User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.06.02

(ទុតិយភាណវារៈ ទី២)

សង្ខេប

(?)

vin cv 06 02 បាលី cs-km: vin.cv.06.02 អដ្ឋកថា: vin.cv.06.02_att PTS: ?

(ទុតិយភាណវារៈ ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(២. ទុតិយភាណវារោ)

រឿងអនាថបិណ្ឌិកសេដ្ឋី និងរឿងរាជគហសេដ្ឋី

(អនាថបិណ្ឌិកវត្ថុ)

(អនាថបិណ្ឌិកវត្ថុ)

[៣៥១] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាប្តីប្អូនស្រីរបស់រាជគហសេដ្ឋី គឺជាប្អូនថ្លៃរាជគហសេដ្ឋី។ គ្រានោះ អនាថបិណ្ឌិកគហបតិ បានទៅកាន់ក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ។

[៣៥២] សម័យនោះឯង រាជគហសេដ្ឋី និមន្តព្រះសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯរាជគហសេដ្ឋី ក៏បានបង្គាប់ខ្ញុំប្រុសស្រីខ្លះ និងពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ)។

[៣៥៣] លំដាប់នោះ អនាថបិណ្ឌិកគហបតិ មានសេចក្តីត្រិះរិះថា កាលពីដើម បើអញបានមកដល់ហើយ គហបតិនេះ ក៏រមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយរាក់ទាក់មកនឹងអញ ក៏ឥឡូវគហបតិនេះ ជាអ្នកតោះតើយ (បែរទៅ) បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ) ប្រហែលជាគហបតិនេះ មានអាវាហមង្គល ឬវិវាហមង្គល ឬក៏មហាយញ្ញពិធី ឬពុំនោះ គាត់អញ្ជើញព្រះបាទពិម្ពិសារមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែកទេដឹង។

[៣៥៤] គ្រានោះ រាជគហសេដ្ឋី បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះរួចហើយ ទើបចូលទៅរកអនាថបិណ្ឌិកគហបតិ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹង អនាថបិណ្ឌិកគហបតិ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ និយាយនឹងរាជគហសេដ្ឋី ដែលអង្គុយក្នុងទីដ៏សមគួរ ដោយពាក្យដូច្នេះថា នែគហបតិ កាលពីដើម បើខ្ញុំបានមកដល់ហើយ អ្នករមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយរាក់ទាក់មកជាមួយនឹងខ្ញុំ ក៏ឥឡូវនេះ អ្នកធ្វើតោះតើយ បែរជាបង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នេះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ) នែគហបតិ អាវាហមង្គល និងវិវាហមង្គល ឬមហាយញ្ញពិធី នឹងកើតមានឡើងប្រាកដដល់អ្នកឬអ្វី ឬមួយអ្នកបានអញ្ជើញព្រះបាទពិម្ពិសាមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែក។ រាជគហសេដ្ឋី និយាយថា នែគហបតិ អាវាហមង្គល និងវិវាហមង្គលរបស់ខ្ញុំ មិនមានទេ ឬមួយខ្ញុំអញ្ជើញព្រះបាទពិម្ពិសាមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែកនេះក៏ទេដែរ ខ្ញុំមានតែមហាយញ្ញពិធីមែន គឺនិមន្តព្រះសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន មកទទួលភត្តក្នុងថ្ងៃស្អែកនេះ។ អនាថបិណ្ឌិកគហបតិសួរថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ សួរទៀតថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ សួរទៀតថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ ពោលទៀតថា អើគហបតិ សម្លេងគឹកកងថា ពុទ្ធោ ដូច្នេះនេះ ជាសម្លេងដែលគេរកបានដោយកម្រក្នុងលោក ម្នាលគហបតិ តើខ្ញុំនឹងអាចចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទាន់ក្នុងពេលនេះបានដែរឬ។ រាជគហសេដ្ឋីតបថា ម្នាលគហបតិ កាលនេះ ជាកាលមិនគួរ ដើម្បីនឹងចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះទាន់ក្នុងពេលនេះទេ ចាំដល់វេលាថ្ងៃស្អែក សឹមអ្នកចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទើបគួរ។

[៣៥៥] គ្រានោះ អនាថបិណ្ឌិកគហបតិគិតថា ឥឡូវនេះ វេលាថ្ងៃ ស្អែកនេះ អញនឹងចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទើបគួរ គិតហើយ ក៏ដំកល់ស្មារតី ចំពោះទៅរកព្រះពុទ្ធជាអារម្មណ៍ ហើយក៏ដេកទៅ ក៏ក្នុងវេលាយប់ (នោះ) អនាថបិណ្ឌិកគហបតិ ស្មានថាភ្លឺហើយ ក៏ក្រោកឡើង៣ដង។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅកាន់ទ្វារសីតវន (ព្រៃត្រជាក់)។ ពួកអមនុស្ស1) ក៏នាំគ្នាបើកទ្វារឲ្យ។ កាលអនាថបិណ្ឌិកគហបតិ ចេញផុតអំពីនគរហើយ ពន្លឺក៏បាត់ទៅវិញ។ ស្រាប់តែមានងងឹតកើតឡើង។ ភ័យ សេចក្តីតក់ស្លុត និងព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពីទីនោះមកវិញ។

[៣៥៦] គ្រានោះ សីវកយក្ស ដែលបាត់ទៅ ក៏បញ្ចេញសម្លេងឡើងថា ដំរី១សែន សេះ១សែន រថទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលប្រដាប់ដោយកុណ្ឌល ជាវិការៈ នៃកែវមណី១សែន ក៏មិនដល់មួយចំណិត នៃការឈានទៅ១ជំហាន ដែលបណ្ឌិតចែកឲ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ការឈានដើរទៅរបស់អ្នក ប្រសើរណាស់ ការត្រឡប់ទៅវិញ មិនប្រសើរទេ។

[៣៥៧] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ។ ពន្លឺភ្លឺ ក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់បាត់ទៅ។ អនាថបិណ្ឌិកគហបតិ ក៏បាត់ពន្លឺអស់វារៈពីដងផង។ បេ។ អស់វារៈបីដងផង។ ងងឹតក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពីទីនោះមកវិញ សីវកយក្ស ដែលបាត់ទៅហើយនោះ ស្រាប់តែបញ្ចេញសម្លេងអស់វារៈ ជាគំរប់បីដងថា ដំរី១សែន សេះ១សែន រថដែលទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលពាក់ដោយកុណ្ឌល ជាវិការៈ នៃកែវមណី១សែន មិនដល់ចំណិត នៃការឈានទៅ១ជំហាន ដែលបណ្ឌិតចែក ឲ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ការឈានដើរទៅរបស់អ្នក ប្រសើរណាស់ ដំណើរត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ អស់វារៈបីដង។ ពន្លឺក៏កើតប្រាកដឡើង។ ភ័យសេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់ទៅ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅកាន់សីតវន។

