User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.06

មាតិកា

សេនាសនក្ខន្ធកៈ (ទី៦)

សង្ខេប

(?)

vin cv 06 បាលី cs-km: vin.cv.06 អដ្ឋកថា: vin.cv.06_att PTS: ?

សេនាសនក្ខន្ធកៈ (ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៦. សេនាសនក្ខន្ធកំ)

(បឋមភាណវារៈ ទី១)

(១. បឋមភាណវារោ)

(វិហារានុជាននៈ)

(វិហារានុជាននំ)

[៣០៨] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មិនទាន់បានបញ្ញត្តសេនាសនៈ ដល់ពួកភិក្ខុនៅឡើយ។ ភិក្ខុទាំងនោះ ក៏នៅក្នុងទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង។ លុះព្រលឹមឡើង ភិក្ខុទាំងនោះ ដើរចេញអំពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង សឹងមានចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។

[៣០៩] គ្រានោះឯង រាជគហសេដ្ឋី បានទៅឱទ្យានអំពីព្រលឹម។ រាជគហសេដ្ឋី ក៏បានឃើញភិក្ខុទាំងនោះ កំពុងនិមន្តចេញពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើងអំពីព្រលឹមដែរ សឹងមានចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។ លុះរាជគហសេដ្ឋីនោះឃើញហើយ ក៏មានចិត្តជ្រះថ្លា។ លំដាប់នោះ រាជគហសេដ្ឋី ក៏ដើរចូលទៅរកពួកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុទាំងនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ប្រសិនបើខ្ញុំព្រះករុណាឲ្យគេធ្វើវិហារ1) (ប្រគេន) តើលោកម្ចាស់ទាំងឡាយ នឹងនៅក្នុងវិហាររបស់ខ្ញុំព្រះករុណាឬទេ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលគហបតិ ព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតវិហារទេ។ រាជគហសេដ្ឋីឆ្លើយថា បពិត្រលោកទាំងឡាយដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ ក្រាបបង្គំទូលសួរ ចំពោះព្រះមានព្រះភាគ (អំពីរឿងវិហារនោះ) ហើយមេត្តាប្រាប់ដល់ខ្ញុំព្រះករុណាផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យរាជគហសេដ្ឋី ដោយពាក្យថា យ៉ាងហ្នឹងហើយ គហបតិ រួចក៏ចូលទៅកាន់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន រាជគហសេដ្ឋី មានសេចក្តីប្រាថ្នានឹងឲ្យគេធ្វើវិហារ បពិត្រព្រះអង្គដ៏ចំរើន តើយើងខ្ញុំគប្បីប្រតិបត្តិដូចម្តេច។

[៣១០] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេនាសនៈ៥យ៉ាង គឺវិហារ2) ១ អឌ្ឍយោគ3) ១ ប្រាសាទ4) ១ ហម្មិយៈ5) ១ គុហា6) ១។

[៣១១] គ្រានោះ ពួកភិក្ខុនោះ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងរាជគហសេដ្ឋីថា ម្នាលគហបតិ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ ឥឡូវនេះ អ្នកយល់ថាកាលណាគួរ (ក៏គប្បីធ្វើចុះ)។ គ្រានោះ រាជគហសេដ្ឋី ឲ្យគេសាងវិហារចំនួន៦០ តែមួយថ្ងៃគត់ ក៏ហើយជាស្រេច។ រាជគហសេដ្ឋី ឲ្យគេសាងវិហារ៦០ រួចស្រេចហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីធ្វើភត្តកិច្ច ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាណ។ គ្រានោះ រាជគហសេដ្ឋី ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ គ្រាកាលកន្លងរាត្រីនោះទៅ រាជគហសេដ្ឋី ក៏ឲ្យតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ហើយឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលាគួរហើយ ភត្តសម្រេចហើយ។

[៣១២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយទ្រង់យាងទៅកាន់លំនៅនៃរាជគហសេដ្ឋី លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាល (បម្រុងទុក) មួយអន្លើ ដោយភិក្ខុសង្ឃ។ ឯរាជគហសេដ្ឋី បានអង្គាសខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ថ្វាយចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ (សេដ្ឋីនោះ) ក៏អង្គុយក្នុងទីសមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយបុណ្យ និងឋានសួគ៌ បានសាងវិហារទាំង៦០នុ៎ះស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងប្រតិបត្តិក្នុងវិហារទាំងនោះដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរប្រតិស្ឋានវិហារទាំង៦០នោះ សម្រាប់សង្ឃ ដែលមកហើយ និងមិនទាន់មក អំពីទិសទាំង៤ចុះ។ រាជគហសេដ្ឋី ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ប្រតិស្ឋានវិហារទាំង៦០នោះ ដើម្បីសង្ឃ ដែលមកហើយ ទាំងមិនទាន់មក អំពីទិសទាំង៤។ ទើបព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំងឡាយនេះថា

[៣១៣] (វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពាររងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច និងពស់ធំទាំងឡាយផង មូសទាំងឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃដ៏ក្លាខ្លំាង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ ដើម្បីជាទីជ្រកកោនផង ដើម្បីនៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធទាំងឡាយ តែងសរសើរ ថាជាទានដ៏ប្រសើរ។ ព្រោះហេតុនោះឯង បុរស (ស្ត្រី) ជាបណ្ឌិត កាលបើបានឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួន ក៏គួរកសាងព្រះវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគួរនិមន្តលោក ដែលជាពហុស្សូត7) គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គួរមានចិត្តជ្រះថ្លាចំពោះលោកទាំងឡាយ ដែលមានចិត្តត្រង់ ហើយប្រគេនបាយ ទឹក សំពត់ និងសេនាសនៈទាំងឡាយ ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់ ឲ្យឃ្លាតចាកទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។ កាលដែលព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំងឡាយនេះហើយ ទើបទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។

[៣១៤] មនុស្សទាំងឡាយបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ។ មនុស្សទាំងនោះ ក៏យកចិត្តទុកដាក់ នាំគ្នាកសាងវិហារ។ វិហារទាំងនោះ មិនទាន់មានសន្ទះទ្វារនៅឡើយ។ ពស់ និងខ្ទួយខ្លះ ក្អែបខ្លះ ក៏តែងចូលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានសន្ទះទ្វារ។ ពួកភិក្ខុធ្វើប្រហោងជញ្ជាំង ហើយចងសន្ទះទ្វារដោយវល្លិខ្លះ ដោយខ្សែខ្លះ។ កណ្តុរខ្លះ កណ្តៀរខ្លះ ក៏ចេះតែកោរកាត់។ ចំណងដែលសត្វកាត់ហើយ សន្ទះទ្វារ ក៏ធ្លាក់ចុះមក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ក្របទ្វារ ដំណាប់ក្រោម និងដំណាប់លើ។ សន្ទះទ្វារទាំងឡាយ មិនជិតស្និទ្ធល្អ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោងសម្រាប់ដាក់ខ្សែទាញ និងខ្សែសម្រាប់ទាញ។ ភិក្ខុបិទសន្ទះទ្វារ មិនកើត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) មេទ្វារ ត្រដោកទ្វារ រនុកទ្វារ និងគន្លឹះទ្វារខាងលើ។

[៣១៥] សម័យនោះ ពួកភិក្ខុបិទសន្ទះទ្វារមិនកើត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោងសោ និងសោ៣យ៉ាង គឺ សោធ្វើដោយលោហជាតិ១ សោធ្វើដោយឈើ១ សោធ្វើដោយស្នែង១។ ភិក្ខុទាំងឡាយណាបើកទ្វារចូលទៅ។ (ភិក្ខុទាំងនោះ) មិនបានបិទវិហារទៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) គ្រឿងយន្ត និងគន្លឹះ។

[៣១៦] សម័យនោះឯង វិហារប្រក់ស្មៅ រដូវរងាក៏រងាណាស់ រដូវក្តៅ ក៏ក្តៅណាស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអប ឬឲ្យគាបដម្បូល ហើយបូកលាបខាងក្នុង និងខាងក្រៅ។

[៣១៧] សម័យនោះឯង វិហារមិនទាន់មានបង្អួចនៅឡើយ ទៅជាងងឹត មើលអ្វីមិនឃើញ ទាំងធំក្លិនស្អុយ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត បង្អួច៣យ៉ាង គឺបង្អួចមានវេទី8) (ដូចវេទីចេតិយ)១ បង្អួចដែលគេចង ឲ្យមានសណ្ឋានដូចក្រឡាសំណាញ់១ បង្អួចមានឈើចំរឹង១។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ចូលទៅតាមចន្លោះបង្អួចបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងបង្អួច។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ក៏ចូលទៅតាមចន្លោះរនាំង (នោះទៀត)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះបង្អួច ឬរនាំងពូកបង្អួច។

[៣១៨] សម័យនោះឯង ពួកភិក្ខុដេកផ្ទាល់នឹងផែនដី។ ខ្លួន និងចីវររបស់ភិក្ខុប្រឡាក់ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលធ្វើដោយស្មៅ។ សត្វកណ្តុរ និងកណ្តៀរ តែងកាត់កម្រាលស្មៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទះក្តារសម្រាប់ដេក។ ពួកភិក្ខុឈឺខ្លួន ព្រោះដេកលើបន្ទះក្តារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែផ្តៅ។

(មញ្ចបីឋាទិអនុជាននៈ)

(មញ្ចបីឋាទិអនុជាននំ)

[៣១៩] សម័យនោះឯង គ្រែដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។ (តមកទៀត) មានតាំងដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង កើតឡើង(ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។

[៣២០] សម័យនោះឯង គ្រែដែលគេបង្ខាំជើង ដោយមេគ្រែ ចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលគេបង្ខាំជើងដោយមេគ្រែ។ (តមកទៀត) តាំងដែលគេបង្ខាំជើង ដោយមេតាំង កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលគេបង្ខាំជើងជាប់នឹងមេតាំង។

[៣២១] សម័យនោះឯង គ្រែមានជើងដូចជើងក្តាម9) ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត គ្រែមានជើងដូចជើងក្តាម។ (តមកទៀត) តាំងមានជើងដូចជើងក្តាម10) កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត តាំងមានជើងដូចជើងក្តាម។

[៣២២] សម័យនោះឯង គ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។ (តមកទៀត) តាំងមានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង មានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។

[៣២៣] សម័យនោះឯង តាំង៤ជ្រុងកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង។ (តមកទៀត) តាំង៤ជ្រុង មានជើងខ្ពស់ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង សូម្បីមានជើងខ្ពស់11)។ (តមកទៀត) គ្រែមានអង្គ៧ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ មានអង្គ៧។12) (តមកទៀត) គ្រែមានអង្គ៧ មានជើងខ្ពស់កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានអង្គ៧ សូម្បីមានជើងខ្ពស់ក៏បាន។ (តមកទៀត) មានតាំងចាក់ផ្តៅ13) កើតឡើង(ដល់សង្ឃ)។ បេ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងចាក់ផ្តៅ។ (តមកទៀត) មានតាំងសំពត់ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងសំពត់។ (តមកទៀត) តាំងមានជើងដូចជើងពពែ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងមានជើងដូចជើងពពែ។ (តមកទៀត) ក៏មានតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ។ (តមកទៀត) ផែនក្តារ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារ។ (តមកទៀត) កៅអី ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកៅអី។ (តមកទៀត) តាំង ដែលធ្វើពីចំបើង ក៏កើតឡើង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលធ្វើពីចំបើង។

[៣២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដេកលើគ្រែខ្ពស់។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិកបានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំដេកលើគ្រែខ្ពស់ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។

[៣២៥] សម័យនោះឯង ភិក្ខុ១រូបដេកលើគ្រែទាប ពស់ក៏ចឹក (ភិក្ខុនោះ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែ។

[៣២៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់គ្រែខ្ពស់។ ភិក្ខុធ្វើគ្រែឲ្យរញ្ជួយទាំងទ្រនាប់គ្រែ។ មនុស្សទាំងឡាយដើរមកកាន់វិហារចារិក បានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់គ្រែខ្ពស់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែយ៉ាងខ្ពស់ត្រឹម៨ធ្នាប់។

[៣២៧] សម័យនោះឯង អម្បោះកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកអម្បោះចងប្រទាក់គ្រែ។ ភិក្ខុចងប្រទាក់រាងគ្រែ (ទាំងនោះ) ក៏អស់អម្បោះប្រើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចោះត្រង់រាងគ្រែ ហើយចងឆ្វាក់ ជាក្រឡាចត្រង្គ។ (តមកទៀត) កំណាត់សំពត់ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់។ (តមកទៀត) គ្រឿងសេនាសនៈ ដែលញាត់ដោយប៉ុយ ក៏កើតឡើង (ដល់សង្ឃ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជជុះចេញ ហើយធ្វើជាខ្នើយបាន ឯប៉ុយមាន៣យ៉ាង គឺប៉ុយដើមឈើ១ ប៉ុយវល្លិ១ ប៉ុយស្មៅ១។

[៣២៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ខ្នើយពាក់កណ្តាលកាយ។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិកឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ខ្នើយពាក់កណ្តាលកាយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើខ្នើយ ឲ្យល្មមប៉ុនក្បាល។

[៣២៩] សម័យនោះឯង មានមហោស្រពលេងលើកំពូលភ្នំ ជិតក្រុងរាជគ្រឹះ។ មនុស្សទាំងឡាយ នាំគ្នាតាក់តែងពូកជាច្រើន គឺពូកញាត់រោមកែះ ញាត់សំពត់ ញាត់សម្បកឈើ ញាត់ស្មៅ ញាត់ស្លឹកឈើ ដើម្បីប្រយោជន៍ដល់ពួកមហាមាត្យ។ លុះមហោស្រពស្ងប់ស្ងាត់ ឈប់លេងហើយ មនុស្សទាំងនោះ ក៏បកតែស្រោមពូក យកទៅ។ ពួកភិក្ខុ ក៏បានឃើញពូកទាំងឡាយ ញាត់រោមកែះខ្លះ ញាត់សំពត់ខ្លះ ញាត់សម្បកឈើខ្លះ ញាត់ស្មៅខ្លះ ញាត់ស្លឹកឈើខ្លះ ជាច្រើន ដែលគេចោលនៅទីមហោស្រព។ លុះឃើញហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតពូក៥យ៉ាង គឺពូកញាត់រោមកែះ១ ពូកញាត់សំពត់១ ពូកញាត់សម្បកឈើ១ ពូកញាត់ស្មៅ១ ពូកញាត់ស្លឹកឈើ១។

[៣៣០] សម័យនោះឯង មានសំពត់ជារបស់គួរប្រើប្រាស់ ក្នុងសេនាសនៈ កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុញាត់ពូកដោយសំពត់។

[៣៣១] សម័យនោះឯង ពួកភិក្ខុយកពូកសម្រាប់គ្រែ ទៅក្រាលលើតាំង យកពូកសម្រាប់តាំង ទៅក្រាលគ្រែវិញ។ ពូកទាំងឡាយ ក៏រហែកអស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែដែលញាត់ភ្ជាប់ និងតាំងដែលញាត់ភ្ជាប់ (ដោយគ្រឿងញាត់)។ ពួកភិក្ខុ មិនបានទ្រាប់ទ្រនាប់ពីក្រោម ហើយក៏ក្រាល។ គ្រឿងញាត់ទាំងនោះ ក៏លៀនចេញទៅខាងក្រៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទ្រាប់ នូវទ្រនាប់ រួចក្រាល ហើយសឹមញាត់ពូក។ ពួកចោរ ក៏បកតែស្រោមពូកយកទៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រស់ព្រំ។14) ពួកចោរក៏នៅតែលួចទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគូសដោយគំនូសផ្សេងៗ។ ពួកចោរក៏នៅតែលួចយកទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្តិតនឹងម្រាមដៃ។

(សេតវណ្ណាទិអនុជាននៈ)

(សេតវណ្ណាទិអនុជាននំ)

[៣៣២] សម័យនោះឯង ទីដេករបស់ពួកតិរ្ថីយ មានពណ៌ស។ ផ្ទៃលាបពណ៌ខ្មៅ។ ជញ្ជាំងលាបដោយរង់។ មនុស្សទាំងឡាយជាច្រើន (ដែលទៅដល់ទីនោះ) មៀងមើលទីដេកហើយ ទើបដើរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបូកលាបវិហារ ឲ្យមានពណ៌ស ពណ៌ខ្មៅ និងលាបដោយរង់។

[៣៣៣] សម័យនោះឯង ពណ៌ស ដិតមិនស្មើ ព្រោះផ្ទៃជញ្ជាំងមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីស្អិតដ៏មដ្ឋ ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ ឬបាយម៉ានក៏បាន។

