(?)
vin cv 06 03 បាលី cs-km: vin.cv.06.03 អដ្ឋកថា: vin.cv.06.03_att PTS: ?
(តតិយភាណវារៈ ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. តតិយភាណវារោ)
(…)
[៣៩៣] សម័យនោះឯង ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត ទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី ហើយដើរទៅកាន់អាវាស ក្នុងស្រុកតូចមួយ ក៏ទទួលយកសេនាសនៈ ក្នុងទីនោះទៀត។ លំដាប់នោះ ភិក្ខុទាំងនោះ (ដែលនៅក្នុងទីអាវាសនោះ) គិតគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តនេះ ជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវការទាស់ទែង ធ្វើនូវតិរច្ឆានកថា ធ្វើនៅអធិករណ៍ក្នុងសង្ឃ ប្រសិនបើ ឧបនន្ទភិក្ខុនេះ នៅចាំវស្សាក្នុងទីនេះ យើងទាំងអស់គ្នា នឹងនៅពុំបានសប្បាយឡើយ បើដូច្នោះ មានតែយើងសួរលោកមើល។ ភិក្ខុទាំងនោះ ក៏សួរឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តដូច្នេះថា ម្នាលអាវុសោឧបនន្ទ លោកបានទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី មែនឬ។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ខ្ញុំបានទទួលយកមែន។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោឧបនន្ទ ចុះលោកតែម្នាក់ឯងទេ ម្តេចក៏ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ខ្ញុំលែងយកក្នុងទីនេះហើយ ខ្ញុំនឹងទៅទទួលយកក្នុងទីនោះវិញ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត តែមួយរូប មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបនន្ទ ឮថា អ្នកតែម្នាក់ឯង ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង មែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកតែម្នាក់ឯង មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងទេ ម្នាលមោឃបុរស (បើ) អ្នកទទួលយកសេនាសនៈ ក្នុងទីនោះហើយ មានតែលែងទទួលយកក្នុងទីនេះ (បើ) អ្នកទទួលយកក្នុងទីនេះហើយ មានតែលែងទទួលយកក្នុងទីនោះ នែមោឃបុរស បើយ៉ាងហ្នឹង អ្នកចាត់ថា ជាមនុស្សខាងក្រៅ គឺថា មិនត្រូវបានសេនាសនៈក្នុងទីទាំងពីរខាងទេ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់ឯង មិនត្រូវហួងហែងសេនាសនៈពីរកន្លែងទេ ភិក្ខុណាហួងហែងទុក ត្រូវអាបត្តិទុក្កដ។
[៣៩៤] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន។ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន ម្នាលអាវុសោ បើដូច្នោះ យើងនឹងរៀនវិន័យ ក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុចុះ។ ភិក្ខុច្រើនអង្គទាំងនោះ ទោះជាថេរៈក្តី ខ្ចីក្តី កណ្តាលក្តី តែងនាំគ្នាមករៀនវិន័យ ក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុ។ ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុ ក៏ចេះតែឈរ សំដែង (វិន័យ) ដោយសេចក្តីគោរព ចំពោះពួកភិក្ខុជាថេរៈ។ ឯពួកភិក្ខុជាថេរៈ ក៏ឈរឲ្យលោកសំដែង (វិន័យ) ដោយសេចក្តីគោរពក្នុងធម៌ដែរ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុជាថេរៈក្តី ព្រះឧបាលិដ៏មានអាយុក្តី ក៏លំបាក (ពេកណាស់)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុខ្ចីដែលសំដែង (វិន័យ) អង្គុយលើអាសនៈស្មើគ្នាក៏បាន ខ្ពស់ជាងក៏បាន ដោយសេចក្តីគោរពក្នុងធម៌ និងអនុញ្ញាតឲ្យភិក្ខុជាថេរៈ ដែលនិមន្តភិក្ខុខ្ចីឲ្យសំដែងវិន័យ អង្គុយលើអាសនៈស្មើគ្នាក៏បាន ទាបជាងណាស់ទៅក៏បាន ដោយសេចក្តីគោរពក្នុងធម៌។
[៣៩៥] សម័យនោះឯង ភិក្ខុច្រើនរូប នាំគ្នាឈររៀនបាលី ក្នុងសំណាក់នៃព្រះឧបាលិដ៏មានអាយុ ក៏លំបាក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលមានអាសនៈស្មើគ្នា អង្គុយជាមួយគ្នាបាន។
[៣៩៦] គ្រានោះឯង ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដែលហៅថា មានអាសនៈស្មើគ្នា ដោយវស្សាប៉ុន្មានហ្ន៎។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានវស្សារវាង៣ អង្គុយជាមួយគ្នាបាន។1)
[៣៩៧] សម័យនោះឯង ភិក្ខុច្រើនរូបមានអាសនៈស្មើគ្នា នាំគ្នាទៅអង្គុយលើគ្រែមួយ ទាល់តែបាក់គ្រែ។ ទៅអង្គុយលើតាំងមួយ ក៏បាក់តាំងទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុ៣រូប តាំងមួយ ដល់ភិក្ខុ៣រូប។ ភិក្ខុ៣រូបអង្គុយលើគ្រែមួយ ក៏បាក់គ្រែទៅ។ អង្គុយលើតាំងមួយ ក៏បាក់តាំងទៀត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុពីររូប តាំងមួយ ដល់ភិក្ខុពីររូប។2)
[៣៩៨] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យនឹងការអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុដែលមានអាសនៈមិនស្មើគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុ ដែលមានអាសនៈមិនស្មើគ្នាបាន វៀរលែងតែមនុស្សខ្ទើយ មាតុគ្រាម និងមនុស្សមានភេទពីរ។
[៣៩៩] គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អាសនៈវែង តើមានទីបំផុតត្រឹមណា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអាសនៈវែង ដែលមានទីបំផុតល្មមភិក្ខុ៣រូប (អង្គុយបាន)។
