(?)
vin cv 06 01 បាលី cs-km: vin.cv.06.01 អដ្ឋកថា: vin.cv.06.01_att PTS: ?
(បឋមភាណវារៈ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. បឋមភាណវារោ)
(វិហារានុជាននំ)
[៣០៨] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មិនទាន់បានបញ្ញត្តសេនាសនៈ ដល់ពួកភិក្ខុនៅឡើយ។ ភិក្ខុទាំងនោះ ក៏នៅក្នុងទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង។ លុះព្រលឹមឡើង ភិក្ខុទាំងនោះ ដើរចេញអំពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង សឹងមានចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។
[៣០៩] គ្រានោះឯង រាជគហសេដ្ឋី បានទៅឱទ្យានអំពីព្រលឹម។ រាជគហសេដ្ឋី ក៏បានឃើញភិក្ខុទាំងនោះ កំពុងនិមន្តចេញពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើងអំពីព្រលឹមដែរ សឹងមានចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។ លុះរាជគហសេដ្ឋីនោះឃើញហើយ ក៏មានចិត្តជ្រះថ្លា។ លំដាប់នោះ រាជគហសេដ្ឋី ក៏ដើរចូលទៅរកពួកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុទាំងនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ប្រសិនបើខ្ញុំព្រះករុណាឲ្យគេធ្វើវិហារ1) (ប្រគេន) តើលោកម្ចាស់ទាំងឡាយ នឹងនៅក្នុងវិហាររបស់ខ្ញុំព្រះករុណាឬទេ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលគហបតិ ព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតវិហារទេ។ រាជគហសេដ្ឋីឆ្លើយថា បពិត្រលោកទាំងឡាយដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ ក្រាបបង្គំទូលសួរ ចំពោះព្រះមានព្រះភាគ (អំពីរឿងវិហារនោះ) ហើយមេត្តាប្រាប់ដល់ខ្ញុំព្រះករុណាផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យរាជគហសេដ្ឋី ដោយពាក្យថា យ៉ាងហ្នឹងហើយ គហបតិ រួចក៏ចូលទៅកាន់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន រាជគហសេដ្ឋី មានសេចក្តីប្រាថ្នានឹងឲ្យគេធ្វើវិហារ បពិត្រព្រះអង្គដ៏ចំរើន តើយើងខ្ញុំគប្បីប្រតិបត្តិដូចម្តេច។
[៣១០] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេនាសនៈ៥យ៉ាង គឺវិហារ2) ១ អឌ្ឍយោគ3) ១ ប្រាសាទ4) ១ ហម្មិយៈ5) ១ គុហា6) ១។
[៣១១] គ្រានោះ ពួកភិក្ខុនោះ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងរាជគហសេដ្ឋីថា ម្នាលគហបតិ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ ឥឡូវនេះ អ្នកយល់ថាកាលណាគួរ (ក៏គប្បីធ្វើចុះ)។ គ្រានោះ រាជគហសេដ្ឋី ឲ្យគេសាងវិហារចំនួន៦០ តែមួយថ្ងៃគត់ ក៏ហើយជាស្រេច។ រាជគហសេដ្ឋី ឲ្យគេសាងវិហារ៦០ រួចស្រេចហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីធ្វើភត្តកិច្ច ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាណ។ គ្រានោះ រាជគហសេដ្ឋី ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ គ្រាកាលកន្លងរាត្រីនោះទៅ រាជគហសេដ្ឋី ក៏ឲ្យតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ហើយឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលាគួរហើយ ភត្តសម្រេចហើយ។
[៣១២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយទ្រង់យាងទៅកាន់លំនៅនៃរាជគហសេដ្ឋី លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាល (បម្រុងទុក) មួយអន្លើ ដោយភិក្ខុសង្ឃ។ ឯរាជគហសេដ្ឋី បានអង្គាសខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ថ្វាយចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ (សេដ្ឋីនោះ) ក៏អង្គុយក្នុងទីសមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយបុណ្យ និងឋានសួគ៌ បានសាងវិហារទាំង៦០នុ៎ះស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងប្រតិបត្តិក្នុងវិហារទាំងនោះដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរប្រតិស្ឋានវិហារទាំង៦០នោះ សម្រាប់សង្ឃ ដែលមកហើយ និងមិនទាន់មក អំពីទិសទាំង៤ចុះ។ រាជគហសេដ្ឋី ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ប្រតិស្ឋានវិហារទាំង៦០នោះ ដើម្បីសង្ឃ ដែលមកហើយ ទាំងមិនទាន់មក អំពីទិសទាំង៤។ ទើបព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំងឡាយនេះថា
[៣១៣] (វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពាររងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច និងពស់ធំទាំងឡាយផង មូសទាំងឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃដ៏ក្លាខ្លំាង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ ដើម្បីជាទីជ្រកកោនផង ដើម្បីនៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធទាំងឡាយ តែងសរសើរ ថាជាទានដ៏ប្រសើរ។ ព្រោះហេតុនោះឯង បុរស (ស្ត្រី) ជាបណ្ឌិត កាលបើបានឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួន ក៏គួរកសាងព្រះវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគួរនិមន្តលោក ដែលជាពហុស្សូត7) គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គួរមានចិត្តជ្រះថ្លាចំពោះលោកទាំងឡាយ ដែលមានចិត្តត្រង់ ហើយប្រគេនបាយ ទឹក សំពត់ និងសេនាសនៈទាំងឡាយ ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់ ឲ្យឃ្លាតចាកទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។ កាលដែលព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំងឡាយនេះហើយ ទើបទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។
[៣១៤] មនុស្សទាំងឡាយបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ។ មនុស្សទាំងនោះ ក៏យកចិត្តទុកដាក់ នាំគ្នាកសាងវិហារ។ វិហារទាំងនោះ មិនទាន់មានសន្ទះទ្វារនៅឡើយ។ ពស់ និងខ្ទួយខ្លះ ក្អែបខ្លះ ក៏តែងចូលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានសន្ទះទ្វារ។ ពួកភិក្ខុធ្វើប្រហោងជញ្ជាំង ហើយចងសន្ទះទ្វារដោយវល្លិខ្លះ ដោយខ្សែខ្លះ។ កណ្តុរខ្លះ កណ្តៀរខ្លះ ក៏ចេះតែកោរកាត់។ ចំណងដែលសត្វកាត់ហើយ សន្ទះទ្វារ ក៏ធ្លាក់ចុះមក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ក្របទ្វារ ដំណាប់ក្រោម និងដំណាប់លើ។ សន្ទះទ្វារទាំងឡាយ មិនជិតស្និទ្ធល្អ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោងសម្រាប់ដាក់ខ្សែទាញ និងខ្សែសម្រាប់ទាញ។ ភិក្ខុបិទសន្ទះទ្វារ មិនកើត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) មេទ្វារ ត្រដោកទ្វារ រនុកទ្វារ និងគន្លឹះទ្វារខាងលើ។
[៣១៥] សម័យនោះ ពួកភិក្ខុបិទសន្ទះទ្វារមិនកើត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោងសោ និងសោ៣យ៉ាង គឺ សោធ្វើដោយលោហជាតិ១ សោធ្វើដោយឈើ១ សោធ្វើដោយស្នែង១។ ភិក្ខុទាំងឡាយណាបើកទ្វារចូលទៅ។ (ភិក្ខុទាំងនោះ) មិនបានបិទវិហារទៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) គ្រឿងយន្ត និងគន្លឹះ។
[៣១៦] សម័យនោះឯង វិហារប្រក់ស្មៅ រដូវរងាក៏រងាណាស់ រដូវក្តៅ ក៏ក្តៅណាស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអប ឬឲ្យគាបដម្បូល ហើយបូកលាបខាងក្នុង និងខាងក្រៅ។
[៣១៧] សម័យនោះឯង វិហារមិនទាន់មានបង្អួចនៅឡើយ ទៅជាងងឹត មើលអ្វីមិនឃើញ ទាំងធំក្លិនស្អុយ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត បង្អួច៣យ៉ាង គឺបង្អួចមានវេទី8) (ដូចវេទីចេតិយ)១ បង្អួចដែលគេចង ឲ្យមានសណ្ឋានដូចក្រឡាសំណាញ់១ បង្អួចមានឈើចំរឹង១។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ចូលទៅតាមចន្លោះបង្អួចបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងបង្អួច។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ក៏ចូលទៅតាមចន្លោះរនាំង (នោះទៀត)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះបង្អួច ឬរនាំងពូកបង្អួច។
[៣១៨] សម័យនោះឯង ពួកភិក្ខុដេកផ្ទាល់នឹងផែនដី។ ខ្លួន និងចីវររបស់ភិក្ខុប្រឡាក់ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលធ្វើដោយស្មៅ។ សត្វកណ្តុរ និងកណ្តៀរ តែងកាត់កម្រាលស្មៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទះក្តារសម្រាប់ដេក។ ពួកភិក្ខុឈឺខ្លួន ព្រោះដេកលើបន្ទះក្តារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែផ្តៅ។
(មញ្ចបីឋាទិអនុជាននំ)
[៣១៩] សម័យនោះឯង គ្រែដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។ (តមកទៀត) មានតាំងដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង កើតឡើង(ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។
[៣២០] សម័យនោះឯង គ្រែដែលគេបង្ខាំជើង ដោយមេគ្រែ ចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលគេបង្ខាំជើងដោយមេគ្រែ។ (តមកទៀត) តាំងដែលគេបង្ខាំជើង ដោយមេតាំង កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលគេបង្ខាំជើងជាប់នឹងមេតាំង។
[៣២១] សម័យនោះឯង គ្រែមានជើងដូចជើងក្តាម9) ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត គ្រែមានជើងដូចជើងក្តាម។ (តមកទៀត) តាំងមានជើងដូចជើងក្តាម10) កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត តាំងមានជើងដូចជើងក្តាម។
[៣២២] សម័យនោះឯង គ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។ (តមកទៀត) តាំងមានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង មានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។
[៣២៣] សម័យនោះឯង តាំង៤ជ្រុងកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង។ (តមកទៀត) តាំង៤ជ្រុង មានជើងខ្ពស់ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង សូម្បីមានជើងខ្ពស់11)។ (តមកទៀត) គ្រែមានអង្គ៧ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ មានអង្គ៧។12) (តមកទៀត) គ្រែមានអង្គ៧ មានជើងខ្ពស់កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានអង្គ៧ សូម្បីមានជើងខ្ពស់ក៏បាន។ (តមកទៀត) មានតាំងចាក់ផ្តៅ13) កើតឡើង(ដល់សង្ឃ)។ បេ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងចាក់ផ្តៅ។ (តមកទៀត) មានតាំងសំពត់ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងសំពត់។ (តមកទៀត) តាំងមានជើងដូចជើងពពែ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងមានជើងដូចជើងពពែ។ (តមកទៀត) ក៏មានតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ។ (តមកទៀត) ផែនក្តារ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារ។ (តមកទៀត) កៅអី ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកៅអី។ (តមកទៀត) តាំង ដែលធ្វើពីចំបើង ក៏កើតឡើង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលធ្វើពីចំបើង។
[៣២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដេកលើគ្រែខ្ពស់។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិកបានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំដេកលើគ្រែខ្ពស់ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។
[៣២៥] សម័យនោះឯង ភិក្ខុ១រូបដេកលើគ្រែទាប ពស់ក៏ចឹក (ភិក្ខុនោះ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែ។
[៣២៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់គ្រែខ្ពស់។ ភិក្ខុធ្វើគ្រែឲ្យរញ្ជួយទាំងទ្រនាប់គ្រែ។ មនុស្សទាំងឡាយដើរមកកាន់វិហារចារិក បានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់គ្រែខ្ពស់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែយ៉ាងខ្ពស់ត្រឹម៨ធ្នាប់។
[៣២៧] សម័យនោះឯង អម្បោះកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកអម្បោះចងប្រទាក់គ្រែ។ ភិក្ខុចងប្រទាក់រាងគ្រែ (ទាំងនោះ) ក៏អស់អម្បោះប្រើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចោះត្រង់រាងគ្រែ ហើយចងឆ្វាក់ ជាក្រឡាចត្រង្គ។ (តមកទៀត) កំណាត់សំពត់ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់។ (តមកទៀត) គ្រឿងសេនាសនៈ ដែលញាត់ដោយប៉ុយ ក៏កើតឡើង (ដល់សង្ឃ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជជុះចេញ ហើយធ្វើជាខ្នើយបាន ឯប៉ុយមាន៣យ៉ាង គឺប៉ុយដើមឈើ១ ប៉ុយវល្លិ១ ប៉ុយស្មៅ១។