[៣៥៨] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ចង្ក្រមក្នុងទីវាល។ ព្រះមានព្រះភាគ ទ្រង់ទតឃើញអនាថបិណ្ឌិកគហបតិ ដើរមកពីចម្ងាយលឹមៗ លុះទ្រង់ទតឃើញហើយ ក៏ថយចុះអំពីទីចង្ក្រម ទ្រង់គង់លើអាសនៈ ដែលគេតាក់តែងថ្វាយស្រាប់។ ព្រះមានព្រះភាគ ទ្រង់គង់ហើយ ទើបមានព្រះបន្ទូលនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា ម្នាលសុទត្ត អ្នកចូរមកនេះ។ ឯអនាថបិណ្ឌិកគហបតិ មានចិត្តត្រេកអរ រីករាយ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលត្រាស់ហៅអាត្មាអញចំឈ្មោះ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបទៀបព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ហើយក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គទ្រង់ផ្ទុំស្កល់ស្រួលទេឬ។

[៣៥៩]

ព្រះអង្គ ទ្រង់ត្រាស់ថា បុគ្គលណាមានសេចក្តីត្រជាក់ មិនមានកិលេសគ្រឿងសៅហ្មងមិនជាប់នៅក្នុងកាមទាំងឡាយ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ អ្នកមានទុក្ខរំលត់ហើយ រមែងដេកនៅជាសុខគ្រប់កាលទាំងពួង។ (មនុស្សណា) កាត់បង់នូវសេចក្តីប្រាថ្នា ក្នុងភពទាំងពួង ហើយនាំបង់នូវសេចក្តីក្រវល់ក្រវាយ ក្នុងហឫទ័យចេញ (មនុស្សនោះ) ឈ្មោះថា ជាអ្នកស្ងប់រម្ងាប់ ដល់ហើយនូវសេចក្តីរម្ងាប់នៃចិត្ត រមែងដេកនៅជាសុខ។

[៣៦០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ដល់អនាថបិណ្ឌិកគហបតិ។ អនុបុព្វីកថា នោះគឺអ្វីខ្លះ។ អនុបុព្វីកថានោះគឺ ទ្រង់ប្រកាសនូវទានកថា១ សីលកថា១ សគ្គកថា១ កាមាទីនវៈ ដ៏លាមកសៅហ្មង១ និងអានិសង្ស ក្នុងការចេញសាងផ្នួស១។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អនាថបិណ្ឌិកគហបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាក្នុងពេលណា ក៏ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសម្តែងដោយព្រះអង្គឯង ព្រះអង្គ ទ្រង់ប្រកាសនូវធម្មទេសនានោះ គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងពេលនោះ។ សំពត់ដ៏ស្អាត ដែលមិនមានពណ៌ខ្មៅ តែងទទួលយកនូវទឹកជ្រលក់ដោយប្រពៃ យ៉ាងណាមិញ ក៏ដូចជាធម្មចក្ខុ គឺសោតាបត្តិផល មានធូលីទៅប្រាសហើយ មានមន្ទិលទៅប្រាសហើយ ក៏បានកើតឡើងដល់អនាថបិណ្ឌិកគហបតិ លើអាសនៈនោះដូច្នេះថា ធម្មជាតឯណានីមួយ មានសភាពកើតឡើងហើយជាធម្មតា ធម្មជាតទាំងអស់នោះ មានសភាពរលត់ទៅវិញជាធម្មតា។

[៣៦១] គ្រានោះ អនាថបិណ្ឌិកគហបតិ បានឃើញធម៌ហើយ បានលុះធម៌ហើយ បានជ្រាបច្បាស់ធម៌ហើយ មានចិត្តចុះកាន់ធម៌ស៊ប់ហើយ ឆ្លងចាកសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា លែងជឿនូវពាក្យបុគ្គលដទៃក្នុងសាសនា របស់ព្រះសាស្តា ហើយបានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ ទ្រង់សម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្ស បើកវត្ថុដែលគេផ្កាប់ ឲ្យផ្ងាឡើង ឬដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំងទុក ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវ ដល់អ្នកវង្វេង ឬដូចមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ថាជាទីពឹងទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់ហើយនូវព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះ ជាដើមរៀងទៅ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត សូមព្រះមានព្រះភាគ មួយអន្លើដោយព្រះភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ អនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។

[៣៦២] រាជគហសេដ្ឋីបានឮថា អនាថបិណ្ឌិកគហបតិនិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែកដូច្នេះហើយ។ ចំណែកខាងរាជគហសេដ្ឋី បាននិយាយពាក្យនេះ នឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ បានឮថា អ្នកនិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធានដោយវត្ថុសម្រាប់ចាយវាយ (ស្បៀង) ឯណា ម្នាលគហបតិ ខ្ញុំនឹងឲ្យវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកគហបតិឆ្លើយថា ម្នាលគហបតិ កុំចុះ ខ្ញុំមានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។

[៣៦៣] អ្នកនិគមក្រុងរាជគ្រឹះ បានឮដំណឹងច្បាស់ថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ វេលានោះ អ្នកនិគមក្រុងរាជគ្រឹះ និយាយពាក្យនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា បពិត្រគហបតិ ឮថា អ្នកបាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា ម្នាលគហបតិ ខ្ញុំឲ្យវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកឆ្លើយថា នែអ្នក កុំចុះ ខ្ញុំមានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។

[៣៦៤] ព្រះបាទពិម្ពិសារមាគធសេនិយរាជ ជ្រាបច្បាស់ថា ឮថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបន្ទូលនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ ឮថា អ្នកបាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា យើងនឹងឲ្យនូវវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកគហបតិក្រាបទូលតបថា បពិត្រព្រះសម្មតិទេព ពុំបាច់ទេ ខ្ញុំព្រះអង្គ មានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។

