វើពុកចង្កាឲ្យវែង (ដូចជាពុកចង្កាពពែ) មិនត្រូវឲ្យគេធ្វើពុកមាត់៤ជ្រុង មិនត្រូវប្រមូលជួររោមត្រង់ទ្រូង មិនត្រូវទុកជួររោមត្រង់ពោះ មិនត្រូវទុកពុកមាត់ឲ្យដូចជាចង្កូម មិនត្រូវឲ្យគេដករោមក្នុងទីចង្អៀត ភិក្ខុណាឲ្យគេដក ត្រូវអាបត្តិទុក្កដ។
[២៦១] សម័យនោះឯង ភិក្ខុមួយរូបកើតដំបៅក្នុងទីចង្អៀត។ លាបថ្នាំមិនជាប់។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មានអាពាធជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យគេដករោមក្នុងទីចង្អៀតបាន។
[២៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើគេឲ្យកាត់សក់ ដោយកន្ត្រៃ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេកាត់សក់ ដោយកន្ត្រៃទេ។ ភិក្ខុណាឲ្យគេកាត់ ត្រូវអាបត្តិទុក្កដ។
[២៦៣] សម័យនោះឯង ភិក្ខុ១រូប កើតដំបៅត្រង់ក្បាល។ ភិក្ខុនោះ មិនអាចនឹងកោរសក់ ដោយកាំបិតកោរបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មានអាពាធជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យគេកាត់សក់ដោយកន្ត្រៃបាន។
[២៦៤] សម័យនោះឯង ភិក្ខុទាំងឡាយ ទុករោមច្រមុះវែង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចបិសាច។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុករោមច្រមុះឲ្យវែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[២៦៥] សម័យនោះឯង ភិក្ខុទាំងឡាយ ឲ្យគេដករោមច្រមុះ ដោយដុំក្រួសខ្លះ ដោយក្រមួនឃ្មុំខ្លះ។ ច្រមុះក៏ឈឺចាប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសណ្ឌាស។
[២៦៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេដកសក់ស្កូវ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេដកសក់ស្កូវទេ ភិក្ខុណាឲ្យគេដក ត្រូវអាបត្តិទុក្កដ។
[២៦៧] សម័យនោះឯង ភិក្ខុមួយរូបមានត្រចៀកថ្លង់ ដោយអាចម៍ត្រចៀក។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កៀលអាចម៍ត្រចៀក។
[២៦៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ចង្កៀលអាចម៍ត្រចៀកខ្ពស់និងទាប (មិនរាបសា) គឺធ្វើដោយមាសខ្លះ ដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ចង្កៀលអាចម៍ត្រចៀកខ្ពស់ និងទាប (មិនរាបសា)ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កៀលអាចម៍ត្រចៀក ដែលធ្វើដោយឆ្អឹង ភ្លុក ស្នែង បបុស ឫស្សី ឈើ ជ័រឈើ ផ្លែឈើ លោហជាតិ គូថស័ង្ខ។
[២៦៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្សំទុកដាក់គ្រឿងលោហជាតិ និងសំរិទ្ធជាច្រើន។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកសមណសក្យបុត្តិយ៍ សន្សំទុកដាក់គ្រឿងលោហជាតិ និងគ្រឿងសំរិទ្ធ ដូចពួកអ្នកជួញសំរិទ្ធសោះ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្សំទុកដាក់គ្រឿងលោហជាតិ និងសំរិទ្ធទេ ភិក្ខុណាសន្សំទុកដាក់ ត្រូវអាបត្តិទុក្កដ។
[២៧០] សម័យនោះឯង ពួកភិក្ខុរង្កៀសនឹងកិច្ចសព្វបើគ្រាន់តែចងបំពង់ថ្នាំភ្នែកខ្លះ (គឺចងចង្កំ) ចង្កឹះបំពង់ថ្នាំភ្នែកខ្លះ ចង្កៀលអាចម៍ត្រចៀកខ្លះ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រឹមតែការចងបំពង់ថ្នាំភ្នែក ចង្កឹះបំពង់ថ្នាំភ្នែក ចង្កៀលអាចម៍ត្រចៀកបាន។
[២៧១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិ។ ផ្នត់សង្ឃាដិក៏ទក់ខូចអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិទេ ភិក្ខុណាអង្គុយ ត្រូវអាបត្តិទុក្កដ។
[២៧២] សម័យនោះឯង ភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុនោះ តែវៀរលែងសំពត់អាយោគចេញ ក៏មិនបានសេចក្តីសប្បាយកាយ។ បេ។ ទើបពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់អាយោគ។ ទើបភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា សំពត់អាយោគ យើងរាល់គ្នា គប្បីដឹងដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្តារមូរ ធ្មេញឈើ ខ្សែសម្រាប់រឹត ចន្ទាល់ និងប្រដាប់តម្បាញទាំងអស់។
[២៧៣] សម័យនោះឯង ភិក្ខុ១រូប មិនមានកាយពន្ធ គឺវត្ថពន្ធចង្កេះ ចូលទៅបិណ្ឌបាត ក្នុងស្រុក។ ស្បង់របស់ភិក្ខុនោះ របូតចុះក្នុងច្រកផ្លូវ។ មនុស្សទាំងឡាយ ឃើញហើយ ក៏ស្រែកហ៊ោឡើង។ ភិក្ខុនោះមានសេចក្តីអៀនខ្មាស។ ទើបភិក្ខុនោះ ទៅកាន់អារាម ប្រាប់ដំណើរនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានកាយពន្ធ43) មិនត្រូវចូលទៅកាន់ស្រុកទេ ភិក្ខុណាចូលទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាយពន្ធ។
[២៧៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់កាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺកាយពន្ធមានខ្សែច្រើន កាយពន្ធមានសណ្ឋានដូចក្បាលពស់ទឹក កាយពន្ធមានសណ្ឋានដូចខ្សែរឹតសំភោរ និងកាយពន្ធ មានសណ្ឋានដូចសង្វារ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់កាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺកាយពន្ធមានខ្សែច្រើន កាយពន្ធមានសណ្ឋានដូចក្បាលពស់ទឹក កាយពន្ធដូចខ្សែរឹតសំភោរ និងកាយពន្ធ មានសណ្ឋានដូចសង្វារទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាយពន្ធពីរយ៉ាង គឺកាយពន្ធធ្វើជាផ្ទាំង១ កាយពន្ធមានសណ្ឋានដូចពោះវៀនជ្រូក១។ បេ។ លុះដល់កាយពន្ធ មានជាយរេច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជាយកាយពន្ធ មានសណ្ឋានដូចខ្សែរឹតសំភោរ និងជាយកាយពន្ធ មានសណ្ឋានដូចសង្វារ។ (ក្រោយមកទៀត) រិមកាយពន្ធក៏រេច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដេរ លិន និដេរឲ្យមានអាការដូចកួផ្លែស្កួយ។ (យូរមកទៀត) ចុងអន្ទាក់កាយពន្ធក៏រេច។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្រវិលកាយពន្ធ។