[៣៣៤] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ជ័ររង់ដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែដិតមិនស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកដីដែលលាយដោយកុណ្ឌក ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកម្សៅគ្រាប់ស្ពៃ ឬប្រេងលាយក្រមួន។ ដំណក់ថ្នាំលាប ក៏ជោរឡើង (ហូរចៀរចេញ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យជូតដោយកំណាត់សំពត់ចេញ។

[៣៣៥] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ពណ៌ខ្មៅដិតមិនសព្វ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ និងទឹកចត់។15)

(បដិភានចិត្តបដិក្ខេប)

(បដិភានចិត្តបដិក្ខេបំ)

[៣៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេគូរគំនូរជារូបស្រី និងរូបបុរស ក្នុងវិហារ។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេគូរគំនូរ ជារូបស្រី និងរូបបុរសទេ ភិក្ខុណាឲ្យគេគូរ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគំនូរភ្ញីផ្កា និងគំនូរភ្ញីវល្លិ និងក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។

(ឥដ្ឋកាចយាទិអនុជាននៈ)

(ឥដ្ឋកាចយាទិអនុជាននំ)

[៣៣៧] សម័យនោះឯង វិហារមានទីទាប។ ទឹកក៏លិច។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនវិហារក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃ។

[៣៣៨] សម័យនោះឯង វិហារមានមនុស្សកុះករច្រើនពេក។ ពួកភិក្ខុក៏អៀនខ្មាស (មិនអាច) នឹងសិងបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) រនាំង។ ពួកមនុស្ស ក៏នៅតែបើករនាំងមើល។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជញ្ជាំងតឿ។ ពួកមនុស្ស ក៏នៅតែអើតមើលពីខាងលើជញ្ជាំងតឿទៀត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់៣យ៉ាង គឺបន្ទប់មានជ្រុងបួន១ បន្ទប់មានបណ្តោយវែង១ បន្ទប់មានដម្បូលខ្ពស់១។

[៣៣៩] សម័យនោះឯង ពួកភិក្ខុធ្វើបន្ទប់ត្រង់កណ្តាលវិហារតូច។ ទីឧបចារៈមិនមាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់ក្នុងទីសមគួរ ក្នុងវិហារតូច ឲ្យធ្វើបន្ទប់ត្រង់កណ្តាលវិហារធំបាន។

[៣៤០] សម័យនោះឯង ជើងជញ្ជាំងវិហារ ក៏ពុកផុយទៅ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់ជើងជញ្ជាំង។ ភ្លៀងក៏សាចមកត្រូវជញ្ជាំងវិហារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រដឹសសម្រាប់ការពារភ្លៀង ហើយលាបដីស្អិត។16)

[៣៤១] សម័យនោះឯង មានពស់ធ្លាក់ពីដម្បូលស្មៅ មកលើ-ក-ភិក្ខុ១រូប។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់សំឡេង។ ភិក្ខុទាំងឡាយ ក៏ស្ទុះទៅសួរភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកស្រែកភ្លាត់សំឡេងដល់ម្ល៉េះ។ ទើបភិក្ខុនោះ បានប្រាប់សេចក្តីនុ៎ះ ដល់ពួកភិក្ខុ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ពិតានឡើង។

[៣៤២] សម័យនោះឯង ពួកភិក្ខុព្យួរថង់នឹងជើងគ្រែខ្លះ នឹងជើងតាំងខ្លះ។ អស់ទាំងសត្វកណ្តុរ និងកណ្តៀរ កាត់ដាច់ដាចអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ចំរឹងជញ្ជាំង និងដៃកែវ។

[៣៤៣] សម័យនោះឯង ពួកភិក្ខុទុកចីវរលើគ្រែខ្លះ លើតាំងខ្លះ។ ចីវរក៏ធ្លុះធ្លាយអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នួរចីវរ និងខ្សែស្បៀងទុកក្នុងវិហារ។

[៣៤៤] សម័យនោះឯង វិហារនៅមិនទាន់មានរបៀង ឥតមានទីញកជ្រកកោនបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយ៉មុខ ជើងជញ្ជាំង ឬធរណីបាំងសាចជុំវិញ និងហោណាំង។ យ៉មុខ ក៏នៅវាល (ឥតមានវត្ថុអ្វីបិទបាំង)។ ពួកភិក្ខុ អ្នកមានអៀនខ្មាស (មិនអាច) នឹងសិងបាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងព្រួល សម្រាប់រូតចុះឡើង នឹងឡប់ឡែ។

(ឧបដ្ឋានសាលាអនុជាននៈ)

(ឧបដ្ឋានសាលាអនុជាននំ)

[៣៤៥] សម័យនោះឯង ពួកភិក្ខុធ្វើនូវការឆាន់អាហារ ក្នុងទីវាល លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបដ្ឋានសាលា17) ឧបដ្ឋានសាលា ក៏មានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនសាលានោះ ក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាមខឿននោះក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងតាមជណ្តើរនោះ ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងឧបដ្ឋានសាលា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូលហើយលាប ទាំងខាងក្នុង ខាងក្រៅ ហើយបរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ គូរគំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។

[៣៤៦] សម័យនោះឯង ពួកភិក្ខុហាលចីវរលើដីក្នុងទីវាល។ ចីវរក៏ប្រឡាក់អាចម៍ដី។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្នួរចីវរ និងខ្សែស្បៀងក្នុងទីវាល។ បេ។ ទឹកសម្រាប់ឆាន់ក៏ក្តៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងសម្រាប់ដាក់ទឹកឆាន់ និងបារាំងសម្រាប់ដាក់ទឹកឆាន់។ រោងសម្រាប់ដាក់ទឹកឆាន់នោះ ក៏មានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនរោងនោះ ក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាមខឿននោះ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងតាមជណ្តើរនោះ ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងរោងសម្រាប់ដាក់ទឹកឆាន់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយឲ្យលាប ទាំងខាងក្នុង ខាងក្រៅ បរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ គូរគំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ (គ្រានោះ) ភាជន៍សម្រាប់ដាក់ទឹកឆាន់មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស័ង្ខសម្រាប់ដាក់ទឹកឆាន់ និងផ្តឹលទឹក។

(បាការាទិអនុជាននៈ អារាមបរិក្ខេបអនុជាននៈ)

(បាការាទិអនុជាននំ អារាមបរិក្ខេបអនុជាននំ)

[៣៤៧] សម័យនោះឯង វិហារមិនមានគ្រឿងបិទបាំង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺ កំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ បន្ទប់ទឹកមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់ទឹក។ បន្ទប់ទឹកមានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ សន្ទះទ្វារបន្ទប់ ក៏មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងបន្ទប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥។

[៣៤៨] សម័យនោះឯង ទីបរិវេណ មានភក់ជ្រាំ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចាក់ក្រាលក្រួសរវាន (នៅទីនោះ)។ ក្រួសរវាន ក៏មិនបានរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលថ្ម។ ទឹកក៏ដក់នៅ (លើថ្មនោះ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រឡាយទឹក។

[៣៤៩] សម័យនោះឯង ភិក្ខុនាំគ្នាធ្វើចង្ក្រានត្រង់ទីនោះៗ ក្នុងបរិវេណ។ ទីបរិវេណ ក៏ខ្ជាំដោយសម្រាម។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងភ្លើង ក្នុងទីដ៏សមគួរ។ រោងភ្លើងមានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿន (រោងភ្លើងនោះ) រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើង (តាមខឿននោះទៅ) ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ (តាមជណ្តើរ) ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ សន្ទះទ្វារនៃរោងភ្លើង នៅមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ដាក់ខ្សែទាញ និងខ្សែទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងរោងភ្លើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស លាបទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ អារាម នៅមិនទាន់មានរបង។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) តែងចូលទៅបៀតបៀនដំណាំ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំងរបង៣យ៉ាង គឺរបងឫស្សី១ របងបន្លា១ និងស្នាមភ្លោះ១។ ខ្លោងទ្វារនៅមិនទាន់មាន។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) នៅតែចូលទៅបៀតបៀនដំណាំបានដដែល។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លោងទ្វារ ទ្វារគាបបន្លា18) សន្ទះទ្វារទាំងគូ របងសសរ និងទ្វារជើងគុល។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងខ្លោងទ្វារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ អារាម ក៏មានភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលក្រួសរវាន។ ក្រួសនោះ ក៏មិនបានរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។

[៣៥០] សម័យនោះឯង ព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបំណងឲ្យគេសាងប្រាសាទ លាបដោយបាយអ ដើម្បីប្រយោជន៍ដល់សង្ឃ។ វេលានោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះថា គ្រឿងសម្រាប់ប្រក់ ព្រះមានព្រះភាគ បានអនុញ្ញាតហើយឬ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងប្រក់៥យ៉ាង គឺប្រក់ដោយឥដ្ឋ១ ប្រក់ដោយថ្ម១ ប្រក់ដោយបាយអ១ ប្រក់ដោយស្មៅ១ ប្រក់ដោយស្លឹកឈើ១។

ចប់ភាណវារៈ ជាបឋម។

(ទុតិយភាណវារៈ ទី២)

(២. ទុតិយភាណវារោ)

រឿងអនាថបិណ្ឌិកសេដ្ឋី និងរឿងរាជគហសេដ្ឋី

(អនាថបិណ្ឌិកវត្ថុ)

(អនាថបិណ្ឌិកវត្ថុ)

[៣៥១] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាប្តីប្អូនស្រីរបស់រាជគហសេដ្ឋី គឺជាប្អូនថ្លៃរាជគហសេដ្ឋី។ គ្រានោះ អនាថបិណ្ឌិកគហបតិ បានទៅកាន់ក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ។

[៣៥២] សម័យនោះឯង រាជគហសេដ្ឋី និមន្តព្រះសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯរាជគហសេដ្ឋី ក៏បានបង្គាប់ខ្ញុំប្រុសស្រីខ្លះ និងពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ)។

[៣៥៣] លំដាប់នោះ អនាថបិណ្ឌិកគហបតិ មានសេចក្តីត្រិះរិះថា កាលពីដើម បើអញបានមកដល់ហើយ គហបតិនេះ ក៏រមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយរាក់ទាក់មកនឹងអញ ក៏ឥឡូវគហបតិនេះ ជាអ្នកតោះតើយ (បែរទៅ) បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ) ប្រហែលជាគហបតិនេះ មានអាវាហមង្គល ឬវិវាហមង្គល ឬក៏មហាយញ្ញពិធី ឬពុំនោះ គាត់អញ្ជើញព្រះបាទពិម្ពិសារមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែកទេដឹង។

[៣៥៤] គ្រានោះ រាជគហសេដ្ឋី បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះរួចហើយ ទើបចូលទៅរកអនាថបិណ្ឌិកគហបតិ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹង អនាថបិណ្ឌិកគហបតិ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ និយាយនឹងរាជគហសេដ្ឋី ដែលអង្គុយក្នុងទីដ៏សមគួរ ដោយពាក្យដូច្នេះថា នែគហបតិ កាលពីដើម បើខ្ញុំបានមកដល់ហើយ អ្នករមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយរាក់ទាក់មកជាមួយនឹងខ្ញុំ ក៏ឥឡូវនេះ អ្នកធ្វើតោះតើយ បែរជាបង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នេះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ) នែគហបតិ អាវាហមង្គល និងវិវាហមង្គល ឬមហាយញ្ញពិធី នឹងកើតមានឡើងប្រាកដដល់អ្នកឬអ្វី ឬមួយអ្នកបានអញ្ជើញព្រះបាទពិម្ពិសាមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែក។ រាជគហសេដ្ឋី និយាយថា នែគហបតិ អាវាហមង្គល និងវិវាហមង្គលរបស់ខ្ញុំ មិនមានទេ ឬមួយខ្ញុំអញ្ជើញព្រះបាទពិម្ពិសាមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែកនេះក៏ទេដែរ ខ្ញុំមានតែមហាយញ្ញពិធីមែន គឺនិមន្តព្រះសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន មកទទួលភត្តក្នុងថ្ងៃស្អែកនេះ។ អនាថបិណ្ឌិកគហបតិសួរថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ សួរទៀតថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ សួរទៀតថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ ពោលទៀតថា អើគហបតិ សម្លេងគឹកកងថា ពុទ្ធោ ដូច្នេះនេះ ជាសម្លេងដែលគេរកបានដោយកម្រក្នុងលោក ម្នាលគហបតិ តើខ្ញុំនឹងអាចចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទាន់ក្នុងពេលនេះបានដែរឬ។ រាជគហសេដ្ឋីតបថា ម្នាលគហបតិ កាលនេះ ជាកាលមិនគួរ ដើម្បីនឹងចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះទាន់ក្នុងពេលនេះទេ ចាំដល់វេលាថ្ងៃស្អែក សឹមអ្នកចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទើបគួរ។

[៣៥៥] គ្រានោះ អនាថបិណ្ឌិកគហបតិគិតថា ឥឡូវនេះ វេលាថ្ងៃ ស្អែកនេះ អញនឹងចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទើបគួរ គិតហើយ ក៏ដំកល់ស្មារតី ចំពោះទៅរកព្រះពុទ្ធជាអារម្មណ៍ ហើយក៏ដេកទៅ ក៏ក្នុងវេលាយប់ (នោះ) អនាថបិណ្ឌិកគហបតិ ស្មានថាភ្លឺហើយ ក៏ក្រោកឡើង៣ដង។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅកាន់ទ្វារសីតវន (ព្រៃត្រជាក់)។ ពួកអមនុស្ស19) ក៏នាំគ្នាបើកទ្វារឲ្យ។ កាលអនាថបិណ្ឌិកគហបតិ ចេញផុតអំពីនគរហើយ ពន្លឺក៏បាត់ទៅវិញ។ ស្រាប់តែមានងងឹតកើតឡើង។ ភ័យ សេចក្តីតក់ស្លុត និងព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពីទីនោះមកវិញ។

[៣៥៦] គ្រានោះ សីវកយក្ស ដែលបាត់ទៅ ក៏បញ្ចេញសម្លេងឡើងថា ដំរី១សែន សេះ១សែន រថទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលប្រដាប់ដោយកុណ្ឌល ជាវិការៈ នៃកែវមណី១សែន ក៏មិនដល់មួយចំណិត នៃការឈានទៅ១ជំហាន ដែលបណ្ឌិតចែកឲ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ការឈានដើរទៅរបស់អ្នក ប្រសើរណាស់ ការត្រឡប់ទៅវិញ មិនប្រសើរទេ។

[៣៥៧] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ។ ពន្លឺភ្លឺ ក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់បាត់ទៅ។ អនាថបិណ្ឌិកគហបតិ ក៏បាត់ពន្លឺអស់វារៈពីដងផង។ បេ។ អស់វារៈបីដងផង។ ងងឹតក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពីទីនោះមកវិញ សីវកយក្ស ដែលបាត់ទៅហើយនោះ ស្រាប់តែបញ្ចេញសម្លេងអស់វារៈ ជាគំរប់បីដងថា ដំរី១សែន សេះ១សែន រថដែលទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលពាក់ដោយកុណ្ឌល ជាវិការៈ នៃកែវមណី១សែន មិនដល់ចំណិត នៃការឈានទៅ១ជំហាន ដែលបណ្ឌិតចែក ឲ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ការឈានដើរទៅរបស់អ្នក ប្រសើរណាស់ ដំណើរត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ អស់វារៈបីដង។ ពន្លឺក៏កើតប្រាកដឡើង។ ភ័យសេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់ទៅ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅកាន់សីតវន។

[៣៥៨] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ចង្ក្រមក្នុងទីវាល។ ព្រះមានព្រះភាគ ទ្រង់ទតឃើញអនាថបិណ្ឌិកគហបតិ ដើរមកពីចម្ងាយលឹមៗ លុះទ្រង់ទតឃើញហើយ ក៏ថយចុះអំពីទីចង្ក្រម ទ្រង់គង់លើអាសនៈ ដែលគេតាក់តែងថ្វាយស្រាប់។ ព្រះមានព្រះភាគ ទ្រង់គង់ហើយ ទើបមានព្រះបន្ទូលនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា ម្នាលសុទត្ត អ្នកចូរមកនេះ។ ឯអនាថបិណ្ឌិកគហបតិ មានចិត្តត្រេកអរ រីករាយ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលត្រាស់ហៅអាត្មាអញចំឈ្មោះ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបទៀបព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ហើយក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គទ្រង់ផ្ទុំស្កល់ស្រួលទេឬ។

[៣៥៩]

ព្រះអង្គ ទ្រង់ត្រាស់ថា បុគ្គលណាមានសេចក្តីត្រជាក់ មិនមានកិលេសគ្រឿងសៅហ្មងមិនជាប់នៅក្នុងកាមទាំងឡាយ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ អ្នកមានទុក្ខរំលត់ហើយ រមែងដេកនៅជាសុខគ្រប់កាលទាំងពួង។ (មនុស្សណា) កាត់បង់នូវសេចក្តីប្រាថ្នា ក្នុងភពទាំងពួង ហើយនាំបង់នូវសេចក្តីក្រវល់ក្រវាយ ក្នុងហឫទ័យចេញ (មនុស្សនោះ) ឈ្មោះថា ជាអ្នកស្ងប់រម្ងាប់ ដល់ហើយនូវសេចក្តីរម្ងាប់នៃចិត្ត រមែងដេកនៅជាសុខ។