[៣៦៥] គ្រានោះ អនាថបិណ្ឌិកគហបតិ លុះកន្លងរាត្រីនោះទៅ ក៏ឲ្យជនតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់រាជគហសេដ្ឋី ហើយឲ្យជន ក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានបុណ្យថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរ ទៅកាន់លំនៅរបស់រាជគហសេដ្ឋី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលក្រាលថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានអង្គាសថ្វាយខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់លោកប្រកែក លែងទទួលទៀត លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលនិមន្តគង់ចាំវស្សា ក្នុងក្រុងសាវត្ថីរបស់ខ្ញុំព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ ព្រះតថាគតទាំងឡាយ រមែងត្រេកអរចំពោះក្នុងលំនៅដ៏ស្ងាត់តែម្យ៉ាង។ អនាថបិណ្ឌិកគហបតិក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គដឹងច្បាស់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គដឹងច្បាស់ហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់អនាថបិណ្ឌិកគហបតិ ឲ្យឃើញព្រម ឲ្យកាន់យកព្រម ឲ្យឧស្សាហ៍ព្រម ឲ្យរីករាយព្រម ដោយធម្មីកថា ហើយព្រះអង្គ ក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ។

[៣៦៦] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាបុគ្គលមានមិត្តច្រើន មានសម្លាញ់ច្រើន មានវាចាគួរឲ្យអ្នកផងកាន់យក។ ទើបអនាថបិណ្ឌិកគហបតិពិចារណា នូវកិច្ចដែលគួរធ្វើនោះ ក្នុងក្រុងរាជគ្រឹះ រួចហើយក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ លុះដល់ពាក់កណ្តាលផ្លូវ អនាថបិណ្ឌិកគហបតិ បង្គាប់មនុស្សទាំងឡាយថា ម្នាលអ្នកទាំងឡាយ ចូរអ្នករាល់គ្នាធ្វើអារាម សាងវិហារ ផ្តើមធ្វើនូវទាន ឥឡូវនេះ ព្រះពុទ្ធត្រាស់ហើយក្នុងលោក ឯព្រះអង្គនោះសោត ខ្ញុំក៏បាននិមន្តហើយ ព្រះអង្គនឹងទ្រង់ពុទ្ធដំណើរមកតាមផ្លូវនេះ។ គ្រានោះ ពួកមនុស្សដែលអនាថបិណ្ឌិកគហបតិបញ្ជូនទៅនោះ ក៏បានធ្វើអារាម សាងវិហារ និងផ្តើមធ្វើនូវទាន។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ទៅដល់ក្រុងសាវត្ថីហើយ ក៏គយគន់មើល (កន្លែង) ក្នុងក្រុងសាវត្ថីគ្រប់អន្លើ ដោយគិតថា ព្រះមានព្រះភាគ សមនឹងគង់នៅក្នុងទីណាហ្ន៎ ទីណាមិនជិតពេក មិនឆ្ងាយពេក អំពីស្រុក ល្មមទៅ ល្មមមកបាន ល្មមពួកមនុស្សដែលត្រូវការដោយប្រយោជន៍ ងាយនឹងទៅមក ជាទីមិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទីប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃជនគួរជាទីធ្វើការសម្ងាត់នៃមនុស្ស និងជាទីគួរដល់វិវេកក្នុងវេលាយប់។ អនាថបិណ្ឌិកគហបតិ បានឃើញឱទ្យានរបស់រាជកុមារឈ្មោះជេត ជាទីមិនឆ្ងាយពេក មិនជិតពេក អំពីស្រុក ល្មមទៅមកបាន ល្មមពួកមនុស្ស ដែលត្រូវការដោយប្រយោជន៍ ងាយទៅមក មិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទីប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃមនុស្សគួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ លុះឃើញហើយ ក៏ចូលទៅរកព្រះរាជកុមារឈ្មោះជេត លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះរាជកុមារឈ្មោះជេតថា បពិត្រព្រះអយ្យបុត្រ សូមព្រះអង្គប្រទានឱទ្យានមកខ្ញុំព្រះអង្គ ដើម្បីនឹងធ្វើអារាម។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អារាមខ្ញុំឲ្យ (អ្នកទទេ) មិនបានទេ លុះតែ (អ្នកឲ្យថ្លៃ) គឺក្រាលដោយកោដិនៃកហាបណៈ (ទើបឲ្យបាន)។ អនាថបិណ្ឌិកគហបតិឆ្លើយថា បពិត្រព្រះអយ្យបុត្រ អារាម ខ្ញុំព្រះអង្គមុខជានឹងយកហើយ។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អ្នកកុំអាលយកអារាម (ចាំយើងសួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីសិន)។ ជេតរាជកុមារ និងអនាថបិណ្ឌិកគហបតិ ក៏សួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីថា អារាម គួរឲ្យអនាថបិណ្ឌិកគហបតិយក ឬមិនឲ្យយកទេ។ ពួកមហាមាត្រពោលយ៉ាងនេះថា បពិត្រព្រះអយ្យបុត្រ ព្រះអង្គបានកាត់ថ្លៃអារាមចំនួនប៉ុន្មាន ក៏ឲ្យអនាថបិណ្ឌិកគហបតិទទួលយក ដោយថ្លៃប៉ុណ្ណោះចុះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានឲ្យគេផ្ទុកប្រាក់ដោយរទេះទាំងឡាយ ហើយឲ្យក្រាលតំរៀប ដោយកោដិនៃកហាបណៈ ក្នុងព្រៃរបស់ជេតរាជកុមារ។ ប្រាក់ដែលជញ្ជូនយកមកតែម្តងប៉ុណ្ណោះ មិនគ្រាន់ត្រង់ទីឱកាសបន្តិចជុំវិញខ្លោងទ្វារ។ ឯអនាថបិណ្ឌិកគហបតិ ក៏បានបង្គាប់ពួកមនុស្សថា នែនាយរាល់គ្នា ចូរអ្នកទៅនាំយកប្រាក់មកទៀត យើងនឹងក្រាលត្រង់ទីឱកាសនេះ។ គ្រានោះ ជេតរាជកុមារ មានសេចក្តីត្រិះរិះដូច្នេះថា គហបតិនេះ ចំណាយប្រាក់ច្រើនដល់ម្ល៉ោះ ចំពោះកិច្ចណា កិច្ចនោះ មិនមែនជារបស់ថោកទាបទេ។ វេលានោះ ជេតរាជកុមារ ពោលនូវពាក្យនេះ នឹងអនាថបិណ្ឌិកគហបតិថា ណ្ហើយគហបតិ អ្នកកុំឲ្យក្រាលទីឱកាសនោះឡើយ អ្នកចូរឲ្យទីឱកាសនោះដល់ខ្ញុំ ទាននុ៎ះនឹងមានដល់ខ្ញុំ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានថ្វាយទីឱកាសនោះ ដល់ជេតរាជកុមារ ដោយគិតថា ជេតរាជកុមារនេះ ជាមនុស្សល្បីល្បាញ មានមនុស្សស្គាល់(ច្រើន) មានឫទ្ធិច្រើន ឯសេចក្តីជ្រះថ្លាក្នុងធម្មវិន័យនេះ (នឹងមាន) ដល់ពួកមនុស្សដែលគេស្គាល់ មានសភាពយ៉ាងនេះ។ គ្រានោះ ជេតរាជកុមារ បានកសាងខ្លោងទ្វារ ក្នុងទីឱកាសនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ឲ្យគេធ្វើវិហារ ឲ្យគេធ្វើបរិវេណ ឲ្យធ្វើបន្ទប់ ឲ្យធ្វើឧបដ្ឋានសាលា ឲ្យធ្វើរោងភ្លើង ឲ្យធ្វើកប្បិយកុដិ ឲ្យធ្វើវច្ចកុដិ ឲ្យធ្វើទីចង្ក្រម ឲ្យធ្វើសាលាសម្រាប់ចង្ក្រម ឲ្យធ្វើអណ្តូងទឹក ឲ្យធ្វើសាលាទៀបអណ្តូងទឹក ឲ្យធ្វើរោងភ្លើង ឲ្យធ្វើសាលាទៀបរោងភ្លើង ឲ្យធ្វើស្រះបោក្ខរណី ឲ្យធ្វើមណ្ឌបក្នុងជេតវន។

