km:tipitaka:vin:cv:vin.cv.06.02.09

(សេនាសនគ្គាហាបកសម្មុតិ)

សង្ខេប

ព្រះ​ពុទ្ធ​បញ្ញត្តិពីលក្ខណៈ​របស់​បុគ្គល​ដែល​គួរ​ប្រគល់ និង​ចាត់​ចែង​ទី​សេនាសនៈ ហើយ​​វិធីការ​ដើម្បី​​សម្រេច។

vin cv 06 02 09 បាលី cs-km: vin.cv.06.02.09 អដ្ឋកថា: vin.cv.06.02.09_att PTS: ?

(សេនាសនគ្គាហាបកសម្មុតិ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(សេនាសនគ្គាហាបកសម្មុតិ)

[៣៨៧] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរប្រគល់សេនាសនៈឲ្យបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ) គឺភិក្ខុមិនលុះក្នុងឆន្ទាគតិ១ មិនលុះក្នុងទោសាគតិ១ មិនលុះក្នុងមោហាគតិ១ មិនលុះក្នុងភយាគតិ១ ដឹងច្បាស់នូវសេនាសនៈ ដែលខ្លួនបានប្រគល់ និងមិនទាន់បានប្រគល់១។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសង្ឃនឹងសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសេនាសនគ្គាហាបកៈ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនុ៎ះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៣៨៩] គ្រានោះឯង ពួកភិក្ខុជាសេនាសនគ្គាហាបកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគប្បីប្រគល់សេនាសនៈដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរាប់ភិក្ខុមុន លុះរាប់ភិក្ខុរួចហើយ ឲ្យរាប់ដំណេក លុះរាប់ដំណេករួចហើយ សឹមប្រគល់ឲ្យតាមកំណត់នៃដំណេក។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃដំណេក ដំណេក ក៏សល់នៅច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រគល់តាមកំណត់នៃវិហារ។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃវិហារ វិហារក៏សល់នៅច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រគល់តាមកំណត់នៃបរិវេណ។ ពួកភិក្ខុ ក៏ប្រគល់ឲ្យតាមកំណត់នៃបរិវេណ បរិវេណ ក៏សល់នៅច្រើន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗ នូវបរិវេណ តាមចំណែកជាលំដាប់ទៅចុះ កាលបើចំណែកនៃបរិវេណតាមលំដាប់ ពួកភិក្ខុបានទទួលយកហើយ ទើបមានភិក្ខុឯទៀតមកដល់ (តែបើភិក្ខុនោះ) មិនត្រូវការ មិនត្រូវឲ្យទេ។

[៣៩០] សម័យនោះឯង ភិក្ខុទាំងឡាយប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមាទេ ភិក្ខុណាប្រគល់ឲ្យ ត្រូវអាបត្តិទុក្កដ។

[៣៩១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកសេនាសនៈ1) ហើយឃាត់ខាំងទុកគ្រប់កាល។2) ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកសេនាសនៈ ហើយឃាត់ខាំងទុកគ្រប់កាលទេ ភិក្ខុណាឃាត់ខាំងទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឃាត់ខាំងបានតែត្រឹម៣ខែ ក្នុងវស្សានរដូវ (ប៉ុណ្ណោះ) មិនឲ្យឃាត់ខាំងគ្រប់រដូវទេ។

[៣៩២] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ការប្រគល់សេនាសនៈ មានប៉ុន្មានហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈនេះ មាន៣យ៉ាង គឺបុរិមកៈ១ បច្ឆិមកៈ១ អន្តរាមុត្តកៈ១ ដែលឈ្មោះថា បុរិមកៈ ត្រូវភិក្ខុប្រគល់ឲ្យតាំងអំពីថ្ងៃ១រោច ខែអាសាធទៅ ដែលឈ្មោះថា បច្ឆិមកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃ១រោច ខែស្រាពណ៍ទៅ ដែលឈ្មោះថា អន្តរាមុត្តកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃបវារណា ក្នុងខែអស្សុជទៅ ដើម្បីនៅចាំវស្សាតទៅ ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈ មាន៣យ៉ាងដូច្នេះឯង។

ចប់ ភាណវារៈ ជាគំរប់ពីរ។

 

លេខយោង

1)
(អដ្ឋកថា) ទទួលយកសេនាសនៈក្នុងថ្ងៃជិតចូលវស្សា។
2)
អស់វស្សានរដូវ៤ខែ
km/tipitaka/vin/cv/vin.cv.06.02.09.txt · ពេលកែចុងក្រោយ: 2023/08/04 08:21 និពន្ឋដោយ Johann