ការអនុញ្ញាតជញ្ជាំងវិហារ (ទីជម្រក) និងការអនុញ្ញាតបន្ទប់ទឹក រោងភ្លើង របង ទ្វារ …ផងដែរ ដម្បូល (ពេលប្រាសាទត្រូវបានប្រគេន)។
vin cv 06 01 07 បាលី cs-km: vin.cv.06.01.07 អដ្ឋកថា: vin.cv.06.01.07_att PTS: ?
(បាការាទិអនុជាននៈ អារាមបរិក្ខេបអនុជាននៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(បាការាទិអនុជាននំ អារាមបរិក្ខេបអនុជាននំ)
[៣៤៧] សម័យនោះឯង វិហារមិនមានគ្រឿងបិទបាំង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺ កំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ បន្ទប់ទឹកមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់ទឹក។ បន្ទប់ទឹកមានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ សន្ទះទ្វារបន្ទប់ ក៏មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងបន្ទប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥។
[៣៤៨] សម័យនោះឯង ទីបរិវេណ មានភក់ជ្រាំ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចាក់ក្រាលក្រួសរវាន (នៅទីនោះ)។ ក្រួសរវាន ក៏មិនបានរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលថ្ម។ ទឹកក៏ដក់នៅ (លើថ្មនោះ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រឡាយទឹក។
[៣៤៩] សម័យនោះឯង ភិក្ខុនាំគ្នាធ្វើចង្ក្រានត្រង់ទីនោះៗ ក្នុងបរិវេណ។ ទីបរិវេណ ក៏ខ្ជាំដោយសម្រាម។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងភ្លើង ក្នុងទីដ៏សមគួរ។ រោងភ្លើងមានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿន (រោងភ្លើងនោះ) រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើង (តាមខឿននោះទៅ) ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ (តាមជណ្តើរ) ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ សន្ទះទ្វារនៃរោងភ្លើង នៅមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ដាក់ខ្សែទាញ និងខ្សែទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងរោងភ្លើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស លាបទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ អារាម នៅមិនទាន់មានរបង។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) តែងចូលទៅបៀតបៀនដំណាំ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំងរបង៣យ៉ាង គឺរបងឫស្សី១ របងបន្លា១ និងស្នាមភ្លោះ១។ ខ្លោងទ្វារនៅមិនទាន់មាន។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) នៅតែចូលទៅបៀតបៀនដំណាំបានដដែល។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លោងទ្វារ ទ្វារគាបបន្លា1) សន្ទះទ្វារទាំងគូ របងសសរ និងទ្វារជើងគុល។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងខ្លោងទ្វារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ អារាម ក៏មានភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលក្រួសរវាន។ ក្រួសនោះ ក៏មិនបានរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។
[៣៥០] សម័យនោះឯង ព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបំណងឲ្យគេសាងប្រាសាទ លាបដោយបាយអ ដើម្បីប្រយោជន៍ដល់សង្ឃ។ វេលានោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះថា គ្រឿងសម្រាប់ប្រក់ ព្រះមានព្រះភាគ បានអនុញ្ញាតហើយឬ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងប្រក់៥យ៉ាង គឺប្រក់ដោយឥដ្ឋ១ ប្រក់ដោយថ្ម១ ប្រក់ដោយបាយអ១ ប្រក់ដោយស្មៅ១ ប្រក់ដោយស្លឹកឈើ១។
ចប់ភាណវារៈ ជាបឋម។