[៣៦០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ដល់អនាថបិណ្ឌិកគហបតិ។ អនុបុព្វីកថា នោះគឺអ្វីខ្លះ។ អនុបុព្វីកថានោះគឺ ទ្រង់ប្រកាសនូវទានកថា១ សីលកថា១ សគ្គកថា១ កាមាទីនវៈ ដ៏លាមកសៅហ្មង១ និងអានិសង្ស ក្នុងការចេញសាងផ្នួស១។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អនាថបិណ្ឌិកគហបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាក្នុងពេលណា ក៏ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសម្តែងដោយព្រះអង្គឯង ព្រះអង្គ ទ្រង់ប្រកាសនូវធម្មទេសនានោះ គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងពេលនោះ។ សំពត់ដ៏ស្អាត ដែលមិនមានពណ៌ខ្មៅ តែងទទួលយកនូវទឹកជ្រលក់ដោយប្រពៃ យ៉ាងណាមិញ ក៏ដូចជាធម្មចក្ខុ គឺសោតាបត្តិផល មានធូលីទៅប្រាសហើយ មានមន្ទិលទៅប្រាសហើយ ក៏បានកើតឡើងដល់អនាថបិណ្ឌិកគហបតិ លើអាសនៈនោះដូច្នេះថា ធម្មជាតឯណានីមួយ មានសភាពកើតឡើងហើយជាធម្មតា ធម្មជាតទាំងអស់នោះ មានសភាពរលត់ទៅវិញជាធម្មតា។

[៣៦១] គ្រានោះ អនាថបិណ្ឌិកគហបតិ បានឃើញធម៌ហើយ បានលុះធម៌ហើយ បានជ្រាបច្បាស់ធម៌ហើយ មានចិត្តចុះកាន់ធម៌ស៊ប់ហើយ ឆ្លងចាកសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា លែងជឿនូវពាក្យបុគ្គលដទៃក្នុងសាសនា របស់ព្រះសាស្តា ហើយបានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ ទ្រង់សម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្ស បើកវត្ថុដែលគេផ្កាប់ ឲ្យផ្ងាឡើង ឬដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំងទុក ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវ ដល់អ្នកវង្វេង ឬដូចមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ថាជាទីពឹងទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់ហើយនូវព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះ ជាដើមរៀងទៅ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត សូមព្រះមានព្រះភាគ មួយអន្លើដោយព្រះភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ អនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។

[៣៦២] រាជគហសេដ្ឋីបានឮថា អនាថបិណ្ឌិកគហបតិនិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែកដូច្នេះហើយ។ ចំណែកខាងរាជគហសេដ្ឋី បាននិយាយពាក្យនេះ នឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ បានឮថា អ្នកនិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធានដោយវត្ថុសម្រាប់ចាយវាយ (ស្បៀង) ឯណា ម្នាលគហបតិ ខ្ញុំនឹងឲ្យវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកគហបតិឆ្លើយថា ម្នាលគហបតិ កុំចុះ ខ្ញុំមានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។

[៣៦៣] អ្នកនិគមក្រុងរាជគ្រឹះ បានឮដំណឹងច្បាស់ថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ វេលានោះ អ្នកនិគមក្រុងរាជគ្រឹះ និយាយពាក្យនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា បពិត្រគហបតិ ឮថា អ្នកបាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា ម្នាលគហបតិ ខ្ញុំឲ្យវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកឆ្លើយថា នែអ្នក កុំចុះ ខ្ញុំមានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។

[៣៦៤] ព្រះបាទពិម្ពិសារមាគធសេនិយរាជ ជ្រាបច្បាស់ថា ឮថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបន្ទូលនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ ឮថា អ្នកបាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា យើងនឹងឲ្យនូវវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកគហបតិក្រាបទូលតបថា បពិត្រព្រះសម្មតិទេព ពុំបាច់ទេ ខ្ញុំព្រះអង្គ មានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។

[៣៦៥] គ្រានោះ អនាថបិណ្ឌិកគហបតិ លុះកន្លងរាត្រីនោះទៅ ក៏ឲ្យជនតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់រាជគហសេដ្ឋី ហើយឲ្យជន ក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានបុណ្យថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរ ទៅកាន់លំនៅរបស់រាជគហសេដ្ឋី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលក្រាលថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានអង្គាសថ្វាយខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់លោកប្រកែក លែងទទួលទៀត លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលនិមន្តគង់ចាំវស្សា ក្នុងក្រុងសាវត្ថីរបស់ខ្ញុំព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ ព្រះតថាគតទាំងឡាយ រមែងត្រេកអរចំពោះក្នុងលំនៅដ៏ស្ងាត់តែម្យ៉ាង។ អនាថបិណ្ឌិកគហបតិក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គដឹងច្បាស់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គដឹងច្បាស់ហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់អនាថបិណ្ឌិកគហបតិ ឲ្យឃើញព្រម ឲ្យកាន់យកព្រម ឲ្យឧស្សាហ៍ព្រម ឲ្យរីករាយព្រម ដោយធម្មីកថា ហើយព្រះអង្គ ក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ។

[៣៦៦] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាបុគ្គលមានមិត្តច្រើន មានសម្លាញ់ច្រើន មានវាចាគួរឲ្យអ្នកផងកាន់យក។ ទើបអនាថបិណ្ឌិកគហបតិពិចារណា នូវកិច្ចដែលគួរធ្វើនោះ ក្នុងក្រុងរាជគ្រឹះ រួចហើយក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ លុះដល់ពាក់កណ្តាលផ្លូវ អនាថបិណ្ឌិកគហបតិ បង្គាប់មនុស្សទាំងឡាយថា ម្នាលអ្នកទាំងឡាយ ចូរអ្នករាល់គ្នាធ្វើអារាម សាងវិហារ ផ្តើមធ្វើនូវទាន ឥឡូវនេះ ព្រះពុទ្ធត្រាស់ហើយក្នុងលោក ឯព្រះអង្គនោះសោត ខ្ញុំក៏បាននិមន្តហើយ ព្រះអង្គនឹងទ្រង់ពុទ្ធដំណើរមកតាមផ្លូវនេះ។ គ្រានោះ ពួកមនុស្សដែលអនាថបិណ្ឌិកគហបតិបញ្ជូនទៅនោះ ក៏បានធ្វើអារាម សាងវិហារ និងផ្តើមធ្វើនូវទាន។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ទៅដល់ក្រុងសាវត្ថីហើយ ក៏គយគន់មើល (កន្លែង) ក្នុងក្រុងសាវត្ថីគ្រប់អន្លើ ដោយគិតថា ព្រះមានព្រះភាគ សមនឹងគង់នៅក្នុងទីណាហ្ន៎ ទីណាមិនជិតពេក មិនឆ្ងាយពេក អំពីស្រុក ល្មមទៅ ល្មមមកបាន ល្មមពួកមនុស្សដែលត្រូវការដោយប្រយោជន៍ ងាយនឹងទៅមក ជាទីមិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទីប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃជនគួរជាទីធ្វើការសម្ងាត់នៃមនុស្ស និងជាទីគួរដល់វិវេកក្នុងវេលាយប់។ អនាថបិណ្ឌិកគហបតិ បានឃើញឱទ្យានរបស់រាជកុមារឈ្មោះជេត ជាទីមិនឆ្ងាយពេក មិនជិតពេក អំពីស្រុក ល្មមទៅមកបាន ល្មមពួកមនុស្ស ដែលត្រូវការដោយប្រយោជន៍ ងាយទៅមក មិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទីប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃមនុស្សគួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ លុះឃើញហើយ ក៏ចូលទៅរកព្រះរាជកុមារឈ្មោះជេត លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះរាជកុមារឈ្មោះជេតថា បពិត្រព្រះអយ្យបុត្រ សូមព្រះអង្គប្រទានឱទ្យានមកខ្ញុំព្រះអង្គ ដើម្បីនឹងធ្វើអារាម។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អារាមខ្ញុំឲ្យ (អ្នកទទេ) មិនបានទេ លុះតែ (អ្នកឲ្យថ្លៃ) គឺក្រាលដោយកោដិនៃកហាបណៈ (ទើបឲ្យបាន)។ អនាថបិណ្ឌិកគហបតិឆ្លើយថា បពិត្រព្រះអយ្យបុត្រ អារាម ខ្ញុំព្រះអង្គមុខជានឹងយកហើយ។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អ្នកកុំអាលយកអារាម (ចាំយើងសួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីសិន)។ ជេតរាជកុមារ និងអនាថបិណ្ឌិកគហបតិ ក៏សួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីថា អារាម គួរឲ្យអនាថបិណ្ឌិកគហបតិយក ឬមិនឲ្យយកទេ។ ពួកមហាមាត្រពោលយ៉ាងនេះថា បពិត្រព្រះអយ្យបុត្រ ព្រះអង្គបានកាត់ថ្លៃអារាមចំនួនប៉ុន្មាន ក៏ឲ្យអនាថបិណ្ឌិកគហបតិទទួលយក ដោយថ្លៃប៉ុណ្ណោះចុះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានឲ្យគេផ្ទុកប្រាក់ដោយរទេះទាំងឡាយ ហើយឲ្យក្រាលតំរៀប ដោយកោដិនៃកហាបណៈ ក្នុងព្រៃរបស់ជេតរាជកុមារ។ ប្រាក់ដែលជញ្ជូនយកមកតែម្តងប៉ុណ្ណោះ មិនគ្រាន់ត្រង់ទីឱកាសបន្តិចជុំវិញខ្លោងទ្វារ។ ឯអនាថបិណ្ឌិកគហបតិ ក៏បានបង្គាប់ពួកមនុស្សថា នែនាយរាល់គ្នា ចូរអ្នកទៅនាំយកប្រាក់មកទៀត យើងនឹងក្រាលត្រង់ទីឱកាសនេះ។ គ្រានោះ ជេតរាជកុមារ មានសេចក្តីត្រិះរិះដូច្នេះថា គហបតិនេះ ចំណាយប្រាក់ច្រើនដល់ម្ល៉ោះ ចំពោះកិច្ចណា កិច្ចនោះ មិនមែនជារបស់ថោកទាបទេ។ វេលានោះ ជេតរាជកុមារ ពោលនូវពាក្យនេះ នឹងអនាថបិណ្ឌិកគហបតិថា ណ្ហើយគហបតិ អ្នកកុំឲ្យក្រាលទីឱកាសនោះឡើយ អ្នកចូរឲ្យទីឱកាសនោះដល់ខ្ញុំ ទាននុ៎ះនឹងមានដល់ខ្ញុំ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានថ្វាយទីឱកាសនោះ ដល់ជេតរាជកុមារ ដោយគិតថា ជេតរាជកុមារនេះ ជាមនុស្សល្បីល្បាញ មានមនុស្សស្គាល់(ច្រើន) មានឫទ្ធិច្រើន ឯសេចក្តីជ្រះថ្លាក្នុងធម្មវិន័យនេះ (នឹងមាន) ដល់ពួកមនុស្សដែលគេស្គាល់ មានសភាពយ៉ាងនេះ។ គ្រានោះ ជេតរាជកុមារ បានកសាងខ្លោងទ្វារ ក្នុងទីឱកាសនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ឲ្យគេធ្វើវិហារ ឲ្យគេធ្វើបរិវេណ ឲ្យធ្វើបន្ទប់ ឲ្យធ្វើឧបដ្ឋានសាលា ឲ្យធ្វើរោងភ្លើង ឲ្យធ្វើកប្បិយកុដិ ឲ្យធ្វើវច្ចកុដិ ឲ្យធ្វើទីចង្ក្រម ឲ្យធ្វើសាលាសម្រាប់ចង្ក្រម ឲ្យធ្វើអណ្តូងទឹក ឲ្យធ្វើសាលាទៀបអណ្តូងទឹក ឲ្យធ្វើរោងភ្លើង ឲ្យធ្វើសាលាទៀបរោងភ្លើង ឲ្យធ្វើស្រះបោក្ខរណី ឲ្យធ្វើមណ្ឌបក្នុងជេតវន។

(នវកម្មទានៈ)

(នវកម្មទានំ)

[៣៦៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្រុងវេសាលី ព្រះអង្គទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ដោយលំដាប់ឆ្ពោះត្រង់ទៅក្រុងវេសាលី។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ គង់នៅក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។

[៣៦៨] សម័យនោះឯង មនុស្សទាំងឡាយ កំពុងយកចិត្តទុកដាក់ធ្វើនវកម្ម គឺការងារថ្មី ក៏បានផ្គត់ផ្គង់ពួកភិក្ខុ ដែលជាអ្នករ៉ាប់រងនូវនវកម្ម ដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ថ្នាំជាបច្ច័យសម្រាប់អ្នកជម្ងឺដោយគោរព។

[៣៦៩] លំដាប់នោះ មានជាងជុល ឬដេរម្នាក់ ជាអ្នកកំសត់ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សទាំងនេះ កំពុងយកចិត្តទុកដាក់ធ្វើនវកម្មព្រោះអំពើណា អំពើនេះ មិនមែនជារបស់ថោកទាបទេ បើដូច្នោះ គួរតែអញធ្វើនវកម្មដែរ។ ឯជាងជុល ឬដេរជាអ្នកកំសត់នោះ ជាន់ដី បោះឥដ្ឋ ហើយធ្វើជញ្ជាំងដោយខ្លួនឯង។ ជាងជុលនោះ មិនឈ្លាសរៀប ជញ្ជាំងវៀច ជញ្ជាំងក៏រលំទៅ។ ជាងជុលកំសត់នោះ ជាន់ដីឥដ្ឋ ធ្វើជញ្ជាំងដោយខ្លួនឯង។ អស់វារៈ ជាគំរប់ពីរដងផង។ បេ។ អស់វារៈ ជាគំរប់បីដងផង។ ជាងជុល មិនឈ្លាសនោះ ធ្វើជញ្ជាំងវៀច ជញ្ជាំងក៏រលំទៅ។ លំដាប់នោះ ជាងជុលកំសត់នោះ ពោលទោសតិះដៀល បន្តុះបង្អាប់ថា ជនទាំងឡាយណា ឲ្យចីវរ បិណ្ឌបាតសេនាសនៈ និងភេសជ្ជបរិក្ខារថ្នាំ ជាបច្ច័យសម្រាប់អ្នកជម្ងឺ ដល់ពួកសមណៈ ជាសក្យបុត្តិយ៍នេះ ពួកសមណសក្យបុត្តិយ៍នេះ ទូន្មានប្រៀនប្រដៅនូវជនទាំងឡាយផង រ៉ាប់រងនូវនវកម្មរបស់ជនទាំងនោះផង ចំណែកខាងអញ ជាមនុស្សកំសត់ គ្មានអ្នកណាមួយជួយទូន្មាន ប្រៀនប្រដៅ ឬរ៉ាប់រង នូវនវកម្មរបស់អញសោះឡើយ។ ពួកភិក្ខុ ក៏បានឮជាងជុលកំសត់នោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុ) ឲ្យនវកម្ម20) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយនវកម្ម នឹងដល់នូវសេចក្តីខ្វល់ខ្វាយថា គិតដូចម្តេច នឹងឲ្យវិហារហើយឆាប់ នឹងជួសជុលនូវទីដែលបាក់បែកឡើងវិញបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ មុនដម្បូង ត្រូវសង្ឃសូមភិក្ខុ។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យនូវនវកម្ម ដល់ភិក្ខុមានឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃឲ្យនូវនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ ការឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយការស្ងៀមយ៉ាងនេះ។

(អគ្គាសនាទិអនុជាននៈ)

(អគ្គាសនាទិអនុជាននំ)

[៣៧០] គ្រានោះ ព្រះមានព្រះភាគ គង់នៅក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុជាអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ នាំគ្នាដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ក៏ហួងហែងវិហារ ហួងហែងទីដេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង។ កាលនោះ ព្រះសារីបុត្តមានអាយុ ទៅអំពីខាងក្រោយៗសង្ឃ មានព្រះពុទ្ធជាប្រធាន កាលបើពួកអន្តេវាសិករបស់ពួកឆព្វគ្គិយភិក្ខុហួងហែងវិហារ ហួងហែងទីដេកហើយ លោក៏រកទីសំណឹងមិនបាន ទើបទៅគង់ទៀបគល់ឈើ១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងពេលបច្ចូសសម័យនៃរាត្រី ហើយទ្រង់ក្អកគ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អកគ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នរណានៅក្នុងទីនុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ហេតុអ្វីក៏អ្នកមកអង្គុយក្នុងទីនេះ។ ឯព្រះសារីបុត្តមានអាយុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។