[៤០០] សម័យនោះឯង នាងវិសាខា ជាមិគារមាតា ចង់ឲ្យជាងធ្វើបា្រសាទ ប្រកបដោយរបៀងឈ្មោះ ហត្ថិនខកៈ3) បំរុងប្រគេនព្រះសង្ឃ។ លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ បានទ្រង់អនុញ្ញាតការប្រើប្រាស់ប្រាសាទហើយឬ ៗមិនទាន់បានទ្រង់អនុញ្ញាតទេហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការប្រើប្រាស់ប្រាសាទគ្រប់យ៉ាងបាន។
[៤០១] សម័យនោះ ព្រះអយ្យិការបស់ព្រះបាទបសេនទិកោសលសុគត។ កាលដែលព្រះអយ្យិកានោះសុគតទៅ សង្ឃក៏បានអកប្បិយភណ្ឌជាច្រើន ឯអកប្បិយភណ្ឌនោះគឺ អាសនៈ ដែលកន្លងហួសប្រមាណ គ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ព្រំមានរោមវែងជាង៤ធ្នាប់ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ កម្រាលមានពណ៌ស ដែលធ្វើពីរោមសត្វ កម្រាលដែលធ្វើពីរោមសត្វជាផ្កាចង្កោម កម្រាលដែលញាត់គ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសីហៈ និងខ្លាធំជាដើម កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងតែម្ខាង កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងទាំងពីរខាង កម្រាលដែលធ្វើពីឌិនមាស ឬខ្សែសយ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលដែលធ្វើពីសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលធ្វើពីរោមសត្វល្មមស្រីរបាំ១៦នាក់ឈររាំបាន កម្រាលសម្រាប់ក្រាលលើខ្នងដំរី កម្រាលសម្រាប់ក្រាលលើខ្នងសេះ កម្រាលសម្រាប់ក្រាលលើរថ កម្រាលដែលធ្វើដោយស្បែកខ្លា កម្រាលដ៏ឧត្តម ដែលធ្វើពីស្បែកឈ្មុស ខ្នើយពណ៌ក្រហមទាំងពីរខាង (គឺខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់ជើងអាសនៈ ដែលកន្លងហួសប្រមាណ ហើយសឹមប្រើប្រាស់ ឲ្យទំលាយរូបសត្វសាហាវនៃគ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ហើយសឹមប្រើប្រាស់ ឲ្យកកាយកម្រាលដែលញាត់គ យកមកធ្វើជាខ្នើយ អាសនៈក្រៅអំពីនោះ យកមកធ្វើជាកម្រាលសម្រាប់ក្រាលលើផែនដីបាន។
(អវិស្សជ្ជិយវត្ថុ)
[៤០២] សម័យនោះឯង ពួកអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូច១ មិនឆ្ងាយពីក្រុងសាវត្ថី មានសេចក្តីលំបាកនឹងរៀបចំក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ។ ភិក្ខុទាំងនោះ ក៏គិតគ្នាថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ពួកយើងលំបាកនឹងក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងនឹងប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប ឯយើងរាល់គ្នា ចាំប្រើប្រាស់ទ្រព្យរបស់ ដោយសារភិក្ខុនោះវិញ។ ភិក្ខុទាំងនោះ ក៏បានប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប។ ពួកអាគន្តុកភិក្ខុនិយាយពាក្យនេះ នឹងអាវាសិកភិក្ខុនោះថា ម្នាលអាវុសោ ចូរលោករៀបចំសេនាសនៈបម្រុងយើង។ អាវាសិកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈរបស់សង្ឃ មិនមានទេ (ព្រោះ) យើងបានប្រគល់ឲ្យភិក្ខុមួយរូបអស់ទៅហើយ។ អាគន្តុកភិក្ខុសួរថា ម្នាលអាវុសោ ពួកលោកហ៊ានលះសេនាសនៈរបស់សង្ឃឬ។ អាវាសិកភិក្ខុឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុ មិនសមបើហ៊ានលះសេនាសនៈ ជារបស់សង្ឃសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុ លះសេនាសនៈរបស់សង្ឃ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងលះសេនាសនៈរបស់សង្ឃសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរលះចេញ៥យ៉ាងនេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។ របស់ទាំង៥នោះ ដូចម្តេច។ គឺអារាម គឺសួនច្បារ4) ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរលះចេញ ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដីសម្រាប់សង់លំនៅ១ នេះជារបស់មិនគួរលះចេញ ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជារបស់មិនគួរលះចេញ ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជារបស់មិនគួរលះចេញ ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅយ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺគ្រឿងធ្វើពីដី១ នេះជារបស់មិនគួរលះចេញ ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជារបស់មិនគួរលះចេញ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។
(អវេភង្គិយវត្ថុ)
[៤០៣] គ្រានោះឯង ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី សំរាន្តពុទ្ធឥរិយាបថ ហើយយាងទៅកាន់ចារិក ក្នុងកិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុ បានឮដំណឹងថា ព្រះមានព្រះភាគ យាងមកដល់កិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ក៏និយាយថា ម្នាលអាវុសោ បើដូច្នោះ មានតែយើងនាំគ្នាចែកសេនាសនៈ ជារបស់សង្ឃទាំងអស់ (ដ្បិត) សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា កុំរៀបចំក្រាលសេនាសនៈប្រគេនលោកឡើយ។ ភិក្ខុទាំងនោះ ក៏នាំគ្នាចែកសេនាសនៈ ដែលជារបស់សង្ឃទាំងអស់។ គ្រានោះ ព្រះមានព្រះភាគ កំពុងស្តេចមកកាន់ចារិក តាមលំដាប់ ទ្រង់តម្រង់ទៅកាន់កិដាគិរិជនបទនោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុច្រើនរូបមកថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរដើរទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ កំពុងតែស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោករាល់គ្នា ចូររៀបចំក្រាលសេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ (ព្រះពុទ្ធដីកា) នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំគ្នាចូលទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ ទើបថ្លែងបណ្តាំនេះ ប្រាប់ពួកអស្សជិ និងបុនព្វសុកភិក្ខុថា ម្នាលអាវុសោ ដ្បិតព្រះមានព្រះភាគ ស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោកទាំងឡាយ ចូរនាំគ្នារៀបចំក្រាលសេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈ ដែលជារបស់សង្ឃ មិនមានទេ (ព្រោះ) សេនាសនៈទាំងអស់ យើងចែកគ្នាអស់ហើយ ម្នាលអាវុសោ ព្រះមានព្រះភាគ ស្តេចមកល្អហើយ ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងវិហារណា ក៏នឹងគង់ក្នុងវិហារនោះទៅ ឯសារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា មិនបានរៀបចំក្រាលសេនាសនៈឲ្យលោកទាំងនោះទេ។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោ លោកទាំងឡាយ នំាគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ពួកអស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងចែកមែន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកអស្សជិ និងបុនព្វសុកភិក្ខុ មិនសមបើមកនាំគ្នាចែកសេនាសនៈរបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអស្សជិ និងបុនព្វសុកភិក្ខុ នាំគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងហ៊ាននាំគ្នាចែកសេនាសនៈរបស់សង្ឃទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរចែក៥ពួកនេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។ របស់៥ពួក ដូចម្តេច។ (របស់៥ពួកនោះ គឺ) អារាម គឺសួនច្បារ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរចែក ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដីសម្រាប់សង់លំនៅ១ នេះជារបស់មិនគួរចែក ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជាវត្ថុមិនគួរចែក ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជាវត្ថុមិនគួរចែក ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅយ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺគ្រឿងធ្វើពីដី១ នេះជាវត្ថុមិនគួរចែក ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជាវត្ថុមិនគួរចែក ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែកឡើយ ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។
(នវកម្មទានកថា)
[៤០៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកិដាគិរិជនបទ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងទៅកាន់ចារិក ក្នុងដែនអាឡវី ទ្រង់ត្រាច់ទៅកាន់ចារិក តាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ។ ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង អគ្គាឡវចេតិយ ទៀបដែនអាឡវីនោះ។
[៤០៥] សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនឡាឡវី ឲ្យនវកម្មមានសភាពយ៉ាងនេះ គឺឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ ឲ្យនវកម្ម ដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្ម ដោយគ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គខ្លះ5) ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនៅដែនអាឡវី មិនសមនឹងឲ្យនវកម្មមានសភាពយ៉ាងនេះទេ គឺឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ ឲ្យនវកម្មដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការនោះពិតមែនឬ។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំង មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែដំកល់ទ្វារ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារ មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែធ្វើបង្អួច មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ស មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ខ្មៅ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែចងទុក មិនត្រូវឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្រប មិនត្រូវឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំ មិនត្រូវឲ្យនវកម្មអស់២០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់៣០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់១ជីវិត មិនត្រូវឲ្យនវកម្មអស់ ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែង ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យនវកម្ម ចំពោះតែវិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ (បើ) វិហារតូច ឲ្យត្រួតមើលការងារហើយ សឹមឲ្យនវកម្មអស់ត្រឹម៦ឆ្នាំ ឬ៥ឆ្នាំ ឲ្យរួច (បើ) អឌ្ឍយោគ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនូវនវកម្ម អស់ត្រឹម៧ឆ្នាំ ឬ៨ឆ្នាំឲ្យរួច (បើ) វិហារធំ ឬប្រាសាទ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្មអស់ត្រឹម១០ឆ្នាំ ឬ១២ឆ្នាំឲ្យរួច។
