ការអនុញ្ញាត ដល់ការបូកលាបជញ្ជាំង និងពណ៌ច្រើនផ្នែក (ស ខ្មៅ និងដី) សម្រាប់ទីលំនៅ។
vin cv 06 01 03 បាលី cs-km: vin.cv.06.01.03 អដ្ឋកថា: vin.cv.06.01.03_att PTS: ?
(សេតវណ្ណាទិអនុជាននៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(សេតវណ្ណាទិអនុជាននំ)
[៣៣២] សម័យនោះឯង ទីដេករបស់ពួកតិរ្ថីយ មានពណ៌ស។ ផ្ទៃលាបពណ៌ខ្មៅ។ ជញ្ជាំងលាបដោយរង់។ មនុស្សទាំងឡាយជាច្រើន (ដែលទៅដល់ទីនោះ) មៀងមើលទីដេកហើយ ទើបដើរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបូកលាបវិហារ ឲ្យមានពណ៌ស ពណ៌ខ្មៅ និងលាបដោយរង់។
[៣៣៣] សម័យនោះឯង ពណ៌ស ដិតមិនស្មើ ព្រោះផ្ទៃជញ្ជាំងមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីស្អិតដ៏មដ្ឋ ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ ឬបាយម៉ានក៏បាន។
[៣៣៤] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ជ័ររង់ដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែដិតមិនស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកដីដែលលាយដោយកុណ្ឌក ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកម្សៅគ្រាប់ស្ពៃ ឬប្រេងលាយក្រមួន។ ដំណក់ថ្នាំលាប ក៏ជោរឡើង (ហូរចៀរចេញ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យជូតដោយកំណាត់សំពត់ចេញ។
[៣៣៥] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ពណ៌ខ្មៅដិតមិនសព្វ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ និងទឹកចត់។1)