(នវកម្មទានៈ)

(នវកម្មទានំ)

[៣៦៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្រុងវេសាលី ព្រះអង្គទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ដោយលំដាប់ឆ្ពោះត្រង់ទៅក្រុងវេសាលី។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ គង់នៅក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។

[៣៦៨] សម័យនោះឯង មនុស្សទាំងឡាយ កំពុងយកចិត្តទុកដាក់ធ្វើនវកម្ម គឺការងារថ្មី ក៏បានផ្គត់ផ្គង់ពួកភិក្ខុ ដែលជាអ្នករ៉ាប់រងនូវនវកម្ម ដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ថ្នាំជាបច្ច័យសម្រាប់អ្នកជម្ងឺដោយគោរព។

[៣៦៩] លំដាប់នោះ មានជាងជុល ឬដេរម្នាក់ ជាអ្នកកំសត់ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សទាំងនេះ កំពុងយកចិត្តទុកដាក់ធ្វើនវកម្មព្រោះអំពើណា អំពើនេះ មិនមែនជារបស់ថោកទាបទេ បើដូច្នោះ គួរតែអញធ្វើនវកម្មដែរ។ ឯជាងជុល ឬដេរជាអ្នកកំសត់នោះ ជាន់ដី បោះឥដ្ឋ ហើយធ្វើជញ្ជាំងដោយខ្លួនឯង។ ជាងជុលនោះ មិនឈ្លាសរៀប ជញ្ជាំងវៀច ជញ្ជាំងក៏រលំទៅ។ ជាងជុលកំសត់នោះ ជាន់ដីឥដ្ឋ ធ្វើជញ្ជាំងដោយខ្លួនឯង។ អស់វារៈ ជាគំរប់ពីរដងផង។ បេ។ អស់វារៈ ជាគំរប់បីដងផង។ ជាងជុល មិនឈ្លាសនោះ ធ្វើជញ្ជាំងវៀច ជញ្ជាំងក៏រលំទៅ។ លំដាប់នោះ ជាងជុលកំសត់នោះ ពោលទោសតិះដៀល បន្តុះបង្អាប់ថា ជនទាំងឡាយណា ឲ្យចីវរ បិណ្ឌបាតសេនាសនៈ និងភេសជ្ជបរិក្ខារថ្នាំ ជាបច្ច័យសម្រាប់អ្នកជម្ងឺ ដល់ពួកសមណៈ ជាសក្យបុត្តិយ៍នេះ ពួកសមណសក្យបុត្តិយ៍នេះ ទូន្មានប្រៀនប្រដៅនូវជនទាំងឡាយផង រ៉ាប់រងនូវនវកម្មរបស់ជនទាំងនោះផង ចំណែកខាងអញ ជាមនុស្សកំសត់ គ្មានអ្នកណាមួយជួយទូន្មាន ប្រៀនប្រដៅ ឬរ៉ាប់រង នូវនវកម្មរបស់អញសោះឡើយ។ ពួកភិក្ខុ ក៏បានឮជាងជុលកំសត់នោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុ) ឲ្យនវកម្ម2) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយនវកម្ម នឹងដល់នូវសេចក្តីខ្វល់ខ្វាយថា គិតដូចម្តេច នឹងឲ្យវិហារហើយឆាប់ នឹងជួសជុលនូវទីដែលបាក់បែកឡើងវិញបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ មុនដម្បូង ត្រូវសង្ឃសូមភិក្ខុ។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យនូវនវកម្ម ដល់ភិក្ខុមានឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃឲ្យនូវនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ ការឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយការស្ងៀមយ៉ាងនេះ។

(អគ្គាសនាទិអនុជាននៈ)

(អគ្គាសនាទិអនុជាននំ)

[៣៧០] គ្រានោះ ព្រះមានព្រះភាគ គង់នៅក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុជាអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ នាំគ្នាដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ក៏ហួងហែងវិហារ ហួងហែងទីដេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង។ កាលនោះ ព្រះសារីបុត្តមានអាយុ ទៅអំពីខាងក្រោយៗសង្ឃ មានព្រះពុទ្ធជាប្រធាន កាលបើពួកអន្តេវាសិករបស់ពួកឆព្វគ្គិយភិក្ខុហួងហែងវិហារ ហួងហែងទីដេកហើយ លោក៏រកទីសំណឹងមិនបាន ទើបទៅគង់ទៀបគល់ឈើ១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងពេលបច្ចូសសម័យនៃរាត្រី ហើយទ្រង់ក្អកគ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អកគ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នរណានៅក្នុងទីនុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ហេតុអ្វីក៏អ្នកមកអង្គុយក្នុងទីនេះ។ ឯព្រះសារីបុត្តមានអាយុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។

