ព្រះពុទ្ធអនុញ្ញាតគ្រែ តាំង ខ្នើយ ពូក ផង ដែរ កអី នូវប្រភេទផ្សេងៗគ្នា និងកំណត់ទំហំ និងម៉ូត សម្រាប់ប្រើប្រាស់សមគួរ។
vin cv 06 01 02 បាលី cs-km: vin.cv.06.01.02 អដ្ឋកថា: vin.cv.06.01.02_att PTS: ?
(មញ្ចបីឋាទិអនុជាននៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(មញ្ចបីឋាទិអនុជាននំ)
[៣១៩] សម័យនោះឯង គ្រែដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។ (តមកទៀត) មានតាំងដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង កើតឡើង(ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។
[៣២០] សម័យនោះឯង គ្រែដែលគេបង្ខាំជើង ដោយមេគ្រែ ចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលគេបង្ខាំជើងដោយមេគ្រែ។ (តមកទៀត) តាំងដែលគេបង្ខាំជើង ដោយមេតាំង កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលគេបង្ខាំជើងជាប់នឹងមេតាំង។
[៣២១] សម័យនោះឯង គ្រែមានជើងដូចជើងក្តាម1) ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត គ្រែមានជើងដូចជើងក្តាម។ (តមកទៀត) តាំងមានជើងដូចជើងក្តាម2) កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត តាំងមានជើងដូចជើងក្តាម។
[៣២២] សម័យនោះឯង គ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។ (តមកទៀត) តាំងមានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង មានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។
[៣២៣] សម័យនោះឯង តាំង៤ជ្រុងកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង។ (តមកទៀត) តាំង៤ជ្រុង មានជើងខ្ពស់ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង សូម្បីមានជើងខ្ពស់3)។ (តមកទៀត) គ្រែមានអង្គ៧ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ មានអង្គ៧។4) (តមកទៀត) គ្រែមានអង្គ៧ មានជើងខ្ពស់កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានអង្គ៧ សូម្បីមានជើងខ្ពស់ក៏បាន។ (តមកទៀត) មានតាំងចាក់ផ្តៅ5) កើតឡើង(ដល់សង្ឃ)។ បេ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងចាក់ផ្តៅ។ (តមកទៀត) មានតាំងសំពត់ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងសំពត់។ (តមកទៀត) តាំងមានជើងដូចជើងពពែ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងមានជើងដូចជើងពពែ។ (តមកទៀត) ក៏មានតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ។ (តមកទៀត) ផែនក្តារ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារ។ (តមកទៀត) កៅអី ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកៅអី។ (តមកទៀត) តាំង ដែលធ្វើពីចំបើង ក៏កើតឡើង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលធ្វើពីចំបើង។
[៣២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដេកលើគ្រែខ្ពស់។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិកបានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំដេកលើគ្រែខ្ពស់ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។
[៣២៥] សម័យនោះឯង ភិក្ខុ១រូបដេកលើគ្រែទាប ពស់ក៏ចឹក (ភិក្ខុនោះ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែ។
[៣២៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់គ្រែខ្ពស់។ ភិក្ខុធ្វើគ្រែឲ្យរញ្ជួយទាំងទ្រនាប់គ្រែ។ មនុស្សទាំងឡាយដើរមកកាន់វិហារចារិក បានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់គ្រែខ្ពស់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែយ៉ាងខ្ពស់ត្រឹម៨ធ្នាប់។
[៣២៧] សម័យនោះឯង អម្បោះកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកអម្បោះចងប្រទាក់គ្រែ។ ភិក្ខុចងប្រទាក់រាងគ្រែ (ទាំងនោះ) ក៏អស់អម្បោះប្រើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចោះត្រង់រាងគ្រែ ហើយចងឆ្វាក់ ជាក្រឡាចត្រង្គ។ (តមកទៀត) កំណាត់សំពត់ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់។ (តមកទៀត) គ្រឿងសេនាសនៈ ដែលញាត់ដោយប៉ុយ ក៏កើតឡើង (ដល់សង្ឃ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជជុះចេញ ហើយធ្វើជាខ្នើយបាន ឯប៉ុយមាន៣យ៉ាង គឺប៉ុយដើមឈើ១ ប៉ុយវល្លិ១ ប៉ុយស្មៅ១។
[៣២៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ខ្នើយពាក់កណ្តាលកាយ។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិកឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ខ្នើយពាក់កណ្តាលកាយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើខ្នើយ ឲ្យល្មមប៉ុនក្បាល។
[៣២៩] សម័យនោះឯង មានមហោស្រពលេងលើកំពូលភ្នំ ជិតក្រុងរាជគ្រឹះ។ មនុស្សទាំងឡាយ នាំគ្នាតាក់តែងពូកជាច្រើន គឺពូកញាត់រោមកែះ ញាត់សំពត់ ញាត់សម្បកឈើ ញាត់ស្មៅ ញាត់ស្លឹកឈើ ដើម្បីប្រយោជន៍ដល់ពួកមហាមាត្យ។ លុះមហោស្រពស្ងប់ស្ងាត់ ឈប់លេងហើយ មនុស្សទាំងនោះ ក៏បកតែស្រោមពូក យកទៅ។ ពួកភិក្ខុ ក៏បានឃើញពូកទាំងឡាយ ញាត់រោមកែះខ្លះ ញាត់សំពត់ខ្លះ ញាត់សម្បកឈើខ្លះ ញាត់ស្មៅខ្លះ ញាត់ស្លឹកឈើខ្លះ ជាច្រើន ដែលគេចោលនៅទីមហោស្រព។ លុះឃើញហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតពូក៥យ៉ាង គឺពូកញាត់រោមកែះ១ ពូកញាត់សំពត់១ ពូកញាត់សម្បកឈើ១ ពូកញាត់ស្មៅ១ ពូកញាត់ស្លឹកឈើ១។
[៣៣០] សម័យនោះឯង មានសំពត់ជារបស់គួរប្រើប្រាស់ ក្នុងសេនាសនៈ កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុញាត់ពូកដោយសំពត់។
[៣៣១] សម័យនោះឯង ពួកភិក្ខុយកពូកសម្រាប់គ្រែ ទៅក្រាលលើតាំង យកពូកសម្រាប់តាំង ទៅក្រាលគ្រែវិញ។ ពូកទាំងឡាយ ក៏រហែកអស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែដែលញាត់ភ្ជាប់ និងតាំងដែលញាត់ភ្ជាប់ (ដោយគ្រឿងញាត់)។ ពួកភិក្ខុ មិនបានទ្រាប់ទ្រនាប់ពីក្រោម ហើយក៏ក្រាល។ គ្រឿងញាត់ទាំងនោះ ក៏លៀនចេញទៅខាងក្រៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទ្រាប់ នូវទ្រនាប់ រួចក្រាល ហើយសឹមញាត់ពូក។ ពួកចោរ ក៏បកតែស្រោមពូកយកទៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រស់ព្រំ។6) ពួកចោរក៏នៅតែលួចទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគូសដោយគំនូសផ្សេងៗ។ ពួកចោរក៏នៅតែលួចយកទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្តិតនឹងម្រាមដៃ។