User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.06.02.02

(នវកម្មទានៈ)

សង្ខេប

អ្នក​ប្រហែលឆ្ងល់​ថាវា​តាម​ពិតជា​ការ​កិច្ច សម្រាប់​ព្រះ​សង្ឃ​ដើម្បី​មើលថែ​រក្សា និង​ជួយ​នៅពេល​មាន​​​ការ​កសាង។ ​ការ​អនុញ្ញាត​ដើម្បី​សង្ឃឲ្យនូវនវកម្ម ដល់​ព្រះ​​សង្ឃ​ដែល​មើល​ការ​ខុស​ត្រូវ។

vin cv 06 02 02 បាលី cs-km: vin.cv.06.02.02 អដ្ឋកថា: vin.cv.06.02.02_att PTS: ?

(នវកម្មទានៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(នវកម្មទានំ)

[៣៦៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្រុងវេសាលី ព្រះអង្គទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ដោយលំដាប់ឆ្ពោះត្រង់ទៅក្រុងវេសាលី។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ គង់នៅក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។

[៣៦៨] សម័យនោះឯង មនុស្សទាំងឡាយ កំពុងយកចិត្តទុកដាក់ធ្វើនវកម្ម គឺការងារថ្មី ក៏បានផ្គត់ផ្គង់ពួកភិក្ខុ ដែលជាអ្នករ៉ាប់រងនូវនវកម្ម ដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ថ្នាំជាបច្ច័យសម្រាប់អ្នកជម្ងឺដោយគោរព។

[៣៦៩] លំដាប់នោះ មានជាងជុល ឬដេរម្នាក់ ជាអ្នកកំសត់ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សទាំងនេះ កំពុងយកចិត្តទុកដាក់ធ្វើនវកម្មព្រោះអំពើណា អំពើនេះ មិនមែនជារបស់ថោកទាបទេ បើដូច្នោះ គួរតែអញធ្វើនវកម្មដែរ។ ឯជាងជុល ឬដេរជាអ្នកកំសត់នោះ ជាន់ដី បោះឥដ្ឋ ហើយធ្វើជញ្ជាំងដោយខ្លួនឯង។ ជាងជុលនោះ មិនឈ្លាសរៀប ជញ្ជាំងវៀច ជញ្ជាំងក៏រលំទៅ។ ជាងជុលកំសត់នោះ ជាន់ដីឥដ្ឋ ធ្វើជញ្ជាំងដោយខ្លួនឯង។ អស់វារៈ ជាគំរប់ពីរដងផង។ បេ។ អស់វារៈ ជាគំរប់បីដងផង។ ជាងជុល មិនឈ្លាសនោះ ធ្វើជញ្ជាំងវៀច ជញ្ជាំងក៏រលំទៅ។ លំដាប់នោះ ជាងជុលកំសត់នោះ ពោលទោសតិះដៀល បន្តុះបង្អាប់ថា ជនទាំងឡាយណា ឲ្យចីវរ បិណ្ឌបាតសេនាសនៈ និងភេសជ្ជបរិក្ខារថ្នាំ ជាបច្ច័យសម្រាប់អ្នកជម្ងឺ ដល់ពួកសមណៈ ជាសក្យបុត្តិយ៍នេះ ពួកសមណសក្យបុត្តិយ៍នេះ ទូន្មានប្រៀនប្រដៅនូវជនទាំងឡាយផង រ៉ាប់រងនូវនវកម្មរបស់ជនទាំងនោះផង ចំណែកខាងអញ ជាមនុស្សកំសត់ គ្មានអ្នកណាមួយជួយទូន្មាន ប្រៀនប្រដៅ ឬរ៉ាប់រង នូវនវកម្មរបស់អញសោះឡើយ។ ពួកភិក្ខុ ក៏បានឮជាងជុលកំសត់នោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុ) ឲ្យនវកម្ម1) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយនវកម្ម នឹងដល់នូវសេចក្តីខ្វល់ខ្វាយថា គិតដូចម្តេច នឹងឲ្យវិហារហើយឆាប់ នឹងជួសជុលនូវទីដែលបាក់បែកឡើងវិញបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ មុនដម្បូង ត្រូវសង្ឃសូមភិក្ខុ។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យនូវនវកម្ម ដល់ភិក្ខុមានឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃឲ្យនូវនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ ការឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយការស្ងៀមយ៉ាងនេះ។

 

លេខយោង

1)
បើមានឧបាសក មានសទ្ធាធ្វើការងារថ្មី គឺសាងវិហារ កុដិជាដើម ប្រគេនសង្ឃ សង្ឃត្រូវចាត់ភិក្ខុដែលប៉ិនប្រសប់ណាមួយ ឲ្យជាអ្នកជួយរ៉ាប់រង ត្រួតត្រាការងារនោះ ដូចកាលនាងវិសាខាសាងបុព្វារាម ព្រះសម្មាសម្ពុទ្ធ ទ្រង់ចាត់ព្រះមោគ្គល្លាន ឲ្យជាអ្នកជួយត្រួតត្រាដូច្នោះ។
km/tipitaka/vin/cv/vin.cv.06.02.02.txt · ពេលកែចុងក្រោយ: 2023/08/03 17:05 និពន្ឋដោយ Johann