[៤០៦] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មចំពោះវិហារទាំងអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ចំពោះវិហារទាំងអស់ទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤០៧] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មពីរកន្លែង ដល់ភិក្ខុ១រូប។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យវនកម្មពីរកន្លែង ដល់ភិក្ខុ១រូបទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤០៨] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយឲ្យភិក្ខុដទៃនៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយឲ្យភិក្ខុដទៃនៅទេ ភិក្ខុណាឲ្យភិក្ខុដទៃនៅ ត្រូវអាបត្តិទុក្កដ។
[៤០៩] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយហាមឃាត់សេនាសនៈរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម ហើយហាមឃាត់សេនាសនៈរបស់សង្ឃទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុដែលធ្វើការនោះ) ទទួលយកទីដេកដ៏ប្រសើរ១ (បន្ទប់បាន)។
[៤១០] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមាទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤១១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាលទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យហាមឃាត់ត្រឹម៣ខែ នៃវស្សានរដូវ (ប៉ុណ្ណោះ) មិនមែនហាមឃាត់គ្រប់កាលនៃរដូវទេ។
[៤១២] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្មហើយ ដើរចេញទៅខ្លះ សឹកខ្លះ ធ្វើមរណភាពខ្លះ ប្តេជ្ញាខ្លួនទៅជាសាមណេរខ្លះ ប្តេជ្ញាជាអ្នកលាសិក្ខាខ្លះ ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយខ្លះ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញខ្លះ ប្តេជ្ញាជាមនុស្សខ្ទើយខ្លះ ប្តេជ្ញាជាមនុស្សលួចសំវាសខ្លះ ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ប្តេជ្ញាជាអ្នកសម្លាប់មាតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់បិតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនីខ្លះ ប្តេជ្ញាជាអ្នកបំបែកសង្ឃខ្លះ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ប្តេជ្ញាជាអ្នកមានភេទពីរខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៤១៣] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀរចេញទៅ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្ម ហើយសឹកចេញ ធ្វើមរណភាព ប្តេជ្ញាទៅជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ប្តេជ្ញាជាមនុស្សខ្ទើយ ប្តេជ្ញាជាមនុស្សលួចសំវាស ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។
[៤១៤] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀសចេញទៅក្នុងវេលាដែលធ្វើ (នវកម្ម) មិនទាន់ស្រេច។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុឯទៀត ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ សឹកចេញ ក្នុងវេលាដែលធ្វើនវកម្ម មិនទាន់ស្រេច។ ធ្វើមរណភាព។ បេ។ ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។
[៤១៥] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀសចេញទៅ ក្នុងវេលាដែលធ្វើ (នវកម្ម) ហើយស្រេច (លុះត្រឡប់មកនៅវិញ) នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។
[៤១៦] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ សឹកចេញ ធ្វើមរណភាព ប្តេជ្ញាជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ក្នុងវេលាដែលធ្វើនវកម្មហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។
[៤១៧] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិចេញ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក្នុងវេលាដែលធ្វើនវកម្មហើយស្រេច នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។
[៤១៨] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ប្តេជ្ញាជាមនុស្សខ្ទើយ ប្តេជ្ញាជាអ្នកលួចសំវាស ប្តេជ្ញាជាអ្នកស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ ក្នុងវេលាដែលធ្វើ(នវកម្ម)ហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។
(អញ្ញត្របរិភោគបដិក្ខេបាទិ)
[៤១៩] សម័យនោះឯង ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ (ដែលគេឧទ្ទិស) ជាគ្រឿងសម្រាប់ប្រើប្រាស់ ក្នុងវិហារ ទៅប្រើប្រាស់ក្នុងទីឯទៀត។ គ្រានោះ ឧបាសកនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ មិនសមបើនឹងយកគ្រឿងប្រើប្រាស់អំពីទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកគ្រឿងប្រើប្រាស់ ក្នុងទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៤២០] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យ (មិនហ៊ាន) នាំយក (គ្រឿងប្រើប្រាស់) ទៅកាន់រោងឧបោសថ កាន់រោងជាទីប្រជុំ ហើយក៏នាំគ្នាអង្គុយផ្ទាល់លើផែនដី។ ទាំងខ្លួន ទាំងចីវរ (របស់ភិក្ខុនោះ) ក៏ប្រឡាក់ប្រឡូស ដោយអាចម៍ដី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យនាំយក (គ្រឿងប្រើប្រាស់នោះ) ឲ្យជារបស់ខ្ចីបាន។
[៤២១] សម័យនោះឯង វិហារធំរបស់សង្ឃទ្រុឌទ្រោម។ ពួកភិក្ខុសង្ស័យ មិនហ៊ាននាំយកសេនាសនៈចេញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យនាំយក (សេនាសនៈ) ទៅទុកថែរក្សាបាន។
[៤២២] សម័យនោះឯង សំពត់កម្ពលមានតម្លៃច្រើន ជាសេនាសនបរិក្ខារ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្ម គឺការចំរើនបាន។
[៤២៣] សម័យនោះឯង សំពត់មានតម្លៃច្រើន ជាបរិក្ខារក្នុងសេនាសនៈ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្មបាន។
[៤២៤] សម័យនោះឯង ស្បែកខ្លាឃ្មុំ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជាទ្រនាប់សម្រាប់ជូតជើងបាន។
[៤២៥] សម័យនោះឯង វត្ថុមានសណ្ឋានដូចជាកង់ (ដែលគេវេញ ដោយសំពត់កម្ពលជាដើម) កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជារង្វេល ម្រាប់ជូតជើងបាន។
[៤២៦] សម័យនោះឯង មានកំណាត់សំពត់ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជាសំពត់ សម្រាប់ជូតជើងបាន។
[៤២៧] សម័យនោះឯង ពួកភិក្ខុមិនទាន់លាងជើង6) ហើយដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឥតលាងជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤២៨] សម័យនោះឯង ពួកភិក្ខុដើរជាន់សេនាសនៈទាំងជើងទទឹក។ សេនាសនៈក៏សើមអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរជាន់សេនាសនៈទាំងជើងទទឹកទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤២៩] សម័យនោះឯង ពួកភិក្ខុពាក់ស្បែកជើង ដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុពាក់ស្បែកជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤៣០] សម័យនោះឯង ពួកភិក្ខុស្តោះទឹកមាត់ លើទីដែលគេតាក់តែងឲ្យស្អាត។ (ទីនោះ) ក៏អាប់អន់ពណ៌សម្បុរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្តោះទឹកមាត់ លើទីដែលគេតាក់តែងទេ ភិក្ខុណាស្តោះ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យប្រើ) កន្ថោរទឹកមាត់។
[៤៣១] សម័យនោះឯង ជើងគ្រែខ្លះ ជើងតាំងខ្លះ ក៏កោសដាច់ទីកន្លែង ដែលគេតាក់តែងឲ្យល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំ (ជើងគ្រែ ជើងតាំងនោះ) ដោយកំណាត់សំពត់។
[៤៣២] សម័យនោះឯង ពួកភិក្ខុផ្អែកនឹងជញ្ជាំងដែលគេលាប (ថ្នាំផ្សេងៗ)។ ពណ៌សម្បុរ (ជញ្ជាំង) ក៏អាប់អន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផ្អែកនឹងជញ្ជាំង ដែលគេលាប (ថ្នាំផ្សេងៗ) ទេ ភិក្ខុណាផ្អែក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារសម្រាប់ផ្អែក។ ឯផែនក្តារសម្រាប់ផ្អែក ក៏កោសផ្ទៃទីខាងក្រោមនឹងជញ្ជាំងខាងលើ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំសំពត់ទាំងខាងលើ ទាំងខាងក្រោម។
[៤៣៣] សម័យនោះឯង ភិក្ខុមានជើងលាងស្រេចហើយ តែនៅមានសង្ស័យ (មិនហ៊ាន) ដេក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលរួចសឹមដេក។
(សង្ឃភត្តាទិអនុជាននំ)
[៤៣៤] គ្រានោះ ព្រះមានព្រះភាគគង់នៅក្នុងដែន អាឡវី គួរតាមព្រះអធ្យាស្រ័យ រួចហើយ ទ្រង់ស្តេចទៅកាន់ចារិក ក្រុងរាជគ្រឹះ ស្តេចទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ក្រុងរាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។
[៤៣៥] សម័យនោះឯង ក្រុងរាជគ្រឹះក៏កើតទុរ្ភិក្ស (អត់បាយ) មនុស្សទាំងឡាយ មិនអាចនឹងធ្វើសង្ឃភត្តបាន ហើយក៏ប្រាថ្នានឹងធ្វើឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសង្ឃភត្ត ឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។
(ភត្តុទ្ទេសកសម្មុតិ)
[៤៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទទួលយកភត្តប្រសើរ ចំពោះខ្លួនឯង ហើយឲ្យភត្តមិនថ្លៃថ្លា ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាភត្តុទ្ទេសកៈ គឺអ្នកសំដែងភត្ត (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់ភត្តដែលខ្លួនបានសំដែង និងមិនទាន់បានសំដែង១។
[៤៣៧] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៣៨] លំដាប់នោះ ពួកភិក្ខុជាភត្តុទ្ទេសកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគួរសំដែងភត្តដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចារិក ដោយសលាក ឬដំបា (មានបន្ទះឫស្សី និងស្លឹកត្នោតជាដើម) លា ឬបើកហើយ សឹមសំដែងភត្ត។
(សេនាសនបញ្ញាបកាទិសម្មុតិ)
[៤៣៩] សម័យនោះឯង មិនទាន់មានភិក្ខុជាសេនាសនប្បញ្ញាបកៈ (អ្នកក្រាលសេនាសនៈ) បម្រុងសង្ឃ។ បេ។ មិនទាន់មានភិក្ខុជាភណ្ឌាគារិកៈ (អ្នករក្សាឃ្លាំង)។ បេ។ មិនទាន់មានភិក្ខុជាចីវរប្បដិគ្គាហកៈ (អ្នកទទួលចីវរទុក)។ បេ។ មិនទាន់មានភិក្ខុជាចីវរភាជកៈ (អ្នកចែកចីវរ)។ បេ។ មិនទាន់មានភិក្ខុជាយាគុភាជកៈ (អ្នកចែកបបរ)។ បេ។ មិនទាន់មានភិក្ខុជាផលភាជកៈ (អ្នកចែកផ្លែឈើ)។ បេ។ មិនទាន់មានភិក្ខុជាខជ្ជកភាជកៈ (អ្នកចែកបង្អែម)នៅឡើយ។ បេ។ បង្អែមដែលមិនបានចែក ក៏ខូចអស់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាខជ្ជកភាជកៈ (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់វត្ថុដែលខ្លួនបានចែក និងមិនទាន់បានចែក១។
[៤៤០] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃគប្បីសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ (អ្នកចែកបង្អែម)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឥឡូវ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ។ ការសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈហើយ ការសន្មតិនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