[៣៧១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុជាអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែងទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសនោះ មិនសមបើនឹង ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែងទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង ដូច្នេះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែនដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។ បេ។ លុះទ្រង់បន្ទោសហើយ ក៏ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដូចម្តេច គួរនឹងទទួលអាសនៈប្រសើរ3) ទឹកប្រសើរ4) និងដុំបាយប្រសើរ5) បាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីខត្តិយត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីព្រាហ្មណត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីគហបតិត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា រៀនគម្ពីរព្រះសូត្រ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា ទ្រទ្រង់វិន័យ។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាធម្មកថិក ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា បានបឋមជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានទុតិយជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានតតិយជ្ឈាន។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានចតុត្ថជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាសោតាបន្ន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាសកទាគាមី។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណា ជាអនាគាមី។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាអរហន្ត ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានវិជ្ជា៣ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានអភិញ្ញា៦ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។

រឿងសត្វជាសម្លាញ់គ្នា៣តួ

[៣៧២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ហេតុ (នេះ) ធ្លាប់មានមកហើយ នៅខាងហិមវន្តប្បទេស មានដើមជ្រៃធំ១ដើម។ សត្វ៣តួ គឺ ទទា១ ស្វា១ ដំរី១ ជាសំឡាញ់គ្នា តែងនៅអាស្រ័យនឹងដើមជ្រៃធំនោះ។ សត្វទាំងនោះ មិនគោរព មិនកោតក្រែង មិនប្រព្រឹត្តស្មោះស្មើទៅវិញទៅមករកគ្នាឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វជាសម្លាញ់នឹងគ្នាទាំងនោះ មានសេចក្តីត្រិះរិះថា ឱពួកយើង ធ្វើម្តេចនឹងដឹងពិតថា នរណាជាធំពីកំណើតជាងយើង ៗត្រូវធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជាអ្នកនោះ ម្យ៉ាងទៀត យើងត្រូវឋិតនៅក្នុងឱវាទរបស់អ្នកនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទា និងស្វាសួរដំរីថា ម្នាលសម្លាញ់ អ្នកបានរលឹកឃើញហេតុពីមុនដូចម្តេច។ ដំរីឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំធ្វើដើមជ្រៃនេះ ក្នុងចន្លោះភ្លៅទាំងពីរហើយដើរទៅ ចុងត្រួយ (ជ្រៃនេះ) ទល់នឹងពោះខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញនូវហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទទា និងដំរីសួរស្វាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ស្វាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំអង្គុយលើផែនដី ហើយទំពាស៊ីត្រួយជ្រៃនេះ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្វា និងដំរីសួរទៅទទាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ទទាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ ក្នុងទីឯណោះ មានដើមជ្រៃធំ១ដើម ខ្ញុំស៊ីផ្លែរួចហើយ ហើរមកអំពីនោះ មកបន្ទោបង់វច្ចៈក្នុងឱកាសនេះ ជ្រៃនេះក៏កើតអំពីវច្ចៈរបស់ខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំជាសត្វធំពីកំណើត តាំងអំពីកាលនោះមក។ ម្នាលភិក្ខុទាំងឡាយ ស្វា និងដំរីបានពោលពាក្យនេះ នឹងទទាថា ម្នាលសម្លាញ់ អ្នកជាធំពីកំណើតជាងយើង យើងនឹងធ្វើសក្ការៈ គោរព រាប់អាន បូជាអ្នក មួយទៀត យើងនឹងតាំងនៅក្នុងឱវាទរបស់អ្នក។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទាឲ្យស្វា និងដំរីកាន់សីលទាំង៥ ហើយសមាទាន ប្រព្រឹត្តសីលទាំង៥ ដោយខ្លួនឯង។ សត្វទាំងឡាយនោះ គោរពកោតក្រែង ប្រព្រឹត្តស្មោះស្មើ ទៅវិញទៅមករកគ្នា លុះទំលាយខន្ធ ទៅកាន់លោកខាងមុខ ក៏បានទៅកើតក្នុងសុគតិ គឺឋានសួគ៌។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយធម៌នុ៎ះឯង ឈ្មោះតិត្តិរិយព្រហ្មចរិយៈ។

[៣៧៣] ព្រះអង្គ ទ្រង់ត្រាស់ថា ពួកជនដែលឈ្លាសក្នុងធម៌ កោតក្រែងចាស់ព្រឹទ្ធាចារ្យ រមែងបានសេចក្តីសរសើរក្នុងបច្ចុប្បន្នផង បានសុគតិក្នុងបរលោកផង។ ម្នាលភិក្ខុទាំងឡាយ អម្បាលពួកសត្វតិរច្ឆានទាំងនោះ ម្តេចក៏ចេះគោរព កោតក្រែង ប្រព្រឹត្តស្មោះស្មើ ដល់គ្នានឹងគ្នាទៅបាន ចំណង់បើអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយដោយប្រពៃយ៉ាងនេះ គួរណាស់តែគោរព កោតក្រែង ប្រព្រឹត្តស្មោះស្មើដល់គ្នានឹងគ្នា ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើហេតុនុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម អាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរ (ដល់ភិក្ខុ) តាមលំដាប់ចាស់ខ្ចី ម្នាលភិក្ខុទាំងឡាយ តែថា វត្ថុជារបស់សង្ឃ ភិក្ខុមិនត្រូវឃាត់ខាំងតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។

(អវន្ទិយាទិបុគ្គលា)

(អវន្ទិយាទិបុគ្គលា)

អវន្ទិយបុគ្គល វន្ទិយបុគ្គល

[៣៧៤] ម្នាលភិក្ខុទាំងឡាយ អវន្ទិយបុគ្គល (បុគ្គលដែលភិក្ខុមិនត្រូវសំពះ) នេះ មាន១០ពួក គឺ ភិក្ខុដែលបានឧបសម្បទាមុន មិនត្រូវសំពះភិក្ខុ ដែលបានឧបសម្បទាក្រោយ១ មិនត្រូវសំពះអនុបសម្បន្ន១ មិនត្រូវសំពះភិក្ខុចាស់ ដែលមានសំវាសផ្សេងគ្នា ជាអធម្មវាទី១ មិនត្រូវសំពះមាតុគ្រាម១ មិនត្រូវសំពះមនុស្សខ្ទើយ១ មិនត្រូវសំពះភិក្ខុ ដែលកំពុងនៅបរិវាស១ មិនត្រូវសំពះភិក្ខុ ដែលគួរទាញមកកាន់មូលាបត្តិ១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់មានត្ត១ មិនត្រូវសំពះភិក្ខុ ដែលកំពុងប្រព្រឹត្តមានត្ត១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់អព្ភានកម្ម១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលភិក្ខុមិនត្រូវសំពះ មាន១០ចំពូក ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វន្ទិយបុគ្គល (បុគ្គលដែលភិក្ខុត្រូវសំពះ) នេះ មាន៣ពួក គឺភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបានឧបសម្បទាមុន១ ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី១ ម្នាលភិក្ខុទាំងឡាយ ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស១ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែលភិក្ខុត្រូវសំពះ មាន៣ចំពូក ដូច្នេះឯង។

(អាសនប្បដិពាហនបដិក្ខេប)

(អាសនប្បដិពាហនបដិក្ខេបំ)

[៣៧៥] សម័យនោះឯង មនុស្សទាំងឡាយ តាក់តែងមណ្ឌប តាក់តែងកម្រាល តាក់តែងទីឱកាសចំពោះសង្ឃ។ ភិក្ខុទាំងឡាយជាសិស្សរបស់ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា វត្ថុជារបស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ទៅតាមលំដាប់ចាស់ខ្ចីពិតមែនហើយ តែវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នាដើរជែងទៅពីខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាសថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ និមន្តទៅពីខាងក្រោយៗសង្ឃ មានព្រះពុទ្ធជាប្រធាន កាលបើពួកអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ ហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាស (ដូច្នោះ) លោកមិនបានទីឱកាស ក៏ទៅគង់ទៀបគល់ឈើ១។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ក្អកគ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អកគ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នរណានៅក្នុងទីនុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលសារីបុត្ត ហេតុអ្វីបានជាអ្នកមកអង្គុយក្នុងទីនេះ។ ព្រះសារីបុត្តមានអាយុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។

[៣៧៦] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុទាំងឡាយជាសិស្ស របស់ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា វត្ថុជារបស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតតាមលំដាប់ចាស់ខ្ចី ពិតមែនហើយ តែវត្ថុដែលគេឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នាដើរជែងទៅពីខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយក៏នាំគ្នាហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាសថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់យើង ទីនេះសម្រាប់អាចារ្យរបស់យើង ទីនេះសម្រាប់យើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ទោះបីវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ពួកភិក្ខុមិនត្រូវឃាត់ខាំងទៅតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។

(គិហិវិកតអនុជាននៈ)

(គិហិវិកតអនុជាននំ)

[៣៧៧] សម័យនោះឯង មនុស្សទាំងឡាយនាំគ្នាក្រាលអាសនៈខ្ពស់ អាសនៈប្រសើរ ក្នុងរោងភត្ត និងចន្លោះផ្ទះ (ប្រគេនពួកភិក្ខុ) អាសនៈខ្ពស់ អាសនៈប្រសើរដូចម្តេចខ្លះ អាសនៈខ្ពស់ អាសនៈប្រសើរនោះគឺ អាសន្ទិ (អាសនៈខ្ពស់ហួសប្រមាណ) បល្លង្កៈ (គ្រែដែលមានជើងខ្ពស់វិចិត្រដោយរូបសត្វសាហាវ) គោណកៈ (ព្រំដែលមានរោមវែងជាង៤ធ្នាប់) ចិត្តកៈ (កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ) បដិកៈ (កម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ) បដលិកៈ (កម្រាលដែលធ្វើដោយរោមសត្វ ជាផ្កាចង្កោម) តូលិកៈ (កម្រាលដែលញាត់ដោយសំឡីគ) វិកតិកៈ (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម) ឧទ្ធលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងតែម្ខាង) ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងទាំងពីរខាង) កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កម្ពលៈ (កម្រាលដែលធ្វើដោយរោមសត្វ) កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១៦នាក់ឈររាំបាន) ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី) អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ) រថត្ថរៈ (កម្រាលសម្រាប់ក្រាលលើរថ) អជិនប្បវេណិ (កម្រាលដែលធ្វើដោយស្បែកខ្លា) កទលិមិគបវរប្បច្ចត្ថរណៈ (កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុស) សឧត្តរច្ឆទៈ (ទីដេកដែលមានពិតានក្រហមពីខាងលើ) ឧភតោលោហិតកុបធានៈ (កម្រាលដែលមានខ្នើយ មានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង)។ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយលើអាសនៈ ដ៏សេស ជាគិហិវិក័ដ គឺអាសនៈដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន វៀរលែងតែសេនាសនៈ៣យ៉ាង គឺអាសន្ទិ១ បល្លង្កៈ១ តូលិកៈ១។

[៣៧៨] សម័យនោះឯង ពួកមនុស្សតាក់តែងគ្រែផង តាំងផង ដែលញាត់សំឡីគ ក្នុងរោងភត្ត និងចន្លោះផ្ទះ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយលើអាសនៈជាគិហិវិក័ដ ដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន។

(ជេតវនវិហារានុមោទនា)

(ជេតវនវិហារានុមោទនា)

[៣៧៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកតាមលំដាប់ សំដៅត្រង់ទៅកាន់ក្រុងសាវត្ថី។ មានរឿងដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ លុះអនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

[៣៨០] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ឲ្យតាក់តែងខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ក្នុងពេលដែលកន្លងរាត្រីនោះទៅហើយ ឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់លំនៅរបស់អនាថបិណ្ឌិកគហបតិ លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ អនាថបិណ្ឌិកគហបតិ ក៏បានអង្គាសខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ថ្វាយដោយដៃឯង ចំពោះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែទ្រង់ប្រកែក លែងទទួលទៀត (លុះដឹងថា) ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ទើបអង្គុយក្នុងទីសមគួរ។ អនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិក្នុងវត្តជេតវនដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរប្រតិស្ឋានវត្តជេតវន សម្រាប់សង្ឃ ដែលបានមកហើយ និងមិនទាន់បានមក អំពីទិសទាំង៤។ អនាថបិណ្ឌិកគហបតិ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ ហើយក៏ប្រតិស្ឋានវត្តជេតវ័ន សម្រាប់សង្ឃ ដែលបានមកហើយ និងមិនទាន់បានមកអំពីទិសទាំង៤។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះអនាថបិណ្ឌិកគហបតិ ដោយគាថាទាំងនេះថា

[៣៨១]

(វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពាររងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច ពស់ធំទាំងឡាយផង មូសទាំងឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃ ដ៏ក្លាខ្លាំង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺ ការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ សម្រាប់ជ្រកកោនផង សម្រាប់នៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធជាម្ចាស់ទាំងឡាយ តែងត្រាស់សរសើរថា ជាអគ្គទាន (ទានដ៏ប្រសើរ)។ ព្រោះហេតុនោះឯង បុរស (ស្រ្តី) ជាបណ្ឌិត កាលបើបានឃើញច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីកសាងវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគប្បីនិមន្តលោក ដែលជាពហុស្សូត គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គប្បីមានចិត្តជ្រះថ្លាចំពោះលោកទាំងឡាយ ដែលមានកាយ និងចិត្តត្រង់ ហើយឲ្យម្ហូបចំណីផង ទឹកផង សំពត់ និងសេនាសនៈទាំងឡាយផង ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់សេចក្តីទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។

លុះព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះអនាថបិណ្ឌិកគហបតិ ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ។

(អាសនប្បដិពាហនាទិ)

(អាសនប្បដិពាហនាទិ)

[៣៨២] សម័យនោះ មានមហាមាត្រម្នាក់ ជាសាវ័ករបស់អាជីវក ធ្វើសង្ឃភត្ត។ ឧបនន្ទសក្យបុត្រមានអាយុមកដល់ក្រោយគេ ក៏បណ្តេញភិក្ខុដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ។ រោងភត្តក៏កើតមានសេចក្តីជ្រួលជ្រើម។ មហាមាត្រនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មកដល់ក្រោយគេ មិនគួរនឹងបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម បើយ៉ាងហ្នឹង ភិក្ខុឯទៀត អាចឆានឆ្អែត ស្រួលបួលដែរ វៀរលែងតែភិក្ខុដែលអង្គុយស៊ប់ហើយ។ ពួកភិក្ខុបានឮមហាមាត្រនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទសក្យបុត្តិយ៍មានអាយុ មកក្រោយគេ មិនគួរនឹងបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់ មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកមកដល់ក្រោយគេ ហើយបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម ពិតមែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស មិនគួរបើអ្នកមកក្រោយគេ ហើយបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញភិក្ខុ ដែលអង្គុយខាងក្រោយគេបង្អស់ ដែលកំពុងនៅឆាន់ មិនទាន់លែង ឲ្យក្រោកចេញទេ ភិក្ខុណាបណ្តេញ ត្រូវអាបត្តិទុក្កដ តែបើ (ភិក្ខុចាស់) បណ្តេញ (ភិក្ខុខ្ចីដែលកំពុងឆាន់) ឲ្យក្រោកចេញ ត្រូវភិក្ខុខ្ចីឃាត់ ហើយនិយាយថា ចូរលោកទៅយកទឹកមក បើបានទឹកនោះមក ដោយអាការដូច្នេះ ការនេះជាការឥតទោស បើមិនបានទឹកមកទេ ត្រូវភិក្ខុខ្ចី លេបគ្រាប់បាយឲ្យស្រួល ហើយឲ្យអាសនៈ ដល់ភិក្ខុចាស់ជាង (នោះ) ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលថា ឲ្យភិក្ខុទាំងឡាយឃាត់អាសនៈ ចំពោះភិក្ខុចាស់ជាង ដោយបរិយាយឯណានីមួយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។

[៣៨៣] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាបណ្តេញពួកភិក្ខុឈឺ ឲ្យក្រោកចេញ។ ភិក្ខុឈឺទាំងឡាយ ពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកខ្ញុំករុណាសុទ្ធតែជាអ្នកឈឺ មិនអាចនឹងក្រោកចេញបានទេ។ ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងនឹងបណ្តេញលោកមានអាយុទាំងឡាយឲ្យក្រោកចេញ ហើយក៏នាំគ្នាចាប់ភិក្ខុទាំងនោះ ឲ្យក្រោកឈរឡើង ហើយលែងចេញ។ ពួកភិក្ខុឈឺ ក៏ជ្រប់ដួលទៅ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញភិក្ខុឈឺទេ ភិក្ខុណាបណ្តេញ ត្រូវអាបត្តិទុក្កដ។

[៣៨៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងទាំងឡាយជាអ្នកឈឺ ទុកជាអ្នកណា ក៏មិនគប្បីបណ្តេញ ឲ្យក្រោកចេញបាន ហើយក៏ដេកជាប់នៅនឹងដំណេកដ៏ប្រសើរ។ បេ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗទីដំណេកដ៏សមគួរ ដល់ភិក្ខុឈឺបាន។

[៣៨៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឃាត់អាសនៈដោយកលមាយាអាក្រក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវហាមឃាត់អាសនៈ ដោយកលមាយាអាក្រក់ទេ6) ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ។

[៣៨៦] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុ ជួសជុលវិហារធំមួយ ដែលមាននៅក្នុងទីបំផុតដែន ដោយគិតគ្នាថា ពួកយើងនឹងនៅចាំវស្សាក្នុងវិហារធំនេះ។ ពួកឆព្វគ្គិយភិក្ខុ បានឃើញពួកសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុលវិហារ លុះឃើញហើយ ក៏បានពោលពាក្យយ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុទាំងនេះ កំពុងតែជួសជុលវិហារ បើដូច្នោះ ពួកយើងនឹងនាំគ្នាបណ្តេញភិក្ខុទាំងនោះ ឲ្យដើរចេញ ភិក្ខុពួកខ្លះពោលយ៉ាងនេះថា លោកទាំងឡាយ ចូរបង្អង់សិន ដ្បិតសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុល ចាំដល់លោកទាំងនោះ ជួសជុលរួចស្រេច សឹមយើងនាំគ្នាបណ្តេញឲ្យដើរចេញ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ពោលពាក្យនេះ នឹងពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ លោកចូរក្រោកចេញ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ លោកទាំងឡាយ គួរប្រាប់មក ឲ្យប្រាកដជាមុន ពួកយើងនឹងនាំគ្នាជួសជុលវិហារឯទៀត។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារ (នេះ) ជារបស់សង្ឃ មិនមែនឬ។ សត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលលោកដ៏មានអាយុ អើ វិហារ (នេះ) ជារបស់សង្ឃមែន។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ លោកត្រូវក្រោកចេញទៅ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារធំដែរ លោកទាំងឡាយនៅក៏បាន យើងនៅក៏បាន។ ឆព្វគ្គិយភិក្ខុ ខឹង អាក់អន់ចិត្ត ហើយច្បាមត្រង់ក ទាញចេញដោយពាក្យថា ម្នាលអាវុសោ លោកទាំងឡាយ ចូរក្រោកដើរចេញ វិហារ ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនោះ កាលបើឆព្វគ្គិយភិក្ខុទាញចេញ ក៏នាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកយំ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះ ខឹងអាក់អន់ចិត្ត ហើយចាប់ទាញពួកយើង ឲ្យចេញចាកវិហាររបស់សង្ឃ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុ មិនសមបើនឹងខឹង អាក់អន់ចិត្ត ហើយចាប់ទាញភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារ ជារបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយភិក្ខុ ខឹងអាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារជារបស់សង្ឃ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ ព្រះមានព្រះភាគ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវខឹង អាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារ ជារបស់សង្ឃទេ ភិក្ខុណាចាប់កន្ត្រាក់ទាញចេញ វិនយធរ គប្បីកាត់សម្រេចឲ្យសមគួរ តាមអាបត្តិ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានភិក្ខុប្រគល់សេនាសនៈ (ដល់ភិក្ខុណាមួយ)។

(សេនាសនគ្គាហាបកសម្មុតិ)

(សេនាសនគ្គាហាបកសម្មុតិ)

[៣៨៧] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរប្រគល់សេនាសនៈឲ្យបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ) គឺភិក្ខុមិនលុះក្នុងឆន្ទាគតិ១ មិនលុះក្នុងទោសាគតិ១ មិនលុះក្នុងមោហាគតិ១ មិនលុះក្នុងភយាគតិ១ ដឹងច្បាស់នូវសេនាសនៈ ដែលខ្លួនបានប្រគល់ និងមិនទាន់បានប្រគល់១។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសង្ឃនឹងសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសេនាសនគ្គាហាបកៈ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនុ៎ះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៣៨៩] គ្រានោះឯង ពួកភិក្ខុជាសេនាសនគ្គាហាបកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគប្បីប្រគល់សេនាសនៈដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរាប់ភិក្ខុមុន លុះរាប់ភិក្ខុរួចហើយ ឲ្យរាប់ដំណេក លុះរាប់ដំណេករួចហើយ សឹមប្រគល់ឲ្យតាមកំណត់នៃដំណេក។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃដំណេក ដំណេក ក៏សល់នៅច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រគល់តាមកំណត់នៃវិហារ។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃវិហារ វិហារក៏សល់នៅច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រគល់តាមកំណត់នៃបរិវេណ។ ពួកភិក្ខុ ក៏ប្រគល់ឲ្យតាមកំណត់នៃបរិវេណ បរិវេណ ក៏សល់នៅច្រើន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗ នូវបរិវេណ តាមចំណែកជាលំដាប់ទៅចុះ កាលបើចំណែកនៃបរិវេណតាមលំដាប់ ពួកភិក្ខុបានទទួលយកហើយ ទើបមានភិក្ខុឯទៀតមកដល់ (តែបើភិក្ខុនោះ) មិនត្រូវការ មិនត្រូវឲ្យទេ។

[៣៩០] សម័យនោះឯង ភិក្ខុទាំងឡាយប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមាទេ ភិក្ខុណាប្រគល់ឲ្យ ត្រូវអាបត្តិទុក្កដ។

[៣៩១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកសេនាសនៈ7) ហើយឃាត់ខាំងទុកគ្រប់កាល។8) ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកសេនាសនៈ ហើយឃាត់ខាំងទុកគ្រប់កាលទេ ភិក្ខុណាឃាត់ខាំងទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឃាត់ខាំងបានតែត្រឹម៣ខែ ក្នុងវស្សានរដូវ (ប៉ុណ្ណោះ) មិនឲ្យឃាត់ខាំងគ្រប់រដូវទេ។

[៣៩២] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ការប្រគល់សេនាសនៈ មានប៉ុន្មានហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈនេះ មាន៣យ៉ាង គឺបុរិមកៈ១ បច្ឆិមកៈ១ អន្តរាមុត្តកៈ១ ដែលឈ្មោះថា បុរិមកៈ ត្រូវភិក្ខុប្រគល់ឲ្យតាំងអំពីថ្ងៃ១រោច ខែអាសាធទៅ ដែលឈ្មោះថា បច្ឆិមកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃ១រោច ខែស្រាពណ៍ទៅ ដែលឈ្មោះថា អន្តរាមុត្តកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃបវារណា ក្នុងខែអស្សុជទៅ ដើម្បីនៅចាំវស្សាតទៅ ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈ មាន៣យ៉ាងដូច្នេះឯង។

ចប់ ភាណវារៈ ជាគំរប់ពីរ។

 

លេខយោង

1)
អមនុស្ស គឺខ្មោច ឬទេវតា
2)
បើមានឧបាសក មានសទ្ធាធ្វើការងារថ្មី គឺសាងវិហារ កុដិជាដើម ប្រគេនសង្ឃ សង្ឃត្រូវចាត់ភិក្ខុដែលប៉ិនប្រសប់ណាមួយ ឲ្យជាអ្នកជួយរ៉ាប់រង ត្រួតត្រាការងារនោះ ដូចកាលនាងវិសាខាសាងបុព្វារាម ព្រះសម្មាសម្ពុទ្ធ ទ្រង់ចាត់ព្រះមោគ្គល្លាន ឲ្យជាអ្នកជួយត្រួតត្រាដូច្នោះ។
3)
អដ្ឋកថា ថា សំដៅយកអាសនៈសម្រាប់ព្រះថេរៈ។
4)
សំដៅយកទឹកទក្ខិណាទកៈ។
5)
សំដៅយកដុំបាយសម្រាប់សង្ឃត្ថេរ។
6)
ដោយកលមាយា អាងហេតុ ឬដោយពុតមាយា ដូចអាងដល់ជម្ងឺឈឺក្បាលជាដើម។
7)
(អដ្ឋកថា) ទទួលយកសេនាសនៈក្នុងថ្ងៃជិតចូលវស្សា។
8)
អស់វស្សានរដូវ៤ខែ
km/tipitaka/vin/cv/vin.cv.06.02.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann