km:tipitaka:vin:cv:vin.cv.06.01.05

(ឥដ្ឋកាចយាទិអនុជាននៈ)

សង្ខេប

ព្រះ​ពុទ្ធអនុញ្ញាតរចនា និង​បន្ថែម​​ផ្សេងៗ ចំពោះ​វិហារ (ទី​ជម្រក)។

vin cv 06 01 05 បាលី cs-km: vin.cv.06.01.05 អដ្ឋកថា: vin.cv.06.01.05_att PTS: ?

(ឥដ្ឋកាចយាទិអនុជាននៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(ឥដ្ឋកាចយាទិអនុជាននំ)

[៣៣៧] សម័យនោះឯង វិហារមានទីទាប។ ទឹកក៏លិច។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនវិហារក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃ។

[៣៣៨] សម័យនោះឯង វិហារមានមនុស្សកុះករច្រើនពេក។ ពួកភិក្ខុក៏អៀនខ្មាស (មិនអាច) នឹងសិងបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) រនាំង។ ពួកមនុស្ស ក៏នៅតែបើករនាំងមើល។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជញ្ជាំងតឿ។ ពួកមនុស្ស ក៏នៅតែអើតមើលពីខាងលើជញ្ជាំងតឿទៀត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់៣យ៉ាង គឺបន្ទប់មានជ្រុងបួន១ បន្ទប់មានបណ្តោយវែង១ បន្ទប់មានដម្បូលខ្ពស់១។

[៣៣៩] សម័យនោះឯង ពួកភិក្ខុធ្វើបន្ទប់ត្រង់កណ្តាលវិហារតូច។ ទីឧបចារៈមិនមាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់ក្នុងទីសមគួរ ក្នុងវិហារតូច ឲ្យធ្វើបន្ទប់ត្រង់កណ្តាលវិហារធំបាន។

[៣៤០] សម័យនោះឯង ជើងជញ្ជាំងវិហារ ក៏ពុកផុយទៅ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់ជើងជញ្ជាំង។ ភ្លៀងក៏សាចមកត្រូវជញ្ជាំងវិហារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រដឹសសម្រាប់ការពារភ្លៀង ហើយលាបដីស្អិត។1)

[៣៤១] សម័យនោះឯង មានពស់ធ្លាក់ពីដម្បូលស្មៅ មកលើ-ក-ភិក្ខុ១រូប។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់សំឡេង។ ភិក្ខុទាំងឡាយ ក៏ស្ទុះទៅសួរភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកស្រែកភ្លាត់សំឡេងដល់ម្ល៉េះ។ ទើបភិក្ខុនោះ បានប្រាប់សេចក្តីនុ៎ះ ដល់ពួកភិក្ខុ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ពិតានឡើង។

[៣៤២] សម័យនោះឯង ពួកភិក្ខុព្យួរថង់នឹងជើងគ្រែខ្លះ នឹងជើងតាំងខ្លះ។ អស់ទាំងសត្វកណ្តុរ និងកណ្តៀរ កាត់ដាច់ដាចអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ចំរឹងជញ្ជាំង និងដៃកែវ។

[៣៤៣] សម័យនោះឯង ពួកភិក្ខុទុកចីវរលើគ្រែខ្លះ លើតាំងខ្លះ។ ចីវរក៏ធ្លុះធ្លាយអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នួរចីវរ និងខ្សែស្បៀងទុកក្នុងវិហារ។

[៣៤៤] សម័យនោះឯង វិហារនៅមិនទាន់មានរបៀង ឥតមានទីញកជ្រកកោនបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយ៉មុខ ជើងជញ្ជាំង ឬធរណីបាំងសាចជុំវិញ និងហោណាំង។ យ៉មុខ ក៏នៅវាល (ឥតមានវត្ថុអ្វីបិទបាំង)។ ពួកភិក្ខុ អ្នកមានអៀនខ្មាស (មិនអាច) នឹងសិងបាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងព្រួល សម្រាប់រូតចុះឡើង នឹងឡប់ឡែ។

 

លេខយោង

1)
អដ្ឋកថា ថា ឲ្យយកដីស្អិតលាយជាមួយនឹងអាចម៍គោ និងផេះ ហើយលាបប្រដឹសនោះ។
km/tipitaka/vin/cv/vin.cv.06.01.05.txt · ពេលកែចុងក្រោយ: 2023/08/03 15:18 និពន្ឋដោយ Johann