រឿងអំពីគហបតីឧបាសក ប្រាថ្នាធ្វើវិហារ (ទីលំនៅ) ថ្វាយភិក្ខុសង្ឃ និងពុទ្ធានុញ្ញាតវិហារ (អ្វីដែលអ្នកសម្គាល់ថាជាវិហារ តាមពិតមានន័យថា រោងឱបោសថ វិហារមានន័យថាទីលំនៅ កុដិ) ទ្វារ បង្អួច កន្ទេល គ្រែ… សម្រាប់ព្រះសង្ឃ។
vin cv 06 01 01 បាលី cs-km: vin.cv.06.01.01 អដ្ឋកថា: vin.cv.06.01.01_att PTS: ?
(វិហារានុជាននៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(វិហារានុជាននំ)
[៣០៨] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មិនទាន់បានបញ្ញត្តសេនាសនៈ ដល់ពួកភិក្ខុនៅឡើយ។ ភិក្ខុទាំងនោះ ក៏នៅក្នុងទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង។ លុះព្រលឹមឡើង ភិក្ខុទាំងនោះ ដើរចេញអំពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង សឹងមានចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។
[៣០៩] គ្រានោះឯង រាជគហសេដ្ឋី បានទៅឱទ្យានអំពីព្រលឹម។ រាជគហសេដ្ឋី ក៏បានឃើញភិក្ខុទាំងនោះ កំពុងនិមន្តចេញពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើងអំពីព្រលឹមដែរ សឹងមានចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។ លុះរាជគហសេដ្ឋីនោះឃើញហើយ ក៏មានចិត្តជ្រះថ្លា។ លំដាប់នោះ រាជគហសេដ្ឋី ក៏ដើរចូលទៅរកពួកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុទាំងនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ប្រសិនបើខ្ញុំព្រះករុណាឲ្យគេធ្វើវិហារ1) (ប្រគេន) តើលោកម្ចាស់ទាំងឡាយ នឹងនៅក្នុងវិហាររបស់ខ្ញុំព្រះករុណាឬទេ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលគហបតិ ព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតវិហារទេ។ រាជគហសេដ្ឋីឆ្លើយថា បពិត្រលោកទាំងឡាយដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ ក្រាបបង្គំទូលសួរ ចំពោះព្រះមានព្រះភាគ (អំពីរឿងវិហារនោះ) ហើយមេត្តាប្រាប់ដល់ខ្ញុំព្រះករុណាផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យរាជគហសេដ្ឋី ដោយពាក្យថា យ៉ាងហ្នឹងហើយ គហបតិ រួចក៏ចូលទៅកាន់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន រាជគហសេដ្ឋី មានសេចក្តីប្រាថ្នានឹងឲ្យគេធ្វើវិហារ បពិត្រព្រះអង្គដ៏ចំរើន តើយើងខ្ញុំគប្បីប្រតិបត្តិដូចម្តេច។
[៣១០] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេនាសនៈ៥យ៉ាង គឺវិហារ2) ១ អឌ្ឍយោគ3) ១ ប្រាសាទ4) ១ ហម្មិយៈ5) ១ គុហា6) ១។
[៣១១] គ្រានោះ ពួកភិក្ខុនោះ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងរាជគហសេដ្ឋីថា ម្នាលគហបតិ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ ឥឡូវនេះ អ្នកយល់ថាកាលណាគួរ (ក៏គប្បីធ្វើចុះ)។ គ្រានោះ រាជគហសេដ្ឋី ឲ្យគេសាងវិហារចំនួន៦០ តែមួយថ្ងៃគត់ ក៏ហើយជាស្រេច។ រាជគហសេដ្ឋី ឲ្យគេសាងវិហារ៦០ រួចស្រេចហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីធ្វើភត្តកិច្ច ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាណ។ គ្រានោះ រាជគហសេដ្ឋី ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ គ្រាកាលកន្លងរាត្រីនោះទៅ រាជគហសេដ្ឋី ក៏ឲ្យតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ហើយឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលាគួរហើយ ភត្តសម្រេចហើយ។
[៣១២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយទ្រង់យាងទៅកាន់លំនៅនៃរាជគហសេដ្ឋី លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាល (បម្រុងទុក) មួយអន្លើ ដោយភិក្ខុសង្ឃ។ ឯរាជគហសេដ្ឋី បានអង្គាសខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ថ្វាយចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ (សេដ្ឋីនោះ) ក៏អង្គុយក្នុងទីសមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយបុណ្យ និងឋានសួគ៌ បានសាងវិហារទាំង៦០នុ៎ះស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងប្រតិបត្តិក្នុងវិហារទាំងនោះដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរប្រតិស្ឋានវិហារទាំង៦០នោះ សម្រាប់សង្ឃ ដែលមកហើយ និងមិនទាន់មក អំពីទិសទាំង៤ចុះ។ រាជគហសេដ្ឋី ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ប្រតិស្ឋានវិហារទាំង៦០នោះ ដើម្បីសង្ឃ ដែលមកហើយ ទាំងមិនទាន់មក អំពីទិសទាំង៤។ ទើបព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំងឡាយនេះថា
[៣១៣] (វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពាររងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច និងពស់ធំទាំងឡាយផង មូសទាំងឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃដ៏ក្លាខ្លំាង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ ដើម្បីជាទីជ្រកកោនផង ដើម្បីនៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធទាំងឡាយ តែងសរសើរ ថាជាទានដ៏ប្រសើរ។ ព្រោះហេតុនោះឯង បុរស (ស្ត្រី) ជាបណ្ឌិត កាលបើបានឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួន ក៏គួរកសាងព្រះវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគួរនិមន្តលោក ដែលជាពហុស្សូត7) គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គួរមានចិត្តជ្រះថ្លាចំពោះលោកទាំងឡាយ ដែលមានចិត្តត្រង់ ហើយប្រគេនបាយ ទឹក សំពត់ និងសេនាសនៈទាំងឡាយ ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់ ឲ្យឃ្លាតចាកទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។ កាលដែលព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំងឡាយនេះហើយ ទើបទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។
[៣១៤] មនុស្សទាំងឡាយបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ។ មនុស្សទាំងនោះ ក៏យកចិត្តទុកដាក់ នាំគ្នាកសាងវិហារ។ វិហារទាំងនោះ មិនទាន់មានសន្ទះទ្វារនៅឡើយ។ ពស់ និងខ្ទួយខ្លះ ក្អែបខ្លះ ក៏តែងចូលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានសន្ទះទ្វារ។ ពួកភិក្ខុធ្វើប្រហោងជញ្ជាំង ហើយចងសន្ទះទ្វារដោយវល្លិខ្លះ ដោយខ្សែខ្លះ។ កណ្តុរខ្លះ កណ្តៀរខ្លះ ក៏ចេះតែកោរកាត់។ ចំណងដែលសត្វកាត់ហើយ សន្ទះទ្វារ ក៏ធ្លាក់ចុះមក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ក្របទ្វារ ដំណាប់ក្រោម និងដំណាប់លើ។ សន្ទះទ្វារទាំងឡាយ មិនជិតស្និទ្ធល្អ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោងសម្រាប់ដាក់ខ្សែទាញ និងខ្សែសម្រាប់ទាញ។ ភិក្ខុបិទសន្ទះទ្វារ មិនកើត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) មេទ្វារ ត្រដោកទ្វារ រនុកទ្វារ និងគន្លឹះទ្វារខាងលើ។
[៣១៥] សម័យនោះ ពួកភិក្ខុបិទសន្ទះទ្វារមិនកើត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោងសោ និងសោ៣យ៉ាង គឺ សោធ្វើដោយលោហជាតិ១ សោធ្វើដោយឈើ១ សោធ្វើដោយស្នែង១។ ភិក្ខុទាំងឡាយណាបើកទ្វារចូលទៅ។ (ភិក្ខុទាំងនោះ) មិនបានបិទវិហារទៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) គ្រឿងយន្ត និងគន្លឹះ។
[៣១៦] សម័យនោះឯង វិហារប្រក់ស្មៅ រដូវរងាក៏រងាណាស់ រដូវក្តៅ ក៏ក្តៅណាស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអប ឬឲ្យគាបដម្បូល ហើយបូកលាបខាងក្នុង និងខាងក្រៅ។
[៣១៧] សម័យនោះឯង វិហារមិនទាន់មានបង្អួចនៅឡើយ ទៅជាងងឹត មើលអ្វីមិនឃើញ ទាំងធំក្លិនស្អុយ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត បង្អួច៣យ៉ាង គឺបង្អួចមានវេទី8) (ដូចវេទីចេតិយ)១ បង្អួចដែលគេចង ឲ្យមានសណ្ឋានដូចក្រឡាសំណាញ់១ បង្អួចមានឈើចំរឹង១។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ចូលទៅតាមចន្លោះបង្អួចបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងបង្អួច។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ក៏ចូលទៅតាមចន្លោះរនាំង (នោះទៀត)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះបង្អួច ឬរនាំងពូកបង្អួច។
[៣១៨] សម័យនោះឯង ពួកភិក្ខុដេកផ្ទាល់នឹងផែនដី។ ខ្លួន និងចីវររបស់ភិក្ខុប្រឡាក់ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលធ្វើដោយស្មៅ។ សត្វកណ្តុរ និងកណ្តៀរ តែងកាត់កម្រាលស្មៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទះក្តារសម្រាប់ដេក។ ពួកភិក្ខុឈឺខ្លួន ព្រោះដេកលើបន្ទះក្តារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែផ្តៅ។