[៣៧១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុជាអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែងទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសនោះ មិនសមបើនឹង ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែងទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង ដូច្នេះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែនដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។ បេ។ លុះទ្រង់បន្ទោសហើយ ក៏ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដូចម្តេច គួរនឹងទទួលអាសនៈប្រសើរ21) ទឹកប្រសើរ22) និងដុំបាយប្រសើរ23) បាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីខត្តិយត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីព្រាហ្មណត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីគហបតិត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា រៀនគម្ពីរព្រះសូត្រ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា ទ្រទ្រង់វិន័យ។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាធម្មកថិក ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា បានបឋមជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានទុតិយជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានតតិយជ្ឈាន។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានចតុត្ថជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាសោតាបន្ន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាសកទាគាមី។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណា ជាអនាគាមី។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាអរហន្ត ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានវិជ្ជា៣ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានអភិញ្ញា៦ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។

រឿងសត្វជាសម្លាញ់គ្នា៣តួ

[៣៧២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ហេតុ (នេះ) ធ្លាប់មានមកហើយ នៅខាងហិមវន្តប្បទេស មានដើមជ្រៃធំ១ដើម។ សត្វ៣តួ គឺ ទទា១ ស្វា១ ដំរី១ ជាសំឡាញ់គ្នា តែងនៅអាស្រ័យនឹងដើមជ្រៃធំនោះ។ សត្វទាំងនោះ មិនគោរព មិនកោតក្រែង មិនប្រព្រឹត្តស្មោះស្មើទៅវិញទៅមករកគ្នាឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វជាសម្លាញ់នឹងគ្នាទាំងនោះ មានសេចក្តីត្រិះរិះថា ឱពួកយើង ធ្វើម្តេចនឹងដឹងពិតថា នរណាជាធំពីកំណើតជាងយើង ៗត្រូវធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជាអ្នកនោះ ម្យ៉ាងទៀត យើងត្រូវឋិតនៅក្នុងឱវាទរបស់អ្នកនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទា និងស្វាសួរដំរីថា ម្នាលសម្លាញ់ អ្នកបានរលឹកឃើញហេតុពីមុនដូចម្តេច។ ដំរីឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំធ្វើដើមជ្រៃនេះ ក្នុងចន្លោះភ្លៅទាំងពីរហើយដើរទៅ ចុងត្រួយ (ជ្រៃនេះ) ទល់នឹងពោះខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញនូវហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទទា និងដំរីសួរស្វាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ស្វាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំអង្គុយលើផែនដី ហើយទំពាស៊ីត្រួយជ្រៃនេះ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្វា និងដំរីសួរទៅទទាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ទទាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ ក្នុងទីឯណោះ មានដើមជ្រៃធំ១ដើម ខ្ញុំស៊ីផ្លែរួចហើយ ហើរមកអំពីនោះ មកបន្ទោបង់វច្ចៈក្នុងឱកាសនេះ ជ្រៃនេះក៏កើតអំពីវច្ចៈរបស់ខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំជាសត្វធំពីកំណើត តាំងអំពីកាលនោះមក។ ម្នាលភិក្ខុទាំងឡាយ ស្វា និងដំរីបានពោលពាក្យនេះ នឹងទទាថា ម្នាលសម្លាញ់ អ្នកជាធំពីកំណើតជាងយើង យើងនឹងធ្វើសក្ការៈ គោរព រាប់អាន បូជាអ្នក មួយទៀត យើងនឹងតាំងនៅក្នុងឱវាទរបស់អ្នក។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទាឲ្យស្វា និងដំរីកាន់សីលទាំង៥ ហើយសមាទាន ប្រព្រឹត្តសីលទាំង៥ ដោយខ្លួនឯង។ សត្វទាំងឡាយនោះ គោរពកោតក្រែង ប្រព្រឹត្តស្មោះស្មើ ទៅវិញទៅមករកគ្នា លុះទំលាយខន្ធ ទៅកាន់លោកខាងមុខ ក៏បានទៅកើតក្នុងសុគតិ គឺឋានសួគ៌។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយធម៌នុ៎ះឯង ឈ្មោះតិត្តិរិយព្រហ្មចរិយៈ។

[៣៧៣] ព្រះអង្គ ទ្រង់ត្រាស់ថា ពួកជនដែលឈ្លាសក្នុងធម៌ កោតក្រែងចាស់ព្រឹទ្ធាចារ្យ រមែងបានសេចក្តីសរសើរក្នុងបច្ចុប្បន្នផង បានសុគតិក្នុងបរលោកផង។ ម្នាលភិក្ខុទាំងឡាយ អម្បាលពួកសត្វតិរច្ឆានទាំងនោះ ម្តេចក៏ចេះគោរព កោតក្រែង ប្រព្រឹត្តស្មោះស្មើ ដល់គ្នានឹងគ្នាទៅបាន ចំណង់បើអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយដោយប្រពៃយ៉ាងនេះ គួរណាស់តែគោរព កោតក្រែង ប្រព្រឹត្តស្មោះស្មើដល់គ្នានឹងគ្នា ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើហេតុនុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម អាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរ (ដល់ភិក្ខុ) តាមលំដាប់ចាស់ខ្ចី ម្នាលភិក្ខុទាំងឡាយ តែថា វត្ថុជារបស់សង្ឃ ភិក្ខុមិនត្រូវឃាត់ខាំងតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។

(អវន្ទិយាទិបុគ្គលា)

(អវន្ទិយាទិបុគ្គលា)

អវន្ទិយបុគ្គល វន្ទិយបុគ្គល

[៣៧៤] ម្នាលភិក្ខុទាំងឡាយ អវន្ទិយបុគ្គល (បុគ្គលដែលភិក្ខុមិនត្រូវសំពះ) នេះ មាន១០ពួក គឺ ភិក្ខុដែលបានឧបសម្បទាមុន មិនត្រូវសំពះភិក្ខុ ដែលបានឧបសម្បទាក្រោយ១ មិនត្រូវសំពះអនុបសម្បន្ន១ មិនត្រូវសំពះភិក្ខុចាស់ ដែលមានសំវាសផ្សេងគ្នា ជាអធម្មវាទី១ មិនត្រូវសំពះមាតុគ្រាម១ មិនត្រូវសំពះមនុស្សខ្ទើយ១ មិនត្រូវសំពះភិក្ខុ ដែលកំពុងនៅបរិវាស១ មិនត្រូវសំពះភិក្ខុ ដែលគួរទាញមកកាន់មូលាបត្តិ១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់មានត្ត១ មិនត្រូវសំពះភិក្ខុ ដែលកំពុងប្រព្រឹត្តមានត្ត១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់អព្ភានកម្ម១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលភិក្ខុមិនត្រូវសំពះ មាន១០ចំពូក ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វន្ទិយបុគ្គល (បុគ្គលដែលភិក្ខុត្រូវសំពះ) នេះ មាន៣ពួក គឺភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបានឧបសម្បទាមុន១ ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី១ ម្នាលភិក្ខុទាំងឡាយ ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស១ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែលភិក្ខុត្រូវសំពះ មាន៣ចំពូក ដូច្នេះឯង។

(អាសនប្បដិពាហនបដិក្ខេប)

(អាសនប្បដិពាហនបដិក្ខេបំ)

[៣៧៥] សម័យនោះឯង មនុស្សទាំងឡាយ តាក់តែងមណ្ឌប តាក់តែងកម្រាល តាក់តែងទីឱកាសចំពោះសង្ឃ។ ភិក្ខុទាំងឡាយជាសិស្សរបស់ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា វត្ថុជារបស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ទៅតាមលំដាប់ចាស់ខ្ចីពិតមែនហើយ តែវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នាដើរជែងទៅពីខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាសថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ និមន្តទៅពីខាងក្រោយៗសង្ឃ មានព្រះពុទ្ធជាប្រធាន កាលបើពួកអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ ហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាស (ដូច្នោះ) លោកមិនបានទីឱកាស ក៏ទៅគង់ទៀបគល់ឈើ១។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ក្អកគ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អកគ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នរណានៅក្នុងទីនុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលសារីបុត្ត ហេតុអ្វីបានជាអ្នកមកអង្គុយក្នុងទីនេះ។ ព្រះសារីបុត្តមានអាយុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។

[៣៧៦] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុទាំងឡាយជាសិស្ស របស់ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា វត្ថុជារបស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតតាមលំដាប់ចាស់ខ្ចី ពិតមែនហើយ តែវត្ថុដែលគេឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នាដើរជែងទៅពីខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយក៏នាំគ្នាហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាសថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់យើង ទីនេះសម្រាប់អាចារ្យរបស់យើង ទីនេះសម្រាប់យើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ទោះបីវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ពួកភិក្ខុមិនត្រូវឃាត់ខាំងទៅតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។

(គិហិវិកតអនុជាននៈ)

(គិហិវិកតអនុជាននំ)

[៣៧៧] សម័យនោះឯង មនុស្សទាំងឡាយនាំគ្នាក្រាលអាសនៈខ្ពស់ អាសនៈប្រសើរ ក្នុងរោងភត្ត និងចន្លោះផ្ទះ (ប្រគេនពួកភិក្ខុ) អាសនៈខ្ពស់ អាសនៈប្រសើរដូចម្តេចខ្លះ អាសនៈខ្ពស់ អាសនៈប្រសើរនោះគឺ អាសន្ទិ (អាសនៈខ្ពស់ហួសប្រមាណ) បល្លង្កៈ (គ្រែដែលមានជើងខ្ពស់វិចិត្រដោយរូបសត្វសាហាវ) គោណកៈ (ព្រំដែលមានរោមវែងជាង៤ធ្នាប់) ចិត្តកៈ (កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ) បដិកៈ (កម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ) បដលិកៈ (កម្រាលដែលធ្វើដោយរោមសត្វ ជាផ្កាចង្កោម) តូលិកៈ (កម្រាលដែលញាត់ដោយសំឡីគ) វិកតិកៈ (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម) ឧទ្ធលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងតែម្ខាង) ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងទាំងពីរខាង) កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កម្ពលៈ (កម្រាលដែលធ្វើដោយរោមសត្វ) កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១៦នាក់ឈររាំបាន) ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី) អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ) រថត្ថរៈ (កម្រាលសម្រាប់ក្រាលលើរថ) អជិនប្បវេណិ (កម្រាលដែលធ្វើដោយស្បែកខ្លា) កទលិមិគបវរប្បច្ចត្ថរណៈ (កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុស) សឧត្តរច្ឆទៈ (ទីដេកដែលមានពិតានក្រហមពីខាងលើ) ឧភតោលោហិតកុបធានៈ (កម្រាលដែលមានខ្នើយ មានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង)។ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយលើអាសនៈ ដ៏សេស ជាគិហិវិក័ដ គឺអាសនៈដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន វៀរលែងតែសេនាសនៈ៣យ៉ាង គឺអាសន្ទិ១ បល្លង្កៈ១ តូលិកៈ១។

[៣៧៨] សម័យនោះឯង ពួកមនុស្សតាក់តែងគ្រែផង តាំងផង ដែលញាត់សំឡីគ ក្នុងរោងភត្ត និងចន្លោះផ្ទះ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយលើអាសនៈជាគិហិវិក័ដ ដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន។

(ជេតវនវិហារានុមោទនា)

(ជេតវនវិហារានុមោទនា)

[៣៧៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកតាមលំដាប់ សំដៅត្រង់ទៅកាន់ក្រុងសាវត្ថី។ មានរឿងដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ លុះអនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

[៣៨០] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ឲ្យតាក់តែងខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ក្នុងពេលដែលកន្លងរាត្រីនោះទៅហើយ ឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់លំនៅរបស់អនាថបិណ្ឌិកគហបតិ លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ អនាថបិណ្ឌិកគហបតិ ក៏បានអង្គាសខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ថ្វាយដោយដៃឯង ចំពោះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែទ្រង់ប្រកែក លែងទទួលទៀត (លុះដឹងថា) ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ទើបអង្គុយក្នុងទីសមគួរ។ អនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិក្នុងវត្តជេតវនដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរប្រតិស្ឋានវត្តជេតវន សម្រាប់សង្ឃ ដែលបានមកហើយ និងមិនទាន់បានមក អំពីទិសទាំង៤។ អនាថបិណ្ឌិកគហបតិ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ ហើយក៏ប្រតិស្ឋានវត្តជេតវ័ន សម្រាប់សង្ឃ ដែលបានមកហើយ និងមិនទាន់បានមកអំពីទិសទាំង៤។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះអនាថបិណ្ឌិកគហបតិ ដោយគាថាទាំងនេះថា

[៣៨១]

(វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពាររងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច ពស់ធំទាំងឡាយផង មូសទាំងឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃ ដ៏ក្លាខ្លាំង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺ ការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ សម្រាប់ជ្រកកោនផង សម្រាប់នៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធជាម្ចាស់ទាំងឡាយ តែងត្រាស់សរសើរថា ជាអគ្គទាន (ទានដ៏ប្រសើរ)។ ព្រោះហេតុនោះឯង បុរស (ស្រ្តី) ជាបណ្ឌិត កាលបើបានឃើញច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីកសាងវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគប្បីនិមន្តលោក ដែលជាពហុស្សូត គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គប្បីមានចិត្តជ្រះថ្លាចំពោះលោកទាំងឡាយ ដែលមានកាយ និងចិត្តត្រង់ ហើយឲ្យម្ហូបចំណីផង ទឹកផង សំពត់ និងសេនាសនៈទាំងឡាយផង ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់សេចក្តីទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។

លុះព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះអនាថបិណ្ឌិកគហបតិ ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ។

(អាសនប្បដិពាហនាទិ)

(អាសនប្បដិពាហនាទិ)

[៣៨២] សម័យនោះ មានមហាមាត្រម្នាក់ ជាសាវ័ករបស់អាជីវក ធ្វើសង្ឃភត្ត។ ឧបនន្ទសក្យបុត្រមានអាយុមកដល់ក្រោយគេ ក៏បណ្តេញភិក្ខុដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ។ រោងភត្តក៏កើតមានសេចក្តីជ្រួលជ្រើម។ មហាមាត្រនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មកដល់ក្រោយគេ មិនគួរនឹងបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម បើយ៉ាងហ្នឹង ភិក្ខុឯទៀត អាចឆានឆ្អែត ស្រួលបួលដែរ វៀរលែងតែភិក្ខុដែលអង្គុយស៊ប់ហើយ។ ពួកភិក្ខុបានឮមហាមាត្រនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទសក្យបុត្តិយ៍មានអាយុ មកក្រោយគេ មិនគួរនឹងបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់ មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកមកដល់ក្រោយគេ ហើយបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម ពិតមែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស មិនគួរបើអ្នកមកក្រោយគេ ហើយបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញភិក្ខុ ដែលអង្គុយខាងក្រោយគេបង្អស់ ដែលកំពុងនៅឆាន់ មិនទាន់លែង ឲ្យក្រោកចេញទេ ភិក្ខុណាបណ្តេញ ត្រូវអាបត្តិទុក្កដ តែបើ (ភិក្ខុចាស់) បណ្តេញ (ភិក្ខុខ្ចីដែលកំពុងឆាន់) ឲ្យក្រោកចេញ ត្រូវភិក្ខុខ្ចីឃាត់ ហើយនិយាយថា ចូរលោកទៅយកទឹកមក បើបានទឹកនោះមក ដោយអាការដូច្នេះ ការនេះជាការឥតទោស បើមិនបានទឹកមកទេ ត្រូវភិក្ខុខ្ចី លេបគ្រាប់បាយឲ្យស្រួល ហើយឲ្យអាសនៈ ដល់ភិក្ខុចាស់ជាង (នោះ) ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលថា ឲ្យភិក្ខុទាំងឡាយឃាត់អាសនៈ ចំពោះភិក្ខុចាស់ជាង ដោយបរិយាយឯណានីមួយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។

[៣៨៣] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាបណ្តេញពួកភិក្ខុឈឺ ឲ្យក្រោកចេញ។ ភិក្ខុឈឺទាំងឡាយ ពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកខ្ញុំករុណាសុទ្ធតែជាអ្នកឈឺ មិនអាចនឹងក្រោកចេញបានទេ។ ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងនឹងបណ្តេញលោកមានអាយុទាំងឡាយឲ្យក្រោកចេញ ហើយក៏នាំគ្នាចាប់ភិក្ខុទាំងនោះ ឲ្យក្រោកឈរឡើង ហើយលែងចេញ។ ពួកភិក្ខុឈឺ ក៏ជ្រប់ដួលទៅ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញភិក្ខុឈឺទេ ភិក្ខុណាបណ្តេញ ត្រូវអាបត្តិទុក្កដ។

[៣៨៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងទាំងឡាយជាអ្នកឈឺ ទុកជាអ្នកណា ក៏មិនគប្បីបណ្តេញ ឲ្យក្រោកចេញបាន ហើយក៏ដេកជាប់នៅនឹងដំណេកដ៏ប្រសើរ។ បេ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗទីដំណេកដ៏សមគួរ ដល់ភិក្ខុឈឺបាន។

[៣៨៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឃាត់អាសនៈដោយកលមាយាអាក្រក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវហាមឃាត់អាសនៈ ដោយកលមាយាអាក្រក់ទេ24) ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ។

[៣៨៦] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុ ជួសជុលវិហារធំមួយ ដែលមាននៅក្នុងទីបំផុតដែន ដោយគិតគ្នាថា ពួកយើងនឹងនៅចាំវស្សាក្នុងវិហារធំនេះ។ ពួកឆព្វគ្គិយភិក្ខុ បានឃើញពួកសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុលវិហារ លុះឃើញហើយ ក៏បានពោលពាក្យយ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុទាំងនេះ កំពុងតែជួសជុលវិហារ បើដូច្នោះ ពួកយើងនឹងនាំគ្នាបណ្តេញភិក្ខុទាំងនោះ ឲ្យដើរចេញ ភិក្ខុពួកខ្លះពោលយ៉ាងនេះថា លោកទាំងឡាយ ចូរបង្អង់សិន ដ្បិតសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុល ចាំដល់លោកទាំងនោះ ជួសជុលរួចស្រេច សឹមយើងនាំគ្នាបណ្តេញឲ្យដើរចេញ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ពោលពាក្យនេះ នឹងពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ លោកចូរក្រោកចេញ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ លោកទាំងឡាយ គួរប្រាប់មក ឲ្យប្រាកដជាមុន ពួកយើងនឹងនាំគ្នាជួសជុលវិហារឯទៀត។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារ (នេះ) ជារបស់សង្ឃ មិនមែនឬ។ សត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលលោកដ៏មានអាយុ អើ វិហារ (នេះ) ជារបស់សង្ឃមែន។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ លោកត្រូវក្រោកចេញទៅ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារធំដែរ លោកទាំងឡាយនៅក៏បាន យើងនៅក៏បាន។ ឆព្វគ្គិយភិក្ខុ ខឹង អាក់អន់ចិត្ត ហើយច្បាមត្រង់ក ទាញចេញដោយពាក្យថា ម្នាលអាវុសោ លោកទាំងឡាយ ចូរក្រោកដើរចេញ វិហារ ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនោះ កាលបើឆព្វគ្គិយភិក្ខុទាញចេញ ក៏នាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកយំ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះ ខឹងអាក់អន់ចិត្ត ហើយចាប់ទាញពួកយើង ឲ្យចេញចាកវិហាររបស់សង្ឃ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុ មិនសមបើនឹងខឹង អាក់អន់ចិត្ត ហើយចាប់ទាញភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារ ជារបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយភិក្ខុ ខឹងអាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារជារបស់សង្ឃ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ ព្រះមានព្រះភាគ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវខឹង អាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារ ជារបស់សង្ឃទេ ភិក្ខុណាចាប់កន្ត្រាក់ទាញចេញ វិនយធរ គប្បីកាត់សម្រេចឲ្យសមគួរ តាមអាបត្តិ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានភិក្ខុប្រគល់សេនាសនៈ (ដល់ភិក្ខុណាមួយ)។

(សេនាសនគ្គាហាបកសម្មុតិ)

(សេនាសនគ្គាហាបកសម្មុតិ)

[៣៨៧] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរប្រគល់សេនាសនៈឲ្យបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ) គឺភិក្ខុមិនលុះក្នុងឆន្ទាគតិ១ មិនលុះក្នុងទោសាគតិ១ មិនលុះក្នុងមោហាគតិ១ មិនលុះក្នុងភយាគតិ១ ដឹងច្បាស់នូវសេនាសនៈ ដែលខ្លួនបានប្រគល់ និងមិនទាន់បានប្រគល់១។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសង្ឃនឹងសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសេនាសនគ្គាហាបកៈ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនុ៎ះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៣៨៩] គ្រានោះឯង ពួកភិក្ខុជាសេនាសនគ្គាហាបកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគប្បីប្រគល់សេនាសនៈដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរាប់ភិក្ខុមុន លុះរាប់ភិក្ខុរួចហើយ ឲ្យរាប់ដំណេក លុះរាប់ដំណេករួចហើយ សឹមប្រគល់ឲ្យតាមកំណត់នៃដំណេក។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃដំណេក ដំណេក ក៏សល់នៅច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រគល់តាមកំណត់នៃវិហារ។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃវិហារ វិហារក៏សល់នៅច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រគល់តាមកំណត់នៃបរិវេណ។ ពួកភិក្ខុ ក៏ប្រគល់ឲ្យតាមកំណត់នៃបរិវេណ បរិវេណ ក៏សល់នៅច្រើន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗ នូវបរិវេណ តាមចំណែកជាលំដាប់ទៅចុះ កាលបើចំណែកនៃបរិវេណតាមលំដាប់ ពួកភិក្ខុបានទទួលយកហើយ ទើបមានភិក្ខុឯទៀតមកដល់ (តែបើភិក្ខុនោះ) មិនត្រូវការ មិនត្រូវឲ្យទេ។

[៣៩០] សម័យនោះឯង ភិក្ខុទាំងឡាយប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមាទេ ភិក្ខុណាប្រគល់ឲ្យ ត្រូវអាបត្តិទុក្កដ។

[៣៩១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកសេនាសនៈ25) ហើយឃាត់ខាំងទុកគ្រប់កាល។26) ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកសេនាសនៈ ហើយឃាត់ខាំងទុកគ្រប់កាលទេ ភិក្ខុណាឃាត់ខាំងទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឃាត់ខាំងបានតែត្រឹម៣ខែ ក្នុងវស្សានរដូវ (ប៉ុណ្ណោះ) មិនឲ្យឃាត់ខាំងគ្រប់រដូវទេ។

[៣៩២] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ការប្រគល់សេនាសនៈ មានប៉ុន្មានហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈនេះ មាន៣យ៉ាង គឺបុរិមកៈ១ បច្ឆិមកៈ១ អន្តរាមុត្តកៈ១ ដែលឈ្មោះថា បុរិមកៈ ត្រូវភិក្ខុប្រគល់ឲ្យតាំងអំពីថ្ងៃ១រោច ខែអាសាធទៅ ដែលឈ្មោះថា បច្ឆិមកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃ១រោច ខែស្រាពណ៍ទៅ ដែលឈ្មោះថា អន្តរាមុត្តកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃបវារណា ក្នុងខែអស្សុជទៅ ដើម្បីនៅចាំវស្សាតទៅ ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈ មាន៣យ៉ាងដូច្នេះឯង។

ចប់ ភាណវារៈ ជាគំរប់ពីរ។

(តតិយភាណវារៈ ទី៣)

(៣. តតិយភាណវារោ)

(តតិយភាណវារៈ ទី៣ វត្ថុ)

(…)

[៣៩៣] សម័យនោះឯង ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត ទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី ហើយដើរទៅកាន់អាវាស ក្នុងស្រុកតូចមួយ ក៏ទទួលយកសេនាសនៈ ក្នុងទីនោះទៀត។ លំដាប់នោះ ភិក្ខុទាំងនោះ (ដែលនៅក្នុងទីអាវាសនោះ) គិតគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តនេះ ជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវការទាស់ទែង ធ្វើនូវតិរច្ឆានកថា ធ្វើនៅអធិករណ៍ក្នុងសង្ឃ ប្រសិនបើ ឧបនន្ទភិក្ខុនេះ នៅចាំវស្សាក្នុងទីនេះ យើងទាំងអស់គ្នា នឹងនៅពុំបានសប្បាយឡើយ បើដូច្នោះ មានតែយើងសួរលោកមើល។ ភិក្ខុទាំងនោះ ក៏សួរឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តដូច្នេះថា ម្នាលអាវុសោឧបនន្ទ លោកបានទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី មែនឬ។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ខ្ញុំបានទទួលយកមែន។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោឧបនន្ទ ចុះលោកតែម្នាក់ឯងទេ ម្តេចក៏ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ខ្ញុំលែងយកក្នុងទីនេះហើយ ខ្ញុំនឹងទៅទទួលយកក្នុងទីនោះវិញ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត តែមួយរូប មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបនន្ទ ឮថា អ្នកតែម្នាក់ឯង ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង មែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកតែម្នាក់ឯង មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងទេ ម្នាលមោឃបុរស (បើ) អ្នកទទួលយកសេនាសនៈ ក្នុងទីនោះហើយ មានតែលែងទទួលយកក្នុងទីនេះ (បើ) អ្នកទទួលយកក្នុងទីនេះហើយ មានតែលែងទទួលយកក្នុងទីនោះ នែមោឃបុរស បើយ៉ាងហ្នឹង អ្នកចាត់ថា ជាមនុស្សខាងក្រៅ គឺថា មិនត្រូវបានសេនាសនៈក្នុងទីទាំងពីរខាងទេ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់ឯង មិនត្រូវហួងហែងសេនាសនៈពីរកន្លែងទេ ភិក្ខុណាហួងហែងទុក ត្រូវអាបត្តិទុក្កដ។

[៣៩៤] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន។ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន ម្នាលអាវុសោ បើដូច្នោះ យើងនឹងរៀនវិន័យ ក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុចុះ។ ភិក្ខុច្រើនអង្គទាំងនោះ ទោះជាថេរៈក្តី ខ្ចីក្តី កណ្តាលក្តី តែងនាំគ្នាមករៀនវិន័យ ក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុ។ ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុ ក៏ចេះតែឈរ សំដែង (វិន័យ) ដោយសេចក្តីគោរព ចំពោះពួកភិក្ខុជាថេរៈ។ ឯពួកភិក្ខុជាថេរៈ ក៏ឈរឲ្យលោកសំដែង (វិន័យ) ដោយសេចក្តីគោរពក្នុងធម៌ដែរ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុជាថេរៈក្តី ព្រះឧបាលិដ៏មានអាយុក្តី ក៏លំបាក (ពេកណាស់)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុខ្ចីដែលសំដែង (វិន័យ) អង្គុយលើអាសនៈស្មើគ្នាក៏បាន ខ្ពស់ជាងក៏បាន ដោយសេចក្តីគោរពក្នុងធម៌ និងអនុញ្ញាតឲ្យភិក្ខុជាថេរៈ ដែលនិមន្តភិក្ខុខ្ចីឲ្យសំដែងវិន័យ អង្គុយលើអាសនៈស្មើគ្នាក៏បាន ទាបជាងណាស់ទៅក៏បាន ដោយសេចក្តីគោរពក្នុងធម៌។

[៣៩៥] សម័យនោះឯង ភិក្ខុច្រើនរូប នាំគ្នាឈររៀនបាលី ក្នុងសំណាក់នៃព្រះឧបាលិដ៏មានអាយុ ក៏លំបាក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលមានអាសនៈស្មើគ្នា អង្គុយជាមួយគ្នាបាន។

[៣៩៦] គ្រានោះឯង ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដែលហៅថា មានអាសនៈស្មើគ្នា ដោយវស្សាប៉ុន្មានហ្ន៎។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានវស្សារវាង៣ អង្គុយជាមួយគ្នាបាន។27)

[៣៩៧] សម័យនោះឯង ភិក្ខុច្រើនរូបមានអាសនៈស្មើគ្នា នាំគ្នាទៅអង្គុយលើគ្រែមួយ ទាល់តែបាក់គ្រែ។ ទៅអង្គុយលើតាំងមួយ ក៏បាក់តាំងទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុ៣រូប តាំងមួយ ដល់ភិក្ខុ៣រូប។ ភិក្ខុ៣រូបអង្គុយលើគ្រែមួយ ក៏បាក់គ្រែទៅ។ អង្គុយលើតាំងមួយ ក៏បាក់តាំងទៀត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុពីររូប តាំងមួយ ដល់ភិក្ខុពីររូប។28)

[៣៩៨] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យនឹងការអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុដែលមានអាសនៈមិនស្មើគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុ ដែលមានអាសនៈមិនស្មើគ្នាបាន វៀរលែងតែមនុស្សខ្ទើយ មាតុគ្រាម និងមនុស្សមានភេទពីរ។

[៣៩៩] គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អាសនៈវែង តើមានទីបំផុតត្រឹមណា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអាសនៈវែង ដែលមានទីបំផុតល្មមភិក្ខុ៣រូប (អង្គុយបាន)។

[៤០០] សម័យនោះឯង នាងវិសាខា ជាមិគារមាតា ចង់ឲ្យជាងធ្វើបា្រសាទ ប្រកបដោយរបៀងឈ្មោះ ហត្ថិនខកៈ29) បំរុងប្រគេនព្រះសង្ឃ។ លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ បានទ្រង់អនុញ្ញាតការប្រើប្រាស់ប្រាសាទហើយឬ ៗមិនទាន់បានទ្រង់អនុញ្ញាតទេហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការប្រើប្រាស់ប្រាសាទគ្រប់យ៉ាងបាន។

[៤០១] សម័យនោះ ព្រះអយ្យិការបស់ព្រះបាទបសេនទិកោសលសុគត។ កាលដែលព្រះអយ្យិកានោះសុគតទៅ សង្ឃក៏បានអកប្បិយភណ្ឌជាច្រើន ឯអកប្បិយភណ្ឌនោះគឺ អាសនៈ ដែលកន្លងហួសប្រមាណ គ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ព្រំមានរោមវែងជាង៤ធ្នាប់ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ កម្រាលមានពណ៌ស ដែលធ្វើពីរោមសត្វ កម្រាលដែលធ្វើពីរោមសត្វជាផ្កាចង្កោម កម្រាលដែលញាត់គ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសីហៈ និងខ្លាធំជាដើម កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងតែម្ខាង កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងទាំងពីរខាង កម្រាលដែលធ្វើពីឌិនមាស ឬខ្សែសយ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលដែលធ្វើពីសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលធ្វើពីរោមសត្វល្មមស្រីរបាំ១៦នាក់ឈររាំបាន កម្រាលសម្រាប់ក្រាលលើខ្នងដំរី កម្រាលសម្រាប់ក្រាលលើខ្នងសេះ កម្រាលសម្រាប់ក្រាលលើរថ កម្រាលដែលធ្វើដោយស្បែកខ្លា កម្រាលដ៏ឧត្តម ដែលធ្វើពីស្បែកឈ្មុស ខ្នើយពណ៌ក្រហមទាំងពីរខាង (គឺខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់ជើងអាសនៈ ដែលកន្លងហួសប្រមាណ ហើយសឹមប្រើប្រាស់ ឲ្យទំលាយរូបសត្វសាហាវនៃគ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ហើយសឹមប្រើប្រាស់ ឲ្យកកាយកម្រាលដែលញាត់គ យកមកធ្វើជាខ្នើយ អាសនៈក្រៅអំពីនោះ យកមកធ្វើជាកម្រាលសម្រាប់ក្រាលលើផែនដីបាន។

(អវិស្សជ្ជិយវត្ថុ)

(អវិស្សជ្ជិយវត្ថុ)

[៤០២] សម័យនោះឯង ពួកអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូច១ មិនឆ្ងាយពីក្រុងសាវត្ថី មានសេចក្តីលំបាកនឹងរៀបចំក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ។ ភិក្ខុទាំងនោះ ក៏គិតគ្នាថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ពួកយើងលំបាកនឹងក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងនឹងប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប ឯយើងរាល់គ្នា ចាំប្រើប្រាស់ទ្រព្យរបស់ ដោយសារភិក្ខុនោះវិញ។ ភិក្ខុទាំងនោះ ក៏បានប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប។ ពួកអាគន្តុកភិក្ខុនិយាយពាក្យនេះ នឹងអាវាសិកភិក្ខុនោះថា ម្នាលអាវុសោ ចូរលោករៀបចំសេនាសនៈបម្រុងយើង។ អាវាសិកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈរបស់សង្ឃ មិនមានទេ (ព្រោះ) យើងបានប្រគល់ឲ្យភិក្ខុមួយរូបអស់ទៅហើយ។ អាគន្តុកភិក្ខុសួរថា ម្នាលអាវុសោ ពួកលោកហ៊ានលះសេនាសនៈរបស់សង្ឃឬ។ អាវាសិកភិក្ខុឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុ មិនសមបើហ៊ានលះសេនាសនៈ ជារបស់សង្ឃសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុ លះសេនាសនៈរបស់សង្ឃ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងលះសេនាសនៈរបស់សង្ឃសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរលះចេញ៥យ៉ាងនេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។ របស់ទាំង៥នោះ ដូចម្តេច។ គឺអារាម គឺសួនច្បារ30) ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរលះចេញ ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដីសម្រាប់សង់លំនៅ១ នេះជារបស់មិនគួរលះចេញ ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជារបស់មិនគួរលះចេញ ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជារបស់មិនគួរលះចេញ ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅយ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺគ្រឿងធ្វើពីដី១ នេះជារបស់មិនគួរលះចេញ ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជារបស់មិនគួរលះចេញ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។

(អវេភង្គិយវត្ថុ)

(អវេភង្គិយវត្ថុ)

[៤០៣] គ្រានោះឯង ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី សំរាន្តពុទ្ធឥរិយាបថ ហើយយាងទៅកាន់ចារិក ក្នុងកិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុ បានឮដំណឹងថា ព្រះមានព្រះភាគ យាងមកដល់កិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ក៏និយាយថា ម្នាលអាវុសោ បើដូច្នោះ មានតែយើងនាំគ្នាចែកសេនាសនៈ ជារបស់សង្ឃទាំងអស់ (ដ្បិត) សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា កុំរៀបចំក្រាលសេនាសនៈប្រគេនលោកឡើយ។ ភិក្ខុទាំងនោះ ក៏នាំគ្នាចែកសេនាសនៈ ដែលជារបស់សង្ឃទាំងអស់។ គ្រានោះ ព្រះមានព្រះភាគ កំពុងស្តេចមកកាន់ចារិក តាមលំដាប់ ទ្រង់តម្រង់ទៅកាន់កិដាគិរិជនបទនោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុច្រើនរូបមកថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរដើរទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ កំពុងតែស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោករាល់គ្នា ចូររៀបចំក្រាលសេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ (ព្រះពុទ្ធដីកា) នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំគ្នាចូលទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ ទើបថ្លែងបណ្តាំនេះ ប្រាប់ពួកអស្សជិ និងបុនព្វសុកភិក្ខុថា ម្នាលអាវុសោ ដ្បិតព្រះមានព្រះភាគ ស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោកទាំងឡាយ ចូរនាំគ្នារៀបចំក្រាលសេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈ ដែលជារបស់សង្ឃ មិនមានទេ (ព្រោះ) សេនាសនៈទាំងអស់ យើងចែកគ្នាអស់ហើយ ម្នាលអាវុសោ ព្រះមានព្រះភាគ ស្តេចមកល្អហើយ ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងវិហារណា ក៏នឹងគង់ក្នុងវិហារនោះទៅ ឯសារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា មិនបានរៀបចំក្រាលសេនាសនៈឲ្យលោកទាំងនោះទេ។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោ លោកទាំងឡាយ នំាគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ពួកអស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងចែកមែន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកអស្សជិ និងបុនព្វសុកភិក្ខុ មិនសមបើមកនាំគ្នាចែកសេនាសនៈរបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអស្សជិ និងបុនព្វសុកភិក្ខុ នាំគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងហ៊ាននាំគ្នាចែកសេនាសនៈរបស់សង្ឃទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរចែក៥ពួកនេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។ របស់៥ពួក ដូចម្តេច។ (របស់៥ពួកនោះ គឺ) អារាម គឺសួនច្បារ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរចែក ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដីសម្រាប់សង់លំនៅ១ នេះជារបស់មិនគួរចែក ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជាវត្ថុមិនគួរចែក ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជាវត្ថុមិនគួរចែក ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅយ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺគ្រឿងធ្វើពីដី១ នេះជាវត្ថុមិនគួរចែក ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជាវត្ថុមិនគួរចែក ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែកឡើយ ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។

(នវកម្មទានកថា)

(នវកម្មទានកថា)

[៤០៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកិដាគិរិជនបទ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងទៅកាន់ចារិក ក្នុងដែនអាឡវី ទ្រង់ត្រាច់ទៅកាន់ចារិក តាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ។ ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង អគ្គាឡវចេតិយ ទៀបដែនអាឡវីនោះ។

[៤០៥] សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនឡាឡវី ឲ្យនវកម្មមានសភាពយ៉ាងនេះ គឺឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ ឲ្យនវកម្ម ដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្ម ដោយគ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គខ្លះ31) ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនៅដែនអាឡវី មិនសមនឹងឲ្យនវកម្មមានសភាពយ៉ាងនេះទេ គឺឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ ឲ្យនវកម្មដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការនោះពិតមែនឬ។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំង មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែដំកល់ទ្វារ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារ មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែធ្វើបង្អួច មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ស មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ខ្មៅ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែចងទុក មិនត្រូវឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្រប មិនត្រូវឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំ មិនត្រូវឲ្យនវកម្មអស់២០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់៣០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់១ជីវិត មិនត្រូវឲ្យនវកម្មអស់ ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែង ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យនវកម្ម ចំពោះតែវិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ (បើ) វិហារតូច ឲ្យត្រួតមើលការងារហើយ សឹមឲ្យនវកម្មអស់ត្រឹម៦ឆ្នាំ ឬ៥ឆ្នាំ ឲ្យរួច (បើ) អឌ្ឍយោគ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនូវនវកម្ម អស់ត្រឹម៧ឆ្នាំ ឬ៨ឆ្នាំឲ្យរួច (បើ) វិហារធំ ឬប្រាសាទ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្មអស់ត្រឹម១០ឆ្នាំ ឬ១២ឆ្នាំឲ្យរួច។

[៤០៦] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មចំពោះវិហារទាំងអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ចំពោះវិហារទាំងអស់ទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។

[៤០៧] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មពីរកន្លែង ដល់ភិក្ខុ១រូប។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យវនកម្មពីរកន្លែង ដល់ភិក្ខុ១រូបទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។

[៤០៨] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយឲ្យភិក្ខុដទៃនៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយឲ្យភិក្ខុដទៃនៅទេ ភិក្ខុណាឲ្យភិក្ខុដទៃនៅ ត្រូវអាបត្តិទុក្កដ។

[៤០៩] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយហាមឃាត់សេនាសនៈរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម ហើយហាមឃាត់សេនាសនៈរបស់សង្ឃទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុដែលធ្វើការនោះ) ទទួលយកទីដេកដ៏ប្រសើរ១ (បន្ទប់បាន)។

[៤១០] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមាទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។

[៤១១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាលទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យហាមឃាត់ត្រឹម៣ខែ នៃវស្សានរដូវ (ប៉ុណ្ណោះ) មិនមែនហាមឃាត់គ្រប់កាលនៃរដូវទេ។

[៤១២] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្មហើយ ដើរចេញទៅខ្លះ សឹកខ្លះ ធ្វើមរណភាពខ្លះ ប្តេជ្ញាខ្លួនទៅជាសាមណេរខ្លះ ប្តេជ្ញាជាអ្នកលាសិក្ខាខ្លះ ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយខ្លះ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញខ្លះ ប្តេជ្ញាជាមនុស្សខ្ទើយខ្លះ ប្តេជ្ញាជាមនុស្សលួចសំវាសខ្លះ ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ប្តេជ្ញាជាអ្នកសម្លាប់មាតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់បិតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនីខ្លះ ប្តេជ្ញាជាអ្នកបំបែកសង្ឃខ្លះ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ប្តេជ្ញាជាអ្នកមានភេទពីរខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។

[៤១៣] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀរចេញទៅ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្ម ហើយសឹកចេញ ធ្វើមរណភាព ប្តេជ្ញាទៅជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ប្តេជ្ញាជាមនុស្សខ្ទើយ ប្តេជ្ញាជាមនុស្សលួចសំវាស ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។

[៤១៤] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀសចេញទៅក្នុងវេលាដែលធ្វើ (នវកម្ម) មិនទាន់ស្រេច។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុឯទៀត ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ សឹកចេញ ក្នុងវេលាដែលធ្វើនវកម្ម មិនទាន់ស្រេច។ ធ្វើមរណភាព។ បេ។ ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។

[៤១៥] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀសចេញទៅ ក្នុងវេលាដែលធ្វើ (នវកម្ម) ហើយស្រេច (លុះត្រឡប់មកនៅវិញ) នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។

[៤១៦] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ សឹកចេញ ធ្វើមរណភាព ប្តេជ្ញាជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ក្នុងវេលាដែលធ្វើនវកម្មហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។

[៤១៧] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិចេញ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក្នុងវេលាដែលធ្វើនវកម្មហើយស្រេច នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។

[៤១៨] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ប្តេជ្ញាជាមនុស្សខ្ទើយ ប្តេជ្ញាជាអ្នកលួចសំវាស ប្តេជ្ញាជាអ្នកស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ ក្នុងវេលាដែលធ្វើ(នវកម្ម)ហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។

(អញ្ញត្របរិភោគបដិក្ខេបាទិ)

(អញ្ញត្របរិភោគបដិក្ខេបាទិ)

[៤១៩] សម័យនោះឯង ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ (ដែលគេឧទ្ទិស) ជាគ្រឿងសម្រាប់ប្រើប្រាស់ ក្នុងវិហារ ទៅប្រើប្រាស់ក្នុងទីឯទៀត។ គ្រានោះ ឧបាសកនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ មិនសមបើនឹងយកគ្រឿងប្រើប្រាស់អំពីទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកគ្រឿងប្រើប្រាស់ ក្នុងទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

[៤២០] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យ (មិនហ៊ាន) នាំយក (គ្រឿងប្រើប្រាស់) ទៅកាន់រោងឧបោសថ កាន់រោងជាទីប្រជុំ ហើយក៏នាំគ្នាអង្គុយផ្ទាល់លើផែនដី។ ទាំងខ្លួន ទាំងចីវរ (របស់ភិក្ខុនោះ) ក៏ប្រឡាក់ប្រឡូស ដោយអាចម៍ដី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យនាំយក (គ្រឿងប្រើប្រាស់នោះ) ឲ្យជារបស់ខ្ចីបាន។

[៤២១] សម័យនោះឯង វិហារធំរបស់សង្ឃទ្រុឌទ្រោម។ ពួកភិក្ខុសង្ស័យ មិនហ៊ាននាំយកសេនាសនៈចេញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យនាំយក (សេនាសនៈ) ទៅទុកថែរក្សាបាន។

[៤២២] សម័យនោះឯង សំពត់កម្ពលមានតម្លៃច្រើន ជាសេនាសនបរិក្ខារ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្ម គឺការចំរើនបាន។

[៤២៣] សម័យនោះឯង សំពត់មានតម្លៃច្រើន ជាបរិក្ខារក្នុងសេនាសនៈ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្មបាន។

[៤២៤] សម័យនោះឯង ស្បែកខ្លាឃ្មុំ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជាទ្រនាប់សម្រាប់ជូតជើងបាន។

[៤២៥] សម័យនោះឯង វត្ថុមានសណ្ឋានដូចជាកង់ (ដែលគេវេញ ដោយសំពត់កម្ពលជាដើម) កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជារង្វេល ម្រាប់ជូតជើងបាន។

[៤២៦] សម័យនោះឯង មានកំណាត់សំពត់ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជាសំពត់ សម្រាប់ជូតជើងបាន។

[៤២៧] សម័យនោះឯង ពួកភិក្ខុមិនទាន់លាងជើង32) ហើយដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឥតលាងជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។

[៤២៨] សម័យនោះឯង ពួកភិក្ខុដើរជាន់សេនាសនៈទាំងជើងទទឹក។ សេនាសនៈក៏សើមអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរជាន់សេនាសនៈទាំងជើងទទឹកទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។

[៤២៩] សម័យនោះឯង ពួកភិក្ខុពាក់ស្បែកជើង ដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុពាក់ស្បែកជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។

[៤៣០] សម័យនោះឯង ពួកភិក្ខុស្តោះទឹកមាត់ លើទីដែលគេតាក់តែងឲ្យស្អាត។ (ទីនោះ) ក៏អាប់អន់ពណ៌សម្បុរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្តោះទឹកមាត់ លើទីដែលគេតាក់តែងទេ ភិក្ខុណាស្តោះ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យប្រើ) កន្ថោរទឹកមាត់។

[៤៣១] សម័យនោះឯង ជើងគ្រែខ្លះ ជើងតាំងខ្លះ ក៏កោសដាច់ទីកន្លែង ដែលគេតាក់តែងឲ្យល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំ (ជើងគ្រែ ជើងតាំងនោះ) ដោយកំណាត់សំពត់។

[៤៣២] សម័យនោះឯង ពួកភិក្ខុផ្អែកនឹងជញ្ជាំងដែលគេលាប (ថ្នាំផ្សេងៗ)។ ពណ៌សម្បុរ (ជញ្ជាំង) ក៏អាប់អន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផ្អែកនឹងជញ្ជាំង ដែលគេលាប (ថ្នាំផ្សេងៗ) ទេ ភិក្ខុណាផ្អែក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារសម្រាប់ផ្អែក។ ឯផែនក្តារសម្រាប់ផ្អែក ក៏កោសផ្ទៃទីខាងក្រោមនឹងជញ្ជាំងខាងលើ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំសំពត់ទាំងខាងលើ ទាំងខាងក្រោម។

[៤៣៣] សម័យនោះឯង ភិក្ខុមានជើងលាងស្រេចហើយ តែនៅមានសង្ស័យ (មិនហ៊ាន) ដេក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលរួចសឹមដេក។

(សង្ឃភត្តាទិអនុជាននៈ)

(សង្ឃភត្តាទិអនុជាននំ)

[៤៣៤] គ្រានោះ ព្រះមានព្រះភាគគង់នៅក្នុងដែន អាឡវី គួរតាមព្រះអធ្យាស្រ័យ រួចហើយ ទ្រង់ស្តេចទៅកាន់ចារិក ក្រុងរាជគ្រឹះ ស្តេចទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ក្រុងរាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។

[៤៣៥] សម័យនោះឯង ក្រុងរាជគ្រឹះក៏កើតទុរ្ភិក្ស (អត់បាយ) មនុស្សទាំងឡាយ មិនអាចនឹងធ្វើសង្ឃភត្តបាន ហើយក៏ប្រាថ្នានឹងធ្វើឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសង្ឃភត្ត ឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។

(ភត្តុទ្ទេសកសម្មុតិ)

(ភត្តុទ្ទេសកសម្មុតិ)

[៤៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទទួលយកភត្តប្រសើរ ចំពោះខ្លួនឯង ហើយឲ្យភត្តមិនថ្លៃថ្លា ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាភត្តុទ្ទេសកៈ គឺអ្នកសំដែងភត្ត (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់ភត្តដែលខ្លួនបានសំដែង និងមិនទាន់បានសំដែង១។

[៤៣៧] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[៤៣៨] លំដាប់នោះ ពួកភិក្ខុជាភត្តុទ្ទេសកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគួរសំដែងភត្តដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចារិក ដោយសលាក ឬដំបា (មានបន្ទះឫស្សី និងស្លឹកត្នោតជាដើម) លា ឬបើកហើយ សឹមសំដែងភត្ត។

(សេនាសនបញ្ញាបកាទិសម្មុតិ)

(សេនាសនបញ្ញាបកាទិសម្មុតិ)

[៤៣៩] សម័យនោះឯង មិនទាន់មានភិក្ខុជាសេនាសនប្បញ្ញាបកៈ (អ្នកក្រាលសេនាសនៈ) បម្រុងសង្ឃ។ បេ។ មិនទាន់មានភិក្ខុជាភណ្ឌាគារិកៈ (អ្នករក្សាឃ្លាំង)។ បេ។ មិនទាន់មានភិក្ខុជាចីវរប្បដិគ្គាហកៈ (អ្នកទទួលចីវរទុក)។ បេ។ មិនទាន់មានភិក្ខុជាចីវរភាជកៈ (អ្នកចែកចីវរ)។ បេ។ មិនទាន់មានភិក្ខុជាយាគុភាជកៈ (អ្នកចែកបបរ)។ បេ។ មិនទាន់មានភិក្ខុជាផលភាជកៈ (អ្នកចែកផ្លែឈើ)។ បេ។ មិនទាន់មានភិក្ខុជាខជ្ជកភាជកៈ (អ្នកចែកបង្អែម)នៅឡើយ។ បេ។ បង្អែមដែលមិនបានចែក ក៏ខូចអស់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាខជ្ជកភាជកៈ (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់វត្ថុដែលខ្លួនបានចែក និងមិនទាន់បានចែក១។

[៤៤០] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃគប្បីសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ (អ្នកចែកបង្អែម)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឥឡូវ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ។ ការសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈហើយ ការសន្មតិនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

(អប្បមត្តកវិស្សជ្ជកសម្មុតិ)

(អប្បមត្តកវិស្សជ្ជកសម្មុតិ)

[៤៤១] សម័យនោះឯង បរិក្ខារតិចតួច មានក្រាស់ក្រែលឡើង ក្នុងឃ្លាំងរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (អ្នកចែកចាយនូវបរិក្ខារតិចតួច) (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់បរិក្ខារ ដែលខ្លួនបានចែកចាយហើយ និងមិនទាន់បានចែកចាយហើយ១។