[៣២៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ខ្នើយពាក់កណ្តាលកាយ។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិកឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ខ្នើយពាក់កណ្តាលកាយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើខ្នើយ ឲ្យល្មមប៉ុនក្បាល។
[៣២៩] សម័យនោះឯង មានមហោស្រពលេងលើកំពូលភ្នំ ជិតក្រុងរាជគ្រឹះ។ មនុស្សទាំងឡាយ នាំគ្នាតាក់តែងពូកជាច្រើន គឺពូកញាត់រោមកែះ ញាត់សំពត់ ញាត់សម្បកឈើ ញាត់ស្មៅ ញាត់ស្លឹកឈើ ដើម្បីប្រយោជន៍ដល់ពួកមហាមាត្យ។ លុះមហោស្រពស្ងប់ស្ងាត់ ឈប់លេងហើយ មនុស្សទាំងនោះ ក៏បកតែស្រោមពូក យកទៅ។ ពួកភិក្ខុ ក៏បានឃើញពូកទាំងឡាយ ញាត់រោមកែះខ្លះ ញាត់សំពត់ខ្លះ ញាត់សម្បកឈើខ្លះ ញាត់ស្មៅខ្លះ ញាត់ស្លឹកឈើខ្លះ ជាច្រើន ដែលគេចោលនៅទីមហោស្រព។ លុះឃើញហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតពូក៥យ៉ាង គឺពូកញាត់រោមកែះ១ ពូកញាត់សំពត់១ ពូកញាត់សម្បកឈើ១ ពូកញាត់ស្មៅ១ ពូកញាត់ស្លឹកឈើ១។
[៣៣០] សម័យនោះឯង មានសំពត់ជារបស់គួរប្រើប្រាស់ ក្នុងសេនាសនៈ កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុញាត់ពូកដោយសំពត់។
[៣៣១] សម័យនោះឯង ពួកភិក្ខុយកពូកសម្រាប់គ្រែ ទៅក្រាលលើតាំង យកពូកសម្រាប់តាំង ទៅក្រាលគ្រែវិញ។ ពូកទាំងឡាយ ក៏រហែកអស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែដែលញាត់ភ្ជាប់ និងតាំងដែលញាត់ភ្ជាប់ (ដោយគ្រឿងញាត់)។ ពួកភិក្ខុ មិនបានទ្រាប់ទ្រនាប់ពីក្រោម ហើយក៏ក្រាល។ គ្រឿងញាត់ទាំងនោះ ក៏លៀនចេញទៅខាងក្រៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទ្រាប់ នូវទ្រនាប់ រួចក្រាល ហើយសឹមញាត់ពូក។ ពួកចោរ ក៏បកតែស្រោមពូកយកទៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រស់ព្រំ។14) ពួកចោរក៏នៅតែលួចទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគូសដោយគំនូសផ្សេងៗ។ ពួកចោរក៏នៅតែលួចយកទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្តិតនឹងម្រាមដៃ។
(សេតវណ្ណាទិអនុជាននំ)
[៣៣២] សម័យនោះឯង ទីដេករបស់ពួកតិរ្ថីយ មានពណ៌ស។ ផ្ទៃលាបពណ៌ខ្មៅ។ ជញ្ជាំងលាបដោយរង់។ មនុស្សទាំងឡាយជាច្រើន (ដែលទៅដល់ទីនោះ) មៀងមើលទីដេកហើយ ទើបដើរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបូកលាបវិហារ ឲ្យមានពណ៌ស ពណ៌ខ្មៅ និងលាបដោយរង់។
[៣៣៣] សម័យនោះឯង ពណ៌ស ដិតមិនស្មើ ព្រោះផ្ទៃជញ្ជាំងមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីស្អិតដ៏មដ្ឋ ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ ឬបាយម៉ានក៏បាន។
[៣៣៤] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ជ័ររង់ដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែដិតមិនស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកដីដែលលាយដោយកុណ្ឌក ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកម្សៅគ្រាប់ស្ពៃ ឬប្រេងលាយក្រមួន។ ដំណក់ថ្នាំលាប ក៏ជោរឡើង (ហូរចៀរចេញ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យជូតដោយកំណាត់សំពត់ចេញ។
[៣៣៥] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ពណ៌ខ្មៅដិតមិនសព្វ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ និងទឹកចត់។15)
(បដិភានចិត្តបដិក្ខេបំ)
[៣៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេគូរគំនូរជារូបស្រី និងរូបបុរស ក្នុងវិហារ។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេគូរគំនូរ ជារូបស្រី និងរូបបុរសទេ ភិក្ខុណាឲ្យគេគូរ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគំនូរភ្ញីផ្កា និងគំនូរភ្ញីវល្លិ និងក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។
(ឥដ្ឋកាចយាទិអនុជាននំ)
[៣៣៧] សម័យនោះឯង វិហារមានទីទាប។ ទឹកក៏លិច។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនវិហារក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃ។
[៣៣៨] សម័យនោះឯង វិហារមានមនុស្សកុះករច្រើនពេក។ ពួកភិក្ខុក៏អៀនខ្មាស (មិនអាច) នឹងសិងបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) រនាំង។ ពួកមនុស្ស ក៏នៅតែបើករនាំងមើល។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជញ្ជាំងតឿ។ ពួកមនុស្ស ក៏នៅតែអើតមើលពីខាងលើជញ្ជាំងតឿទៀត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់៣យ៉ាង គឺបន្ទប់មានជ្រុងបួន១ បន្ទប់មានបណ្តោយវែង១ បន្ទប់មានដម្បូលខ្ពស់១។
[៣៣៩] សម័យនោះឯង ពួកភិក្ខុធ្វើបន្ទប់ត្រង់កណ្តាលវិហារតូច។ ទីឧបចារៈមិនមាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់ក្នុងទីសមគួរ ក្នុងវិហារតូច ឲ្យធ្វើបន្ទប់ត្រង់កណ្តាលវិហារធំបាន។
[៣៤០] សម័យនោះឯង ជើងជញ្ជាំងវិហារ ក៏ពុកផុយទៅ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់ជើងជញ្ជាំង។ ភ្លៀងក៏សាចមកត្រូវជញ្ជាំងវិហារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រដឹសសម្រាប់ការពារភ្លៀង ហើយលាបដីស្អិត។16)
[៣៤១] សម័យនោះឯង មានពស់ធ្លាក់ពីដម្បូលស្មៅ មកលើ-ក-ភិក្ខុ១រូប។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់សំឡេង។ ភិក្ខុទាំងឡាយ ក៏ស្ទុះទៅសួរភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកស្រែកភ្លាត់សំឡេងដល់ម្ល៉េះ។ ទើបភិក្ខុនោះ បានប្រាប់សេចក្តីនុ៎ះ ដល់ពួកភិក្ខុ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ពិតានឡើង។
[៣៤២] សម័យនោះឯង ពួកភិក្ខុព្យួរថង់នឹងជើងគ្រែខ្លះ នឹងជើងតាំងខ្លះ។ អស់ទាំងសត្វកណ្តុរ និងកណ្តៀរ កាត់ដាច់ដាចអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ចំរឹងជញ្ជាំង និងដៃកែវ។
[៣៤៣] សម័យនោះឯង ពួកភិក្ខុទុកចីវរលើគ្រែខ្លះ លើតាំងខ្លះ។ ចីវរក៏ធ្លុះធ្លាយអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នួរចីវរ និងខ្សែស្បៀងទុកក្នុងវិហារ។
[៣៤៤] សម័យនោះឯង វិហារនៅមិនទាន់មានរបៀង ឥតមានទីញកជ្រកកោនបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយ៉មុខ ជើងជញ្ជាំង ឬធរណីបាំងសាចជុំវិញ និងហោណាំង។ យ៉មុខ ក៏នៅវាល (ឥតមានវត្ថុអ្វីបិទបាំង)។ ពួកភិក្ខុ អ្នកមានអៀនខ្មាស (មិនអាច) នឹងសិងបាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងព្រួល សម្រាប់រូតចុះឡើង នឹងឡប់ឡែ។
(ឧបដ្ឋានសាលាអនុជាននំ)
[៣៤៥] សម័យនោះឯង ពួកភិក្ខុធ្វើនូវការឆាន់អាហារ ក្នុងទីវាល លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបដ្ឋានសាលា17) ឧបដ្ឋានសាលា ក៏មានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនសាលានោះ ក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាមខឿននោះក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងតាមជណ្តើរនោះ ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងឧបដ្ឋានសាលា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូលហើយលាប ទាំងខាងក្នុង ខាងក្រៅ ហើយបរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ គូរគំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។