[២៧៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ក្រវិលកាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺធ្វើដោយមាសខ្លះ ប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ក្រវិលកាយពន្ធខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្រវិលកាយពន្ធ ដែលធ្វើដោយឆ្អឹង ដោយភ្លុក ដោយស្នែង ដោយបបុះ ដោយឫស្សី។ បេ។ ធ្វើដោយគូថស័ង្ខ ធ្វើដោយសូត្រ ឬអំបោះ។
[២៧៦] សម័យនោះឯង ព្រះអានន្ទមានអាយុ ឃ្លុំសង្ឃាដិ និងឧត្តរាសង្គៈដែលស្រាល ហើយចូលទៅបិណ្ឌបាតក្នុងស្រុក។ ខ្យល់កំបុតត្បូង ក៏ប៉ើងសង្ឃាដិ និងឧត្តរាសង្គៈ របស់ព្រះអានន្ទនោះ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ទៅកាន់អារាម ហើយប្រាប់រឿងនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឡេវ និងអន្ទាក់ឡេវ។
[២៧៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ឡេវខ្ពស់ និងទាប គឺធ្វើដោយមាសខ្លះ ប្រាក់ខ្លះ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឡេវខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឡេវ ដែលធ្វើដោយឆ្អឹង ដោយភ្លុក ដោយស្នែង ដោយបបុះ ដោយឫស្សី ដោយឈើ ដោយជ័រឈើ ដោយផ្លែឈើ ដោយលោហជាតិ ដោយគូថស័ង្ខ ដោយសូត្រ ឬអំបោះ។
[២៧៨] សម័យនោះឯង ពួកភិក្ខុដេរភ្ជាប់ឡេវ និងអន្ទាក់ក្នុងផ្ទៃចីវរ។ ចីវរក៏គ្រាំគ្រា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ឡេវ និងទ្រនាប់អន្ទាក់ឡេវ។ ពួកភិក្ខុទាំងនោះ ដេរភ្ជាប់ទ្រនាប់ឡេវ និងទ្រនាប់អន្ទាក់ឡេវក្នុងទីបំផុត (ចីវរ)។ មុំចីវរក៏របើក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដេរភ្ជាប់ទ្រនាប់ឡេវក្នុងទីបំផុតចីវរ ដេរទ្រនាប់អន្ទាក់ បន្ថយចូលមកខាងក្នុងត្រឹម៧ធ្នាប់ ឬ៨ធ្នាប់។
[២៧៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់ ដូចសំលៀករបស់គ្រហស្ថ គឺស្លៀកឲ្យស្លុយមុខ ដូចប្រមោយដំរី (ដូចសំលៀកមនុស្សស្រីក្នុងចោឡកប្រទេស) ស្លៀកមានសណ្ឋានដូចកន្ទុយត្រី44) ស្លៀកឲ្យមានជ្រុង៤ (ស្លៀកបន្លេចជ្រុងស្បង់ទាំង៤ឲ្យប្រាកដ) ស្លៀកដោយអាការដូចធាងត្នោត (ស្លៀកសំឡុយសាដកឲ្យស្លុយចុះ) ស្លៀកអង្កាញ់ ឲ្យមានផ្នត់ច្រើន។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកស្បង់ ដូចសំលៀកគ្រហស្ថ គឺស្លៀកឲ្យស្លុយមុខ ដូចប្រមោយដំរី មានសណ្ឋានដូចកន្ទុយត្រី ស្លៀកឲ្យមានជ្រុង៤ ស្លៀកមានអាការដូចធាងត្នោត ស្លៀកអង្កាញ់ ឲ្យមានផ្នត់ច្រើនទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។
[២៨០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ដណ្តប់ដូចគ្រហស្ថ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដណ្តប់ដូចពួកគ្រហស្ថទេ ភិក្ខុណាដណ្តប់ ត្រូវអាបត្តិទុក្កដ។
[២៨១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកចងក្បិន។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកមនុស្ស អ្នកនាំគ្រឿងបរិក្ខារ របស់ព្រះរាជា ដែលយាងទៅកាន់ទីណាមួយ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកចងក្បិនទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។
[២៨២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំយកអម្រែកទាំងសងខាង គឺរែក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកមនុស្ស នាំគ្រឿងបរិក្ខារ របស់ព្រះរាជា ដែលយាងទៅកាន់ទីណាមួយ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនាំអម្រែកទេ ភិក្ខុណានាំទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុពុន សែង ទូល លី កណ្តៀត និងយួរបាន។
[២៨៣] សម័យនោះឯង ពួកភិក្ខុមិនទំពាឈើស្ទន់។ មាត់ក៏មានក្លិនស្អុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់នេះ មាន៥ប្រការ គឺនាំឲ្យថយកំលាំងភ្នែក១ មាត់មានក្លិនស្អុយ១ សរសៃសម្រាប់នាំរសមិនបរិសុទ្ធ១ ប្រមាត់ និងស្លេស្មរួបរឹតបាយ១ ភិក្ខុនោះឆាន់ចង្ហាន់មិនឆ្ងាញ់១ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់ មាន៥ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការទំពាឈើស្ទន់នេះ មាន៥ប្រការ គឺនាំឲ្យមានកំលាំងភ្នែក១ មាត់មិនមានក្លិនស្អុយ១ សរសៃសម្រាប់នាំរសបរិសុទ្ធ១ ប្រមាត់ និងស្លេស្ម មិនរួបរឹតបាយ១ ភិក្ខុនោះឆ្ងាញ់បាយ១ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការទំពាឈើស្ទន់ មាន៥ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើស្ទន់។