(អប្បមត្តកវិស្សជ្ជកសម្មុតិ)
[៤៤១] សម័យនោះឯង បរិក្ខារតិចតួច មានក្រាស់ក្រែលឡើង ក្នុងឃ្លាំងរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (អ្នកចែកចាយនូវបរិក្ខារតិចតួច) (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់បរិក្ខារ ដែលខ្លួនបានចែកចាយហើយ និងមិនទាន់បានចែកចាយហើយ១។
[៤៤២] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (អ្នកចែកចាយបរិក្ខារតិចតួច)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៤៣] ភិក្ខុជាអប្បមត្តកវិស្សជ្ជកៈនោះ (បើមានភិក្ខុមកសូមម្ជុល) ត្រូវឲ្យម្ជុលមួយ (ម្តង)។ ត្រូវឲ្យកាំបិត។ ត្រូវឲ្យស្បែកជើង។ ត្រូវឲ្យវត្ថពន្ធចង្កេះ។ ត្រូវឲ្យយោគបាត្រ។ ត្រូវឲ្យសំពត់តម្រង់ទឹក។ ត្រូវឲ្យធម្មក្រក។ ត្រូវឲ្យសំពត់កុសិ (ខ្ទង់វែង)។ ត្រូវឲ្យសំពត់អឌ្ឍកុសិ (ខ្ទង់ខ្លី)។ ត្រូវឲ្យសំពត់មណ្ឌល (ផ្ទាំងធំ)។ ត្រូវឲ្យសំពត់អឌ្ឍមណ្ឌល (ផ្ទាំងតូច)។ ត្រូវឲ្យសំពត់អនុវាត។ ត្រូវឲ្យសំពត់សម្រាប់ថែម ឬសំពត់សម្រាប់ប៉ះ។ បើមានសប្បិក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅក្តី (ភិក្ខុអ្នកចែកចាយបរិក្ខារនោះ) ត្រូវឲ្យដល់សង្ឃឆាន់ ក្នុងគ្រាម្តងៗ។ បើសង្ឃត្រូវការទៀត ត្រូវឲ្យទៀត។ បើសង្ឃត្រូវការម្តងទៀត ត្រូវឲ្យម្តងទៀត។
(សាដិយគ្គាហាបកាទិសម្មុតិ)
[៤៤៤] សម័យនោះឯង មិនទាន់មានភិក្ខុជាសាដិយគ្គាហាបកៈ (អ្នកប្រគល់សំពត់ដល់សង្ឃ)។ បេ។ មិនទាន់មានភិក្ខុជាបត្តគ្គាហាបកៈ (អ្នកប្រគល់បាត្រ)។ បេ។ មិនទាន់មានភិក្ខុជាអារាមិកបេសកៈ (អ្នកប្រើញោមវត្ត)។ បេ។ មិនទាន់មានសាមណេរបេសកៈ (អ្នកប្រើសាមណេរ)។ បេ។ សាមណេរទាំងឡាយ កាលបើភិក្ខុមិនប្រើ ក៏មិនធ្វើការងារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាសាមណេរបេសកៈ (អ្នកប្រើសាមណេរ) (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់សាមណេរ ដែលខ្លួនបានប្រើ និងមិនទាន់បានប្រើ១។
[៤៤៥] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃគប្បីសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
ចប់ ភាណវារៈ ទី៣ ចប់ សេនាសនក្ខន្ធកៈ ទី៦។ ឧទ្ទាននៃសេនាសនក្ខន្ធកៈនោះ (ដូចតទៅនេះ)
[៤៤៦]
រឿងព្រះសម្មាសម្ពុទ្ធប្រសើរ មិនទាន់បានបញ្ញត្តវិហារក្នុងគ្រានោះ១ រឿងសាវ័កព្រះជិនស្រី ដើរចេញទៅ នៅក្នុងទីនោះៗ១ រឿងសេដ្ឋីគហបតិ បានឃើញព្រះសាវ័កទាំងនោះ ហើយដំណាលរឿងនេះ ប្រាប់ភិក្ខុទាំងឡាយថា ខ្ញុំព្រះករុណា បម្រុងនឹងឲ្យជាងធ្វើវិហារ សូមលោកម្ចាស់ទាំងឡាយ គង់នៅក្នុងវិហាររបស់យើង១ រឿងពួកភិក្ខុក្រាបបង្គំទូល (ដំណើរនុ៎ះ) ចំពោះព្រះសម្មាសម្ពុទ្ធ ជានាយក១។ រឿងទ្រង់អនុញ្ញាតទីជ្រកកោន៥យ៉ាង គឺវិហារ១ អឌ្ឍយោគ១ បា្រសាទ១ ប្រាសាទដំបូលត្រងិល១ គុហា១ រឿងសេដ្ឋីឲ្យជាងធ្វើវិហារ១។ រឿងមហាជនឲ្យជាងធ្វើវិហារ ឥតមានសន្ទះទ្វារ១ រឿងទ្រង់អនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្រណាប់ក្រោម និងត្រណាប់លើជាដើម១។ រឿងទ្រង់អនុញ្ញាតប្រហោងដាក់ខ្សែសម្រាប់ទាញ និងខ្សែសម្រាប់ទាញគន្លឹះ មេទ្វារ ត្រដោកទ្វារ រនុក គន្លឹះ និងសោ៣យ៉ាង គឺ សោធ្វើពីលោហៈ សោធ្វើពីឈើ សោធ្វើពីស្នែង១។ រឿងទ្រង់អនុញ្ញាតសោយន្ត និងគន្លឹះ រឿងទ្រង់អនុញ្ញាតដម្បូល និងឲ្យបូកលាបខាងក្នុង ខាងក្រៅ១ រឿងទ្រង់អនុញ្ញាតបង្អួច៣យ៉ាង គឺបង្អួចមានវេទី បង្អួចមានក្រឡាសំណាញ់ បង្អួចមានសសរចម្រឹង១ រឿងទ្រង់អនុញ្ញាតឲ្យយកវត្ថុសម្រាប់ជូតជើង ដែលគេវេញ មានសណ្ឋានដូចជាកង់ចងបង្អួច១ រឿងទ្រង់អនុញ្ញាតកម្រាលស្មៅ១ រឿងទ្រង់អនុញ្ញាតបន្ទះក្តារ សម្រាប់អង្គុយ ឬដេក១ រឿងទ្រង់អនុញ្ញាតគ្រែផ្តៅ១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេដាប់ជើង ហើយបញ្ចូលមេទៅក្នុងដំណាប់ ដែលគេចោលក្នុងព្រៃស្មសាន១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេបង្ខាំងជើងគ្រែដោយមេគ្រែ១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេធ្វើជើងប្រហែលនឹងជើងសេះ ឬជើងពពែជាដើម១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេបញ្ចុះពន្លួញទៅក្នុងមេ១ រឿងទ្រង់អនុញ្ញាតគ្រែបួនជ្រុង មានជើងខ្ពស់១ រឿងទ្រង់អនុញ្ញាតគ្រែ មានអង្គប្រាំពីរ១ រឿងទ្រង់អនុញ្ញាតតាំងផ្តៅ១ រឿងទ្រង់អនុញ្ញាតគ្រែ និងតាំងមានជើងដូចជើងពពែ១ រឿងទ្រង់អនុញ្ញាតតាំង មានជើងច្រើន ដែលគេប្រកបដោយអាការដូចជាផ្លែកន្ទួតព្រៃ១ រឿងទ្រង់អនុញ្ញាតផែនក្តារ១ រឿងទ្រង់អនុញ្ញាតកៅអីមានទ្រនាប់១ រឿងទ្រង់អនុញ្ញាតតាំងញាត់ចម្បើង១ រឿងទ្រង់ហាមគ្រែខ្ពស់ហួសប្រមាណ១ រឿងពស់ចឹកភិក្ខុ ទើបទ្រង់អនុញ្ញាតទ្រនាប់គ្រែ១ រឿងទ្រង់អនុញ្ញាតទ្រនាប់ជើងគ្រែ មានកំពស់៨ធ្នាប់១ រឿងទ្រង់អនុញ្ញាតអំបោះសម្រាប់រុំគ្រែ១ រឿងទ្រង់អនុញ្ញាតឲ្យចាក់ស្រែះគ្រែ ជាក្រឡាចត្រង្គ១ រឿងទ្រង់អនុញ្ញាតសំពត់សម្រាប់ទ្រាប់គ្រែ១ រឿងទ្រង់អនុញ្ញាតឲ្យកកាយវត្ថុដែលញាត់ដោយសំឡី យកមកធ្វើជាខ្នើយបាន១ រឿងទ្រង់អនុញ្ញាតខ្នើយកន្លះកាយ១ រឿងមហោស្រពលើកំពូលភ្នំ១ រឿងទ្រង់អនុញ្ញាតពូក១ រឿងសំពត់សម្រាប់ប្រើប្រាស់ ក្នុងសេនាសនៈ១ រឿងទ្រង់អនុញ្ញាតគ្រែតាំង ដែលញាត់ភ្ជាប់គ្រឿងញាត់ ក៏លៀនចេញធ្លាក់មកខាងក្រោម១ រឿងពួកចោរបកយកស្រោមពូកទៅ១ រឿងទ្រង់អនុញ្ញាតឲ្យគូស ដោយគំនូសផ្សេងៗ១ រឿងទ្រង់អនុញ្ញាតឲ្យផ្តិតនឹងម្រាមដៃ១ រឿងដំណេកពួកតិរ្ថិយ១ រឿងទ្រង់អនុញ្ញាតឲ្យលាបវិហារ ដោយជ័រមានពណ៌ស ឬខ្មៅ១ រឿងទ្រង់អនុញ្ញាតឲ្យលាយអង្កាម និងដីដែលមដ្ឋ១ រឿងទ្រង់អនុញ្ញាតជ័រឈើ១ រឿងទ្រង់អនុញ្ញាតដីលាយនឹងកុណ្ឌក ហើយកៀសដោយខ្នៀស១ រឿងទ្រង់អនុញ្ញាតម្សៅគ្រាប់ស្ពៃ ឬប្រេងលាយនឹងក្រមួន១ រឿងទ្រង់អនុញ្ញាត ឲ្យយកកំណាត់សំពត់ជូតប្រេង ដែលជោរឡើង១ រឿងផ្ទៃជញ្ជាំងអាក្រក់១ រឿងទ្រង់អនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន១ រឿងទ្រង់អនុញ្ញាតជ័រឈើ និងទឹកចត់១ រឿងទ្រង់បញ្ញត្តមិនឲ្យភិក្ខុគូររូបស្រីប្រុស១ រឿងទីវិហារទាប ទ្រង់អនុញ្ញាតឲ្យធ្វើខឿន (៣យ៉ាង)១ រឿងទ្រង់អនុញ្ញាតជណ្តើរ (៣យ៉ាង)១ រឿងភិក្ខុធ្លាក់ពីលើជណ្តើរ១ រឿងវិហារមានមនុស្សកុះករច្រើន ភិក្ខុមានខ្មាស មិនហ៊ានដេក ទើបទ្រង់អនុញ្ញាតឲ្យធ្វើជញ្ជាំងតឿ១ រឿងទ្រង់អនុញ្ញាតបន្ទប់៣យ៉ាងទៀត១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើបន្ទប់ក្នុងវិហារតូច១ រឿងជើងជញ្ជាំងវិហារពុកផុយ១ រឿងភ្លៀងសាចមកត្រូវជញ្ជាំង១ រឿងភិក្ខុស្រែកខ្លាំង (ព្រោះខ្លាចពស់)១ រឿងទ្រង់អនុញ្ញាតចម្រឹងជញ្ជាំង និងដៃកែវ១ រឿងទ្រង់អនុញ្ញាតស្នួរចីវរ និងខ្សែស្បៀង១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើរបៀងវិហារ១ រឿងទ្រង់អនុញ្ញាតសំពត់រនាំងព្រួល សម្រាប់រូតចុះរូតឡើងបាន១ រឿងទ្រង់អនុញ្ញាតបង្កាន់ដៃ១ រឿងកំទេចស្មៅ (ជ្រុះក្នុងឧបដ្ឋានសាលា)១ រឿងទ្រង់អនុញ្ញាតឲ្យពូនដីក្នុងទីទាប១ រឿងភិក្ខុដាក់ទឹកឆាន់ក្នុងទីវាល (ទឹកក៏ក្តៅ ឆាន់មិនកើត) ទើបទ្រង់អនុញ្ញាតឲ្យធ្វើរោងដាក់ទឹក១ រឿងភាជន៍សម្រាប់ដាក់ទឹកមិនទាន់មាន១ រឿងវិហារមិនទាន់មានគ្រឿងបិទបាំង១ រឿងទ្រង់អនុញ្ញាតបន្ទប់១ រឿងទ្រង់អនុញ្ញាតបរិវេណ១ រឿងទ្រង់អនុញ្ញាតរោងភ្លើង១ រឿងទ្រង់អនុញ្ញាតឲ្យពូនដី ត្រង់ទីទាបក្នុងអារាម១ រឿងទ្រង់អនុញ្ញាតក្លោងទ្វារជាដើម១ (រឿងតទៅ) បណ្ឌិតគប្បីធ្វើន័យដូចពោលរួចហើយខាងក្រោយ រឿងអនាថបិណ្ឌិកសេដ្ឋី មានសទ្ធាយល់ធម៌ច្បាស់លាស់ (ថ្ងៃមួយ) បានដើរទៅកាន់ព្រៃជាំ (ព្រៃត្រជាក់) ហើយនិមន្តព្រះសម្មាសម្ពុទ្ធជានាយក ព្រមទាំងភិក្ខុសង្ឃ (ដើម្បីឆាន់ក្នុងថ្ងៃស្អែក) បានបង្គាប់ទាសកម្មករ ឲ្យចាត់ចែងភត្តក្នុងពាក់កណ្តាលផ្លូវ (លុះខាងក្រោយមក) បានឲ្យពួកជាងសាងវត្ត (បម្រុងព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន)១ រឿង (មនុស្សទាំងឡាយធ្វើ) នវកម្ម ក្នុងនគរវេសាលី១ រឿង (កូនសិស្សឆព្វគ្គិយភិក្ខុ) ដើរជែងទៅមុនភិក្ខុសង្ឃ ហើយហួងហែងសេនាសនៈ១ រឿង (ព្រះអង្គត្រាស់សួរថា) នរណាគួរទទួលភត្តដ៏ប្រសើរជាដើម១ រឿង (ស្វា និងដំរី) និយាយនឹងសត្វទទា១ រឿង (អវន្ទិយបុគ្គល)១ រឿង (ពួកសិស្សឆព្វគ្គិយភិក្ខុ) ហួងហែងសេនាសនៈរបស់សង្ឃ១ រឿង (មនុស្សទាំងឡាយតាក់តែង) គ្រែតាំង ដែលញាត់ដោយសំឡី ហើយទុកនៅក្នុងចន្លោះផ្ទះ១ រឿងព្រះមានព្រះភាគ ស្តេចយាងសំដៅទៅក្រុងសាវត្ថី១ រឿងអនាថបិណ្ឌិកគហបតិវេរអារាម (ចំពោះព្រះសង្ឃ ដែលមកអំពីទិសទាំងបួន)១ រឿងកើតកោលាហលក្នុងរោងភត្ត១ រឿង (ឆព្វគ្គិយភិក្ខុ) បណ្តេញភិក្ខុឈឺ១ រឿង (ឆព្វគ្គិយភិក្ខុ) ដេកជាប់នឹងដំណេកដ៏ប្រសើរ១ រឿងទ្រង់បញ្ញត្តមិនឲ្យហាមឃាត់សេនាសនៈ ដោយអាងលេស១ រឿងសត្តរសវគ្គិយភិក្ខុ (ជួសជុលវិហារ) ក្នុងទីនោះៗ១ រឿងភិក្ខុគិតគ្នាថា ភិក្ខុណាហ្ន៎ គួរប្រគល់សេនាសនៈ១ រឿងសេនាសនគ្គាហាបកៈភិក្ខុ គិតគ្នាថា យើងគួរប្រគល់សេនាសនៈដូចម្តេចហ្ន៎១ រឿងភិក្ខុប្រគល់សេនាសនៈ តាមកំណត់វិហារ១ រឿងទ្រង់អនុញ្ញាតឲ្យឲ្យបរិវេណ តាមចំណែកជាលំដាប់ បើមានភិក្ខុឯទៀតមកដល់ (បើលោក) មិនត្រូវការ ក៏មិនត្រូវឲ្យចំណែក១ រឿងទ្រង់បញ្ញត្តមិនឲ្យភិក្ខុប្រគល់សេនាសនៈ ដល់ភិក្ខុឋិតនៅក្នុងទីឥតសីមា១ រឿង (ទ្រង់បញ្ញត្ត មិនឲ្យភិក្ខុហាមឃាត់) សេនាសនៈ អស់កាលទាំងពួង១ រឿងភិក្ខុអ្នកប្រគល់សេនាសនៈ៣ពួក១ រឿងឧបនន្ទភិក្ខុ (ហួងហែងសេនាសនៈច្រើនកន្លែង)១ រឿងព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងគុណនៃវិន័យ១ រឿងព្រះថេរៈឈររៀនវិន័យ ទើបទ្រង់អនុញ្ញាតឲ្យអង្គុយលើអាសនៈស្មើគ្នា១ រឿងភិក្ខុមានអាសនៈស្មើគ្នា អង្គុយលើគ្រែជាមួយគ្នា ទាល់តែបាក់ ទើបទ្រង់អនុញ្ញាតឲ្យភិក្ខុ៣រូបខ្លះ ២រូបខ្លះ អង្គុយលើសេនាសនៈ ជាមួយគ្នាបាន១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុមានអាសនៈមិនស្មើគ្នា អង្គុយលើអាសនៈវែងជាមួយគ្នាបាន១ រឿងទ្រង់អនុញ្ញាតឲ្យប្រើប្រាស់ប្រាសាទមានរបៀង១ រឿងព្រះអយ្យិកា (នៃព្រះបាទបសេនទិកោសលសុគត)១ (រឿងអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូចមួយ) ក្នុងទីមិនឆ្ងាយ (ពីក្រុងសាវត្ថី)១ រឿងភិក្ខុចែកសេនាសនៈរបស់សង្ឃ១ រឿងព្រះមានព្រះភាគ ស្តេចយាងទៅកាន់កិដាគិរិជនបទ១ រឿងព្រះមានព្រះភាគ ស្តេចយាងទៅកាន់ដែនអាឡវី១ រឿងភិក្ខុឲ្យនវកម្ម ដោយគ្រាន់តែទុកដាក់ដុំដី ឬបាយអលាបជញ្ជាំង ដំកល់សន្ទះទ្វារ សសរមេទ្វារ ធ្វើបង្អួច ធ្វើឲ្យមានពណ៌ស ឲ្យមានពណ៌ខ្មៅ ធ្វើឲ្យជិតស្និទ្ធ ដោយបិទជ័ររង្គ ដោយបិទបាំង ដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្រប ជួសជុលត្រង់កន្លែងដែលដាច់ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ៣០ឆ្នាំខ្លះ ឲ្យនវកម្មចំពោះវិហារ ដែលខ្លួនអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ១ រឿងទ្រង់អនុញ្ញាតឲ្យឲ្យនវកម្ម ចំពោះវិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ បើវិហារតូច ទ្រង់អនុញ្ញាតឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្មត្រឹម៦ឆ្នាំ ឬ៥ឆ្នាំបាន បើអឌ្ឍយោគ ទ្រង់អនុញ្ញាតឲ្យឲ្យនវកម្មត្រឹម៧ឆ្នាំ ឬ៨ឆ្នាំបាន បើវិហារធំ ទ្រង់អនុញ្ញាតឲ្យឲ្យនវកម្ម ត្រឹម១០ឆ្នាំ ឬ១២ឆ្នាំបាន១ រឿងភិក្ខុឲ្យនវកម្ម ចំពោះវិហារទាំងអស់១ រឿងភិក្ខុឲ្យនវកម្ម ពីរកន្លែង ដល់ភិក្ខុមួយរូប១ រឿងភិក្ខុទទួលនវកម្ម ក្នុងវិហាររបស់សង្ឃ ហើយប្រើឲ្យភិក្ខុឯទៀតនៅ១ រឿងភិក្ខុហាមឃាត់សេនាសនៈរបស់សង្ឃ១ រឿងទ្រង់បញ្ញត្តមិនឲ្យឲ្យនវកម្មដល់ភិក្ខុ ដែលនៅក្នុងទីឥតសីមា១ រឿងទ្រង់បញ្ញត្តមិនឲ្យហាមឃាត់ (សេនាសនៈ) អស់កាលទាំងពួង១ រឿងភិក្ខុទទួលយកនវកម្ម ហើយចៀសចេញទៅខ្លះ សឹកខ្លះ ស្លាប់ខ្លះ ប្តេជ្ញាជាសាមណេរខ្លះ ជាអ្នកលាសិក្ខាខ្លះ ជាអ្នកត្រូវអន្តិមវត្ថុខ្លះ ជាមនុស្សឆ្កួតខ្លះ ជាអ្នកមានចិត្តរាយមាយខ្លះ ជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ខ្លះ ជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ព្រោះមិនសំដែងអាបត្តិខ្លះ ព្រោះមិនលះបង់ទិដ្ឋិខ្លះ ជាមនុស្សខ្ទើយខ្លះ ជាមនុស្សលួចសំវាសខ្លះ ជាមនុស្សចូលលទ្ធិតិរ្ថិយខ្លះ ជាតិរច្ឆានខ្លះ ជាមនុស្សសម្លាប់មាតាខ្លះ ជាមនុស្សសម្លាប់បិតាខ្លះ ជាមនុស្សសម្លាប់ព្រះអរហន្តខ្លះ ជាមនុស្សទ្រូស្តភិក្ខុនីខ្លះ ជាមនុស្សបំបែកសង្ឃខ្លះ ជាមនុស្សធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ជាមនុស្សមានភេទពីរខ្លះ១ រឿងភិក្ខុឲ្យនវកម្ម ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាស១ រឿងភិក្ខុធ្វើនវកម្មមិនទាន់ហើយ ៗប្រគល់ឲ្យដល់ភិក្ខុដទៃ១ រឿងភិក្ខុនោះធ្វើនវកម្មហើយ ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាជាសាមណេរខ្លះ ជាអ្នកលាសិក្ខាខ្លះ ជាអ្នកត្រូវអន្តិមវត្ថុខ្លះ សង្ឃត្រូវជាម្ចាស់ (នវកម្មនោះ)១ ភិក្ខុធ្វើនវកម្មរួចស្រេចហើយ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ជាមនុស្សមានចិត្តរាយមាយខ្លះ ជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ខ្លះ ថាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ព្រោះមិនសំដែងអាបត្តិខ្លះ ព្រោះមិនលះបង់ទិដ្ឋិខ្លះ នវកម្មនោះ ជារបស់ភិក្ខុនោះឯង១ ភិក្ខុធ្វើនវកម្មរួចស្រេចហើយ ថាបើភិក្ខុនោះប្តេជ្ញាខ្លួនជាមនុស្សខ្ទើយខ្លះ ជាអ្នកលួចសំវាសខ្លះ ជាមនុស្សចូលកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ជាអ្នកសម្លាប់មាតាខ្លះ ជាអ្នកសម្លាប់បិតាខ្លះ ជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ជាអ្នកប្រទុស្តភិក្ខុនីខ្លះ ជាអ្នកបំបែកសង្ឃខ្លះ ជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ជាអ្នកមានភេទពីរខ្លះ សង្ឃត្រូវជាម្ចាស់ (នវកម្មនោះ)១ រឿងភិក្ខុនាំយកសេនាសនៈ (របស់គ្រហស្ថ ដែលគេឧទ្ទិស ជាគ្រឿងសម្រាប់ប្រើប្រាស់ក្នុងវិហារ) ទៅប្រើប្រាស់ក្នុងទីដទៃ១ រឿងភិក្ខុមានសេចក្តីសង្ស័យ១ រឿងវិហារទ្រុឌទ្រោម១ រឿងសំពត់កម្ពលកើតឡើងដល់សង្ឃ១ រឿងសំពត់មានថ្លៃច្រើន កើតឡើងដល់សង្ឃ១ រឿងស្បែកខ្លាឃ្មុំកើតឡើងដល់សង្ឃ១ រឿងខ្សែដែលគេវេញ ឲ្យមានសណ្ឋានដូចជាកង់ កើតឡើងដល់សង្ឃ១ រឿងកំណាត់សំពត់កើតឡើងដល់សង្ឃ១ រឿងភិក្ខុមិនលាងជើង ដើរជាន់ (សេនាសនៈ)១ រឿងភិក្ខុជើងទទឹក ដើរជាន់សេនាសនៈ១ រឿងភិក្ខុពាក់ស្បែកជើង (ដើរជាន់សេនាសនៈ)១ រឿងភិក្ខុស្តោះទឹកមាត់ដាក់ (លើទីវិចិត្រល្អ)១ រឿងជើងគ្រែកោសដាច់ទីផ្ទៃ១ រឿងភិក្ខុផ្អែក (នឹងជញ្ជាំង)១ រឿងទ្រង់អនុញ្ញាតផែនក្តារសម្រាប់ផ្អែក១ រឿងផែនក្តារសម្រាប់ផ្អែក កោសដាច់ទីផ្ទៃ១ រឿងភិក្ខុមានជើងលាងរួចហើយ (តែមិនហ៊ានដេក) ទ្រង់អនុញ្ញាតឲ្យក្រាលកម្រាលសិន (សឹមដេក)១ រឿងក្រុងរាជគ្រឹះ (កើតទុរ្ភិក្ស) មនុស្សទាំងឡាយ (ចង់ធ្វើសង្ឃភត្ត) តែមិនអាចនឹងធ្វើបាន១ រឿងឆព្វគ្គិយភិក្ខុទទួលភត្តថ្លៃថ្លា បម្រុងខ្លួនឯង ហើយឲ្យភត្តមិនថ្លៃថ្លា ដល់ភិក្ខុដទៃ១ រឿងទ្រង់អនុញ្ញាតឲ្យសន្មតភត្តុទ្ទេសកភិក្ខុ១ រឿងភត្តុទ្ទេសកភិក្ខុ មានសេចក្តីសង្ស័យថា ធ្វើដូចម្តេចហ្ន៎១ រឿងមិនទាន់មានភិក្ខុអ្នកចាត់ចែងសេនាសនៈបម្រុងសង្ឃ១ រឿងសន្មតភិក្ខុឲ្យជាអ្នករក្សាឃ្លាំង១ រឿងសន្មតភិក្ខុឲ្យជាអ្នកទទួល (ចីវរ)ទុក១ រឿងទ្រង់អនុញ្ញាតឲ្យជាអ្នកចែកបបរ១ ឲ្យជាអ្នកចែកផ្លែឈើ១ ឲ្យជាអ្នកចែកបង្អែម១ ឲ្យជាអ្នកចាត់ចែងបរិក្ខារតិចតួច១ ឲ្យជាអ្នកប្រគល់សំពត់១ ឲ្យជាអ្នកប្រគល់បាត្រ១ រឿងសន្មតភិក្ខុឲ្យជាអ្នកប្រើញោមវត្ត និងសាមណេរ១ រឿងព្រះសម្មាសម្ពុទ្ធ ជាវិនាយក ព្រះអង្គមានព្រះហឫទ័យប្រាថ្នានូវប្រយោជន៍ (ដល់សត្វ) ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គ្របសង្កត់ជនទាំងពួង (ទ្រង់អនុញ្ញាតសេនាសនៈដូចបានថ្លែងមកនេះ) ដើម្បីជ្រកកោនផង ដើម្បីនៅជាសុខសប្បាយផង ដើម្បីដុតបង់7) (នូវអកុសលធម៌)ផង ដើម្បីពិចារណា នូវសង្ខារ8) ផង។
ចប់ ភាគ១០