[៣៤៦] សម័យនោះឯង ពួកភិក្ខុហាលចីវរលើដីក្នុងទីវាល។ ចីវរក៏ប្រឡាក់អាចម៍ដី។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្នួរចីវរ និងខ្សែស្បៀងក្នុងទីវាល។ បេ។ ទឹកសម្រាប់ឆាន់ក៏ក្តៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងសម្រាប់ដាក់ទឹកឆាន់ និងបារាំងសម្រាប់ដាក់ទឹកឆាន់។ រោងសម្រាប់ដាក់ទឹកឆាន់នោះ ក៏មានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនរោងនោះ ក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាមខឿននោះ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងតាមជណ្តើរនោះ ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងរោងសម្រាប់ដាក់ទឹកឆាន់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយឲ្យលាប ទាំងខាងក្នុង ខាងក្រៅ បរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ គូរគំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ (គ្រានោះ) ភាជន៍សម្រាប់ដាក់ទឹកឆាន់មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស័ង្ខសម្រាប់ដាក់ទឹកឆាន់ និងផ្តឹលទឹក។
(បាការាទិអនុជាននំ អារាមបរិក្ខេបអនុជាននំ)
[៣៤៧] សម័យនោះឯង វិហារមិនមានគ្រឿងបិទបាំង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺ កំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ បន្ទប់ទឹកមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់ទឹក។ បន្ទប់ទឹកមានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ សន្ទះទ្វារបន្ទប់ ក៏មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងបន្ទប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥។
[៣៤៨] សម័យនោះឯង ទីបរិវេណ មានភក់ជ្រាំ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចាក់ក្រាលក្រួសរវាន (នៅទីនោះ)។ ក្រួសរវាន ក៏មិនបានរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលថ្ម។ ទឹកក៏ដក់នៅ (លើថ្មនោះ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រឡាយទឹក។
[៣៤៩] សម័យនោះឯង ភិក្ខុនាំគ្នាធ្វើចង្ក្រានត្រង់ទីនោះៗ ក្នុងបរិវេណ។ ទីបរិវេណ ក៏ខ្ជាំដោយសម្រាម។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងភ្លើង ក្នុងទីដ៏សមគួរ។ រោងភ្លើងមានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿន (រោងភ្លើងនោះ) រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើង (តាមខឿននោះទៅ) ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ (តាមជណ្តើរ) ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ សន្ទះទ្វារនៃរោងភ្លើង នៅមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ដាក់ខ្សែទាញ និងខ្សែទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងរោងភ្លើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស លាបទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ អារាម នៅមិនទាន់មានរបង។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) តែងចូលទៅបៀតបៀនដំណាំ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំងរបង៣យ៉ាង គឺរបងឫស្សី១ របងបន្លា១ និងស្នាមភ្លោះ១។ ខ្លោងទ្វារនៅមិនទាន់មាន។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) នៅតែចូលទៅបៀតបៀនដំណាំបានដដែល។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លោងទ្វារ ទ្វារគាបបន្លា18) សន្ទះទ្វារទាំងគូ របងសសរ និងទ្វារជើងគុល។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងខ្លោងទ្វារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ អារាម ក៏មានភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលក្រួសរវាន។ ក្រួសនោះ ក៏មិនបានរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។
[៣៥០] សម័យនោះឯង ព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបំណងឲ្យគេសាងប្រាសាទ លាបដោយបាយអ ដើម្បីប្រយោជន៍ដល់សង្ឃ។ វេលានោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះថា គ្រឿងសម្រាប់ប្រក់ ព្រះមានព្រះភាគ បានអនុញ្ញាតហើយឬ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងប្រក់៥យ៉ាង គឺប្រក់ដោយឥដ្ឋ១ ប្រក់ដោយថ្ម១ ប្រក់ដោយបាយអ១ ប្រក់ដោយស្មៅ១ ប្រក់ដោយស្លឹកឈើ១។
ចប់ភាណវារៈ ជាបឋម។