[២៨៤] សម័យនោះ ពួកឆព្វគ្គិយភិក្ខុទំពាឈើស្ទន់វែង ហើយគោះ វាយសាមណេរ ដោយឈើស្ទន់នោះឯង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំពាឈើស្ទន់វែងទេ ភិក្ខុណាទំពា ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើស្ទន់យ៉ាងវែង ត្រឹម៨45) ធ្នាប់ តែថា កុំគោះវាយសាមណេរ ដោយឈើស្ទន់នោះឡើយ ភិក្ខុណាគោះ ត្រូវអាបត្តិទុក្កដ។
[២៨៥] សម័យនោះឯង ភិក្ខុមួយរូប មានឈើស្ទន់ខ្លីពេក ឈើស្ទន់ ក៏របូតចូលទៅក្នុងបំពង់ក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំពាឈើស្ទន់ខ្លីពេកទេ ភិក្ខុណាទំពា ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឈើស្ទន់យ៉ាងខ្លីបំផុតត្រឹម៤ធ្នាប់។
[២៨៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដុតព្រៃ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចអ្នកដុតព្រៃ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដុតព្រៃទេ ភិក្ខុណាដុតព្រៃ ត្រូវអាបត្តិទុក្កដ។
[២៨៧] សម័យនោះឯង វិហារទាំងឡាយ ក៏ស្មុកស្មាញដោយស្មៅ។ កាលដែលភ្លើងឆេះព្រៃ (រាលមក) ក៏ឆេះទាំងវិហារផង។ ភិក្ខុទាំងឡាយរង្កៀសនឹងការដុតភ្លើងតទល់គ្នា ដើម្បីនឹងធ្វើសេចក្តីការពារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភ្លើងព្រៃឆេះមក តថាគតអនុញ្ញាត ឲ្យដុតភ្លើងតទល់ ដើម្បីនឹងធ្វើសេចក្តីការពារបាន។
[២៨៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឡើងដើមឈើ ឆ្លងពីដើមឈើមួយ ទៅដើមឈើមួយ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកស្វា។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឡើងដើមឈើទេ ភិក្ខុណាឡើង ត្រូវអាបត្តិទុក្កដ។
[២៨៩] សម័យនោះឯង ភិក្ខុមួយរូប ដើរសំដៅទៅក្រុងសាវត្ថី ក្នុងកោសលជនបទ ក៏មានដំរីដេញព្រេច ពាក់កណ្តាលផ្លូវ។ ទើបភិក្ខុនោះស្ទុះចូលទៅរកដើមឈើ ក៏មានសេចក្តីរង្កៀស មិនហ៊ានឡើងដើមឈើ។ ដំរីនោះ ក៏ហួសទៅទីដទៃ។ គ្រានោះឯង ភិក្ខុនោះទៅដល់ក្រុងសាវត្ថី ប្រាប់ដំណើរនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ពួកភិក្ខុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកិច្ចគួរធ្វើ តថាគតអនុញ្ញាតឲ្យឡើងដើមឈើបានត្រឹមមួយជួរបុរស បើមានអន្តរាយ46) ឲ្យឡើងកំណត់ត្រឹមណាក៏បាន។
[២៩០] សម័យនោះឯង មានភិក្ខុពីររូប ជាបងប្អូននឹងគ្នា ឈ្មោះមេដ្ឋកៈ១ ឱកុដ្ឋៈ១ ជាជាតិព្រាហ្មណ៍ មានសំដីពីរោះ មានសំឡេងក៏ពីរោះ។ ភិក្ខុទាំងពីររូបនោះ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សព្វថ្ងៃនេះ ពួកភិក្ខុមានឈ្មោះផ្សេងគ្នា មានគោត្រផ្សេងគ្នា មានជាតិផ្សេងគ្នា ចេញអំពីត្រកូលទីទៃៗ មកបួស ភិក្ខុទាំងនោះ ធ្វើពុទ្ធវចនៈឲ្យខូច ដោយភាសារបស់ខ្លួន បពិត្រព្រះមានព្រះភាគ បើដូច្នោះ ខ្ញុំព្រះអង្គទាំងអម្បាលនេះ សូមលើកពុទ្ធវចនៈតាមឆន្ទ។47) ព្រះពុទ្ធ ទ្រង់ព្រះភាគជាម្ចាស់ ព្រះអង្គ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ មិនសមបើអ្នករាល់គ្នាពោលថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គរាល់គ្នា សូមលើកពុទ្ធវចនៈ តាមឆន្ទ ដូច្នេះទេ នែមោឃបុរស អំពើដែលអ្នករាល់គ្នាធ្វើនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលើកពុទ្ធវចនៈតាមឆន្ទទេ ភិក្ខុណាលើក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរៀនពុទ្ធវចនៈ តាមសកភាសា48) គឺមគធភាសា។
[២៩១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុរៀនគម្ពីរលោកាយតៈ។49) មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្លាប់ឃើញថា មានខ្លឹមក្នុងគម្ពីរលោកាយតៈហើយ គួរដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយក្នុងធម្មវិន័យនេះដែរឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីនេះមិនមែនទេ។ ទ្រង់ត្រាស់សួរទៀតថា ចុះភិក្ខុដែលឃើញថា មានខ្លឹមក្នុងធម្មវិន័យនេះហើយ គួររៀនគម្ពីរលោកាយតៈដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីនេះ មិនមែនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនគម្ពីរលោកាយតៈទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ។
[២៩២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ បង្រៀនគម្ពីរលោកាយតៈ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបង្រៀនគម្ពីរលោកាយតៈទេ ភិក្ខុណាបង្រៀន ត្រូវអាបត្តិទុក្កដ។
[២៩៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុរៀនតិរច្ឆានវិជ្ជា។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ។
[២៩៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបង្រៀនតិរច្ឆានវិជ្ជា។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបង្រៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណាបង្រៀន ត្រូវអាបត្តិទុក្កដ។
[២៩៥] សម័យនោះឯង ព្រះពុទ្ធទ្រង់ព្រះភាគ មានបរិសទ្យជាច្រើនចោមរោម ទ្រង់សំដែងធម៌ ហើយទ្រង់កណ្តាស។ ពួកភិក្ខុក៏ធ្វើសំឡេងគឹកកងយ៉ាងខ្លាំងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគចំរើនព្រះជន្មាយុរស់នៅ សូមព្រះសុគតចំរើនព្រះជន្មាយុរស់នៅ។50) ធម្មកថា ក៏ដាច់ពាក់កណ្តាល ដោយសំឡេងនោះ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកសួរថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេនិយាយថា អ្នកចូររស់នៅដូច្នេះ ក្នុងវេលាដែលកណ្តាស បុគ្គលនោះ គួររស់នៅ ឬគួរស្លាប់ ព្រោះហេតុប៉ុណ្ណោះដែរឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមែនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកដទៃ ភិក្ខុមិនត្រូវពោលថា អ្នកចូររស់នៅ ក្នុងវេលាកណ្តាស (ប៉ុណ្ណោះ)ទេ ភិក្ខុណាពោល ត្រូវអាបត្តិទុក្កដ។
[២៩៦] សម័យនោះឯង មនុស្សទាំងឡាយ ទៅនិយាយនឹងពួកភិក្ខុ ក្នុងវេលាដែលកណ្តាសថា បពិត្រលោកទាំងឡាយដ៏ចំរើន ចូរលោករស់នៅ។ ពួកភិក្ខុមានសេចក្តីរង្កៀស មិនហ៊ានពោលតបវិញ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ សមណសក្យបុត្តិយ៍ទាំងនេះ កាលបើពួកយើងនិយាយថា បពិត្រលោកទាំងឡាយដ៏ចំរើន ចូរលោករស់នៅដូច្នេះ ហើយលោកមិនពោលតបនឹងយើងសោះ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតា គ្រហស្ថទាំងឡាយ តែងត្រូវការដោយមង្គល ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ដែលគ្រហស្ថទាំងឡាយនិយាយថា បពិត្រលោកដ៏ចំរើន លោកចូររស់នៅ ដូច្នេះ ឲ្យនិយាយតបទៅវិញថា អ្នកចូររស់នៅអស់កាលយូរ ដូច្នេះបាន។
[២៩៧] សម័យនោះឯង ព្រះមានព្រះភាគ មានបរិសទ្យច្រើនចោមរោម ទ្រង់គង់សំដែងធម៌។ ភិក្ខុមួយរូបឆាន់ខ្ទឹម។ ភិក្ខុនោះ អង្គុយក្នុងទីបំផុតដោយគិតថា ពួកភិក្ខុកុំធុំក្លិនឡើយ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញភិក្ខុនោះ អង្គុយក្នុងទីបំផុត លុះឃើញហើយ ទើបត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយក្នុងទីបំផុតនោះ ដោយហេតុអ្វី។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគដ៏ចំរើន (ព្រោះ) ភិក្ខុនោះឆាន់ខ្ទឹម បានជាភិក្ខុនោះ អង្គុយក្នុងទីបំផុត ដោយគិតថា ពួកភិក្ខុកុំធុំក្លិនឡើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលនៅឆ្ងាយពីធម្មកថា មានសភាពយ៉ាងនេះ ព្រោះតែឆាន់ខ្ទឹមណា ខ្ទឹមនោះ ភិក្ខុគួរឆាន់ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ មិនគួរទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ខ្ទឹមទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[២៩៨] សម័យនោះឯង ព្រះសារីបុត្តមានអាយុ មានអាពាធ កើតអំពីខ្យល់ក្នុងផ្ទៃ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ មានថេរវាចាសួរព្រះសារីបុត្តមានអាយុដូច្នេះថា នែអាវុសោសារីបុត្ត អាពាធ ដែលកើតអំពីខ្យល់ ក្នុងផ្ទៃរបស់លោកពីមុន តែងជាសះស្បើយ ដោយថ្នាំអ្វី។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ខ្ញុំតែងជាសះស្បើយដោយខ្ទឹម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធជាហេតុ តថាគតអនុញ្ញាត ឲ្យឆាន់ខ្ទឹមបាន។
[២៩៩] សម័យនោះឯង ពួកភិក្ខុ បន្ទោបង់បស្សាវៈ ក្នុងទីពីសពាស។ អារាមមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបន្ទោបង់បស្សាវៈ តែក្នុងកន្លែងមួយ។ អារាមមានក្លិនអាក្រក់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆ្នាំងសម្រាប់រងបស្សាវៈ។ ពួកភិក្ខុលំបាកនឹងអង្គុយបន្ទោបង់បស្សាវៈ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ទ្រនាប់ជើងសម្រាប់បន្ទោបង់បស្សាវៈ។ ទ្រនាប់ជើងសម្រាប់បន្ទោបង់បស្សាវៈ នៅទីវាល មិនបិទបាំង។ ពួកភិក្ខុអៀននឹងបន្ទោបង់បស្សាវៈ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបិទបាំងដោយកំពែង ៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ ឆ្នាំងសម្រាប់រងបស្សាវៈ មិនទាន់មានគ្រប ក៏ធុំក្លិនស្អុយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។
[៣០០] សម័យនោះឯង ពួកភិក្ខុបន្ទោបង់វច្ចៈ ក្នុងទីពីសពាស ក្នុងអារាម។ អារាមក៏មិនស្អាត។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបន្ទោបង់វច្ចៈ តែក្នុងកន្លែងមួយ។ អារាមក៏ធុំក្លិនស្អុយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរណ្តៅវច្ចៈ។ មាត់រណ្តៅវច្ចៈ ក៏បាក់រលុះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកខឿន ៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ រណ្តៅវច្ចៈ មានទីដីទាប។ ទឹកក៏លិចកន្លែងនោះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏បាក់រលុះហូរចេញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន ៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុឡើង ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ ក៏ដួល។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ ពួកភិក្ខុអង្គុយក្នុងទីបំផុត កំពុងបន្ទោបង់វច្ចៈ ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុក្រាលក្តារ ហើយចោះប្រហោងកណ្តាល ហើយបន្ទោបង់វច្ចៈ។ ពួកភិក្ខុក៏លំបាកនឹងអង្គុយបន្ទោបង់វច្ចៈ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ជើង សម្រាប់បន្ទោបង់វច្ចៈ។ ពួកភិក្ខុបន្ទោបង់បស្សាវៈខាងក្រៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ សម្រាប់រងបស្សាវៈ។ ឈើខ្នៀសមិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើខ្នៀស។ ត្រកសម្រាប់ដាក់ឈើខ្នៀស មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រកសម្រាប់ដាក់ឈើខ្នៀស។ រណ្តៅវច្ចៈ មិនទាន់មានគ្រប ក៏ធុំក្លិនស្អុយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។
[៣០១] សម័យនោះឯង ពួកភិក្ខុបន្ទោបង់វច្ចៈក្នុងទីកណ្តាលវាល ក៏លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវច្ចកុដិ។ សន្ទះទ្វារវច្ចកុដិ មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសររបស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅធ្លាក់ចុះក្នុងវច្ចកុដិ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគាបដំបូល ហើយបូកលាបទាំងខាងក្នុង ខាងក្រៅ51) និងថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរសំរាប់ពាក់ចីវរ និងខ្សែសំរាប់ពាក់ចីវរ។
[៣០២] សម័យនោះឯង ភិក្ខុមួយរូប ជរាទុព្វល កាលនឹងបន្ទោបង់វច្ចៈ ហើយក្រោកឡើង ក៏ដួលទៅវិញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរបស់សម្រាប់តោង។
[៣០៣] សម័យនោះឯង វច្ចកុដិ មិនទាន់មានរបង ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបិទបាំងដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។
[៣០៤] បន្ទប់មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់។ បន្ទប់មានទីដីដ៏ទាប។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏បាក់រលុះរលាយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុលំបាកនឹងឡើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ កាលពួកភិក្ខុ នាំគ្នាឡើង ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ សន្ទះទ្វាររបស់បន្ទប់មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសរ របស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ ខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់ចុះក្នុងបន្ទប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគាបដំបូល ហើយបូកលាបទាំងខាងក្នុង ទាំងខាងក្រៅ និងថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ ទីលានក៏ភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរោយរាយដោយក្រួសរវាន។ ទីលានមិនរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ បេ។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ-ទឹក។ ឆ្នាំងទឹកសម្រាប់ជម្រះមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆ្នាំងទឹកសម្រាប់ជ្រះ។ ផ្តិលសម្រាប់ជម្រះមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្តិលសម្រាប់ជម្រះ។ ពួកភិក្ខុលំបាកនឹងអង្គុយជម្រះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ជើងសម្រាប់ជម្រះ។ ទ្រនាប់ជើងសម្រាប់ជម្រះ នៅកណ្តាលវាល។ ពួកភិក្ខុអៀនខ្មាសនឹងជម្រះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបិទបាំងដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ ឆ្នាំងទឹកសម្រាប់ជម្រះមិនទាន់មានគម្រប។ ឆ្នាំងទឹកសម្រាប់ជម្រះ ស្មោកគ្រោកដោយកំទេចស្មៅខ្លះ អាចម៍ដីខ្លះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។
[៣០៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើកម្រងផ្កា ឲ្យមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើ ចាក់រំលេចទងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើ ដោត52) ជាចង្កោម ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់ត្រចៀក ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់ទ្រូង ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ពួកភិក្ខុទាំងអម្បាលនោះ នាំផ្កាកម្រង មានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង មានទងទាំងពីរខាង ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើចាក់រំលេចទង ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាឈើ ដែលដោតជាចង្កោម ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់ក្បាល ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់ត្រចៀក ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់ទ្រូង ទៅខ្លួនឯងខ្លះ ប្រើគេនាំទៅឲ្យខ្លះ ដើម្បីពួកស្រីក្រមុំនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូល។ ពួកភិក្ខុទាំងអម្បាលនោះ ឆាន់ (ភោជន) ក្នុងភាជន៍មួយ ជាមួយនឹងស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយខ្លះ ផឹកទឹកក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់សំពត់ជាមួយគ្នាខ្លះ ដេកលើកម្រាល ទាំងដណ្តប់សំពត់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីដែលរាំខ្លះ ច្រៀងជាមួយនឹងស្រីដែលរាំខ្លះ ប្រគំជាមួយនឹងស្រីដែលរាំខ្លះ កែក្រាយជាមួយនឹងស្រីដែលរាំខ្លះ។ បេ។ រាំជាមួយនឹងស្រីដែលកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីដែលកែក្រាយខ្លះ ប្រគំជាមួយនឹងស្រី ដែលកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រី ដែលកែក្រាយខ្លះ លេងបាស្កាមានក្រឡាប្រាំបីខ្លះ លេងបាស្កាមានក្រឡាដប់ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងវាងផ្លូវដែលគួរវាង (លេងពួន)ខ្លះ លេងផ្ទាត់គ្រាប់ មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កា ក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកល័ក្ត ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរខ្យល់ ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់វិជ្ជាដង មានដងដាវជាដើមខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិ ក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំ ក្នុងទីនេះខ្លះ ដាក់ម្រាមដៃ លើថ្ងាសខ្លួន និងលើថ្ងាសស្រី ដែលរាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗខ្លះ (ក្រៅអំពីនេះទៅទៀត)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រព្រឹត្តអនាចារផ្សេងៗទេ ភិក្ខុណាប្រព្រឹត្ត វិន័យធរ គប្បីឲ្យភិក្ខុនោះ ធ្វើតាមធម៌។
[៣០៦] សម័យនោះឯង កាលព្រះឧរុវេឡកស្សបមានអាយុ ចូលមកបួសហើយ ក៏មានគ្រឿងលោហៈ គ្រឿងឈើ គ្រឿងដី ជាច្រើន កើតឡើងដល់សង្ឃ។ ពួកភិក្ខុគិតយ៉ាងនេះថា គ្រឿងលោហៈ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ គ្រឿងឈើ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ គ្រឿងដី ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងលោហៈទាំងពួង វៀរលែងតែ លោហៈ ដែលជាគ្រឿងសម្រាប់ប្រហារ អនុញ្ញាតគ្រែទាំងពួង វៀវលែងតែ អាសនៈកន្លងហួសប្រមាណ ដែលហៅថាអាសន្ទិ អនុញ្ញាតគ្រឿងឈើទាំងពួង វៀវលែងតែបាត្រឈើ និងទ្រនាប់ជើងឈើ អនុញ្ញាតគ្រឿងដីទាំងពួង វៀវលែងតែ គ្រឿងជូតជើង ដែលគេធ្វើជាពក ឲ្យស្រួចៗឡើង មានអាការដូចពកគ្រាប់ផ្លែឈូក និងកុដិធ្វើដោយដីសុទ្ធ (ដូចកុដិធនិយភិក្ខុ)។
ចប់ខុទ្ទកវត្ថុក្ខន្ធកៈ ជាគំរប់៥។
ឧទ្ទាន គឺបញ្ជីរឿងនៃ ខុទ្ទកវត្ថុក្ខន្ធកៈ នោះដូច្នេះ
[៣០៧]
រឿងភិក្ខុងូតទឹក ត្រដុសកាយនឹងដើមឈើ នឹងសសរ នឹងជញ្ជាំង ទាំងងូតទឹក ក្នុងទីមិនសមគួរ ងូតទឹកដុសខ្លួន ដោយឈើដែលគេធ្វើជាដៃគន្ធព្វ ងូតទឹក ដុសដោយលំអិតថ្ម ឈ្មោះករុវិន្ទកសុត្តិ ងូតទឹកត្រដុសគ្នាទៅវិញទៅមក ងូតទឹកដោយឈើ មានសណ្ឋានដូចជើងកន្ថោរ១ រឿងភិក្ខុកើតកមរមាស់ និងភិក្ខុជរា ទ្រង់អនុញ្ញាតឲ្យដុសខ្នងដោយបាតដៃបាន១ រឿងទ្រង់ហាមមិនឲ្យភិក្ខុទ្រទ្រង់ប្រដាប់ត្រចៀក សង្វារប្រដាប់ក ប្រដាប់ចង្កេះ កងប្រដាប់ដើមដៃ ប្រដាប់ដៃ និងចិញ្ចៀន១ រឿងភិក្ខុទុកសក់វែង សិតសក់ដោយស្និត សិតសក់ដោយក្រាស សិតសក់ដោយដៃ សិតសក់ដោយក្រមួន លាបសក់ដោយប្រេង លាយដោយទឹក១ រឿងភិក្ខុឆ្លុះមុខក្នុងកញ្ចក់ ក្នុងភាជន៍ទឹក១ រឿងភិក្ខុកើតដំបៅមុខ លាបមុខ ផាត់មុខ ប្រស់មុខ ចុចមុខ លាបអវយវៈ លាបមុខ និងលាបទាំងអវយវៈទាំងមុខ១ រឿងភិក្ខុកើតរោគភ្នែក១ រឿងមហោស្រពលើកំពូលភ្នំ១ រឿងភិក្ខុច្រៀងធម៌ ដោយសំឡេងវែង១ រឿងភិក្ខុមានសេចក្តីរង្កៀសនឹងសូត្រជាបទសរភ័ញ្ញ១ រឿងភិក្ខុទ្រទ្រង់សំពត់ដែលធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅ១ រឿងអនុញ្ញាតចំណិតស្វាយ១ រឿងពួកជន នាំយកផ្លែស្វាយទាំងមូលទៅក្នុងរោងភត្ត១ រឿងភិក្ខុពស់ចឹក១ រឿងភិក្ខុកាត់អង្គជាតរបស់ខ្លួន១ រឿងបាត្រខ្លឹមចន្ទន៍១ រឿងភិក្ខុប្រើបាត្រខ្ពស់ និងទាប១ រឿងផ្ទៃបាត្រសឹករិល ព្រោះគ្មានជើង១ រឿងបញ្ញត្តជើងបាត្រ ធ្វើដោយមាស និងប្រាក់១ រឿងជើងបាត្រក្រាសពេក១ រឿងលួសកើតឡើងដល់ភិក្ខុ១ រឿងភិក្ខុប្រើជើងបាត្រ វិចិត្រផ្សេងៗ១ រឿងភិក្ខុទុកបាត្រទាំងទទឹក បាត្រក៏ខូចទៅ១ រឿងបាត្រធុំក្លិនអាក្រក់១ រឿងភិក្ខុទុកបាត្រក្នុងទីក្តៅ បាត្ររមៀលធ្លាក់បែក១ រឿងភិក្ខុទុកបាត្រក្នុងទីបំផុតនៃក្តារតាំង ទុកបាត្រក្នុងទីបំផុតនៃថ្នាក់១ រឿងអនុញ្ញាតកម្រាលស្មៅ អនុញ្ញាតកំណាត់សំពត់ អនុញ្ញាតរោងទុកបាត្រ អនុញ្ញាតថ្លាងសម្រាប់ទុកបាត្រ អនុញ្ញាតស្លោកបាត្រ យោគបាត្រ និងខ្សែសម្រាប់ចងបាត្រ១ រឿងភិក្ខុព្យួរបាត្រនឹងចំរឹងជញ្ជាំង ទុកបាត្រលើគ្រែ និងតាំង ដាក់បាត្រលើភ្លៅ ទុកបាត្រក្នុងឆត្រ និងមានបាត្រក្នុងដៃ ច្រានសន្ទះទ្វារ១ រឿងភិក្ខុត្រាច់ទៅបិណ្ឌបាត ដោយសំបកឃ្លោក ដោយអំបែងឆ្នាំង១ រឿងភិក្ខុប្រើបាត្រក្បាលខ្មោច១ រឿងភិក្ខុយកបាត្រទៅដាក់កាកអាមិសៈ ហើយយកទៅចាក់ចោល ទ្រង់អនុញ្ញាតកន្ថោរ១ រឿងភិក្ខុហែកចីវរដោយដៃ១ រឿងកាំបិតមានដង កើតឡើងដល់សង្ឃ ភិក្ខុប្រើដងកាំបិត ធ្វើដោយមាស (ជាដើម)១ រឿងភិក្ខុដេរចីវរ ដោយស្លាបមាន់ និងចំរៀកឫស្សី ទ្រង់អនុញ្ញាតបំពង់ម្ជុល អនុញ្ញាតឲ្យយកលំអិតពូជសុរា (ដំបែ) ច្រកក្នុងបំពង់ម្ជុល អនុញ្ញាតឲ្យយកលំអិតម្សៅលាយដោយរមៀត ឲ្យយកលំអិតថ្ម ច្រកក្នុងបំពង់ម្ជុល ក្រមួនឃ្មុំ និងស្រោមលំអិតថ្ម១ រឿងដេរចីវរមានមុំមិនស្មើគ្នា ទ្រង់អនុញ្ញាតឈើស្តឹង និងខ្សែស្តឹងឲ្យភិក្ខុចងដេរចីវរ១ រឿងភិក្ខុលាឈើស្តឹង ក្នុងទីមិនរាបទាប ភិក្ខុក្រាល ឬលាឈើស្តឹងលើផែនដី ឈើស្តឹងរេចរិលត្រង់ដោយជាយជុំវិញ១ រឿងអនុញ្ញាតខ្នាតសម្រាប់វាស់ចីវរ និងខ្សែបន្ទាត់១ រឿងភិក្ខុមិនលាងជើង ហើយជាន់លើឈើស្តឹង ភិក្ខុពាក់ស្បែកជើង ជាន់លើឈើស្តឹង១ រឿងភិក្ខុឈឺម្រាមដៃ ព្រោះដេរចីវរ ទ្រង់អនុញ្ញាតស្នាប់ម្រាមដៃដេរ ប្រអប់សម្រាប់ដាក់ម្ជុលកាំបិត ស្នាប់ម្រាមដៃដេរ ថង់សម្រាប់ដាក់ស្នាប់ម្រាមដៃដេរ ខ្សែយោគ និងខ្សែចង១ រឿងភិក្ខុដេរចីវរក្នុងទីវាល រោងសម្រាប់ដាក់ឈើស្តឹង មានទីដីទាប១ រឿងខឿនបាក់រលុះរលើងទៅ ភិក្ខុលំបាកឡើងខឿន ដែលគ្មានជណ្តើរ ភិក្ខុដួលធ្លាក់ដោយឡើងជណ្តើរ កំទេចស្មៅធ្លាក់ចុះ ក្នុងរោងឈើស្តឹង ទ្រង់អនុញ្ញាតឲ្យបូក លាបដំបូលទាំងក្នុង ទាំងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ និងបរិកម្មដោយរង់ ទ្រង់អនុញ្ញាតឲ្យធ្វើក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់ប្រាំ ទាំងអនុញ្ញាតស្នួរចីវរ និងខ្សែស្បៀង១។ រឿងភិក្ខុចោលឈើស្តឹង ហើយចៀសចេញទៅ ឈើស្តឹងវិនាសខូចទៅ ភិក្ខុមូរឈើស្តឹង ៗ ចេះតែរលាចេញ ភិក្ខុផ្អែកឈើស្តឹងនឹងជញ្ជាំង ភិក្ខុយកបាត្រដាក់ម្ជុល កាំបិត និងថ្នាំហើយដើរទៅ អនុញ្ញាតថង់សម្រាប់ដាក់ថ្នាំ និងខ្សែចង១ រឿងភិក្ខុចងស្បែកជើងនឹងវត្ថពន្ធចង្កេះ អនុញ្ញាតថង់សម្រាប់ដាក់ស្បែកជើង ខ្សែយោគ និងខ្សែចង១ រឿងទឹកជាអកប្បិយៈ មានកណ្តាលផ្លូវ អនុញ្ញាតសំពត់តម្រងទឹក និងធម្មក្រក១ រឿងភិក្ខុពីររូបដើរផ្លូវឆ្ងាយ១ រឿងព្រះមហាមុនី យាងទៅកាន់ក្រុងវេសាលី អនុញ្ញាតសំពត់តម្រងទឹក ដែលមានដង និងសំពត់តម្រងត្រាំ ក្នុងក្រុងវេសាលីនោះ១។ រឿងភិក្ខុមានមូសខាំ ភិក្ខុមានអាពាធច្រើន ព្រោះឆាន់បណីតភោជន១ រឿងជីវកកោមារភត្យ១ រឿងអនុញ្ញាតទីចង្ក្រម និងរោងភ្លើង១ រឿងភិក្ខុចង្ក្រម ក្នុងទីចង្ក្រមមិនស្មើ ទីចង្ក្រមមានទីដីទាប ទ្រង់អនុញ្ញាតខឿន៣យ៉ាង ពួកភិក្ខុលំបាកនឹងឡើង ព្រោះគ្មានជណ្តើរ ទ្រង់អនុញ្ញាតជណ្តើរ និងបង្កាន់ដៃ និងដៃរបៃនៃទីចង្ក្រម១ រឿងភិក្ខុចង្ក្រមក្នុងទីវាល កំទេចស្មៅធ្លាក់ចុះក្នុងរោងចង្ក្រម ទ្រង់អនុញ្ញាតឲ្យបូក លាបទាំងក្នុង ទាំងក្រៅ ទ្រង់អនុញ្ញាតថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់ប្រាំ ស្នួរចីវរ និងខ្សែស្បៀង១។ រឿងអនុញ្ញាតឲ្យធ្វើទីដីរោងភ្លើងឲ្យខ្ពស់ឡើង ខឿន ជណ្តើរ និងបង្កាន់ដៃជណ្តើរ សន្ទះទ្វាររោងភ្លើង ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់ខាងលើ (ដំណាប់លើ ឬច្បោះ) សសរនៃសន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់បិទបើក ខ្សែទាញបិទបើក និងអនុញ្ញាតឲ្យធ្វើមណ្ឌល គឺដីឲ្យទាបជុំវិញរោងភ្លើង បំពង់ផ្សែង (បំពង់ភ្លើង)១ រឿងភិក្ខុធ្វើចង្ក្រាន ពាក់កណ្តាលរោងភ្លើងតូច អនុញ្ញាតដីលាបមុខ ទាំងអនុញ្ញាតស្នូកសម្រាប់លាយដីស្អិត ដីធុំក្លិនអាក្រក់១ រឿងភ្លើងរលាកភិក្ខុ១ រឿងអនុញ្ញាតអាងទឹក និងផ្តិលទឹក១ រឿងដំបូលស្មៅ មិនមានចំហាយញើស១ រឿងរោងភ្លើងមានភក់ជ្រាំ១ រឿងអនុញ្ញាតឲ្យលាងកម្រាលរោងភ្លើង និងធ្វើឲ្យទទឹក១ រឿងអនុញ្ញាតតាំងសម្រាប់រោងភ្លើង១ រឿងអនុញ្ញាតបន្ទប់ទឹក និងកិច្ចការក្នុងរោងភ្លើង១ រឿងអនុញ្ញាតឲ្យរោយក្រួសរវាន អនុញ្ញាតកម្រាលថ្ម និងទទឹក១ រឿងភិក្ខុអាក្រាត សំពះគ្នា១ រឿងភិក្ខុដាក់ចីវរលើផែនដី ភ្លៀងទទឹកចីវរ១ រឿងអនុញ្ញាតគ្រឿងបិទបាំងកាយបីយ៉ាង១ រឿងទឹកមិនមានក្នុងរោងភ្លើងនោះ អនុញ្ញាតអណ្តូងទឹក មាត់អណ្តូងទឹក បាក់រលុះរលាយ ភិក្ខុយោងទឹកដោយវល្លិខ្លះ ដោយវត្ថពន្ធចង្កេះខ្លះ អនុញ្ញាតថ្លឹងសម្រាប់យោងទឹក យន្តសម្រាប់ទាញទឹក និងរហាត់ទឹក១ រឿងភាជន៍បែកជាច្រើន បំពង់លោហៈ បំពង់ឈើ និងចម្មខណ្ឌ១ រឿងអនុញ្ញាតសាលាជិតអណ្តូងទឹក កំទេចស្មៅធ្លាក់ចុះក្នុងសាលា អនុញ្ញាតគ្របអណ្តូងទឹក ស្នូកទឹក អណ្តូងជ្រាំ និងកំពែង ៣យ៉ាង១ រឿងអណ្តូងជ្រាំ មានភក់ អនុញ្ញាតទ បង្ហូរទឹក១ រឿងភិក្ខុមានកាយរងារ១ រឿងឧបាសកជីកស្រះបោក្ខរណី ទឹកដក់នៅយូរក្នុងស្រះបោក្ខរណី១ រឿងឧបាសក សង់រោងភ្លើង មានជហ្វាដងក្តារ១ រឿងភិក្ខុនៅប្រាសចាកសំពត់និសីទនៈ៤ខែ១ រឿងភិក្ខុដេកនៅលើទីដំណេក ដែលរោយរាយដោយផ្កា ពួកមនុស្សនាំយកគ្រឿងក្រអូប និងផ្កាកម្រងមកកាន់អារាម១ រឿងទ្រង់ហាមមិនឲ្យអធិដ្ឋានសំពត់ស្មាច់ ដោយរោមចៀម១ រឿងភិក្ខុឆាន់លើតុ ឬថាស អនុញ្ញាតភាជន៍ឈើសម្រាប់ដម្កល់បាត្រ១ រឿងភិក្ខុឆាន់ក្នុងភាជន៍ជាមួយគ្នា ដេកលើគ្រែជាមួយគ្នា លើកម្រាលជាមួយគ្នា១ រឿងវឌ្ឍលិច្ឆវិ១ រឿងពោធិរាជកុមារ១ រឿងមិនទ្រង់ជាន់លើកម្រាលសំពត់១ រឿងនាងវិសាខានាំយកក្អម និងទ្រនាប់សម្រាប់ជូតជើង ដែលមានពក និងអំបោស ទ្រង់អនុញ្ញាតទ្រនាប់សម្រាប់ជូតជើង ៣យ៉ាងគឺ ទ្រនាប់ថ្ម ក្បឿង ឬអំបែង និងទ្រនាប់ផ្សិតសមុទ្រ រឿងនាងវិសាខា នាំយកផ្លិតបួនជ្រុង និងផ្លិតមូល ទៅថ្វាយព្រះមានព្រះភាគ១ រឿងផ្លិតបក់មូស កើតឡើងដល់សង្ឃ ទ្រង់ហាមមិនឲ្យភិក្ខុប្រើប្រាស់ផ្លិតចាមរី១ រឿងភិក្ខុឈឺ តែខានបាំងឆត្រ មិនសប្បាយ និងភិក្ខុរង្កៀសនឹងបាំងឆត្រ ក្នុងអារាម១ រឿងអនុញ្ញាតសិក្កាសម្មតិ ដល់ភិក្ខុ៣រូប រឿងភិក្ខុទំពាអៀង១ រឿងគ្រាប់បាយធ្លាក់រាត់រាយ ក្នុងរោងភត្ត រឿងភិក្ខុមានក្រចកវែង ភិក្ខុកាត់ក្រចកដោយក្រចក ភិក្ខុត្រដុសក្រចកនឹងជញ្ជាំង ម្រាមដៃឈឺចាប់ ភិក្ខុកាត់ក្រចក ត្រាតែចេញឈាម ទ្រង់អនុញ្ញាតឲ្យកាត់ក្រចកស្មើនឹងសាច់១ រឿងភិក្ខុដុសខាត់ក្រចកទាំងម្ភៃ១ រឿងភិក្ខុទុកសក់វែង អនុញ្ញាតកាំបិតកោរ ថ្មសំលៀងកាំបិតកោរ ស្រោមកាំបិតកោរ គ្រឿងស្មាច់ ធ្វើដោយរោមចៀម និងគ្រឿងប្រដាប់កាំបិតកោរទាំងអស់១ រឿងភិក្ខុកោរពុកមាត់ ទុកពុកមាត់ ទុកពុកចង្កាឲ្យវែង ដូចជាពុកចង្កាពពែ ទុកពុកមាត់ឲ្យមានជ្រុង៤ ប្រមូលជួររោមត្រង់ដើមទ្រូង ទុកជួររោមត្រង់ពោះ ទុកពុកមាត់ដូចចង្កូម១ រឿងទ្រង់អនុញ្ញាតឲ្យដករោមក្នុងទីចង្អៀត ដោយមានអាពាធជាហេតុ១ រឿងភិក្ខុកាត់សក់ដោយកន្ត្រៃ រឿងភិក្ខុកើតដំបៅក្បាល១ រឿងភិក្ខុទុករោមច្រមុះវែង ភិក្ខុឲ្យគេដករោមច្រមុះ ដោយក្រួស ភិក្ខុឲ្យគេដកសក់ស្កូវ១ រឿងភិក្ខុថ្លង់ ឆព្វគ្គិយភិក្ខុប្រើចង្កៀលត្រចៀកខ្ពស់ និងទាប ភិក្ខុសន្សំទុកគ្រឿងលោហៈជាច្រើន១ រឿងភិក្ខុរង្កៀសនឹងចងចង្កំក្លាក់ដាក់ថ្នាំ សម្រាប់លាបភ្នែក១ រឿងភិក្ខុអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិ១ រឿងភិក្ខុសង្ស័យនឹងសំពត់អាយោគ ទ្រង់អនុញ្ញាតក្តារមូរសម្រាប់ធ្វើសំពត់អាយោគ១ ទ្រង់អនុញ្ញាតកាយពន្ធ ភិក្ខុប្រើកាយពន្ធ មានខ្សែច្រើន មានសណ្ឋានដូចក្បាលពស់ទឹក មានសណ្ឋានដូចខ្សែសម្ភោរ និងមានសណ្ឋានដូចសង្វារ ទ្រង់អនុញ្ញាតកាយពន្ធពីរយ៉ាង គឺសំពត់ផ្ទាំងមួយ សំពត់ដូចពោះវៀនជ្រូកមួយ រឿងជាយកាយពន្ធរេច ទ្រង់អនុញ្ញាតកាយពន្ធ មានសណ្ឋានដូចខ្សែរិតសម្ភោរ និងមានសណ្ឋានដូចសង្វារ រឿងរឹមកាយពន្ធរេច ទ្រង់អនុញ្ញាតឲ្យដេរលិន និងដេរឲ្យមានអាការដូចកួផ្លែស្កួច រឿងអន្ទាក់កាយពន្ធរេច និងរឿងភិក្ខុប្រើឡេវក្ឌុំខ្ពស់ និងទាប១ រឿងភិក្ខុដេរទ្រនាប់ឡេវ ទ្រនាប់អន្ទាក់ ក្នុងទីបំផុតនៃចីវរ ទ្រង់អនុញ្ញាតឲ្យដាក់ទ្រនាប់អន្ទាក់លូកចូលទៅខាងក្នុង១ រឿងភិក្ខុស្លៀកស្បង់ដូចគ្រហស្ថ ស្លៀកស្បង់ស្លុយមុខ ដូចប្រមោយដំរី ស្លៀកមានសណ្ឋានដូចកន្ទុយត្រី ស្លៀកបន្លិចជ្រុងស្បង់ទាំង៤ ឲ្យប្រាកដ ស្លៀកដោយអាការដូចកំពូលត្នោត ស្លៀកអង្កាញ់ឲ្យមានផ្នត់ច្រើន ដណ្តប់ដូចគ្រហស្ថ និងស្លៀកចងក្បិន១ រឿងភិក្ខុរែក១ រឿងភិក្ខុមិនទំពាឈើស្ទន់ ភិក្ខុគោះសាមណេរដោយឈើស្ទន់ ភិក្ខុទំពាឈើស្ទន់ខ្លីពេក ឈើស្ទន់ក៏របូតចូលក្នុងបំពង់ក១ រឿងភិក្ខុដុតព្រៃ ភិក្ខុរង្កៀសនឹងការដុតភ្លើងតទល់ ភិក្ខុរត់ឡើងដើមឈើ ព្រោះដំរីដេញ១ រឿងភិក្ខុទូលសូមសូត្រពុទ្ធវចនៈ ជាភាសាសំស្ក្រឹត ភិក្ខុរៀនទាំងបង្រៀនគម្ពីរលោកាយតៈ និងភិក្ខុរៀនតិរច្ឆានវិជ្ជា១ រឿងព្រះអង្គកណ្តាស រឿងអនុញ្ញាតឲ្យភិក្ខុឆ្លើយតបដើម្បីមង្គល រឿងភិក្ខុឆាន់ខ្ទឹម១ រឿងព្រះសារីបុត្រអាពាធដោយខ្យល់១ រឿងភិក្ខុបន្ទោបង់បស្សាវៈ ក្នុងអារាមៗ ក៏មិនស្អាត អារាមមានក្លិនអាក្រក់ ភិក្ខុលំបាកនឹងអង្គុយបន្ទោបង់បស្សាវៈ ទ្រង់អនុញ្ញាតទ្រនាប់ជើង សម្រាប់បន្ទោបង់បស្សាវៈ ភិក្ខុអៀនខ្មាសនឹងបន្ទោបង់បស្សាវៈ ឆ្នាំងបស្សាវៈមិនមានគ្រប មានក្លិនអាក្រក់ ភិក្ខុបន្ទោបង់វច្ចៈ ក្នុងទីពីសពាស អារាមមានក្លិនអាក្រក់ អនុញ្ញាតឲ្យធ្វើរណ្តៅវច្ចៈ១ រឿងមាត់រណ្តៅបាក់រលុះ ទ្រង់អនុញ្ញាតឲ្យធ្វើទីដីឲ្យខ្ពស់ឡើង មួយអន្លើដោយខឿន៣យ៉ាង និងជណ្តើរ បង្កាន់ដៃជណ្តើរ ពួកភិក្ខុអង្គុយបន្ទោបង់វច្ចៈ ក្នុងទីបំផុត ក៏ធ្លាក់ចុះ ភិក្ខុលំបាកនឹងអង្គុយបន្ទោបង់វច្ចៈ ទ្រង់អនុញ្ញាតទ្រនាប់ជើង សម្រាប់បន្ទោបង់វច្ចៈ ពួកភិក្ខុបន្ទោបង់បស្សាវៈខាងក្រៅ ទ្រង់អនុញ្ញាតស្នូកបស្សាវៈ ទ្រង់អនុញ្ញាតឈើខ្នៀស និងត្រកសម្រាប់ដាក់ឈើខ្នៀស រណ្តៅវច្ចៈមិនមានគ្រប១ រឿងអនុញ្ញាតវច្ចកុដិ និងសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសរទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ ទ្រង់អនុញ្ញាតឲ្យបូក លាបវច្ចកុដិ ទាំងខាងក្នុង ទាំងខាងក្រៅ និងថ្នាំមានពណ៌ស ពណ៌ខ្មៅ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់ប្រាំ ស្នួរចីវរ ខ្សែស្បៀង១ រឿងភិក្ខុមានកំលាំងថយដោយជរា អនុញ្ញាតកំពែង៣យ៉ាង អនុញ្ញាតបន្ទប់ទឹក និងកំពែងដូច្នោះ អនុញ្ញាតឲ្យរោយក្រួសរវាន អនុញ្ញាតឲ្យក្រាលកម្រាលថ្ម១ រឿងទឹកដក់នៅក្នុងបន្ទប់នោះ ទ្រង់អនុញ្ញាតទទឹក អនុញ្ញាតឆ្នាំងសម្រាប់ដាក់ទឹកជម្រះ អនុញ្ញាតផ្តិលសម្រាប់ជម្រះ ភិក្ខុលំបាកនឹងអង្គុយជម្រះ ភិក្ខុអៀនខ្មាសនឹងជម្រះ ទ្រង់អនុញ្ញាតគ្រប១ រឿងភិក្ខុប្រព្រឹត្តអនាចារ១។ រឿងអនុញ្ញាតលោហភណ្ឌ លើកលែងតែលោហភណ្ឌ ដែលជាគ្រឿងប្រហារទាំងពួង១។ រឿងព្រះមហាមុនី ទ្រង់អនុញ្ញាតគ្រែ វៀរលែងតែអាសន្ទិ ព្រះមហាមុនី ទ្រង់អនុញ្ញាតគ្រឿងឈើទាំងអស់ វៀរលែងតែបាត្រឈើ និងទ្រនាប់ជើងឈើ១។ រឿងព្រះតថាគត មានសេចក្តីអនុគ្រោះ ទ្រង់អនុញ្ញាតគ្រឿងដីទាំងពួង វៀរលែងតែទ្រនាប់សម្រាប់ជូតជើង ដែលគេធ្វើមានពកឡើង និងកុដិធ្វើដោយដីសុទ្ធ១។ កិរិយាសំដែងចេញនូវវត្ថុណា វត្ថុនោះដូចគ្នានឹងវត្ថុមុនដដែល យើងបានពោលទុកដោយសង្ខេបក្នុងឧទ្ទាន អ្នកប្រាជ្ញគប្បីដឹងនូវវត្ថុនោះ តាមន័យ (សមគួរចុះ)។ អ្នកប្រាជ្ញ ជាវិន័យធរ មានចិត្តប្រកបដោយប្រយោជន៍ មានសីលជាទីស្រឡាញ់ដោយប្រពៃ អ្នកធ្វើនូវប្រទីប គឺព្រះសទ្ធម្ម គួរដល់ការបូជា ជាពហុស្សូត ជាអ្នកញុំាងព្រះសទ្ធម្ម ឲ្យតាំងនៅមាំផង ជាអ្នកអនុគ្រោះ ដល់ភិក្ខុមានសីលជាទីស្រឡាញ់ទាំងឡាយផង បានសិក្សាហើយដោយប្រពៃ នូវវត្ថុមានចំនួន១១០ ក្នុងខុទ្ទកវត្ថុក្ខន្ធកៈ ក្នុងព្រះវិន័យ ដោយប្រការដូច្នេះហោង។