[៤៤២] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (អ្នកចែកចាយបរិក្ខារតិចតួច)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[៤៤៣] ភិក្ខុជាអប្បមត្តកវិស្សជ្ជកៈនោះ (បើមានភិក្ខុមកសូមម្ជុល) ត្រូវឲ្យម្ជុលមួយ (ម្តង)។ ត្រូវឲ្យកាំបិត។ ត្រូវឲ្យស្បែកជើង។ ត្រូវឲ្យវត្ថពន្ធចង្កេះ។ ត្រូវឲ្យយោគបាត្រ។ ត្រូវឲ្យសំពត់តម្រង់ទឹក។ ត្រូវឲ្យធម្មក្រក។ ត្រូវឲ្យសំពត់កុសិ (ខ្ទង់វែង)។ ត្រូវឲ្យសំពត់អឌ្ឍកុសិ (ខ្ទង់ខ្លី)។ ត្រូវឲ្យសំពត់មណ្ឌល (ផ្ទាំងធំ)។ ត្រូវឲ្យសំពត់អឌ្ឍមណ្ឌល (ផ្ទាំងតូច)។ ត្រូវឲ្យសំពត់អនុវាត។ ត្រូវឲ្យសំពត់សម្រាប់ថែម ឬសំពត់សម្រាប់ប៉ះ។ បើមានសប្បិក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅក្តី (ភិក្ខុអ្នកចែកចាយបរិក្ខារនោះ) ត្រូវឲ្យដល់សង្ឃឆាន់ ក្នុងគ្រាម្តងៗ។ បើសង្ឃត្រូវការទៀត ត្រូវឲ្យទៀត។ បើសង្ឃត្រូវការម្តងទៀត ត្រូវឲ្យម្តងទៀត។

(សាដិយគ្គាហាបកាទិសម្មុតិ)

(សាដិយគ្គាហាបកាទិសម្មុតិ)

[៤៤៤] សម័យនោះឯង មិនទាន់មានភិក្ខុជាសាដិយគ្គាហាបកៈ (អ្នកប្រគល់សំពត់ដល់សង្ឃ)។ បេ។ មិនទាន់មានភិក្ខុជាបត្តគ្គាហាបកៈ (អ្នកប្រគល់បាត្រ)។ បេ។ មិនទាន់មានភិក្ខុជាអារាមិកបេសកៈ (អ្នកប្រើញោមវត្ត)។ បេ។ មិនទាន់មានសាមណេរបេសកៈ (អ្នកប្រើសាមណេរ)។ បេ។ សាមណេរទាំងឡាយ កាលបើភិក្ខុមិនប្រើ ក៏មិនធ្វើការងារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាសាមណេរបេសកៈ (អ្នកប្រើសាមណេរ) (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់សាមណេរ ដែលខ្លួនបានប្រើ និងមិនទាន់បានប្រើ១។

[៤៤៥] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃគប្បីសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ ភាណវារៈ ទី៣ ចប់ សេនាសនក្ខន្ធកៈ ទី៦។ ឧទ្ទាននៃសេនាសនក្ខន្ធកៈនោះ (ដូចតទៅនេះ)

[៤៤៦]

រឿងព្រះសម្មាសម្ពុទ្ធប្រសើរ មិនទាន់បានបញ្ញត្តវិហារក្នុងគ្រានោះ១ រឿងសាវ័កព្រះជិនស្រី ដើរចេញទៅ នៅក្នុងទីនោះៗ១ រឿងសេដ្ឋីគហបតិ បានឃើញព្រះសាវ័កទាំងនោះ ហើយដំណាលរឿងនេះ ប្រាប់ភិក្ខុទាំងឡាយថា ខ្ញុំព្រះករុណា បម្រុងនឹងឲ្យជាងធ្វើវិហារ សូមលោកម្ចាស់ទាំងឡាយ គង់នៅក្នុងវិហាររបស់យើង១ រឿងពួកភិក្ខុក្រាបបង្គំទូល (ដំណើរនុ៎ះ) ចំពោះព្រះសម្មាសម្ពុទ្ធ ជានាយក១។ រឿងទ្រង់អនុញ្ញាតទីជ្រកកោន៥យ៉ាង គឺវិហារ១ អឌ្ឍយោគ១ បា្រសាទ១ ប្រាសាទដំបូលត្រងិល១ គុហា១ រឿងសេដ្ឋីឲ្យជាងធ្វើវិហារ១។ រឿងមហាជនឲ្យជាងធ្វើវិហារ ឥតមានសន្ទះទ្វារ១ រឿងទ្រង់អនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្រណាប់ក្រោម និងត្រណាប់លើជាដើម១។ រឿងទ្រង់អនុញ្ញាតប្រហោងដាក់ខ្សែសម្រាប់ទាញ និងខ្សែសម្រាប់ទាញគន្លឹះ មេទ្វារ ត្រដោកទ្វារ រនុក គន្លឹះ និងសោ៣យ៉ាង គឺ សោធ្វើពីលោហៈ សោធ្វើពីឈើ សោធ្វើពីស្នែង១។ រឿងទ្រង់អនុញ្ញាតសោយន្ត និងគន្លឹះ រឿងទ្រង់អនុញ្ញាតដម្បូល និងឲ្យបូកលាបខាងក្នុង ខាងក្រៅ១ រឿងទ្រង់អនុញ្ញាតបង្អួច៣យ៉ាង គឺបង្អួចមានវេទី បង្អួចមានក្រឡាសំណាញ់ បង្អួចមានសសរចម្រឹង១ រឿងទ្រង់អនុញ្ញាតឲ្យយកវត្ថុសម្រាប់ជូតជើង ដែលគេវេញ មានសណ្ឋានដូចជាកង់ចងបង្អួច១ រឿងទ្រង់អនុញ្ញាតកម្រាលស្មៅ១ រឿងទ្រង់អនុញ្ញាតបន្ទះក្តារ សម្រាប់អង្គុយ ឬដេក១ រឿងទ្រង់អនុញ្ញាតគ្រែផ្តៅ១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេដាប់ជើង ហើយបញ្ចូលមេទៅក្នុងដំណាប់ ដែលគេចោលក្នុងព្រៃស្មសាន១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេបង្ខាំងជើងគ្រែដោយមេគ្រែ១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេធ្វើជើងប្រហែលនឹងជើងសេះ ឬជើងពពែជាដើម១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេបញ្ចុះពន្លួញទៅក្នុងមេ១ រឿងទ្រង់អនុញ្ញាតគ្រែបួនជ្រុង មានជើងខ្ពស់១ រឿងទ្រង់អនុញ្ញាតគ្រែ មានអង្គប្រាំពីរ១ រឿងទ្រង់អនុញ្ញាតតាំងផ្តៅ១ រឿងទ្រង់អនុញ្ញាតគ្រែ និងតាំងមានជើងដូចជើងពពែ១ រឿងទ្រង់អនុញ្ញាតតាំង មានជើងច្រើន ដែលគេប្រកបដោយអាការដូចជាផ្លែកន្ទួតព្រៃ១ រឿងទ្រង់អនុញ្ញាតផែនក្តារ១ រឿងទ្រង់អនុញ្ញាតកៅអីមានទ្រនាប់១ រឿងទ្រង់អនុញ្ញាតតាំងញាត់ចម្បើង១ រឿងទ្រង់ហាមគ្រែខ្ពស់ហួសប្រមាណ១ រឿងពស់ចឹកភិក្ខុ ទើបទ្រង់អនុញ្ញាតទ្រនាប់គ្រែ១ រឿងទ្រង់អនុញ្ញាតទ្រនាប់ជើងគ្រែ មានកំពស់៨ធ្នាប់១ រឿងទ្រង់អនុញ្ញាតអំបោះសម្រាប់រុំគ្រែ១ រឿងទ្រង់អនុញ្ញាតឲ្យចាក់ស្រែះគ្រែ ជាក្រឡាចត្រង្គ១ រឿងទ្រង់អនុញ្ញាតសំពត់សម្រាប់ទ្រាប់គ្រែ១ រឿងទ្រង់អនុញ្ញាតឲ្យកកាយវត្ថុដែលញាត់ដោយសំឡី យកមកធ្វើជាខ្នើយបាន១ រឿងទ្រង់អនុញ្ញាតខ្នើយកន្លះកាយ១ រឿងមហោស្រពលើកំពូលភ្នំ១ រឿងទ្រង់អនុញ្ញាតពូក១ រឿងសំពត់សម្រាប់ប្រើប្រាស់ ក្នុងសេនាសនៈ១ រឿងទ្រង់អនុញ្ញាតគ្រែតាំង ដែលញាត់ភ្ជាប់គ្រឿងញាត់ ក៏លៀនចេញធ្លាក់មកខាងក្រោម១ រឿងពួកចោរបកយកស្រោមពូកទៅ១ រឿងទ្រង់អនុញ្ញាតឲ្យគូស ដោយគំនូសផ្សេងៗ១ រឿងទ្រង់អនុញ្ញាតឲ្យផ្តិតនឹងម្រាមដៃ១ រឿងដំណេកពួកតិរ្ថិយ១ រឿងទ្រង់អនុញ្ញាតឲ្យលាបវិហារ ដោយជ័រមានពណ៌ស ឬខ្មៅ១ រឿងទ្រង់អនុញ្ញាតឲ្យលាយអង្កាម និងដីដែលមដ្ឋ១ រឿងទ្រង់អនុញ្ញាតជ័រឈើ១ រឿងទ្រង់អនុញ្ញាតដីលាយនឹងកុណ្ឌក ហើយកៀសដោយខ្នៀស១ រឿងទ្រង់អនុញ្ញាតម្សៅគ្រាប់ស្ពៃ ឬប្រេងលាយនឹងក្រមួន១ រឿងទ្រង់អនុញ្ញាត ឲ្យយកកំណាត់សំពត់ជូតប្រេង ដែលជោរឡើង១ រឿងផ្ទៃជញ្ជាំងអាក្រក់១ រឿងទ្រង់អនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន១ រឿងទ្រង់អនុញ្ញាតជ័រឈើ និងទឹកចត់១ រឿងទ្រង់បញ្ញត្តមិនឲ្យភិក្ខុគូររូបស្រីប្រុស១ រឿងទីវិហារទាប ទ្រង់អនុញ្ញាតឲ្យធ្វើខឿន (៣យ៉ាង)១ រឿងទ្រង់អនុញ្ញាតជណ្តើរ (៣យ៉ាង)១ រឿងភិក្ខុធ្លាក់ពីលើជណ្តើរ១ រឿងវិហារមានមនុស្សកុះករច្រើន ភិក្ខុមានខ្មាស មិនហ៊ានដេក ទើបទ្រង់អនុញ្ញាតឲ្យធ្វើជញ្ជាំងតឿ១ រឿងទ្រង់អនុញ្ញាតបន្ទប់៣យ៉ាងទៀត១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើបន្ទប់ក្នុងវិហារតូច១ រឿងជើងជញ្ជាំងវិហារពុកផុយ១ រឿងភ្លៀងសាចមកត្រូវជញ្ជាំង១ រឿងភិក្ខុស្រែកខ្លាំង (ព្រោះខ្លាចពស់)១ រឿងទ្រង់អនុញ្ញាតចម្រឹងជញ្ជាំង និងដៃកែវ១ រឿងទ្រង់អនុញ្ញាតស្នួរចីវរ និងខ្សែស្បៀង១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើរបៀងវិហារ១ រឿងទ្រង់អនុញ្ញាតសំពត់រនាំងព្រួល សម្រាប់រូតចុះរូតឡើងបាន១ រឿងទ្រង់អនុញ្ញាតបង្កាន់ដៃ១ រឿងកំទេចស្មៅ (ជ្រុះក្នុងឧបដ្ឋានសាលា)១ រឿងទ្រង់អនុញ្ញាតឲ្យពូនដីក្នុងទីទាប១ រឿងភិក្ខុដាក់ទឹកឆាន់ក្នុងទីវាល (ទឹកក៏ក្តៅ ឆាន់មិនកើត) ទើបទ្រង់អនុញ្ញាតឲ្យធ្វើរោងដាក់ទឹក១ រឿងភាជន៍សម្រាប់ដាក់ទឹកមិនទាន់មាន១ រឿងវិហារមិនទាន់មានគ្រឿងបិទបាំង១ រឿងទ្រង់អនុញ្ញាតបន្ទប់១ រឿងទ្រង់អនុញ្ញាតបរិវេណ១ រឿងទ្រង់អនុញ្ញាតរោងភ្លើង១ រឿងទ្រង់អនុញ្ញាតឲ្យពូនដី ត្រង់ទីទាបក្នុងអារាម១ រឿងទ្រង់អនុញ្ញាតក្លោងទ្វារជាដើម១ (រឿងតទៅ) បណ្ឌិតគប្បីធ្វើន័យដូចពោលរួចហើយខាងក្រោយ រឿងអនាថបិណ្ឌិកសេដ្ឋី មានសទ្ធាយល់ធម៌ច្បាស់លាស់ (ថ្ងៃមួយ) បានដើរទៅកាន់ព្រៃជាំ (ព្រៃត្រជាក់) ហើយនិមន្តព្រះសម្មាសម្ពុទ្ធជានាយក ព្រមទាំងភិក្ខុសង្ឃ (ដើម្បីឆាន់ក្នុងថ្ងៃស្អែក) បានបង្គាប់ទាសកម្មករ ឲ្យចាត់ចែងភត្តក្នុងពាក់កណ្តាលផ្លូវ (លុះខាងក្រោយមក) បានឲ្យពួកជាងសាងវត្ត (បម្រុងព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន)១ រឿង (មនុស្សទាំងឡាយធ្វើ) នវកម្ម ក្នុងនគរវេសាលី១ រឿង (កូនសិស្សឆព្វគ្គិយភិក្ខុ) ដើរជែងទៅមុនភិក្ខុសង្ឃ ហើយហួងហែងសេនាសនៈ១ រឿង (ព្រះអង្គត្រាស់សួរថា) នរណាគួរទទួលភត្តដ៏ប្រសើរជាដើម១ រឿង (ស្វា និងដំរី) និយាយនឹងសត្វទទា១ រឿង (អវន្ទិយបុគ្គល)១ រឿង (ពួកសិស្សឆព្វគ្គិយភិក្ខុ) ហួងហែងសេនាសនៈរបស់សង្ឃ១ រឿង (មនុស្សទាំងឡាយតាក់តែង) គ្រែតាំង ដែលញាត់ដោយសំឡី ហើយទុកនៅក្នុងចន្លោះផ្ទះ១ រឿងព្រះមានព្រះភាគ ស្តេចយាងសំដៅទៅក្រុងសាវត្ថី១ រឿងអនាថបិណ្ឌិកគហបតិវេរអារាម (ចំពោះព្រះសង្ឃ ដែលមកអំពីទិសទាំងបួន)១ រឿងកើតកោលាហលក្នុងរោងភត្ត១ រឿង (ឆព្វគ្គិយភិក្ខុ) បណ្តេញភិក្ខុឈឺ១ រឿង (ឆព្វគ្គិយភិក្ខុ) ដេកជាប់នឹងដំណេកដ៏ប្រសើរ១ រឿងទ្រង់បញ្ញត្តមិនឲ្យហាមឃាត់សេនាសនៈ ដោយអាងលេស១ រឿងសត្តរសវគ្គិយភិក្ខុ (ជួសជុលវិហារ) ក្នុងទីនោះៗ១ រឿងភិក្ខុគិតគ្នាថា ភិក្ខុណាហ្ន៎ គួរប្រគល់សេនាសនៈ១ រឿងសេនាសនគ្គាហាបកៈភិក្ខុ គិតគ្នាថា យើងគួរប្រគល់សេនាសនៈដូចម្តេចហ្ន៎១ រឿងភិក្ខុប្រគល់សេនាសនៈ តាមកំណត់វិហារ១ រឿងទ្រង់អនុញ្ញាតឲ្យឲ្យបរិវេណ តាមចំណែកជាលំដាប់ បើមានភិក្ខុឯទៀតមកដល់ (បើលោក) មិនត្រូវការ ក៏មិនត្រូវឲ្យចំណែក១ រឿងទ្រង់បញ្ញត្តមិនឲ្យភិក្ខុប្រគល់សេនាសនៈ ដល់ភិក្ខុឋិតនៅក្នុងទីឥតសីមា១ រឿង (ទ្រង់បញ្ញត្ត មិនឲ្យភិក្ខុហាមឃាត់) សេនាសនៈ អស់កាលទាំងពួង១ រឿងភិក្ខុអ្នកប្រគល់សេនាសនៈ៣ពួក១ រឿងឧបនន្ទភិក្ខុ (ហួងហែងសេនាសនៈច្រើនកន្លែង)១ រឿងព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងគុណនៃវិន័យ១ រឿងព្រះថេរៈឈររៀនវិន័យ ទើបទ្រង់អនុញ្ញាតឲ្យអង្គុយលើអាសនៈស្មើគ្នា១ រឿងភិក្ខុមានអាសនៈស្មើគ្នា អង្គុយលើគ្រែជាមួយគ្នា ទាល់តែបាក់ ទើបទ្រង់អនុញ្ញាតឲ្យភិក្ខុ៣រូបខ្លះ ២រូបខ្លះ អង្គុយលើសេនាសនៈ ជាមួយគ្នាបាន១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុមានអាសនៈមិនស្មើគ្នា អង្គុយលើអាសនៈវែងជាមួយគ្នាបាន១ រឿងទ្រង់អនុញ្ញាតឲ្យប្រើប្រាស់ប្រាសាទមានរបៀង១ រឿងព្រះអយ្យិកា (នៃព្រះបាទបសេនទិកោសលសុគត)១ (រឿងអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូចមួយ) ក្នុងទីមិនឆ្ងាយ (ពីក្រុងសាវត្ថី)១ រឿងភិក្ខុចែកសេនាសនៈរបស់សង្ឃ១ រឿងព្រះមានព្រះភាគ ស្តេចយាងទៅកាន់កិដាគិរិជនបទ១ រឿងព្រះមានព្រះភាគ ស្តេចយាងទៅកាន់ដែនអាឡវី១ រឿងភិក្ខុឲ្យនវកម្ម ដោយគ្រាន់តែទុកដាក់ដុំដី ឬបាយអលាបជញ្ជាំង ដំកល់សន្ទះទ្វារ សសរមេទ្វារ ធ្វើបង្អួច ធ្វើឲ្យមានពណ៌ស ឲ្យមានពណ៌ខ្មៅ ធ្វើឲ្យជិតស្និទ្ធ ដោយបិទជ័ររង្គ ដោយបិទបាំង ដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្រប ជួសជុលត្រង់កន្លែងដែលដាច់ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ៣០ឆ្នាំខ្លះ ឲ្យនវកម្មចំពោះវិហារ ដែលខ្លួនអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ១ រឿងទ្រង់អនុញ្ញាតឲ្យឲ្យនវកម្ម ចំពោះវិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ បើវិហារតូច ទ្រង់អនុញ្ញាតឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្មត្រឹម៦ឆ្នាំ ឬ៥ឆ្នាំបាន បើអឌ្ឍយោគ ទ្រង់អនុញ្ញាតឲ្យឲ្យនវកម្មត្រឹម៧ឆ្នាំ ឬ៨ឆ្នាំបាន បើវិហារធំ ទ្រង់អនុញ្ញាតឲ្យឲ្យនវកម្ម ត្រឹម១០ឆ្នាំ ឬ១២ឆ្នាំបាន១ រឿងភិក្ខុឲ្យនវកម្ម ចំពោះវិហារទាំងអស់១ រឿងភិក្ខុឲ្យនវកម្ម ពីរកន្លែង ដល់ភិក្ខុមួយរូប១ រឿងភិក្ខុទទួលនវកម្ម ក្នុងវិហាររបស់សង្ឃ ហើយប្រើឲ្យភិក្ខុឯទៀតនៅ១ រឿងភិក្ខុហាមឃាត់សេនាសនៈរបស់សង្ឃ១ រឿងទ្រង់បញ្ញត្តមិនឲ្យឲ្យនវកម្មដល់ភិក្ខុ ដែលនៅក្នុងទីឥតសីមា១ រឿងទ្រង់បញ្ញត្តមិនឲ្យហាមឃាត់ (សេនាសនៈ) អស់កាលទាំងពួង១ រឿងភិក្ខុទទួលយកនវកម្ម ហើយចៀសចេញទៅខ្លះ សឹកខ្លះ ស្លាប់ខ្លះ ប្តេជ្ញាជាសាមណេរខ្លះ ជាអ្នកលាសិក្ខាខ្លះ ជាអ្នកត្រូវអន្តិមវត្ថុខ្លះ ជាមនុស្សឆ្កួតខ្លះ ជាអ្នកមានចិត្តរាយមាយខ្លះ ជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ខ្លះ ជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ព្រោះមិនសំដែងអាបត្តិខ្លះ ព្រោះមិនលះបង់ទិដ្ឋិខ្លះ ជាមនុស្សខ្ទើយខ្លះ ជាមនុស្សលួចសំវាសខ្លះ ជាមនុស្សចូលលទ្ធិតិរ្ថិយខ្លះ ជាតិរច្ឆានខ្លះ ជាមនុស្សសម្លាប់មាតាខ្លះ ជាមនុស្សសម្លាប់បិតាខ្លះ ជាមនុស្សសម្លាប់ព្រះអរហន្តខ្លះ ជាមនុស្សទ្រូស្តភិក្ខុនីខ្លះ ជាមនុស្សបំបែកសង្ឃខ្លះ ជាមនុស្សធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ជាមនុស្សមានភេទពីរខ្លះ១ រឿងភិក្ខុឲ្យនវកម្ម ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាស១ រឿងភិក្ខុធ្វើនវកម្មមិនទាន់ហើយ ៗប្រគល់ឲ្យដល់ភិក្ខុដទៃ១ រឿងភិក្ខុនោះធ្វើនវកម្មហើយ ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាជាសាមណេរខ្លះ ជាអ្នកលាសិក្ខាខ្លះ ជាអ្នកត្រូវអន្តិមវត្ថុខ្លះ សង្ឃត្រូវជាម្ចាស់ (នវកម្មនោះ)១ ភិក្ខុធ្វើនវកម្មរួចស្រេចហើយ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ជាមនុស្សមានចិត្តរាយមាយខ្លះ ជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ខ្លះ ថាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ព្រោះមិនសំដែងអាបត្តិខ្លះ ព្រោះមិនលះបង់ទិដ្ឋិខ្លះ នវកម្មនោះ ជារបស់ភិក្ខុនោះឯង១ ភិក្ខុធ្វើនវកម្មរួចស្រេចហើយ ថាបើភិក្ខុនោះប្តេជ្ញាខ្លួនជាមនុស្សខ្ទើយខ្លះ ជាអ្នកលួចសំវាសខ្លះ ជាមនុស្សចូលកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ជាអ្នកសម្លាប់មាតាខ្លះ ជាអ្នកសម្លាប់បិតាខ្លះ ជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ជាអ្នកប្រទុស្តភិក្ខុនីខ្លះ ជាអ្នកបំបែកសង្ឃខ្លះ ជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ជាអ្នកមានភេទពីរខ្លះ សង្ឃត្រូវជាម្ចាស់ (នវកម្មនោះ)១ រឿងភិក្ខុនាំយកសេនាសនៈ (របស់គ្រហស្ថ ដែលគេឧទ្ទិស ជាគ្រឿងសម្រាប់ប្រើប្រាស់ក្នុងវិហារ) ទៅប្រើប្រាស់ក្នុងទីដទៃ១ រឿងភិក្ខុមានសេចក្តីសង្ស័យ១ រឿងវិហារទ្រុឌទ្រោម១ រឿងសំពត់កម្ពលកើតឡើងដល់សង្ឃ១ រឿងសំពត់មានថ្លៃច្រើន កើតឡើងដល់សង្ឃ១ រឿងស្បែកខ្លាឃ្មុំកើតឡើងដល់សង្ឃ១ រឿងខ្សែដែលគេវេញ ឲ្យមានសណ្ឋានដូចជាកង់ កើតឡើងដល់សង្ឃ១ រឿងកំណាត់សំពត់កើតឡើងដល់សង្ឃ១ រឿងភិក្ខុមិនលាងជើង ដើរជាន់ (សេនាសនៈ)១ រឿងភិក្ខុជើងទទឹក ដើរជាន់សេនាសនៈ១ រឿងភិក្ខុពាក់ស្បែកជើង (ដើរជាន់សេនាសនៈ)១ រឿងភិក្ខុស្តោះទឹកមាត់ដាក់ (លើទីវិចិត្រល្អ)១ រឿងជើងគ្រែកោសដាច់ទីផ្ទៃ១ រឿងភិក្ខុផ្អែក (នឹងជញ្ជាំង)១ រឿងទ្រង់អនុញ្ញាតផែនក្តារសម្រាប់ផ្អែក១ រឿងផែនក្តារសម្រាប់ផ្អែក កោសដាច់ទីផ្ទៃ១ រឿងភិក្ខុមានជើងលាងរួចហើយ (តែមិនហ៊ានដេក) ទ្រង់អនុញ្ញាតឲ្យក្រាលកម្រាលសិន (សឹមដេក)១ រឿងក្រុងរាជគ្រឹះ (កើតទុរ្ភិក្ស) មនុស្សទាំងឡាយ (ចង់ធ្វើសង្ឃភត្ត) តែមិនអាចនឹងធ្វើបាន១ រឿងឆព្វគ្គិយភិក្ខុទទួលភត្តថ្លៃថ្លា បម្រុងខ្លួនឯង ហើយឲ្យភត្តមិនថ្លៃថ្លា ដល់ភិក្ខុដទៃ១ រឿងទ្រង់អនុញ្ញាតឲ្យសន្មតភត្តុទ្ទេសកភិក្ខុ១ រឿងភត្តុទ្ទេសកភិក្ខុ មានសេចក្តីសង្ស័យថា ធ្វើដូចម្តេចហ្ន៎១ រឿងមិនទាន់មានភិក្ខុអ្នកចាត់ចែងសេនាសនៈបម្រុងសង្ឃ១ រឿងសន្មតភិក្ខុឲ្យជាអ្នករក្សាឃ្លាំង១ រឿងសន្មតភិក្ខុឲ្យជាអ្នកទទួល (ចីវរ)ទុក១ រឿងទ្រង់អនុញ្ញាតឲ្យជាអ្នកចែកបបរ១ ឲ្យជាអ្នកចែកផ្លែឈើ១ ឲ្យជាអ្នកចែកបង្អែម១ ឲ្យជាអ្នកចាត់ចែងបរិក្ខារតិចតួច១ ឲ្យជាអ្នកប្រគល់សំពត់១ ឲ្យជាអ្នកប្រគល់បាត្រ១ រឿងសន្មតភិក្ខុឲ្យជាអ្នកប្រើញោមវត្ត និងសាមណេរ១ រឿងព្រះសម្មាសម្ពុទ្ធ ជាវិនាយក ព្រះអង្គមានព្រះហឫទ័យប្រាថ្នានូវប្រយោជន៍ (ដល់សត្វ) ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គ្របសង្កត់ជនទាំងពួង (ទ្រង់អនុញ្ញាតសេនាសនៈដូចបានថ្លែងមកនេះ) ដើម្បីជ្រកកោនផង ដើម្បីនៅជាសុខសប្បាយផង ដើម្បីដុតបង់33) (នូវអកុសលធម៌)ផង ដើម្បីពិចារណា នូវសង្ខារ34) ផង។

ចប់ ភាគ១០

 

លេខយោង

1)
សំដៅយកទីនៅរបស់សង្ឃ។
2)
លំនៅដែលក្រៅពីសេនាសនៈ មានអឌ្ឍយោគជាដើម។
3)
ផ្ទះមានសណ្ឋានដូចស្លាបគ្រុឌ ឬផ្ទះដែលមានដំបូលតែម្ខាង គឺបង្ហារ។
4)
ប្រាសាទវែង
5)
ផ្ទះ ឬប្រាសាទមានកំពូល
6)
គុហាដែលធ្វើដោយឥដ្ឋ ដោយថ្ម ដោយឈើ ដោយអាចម៍ដី ឬដែលកើតឯង ក្នុងភ្នំ (អដ្ឋកថា)។
7)
ពាក្យថា ពហុស្សូត សំដៅយកពហុស្សូតពីរយ៉ាង គឺ បរិយត្តិពហុស្សូត និងបដិវេធពហុស្សូត (អដ្ឋកថា)។
8)
ជាពាក្យហៅរបស់សម្រាប់រង សម្រាប់កល់ របស់សម្រាប់អង្គុយ ជើងម៉ាសម្រាប់អង្គុយ និងក្របរងស្បូវ ដូចទីបំផុតរងស្បូវជាន់លើ និងរងស្បូវជាន់ក្រោម ឬក្បាច់ខ្សែចេតិយ ដែលធ្វើជាត្របកឈូកផ្ងា និងត្របកឈូកផ្កាប់ គឺត្រង់កចេតិយ និងតួចេតិយ បង្កាន់ដៃស្តានទាំងនេះ ហៅថា វេទី។
9)
១.២.គ្រែដែលមានជើងដូចជើងសេះ ជើងពពែ ជើងក្តាមជាដើម ឯតាំង ក៏មានជើងដូចជើងគ្រែដែរ។
10)
11)
អដ្ឋកថា ថា តាំង៤ជ្រុង សូម្បីមានជើងខ្ពស់ហួសប្រមាណក៏គួរ បើតាំងដែលវែង លុះតែធ្វើឲ្យមានជើងកំពស់ត្រឹម៨ធ្នាប់ ទើបគួរ។
12)
គ្រែដែលមានបង្អែក១ ភ្នាក់ដៃ២ និងជើង៤ ទុកជាកន្លងហួសប្រមាណ ក៏គួរ
13)
អដ្ឋកថា ពន្យល់ថា ធ្វើអំពីផ្តៅសុទ្ធ គឺទាំងតួ ទាំងជើង ទាំងបង្អែក សុទ្ធតែផ្តៅទាំងអស់ ឥតមានអ្វីលាយសោះឡើយ។
14)
អដ្ឋកថា ពន្យល់ថា ត្រូវឲ្យភិក្ខុយកទឹកជ្រលក់ ឬរមៀតមកប្រស់ព្រំ។
15)
អដ្ឋកថា ថា ទឹកចត់សំដៅយកទឹកផ្លែសម៉ ឬផ្លែកន្ទួតព្រៃ។
16)
អដ្ឋកថា ថា ឲ្យយកដីស្អិតលាយជាមួយនឹងអាចម៍គោ និងផេះ ហើយលាបប្រដឹសនោះ។
17)
សាលាសម្រាប់សម្រេចសាធារណកិច្ចគ្រប់យ៉ាង។
18)
អដ្ឋកថា ពន្យល់ថា ទ្វារញាត់បន្លា ដែលគេបញ្ចូលឈើសម្រួច ក្នុងមេឈើវែង ហើយចងរឹតបន្លាឲ្យណែន ហើយទើបធ្វើ។
19)
អមនុស្ស គឺខ្មោច ឬទេវតា
20)
បើមានឧបាសក មានសទ្ធាធ្វើការងារថ្មី គឺសាងវិហារ កុដិជាដើម ប្រគេនសង្ឃ សង្ឃត្រូវចាត់ភិក្ខុដែលប៉ិនប្រសប់ណាមួយ ឲ្យជាអ្នកជួយរ៉ាប់រង ត្រួតត្រាការងារនោះ ដូចកាលនាងវិសាខាសាងបុព្វារាម ព្រះសម្មាសម្ពុទ្ធ ទ្រង់ចាត់ព្រះមោគ្គល្លាន ឲ្យជាអ្នកជួយត្រួតត្រាដូច្នោះ។
21)
អដ្ឋកថា ថា សំដៅយកអាសនៈសម្រាប់ព្រះថេរៈ។
22)
សំដៅយកទឹកទក្ខិណាទកៈ។
23)
សំដៅយកដុំបាយសម្រាប់សង្ឃត្ថេរ។
24)
ដោយកលមាយា អាងហេតុ ឬដោយពុតមាយា ដូចអាងដល់ជម្ងឺឈឺក្បាលជាដើម។
25)
(អដ្ឋកថា) ទទួលយកសេនាសនៈក្នុងថ្ងៃជិតចូលវស្សា។
26)
អស់វស្សានរដូវ៤ខែ
27)
អដ្ឋកថា ថា សំដៅយកភិក្ខុដែលចាស់ជាងគ្នាពីរវស្សា ឬក្មេងជាងគ្នាពីរវស្សា
28)
អដ្ឋកថា ថា បើគ្រែ ឬតាំងចំណុះភិក្ខុ៣រូប ទ្រង់អនុញ្ញាតឲ្យអង្គុយតែពីររូប
29)
ប្រែថា ប្រាសាទ តាំងនៅលើពោងដំរី
30)
អដ្ឋកថា ថា សួនផ្កា សួនផ្លែ
31)
មិនចំពោះតែជ័ររង្គប៉ុណ្ណោះទេ សូម្បីជ័រឈើដទៃ ដូចយ៉ាងជ័រចុងជ័រទឹក ក៏រាប់បញ្ចូលក្នុងជ័រសម្រាប់ផ្ជិតដែរ។
32)
បញ្ញត្តិនេះ ចំពោះយកជើងមិនស្អាតជាប្រមាណ សូម្បីជើងដែលបានលាងហើយ តែនៅមិនទាន់ស្អាត ក៏មិនគួរជាន់សេនាសនៈឡើយ។
33)
ចំរើនសមថកម្មដ្ឋាន៤០ប្រភេទ
34)
ចំរើនវិបស្សនា១០យ៉ាង
km/tipitaka/vin/cv/vin.cv.06.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann