km:tipitaka:vin:cv:vin.cv.06.03.0

(តតិយភាណវារៈ ទី៣ វត្ថុ)

សង្ខេប

ភិក្ខុ​មិនគួរ​ប្រាថ្នា​ទីសេនាសេនៈច្រើន​ជាង​មួយ​​កន្លែង។ វិន័យ​​បន្ទាប់បញ្ញត្តិ​អំពី​ទី​កន្លែង​អង្គុយ និង​អង្គុយ​ជាមួយ​អ្នក​ណា និង នរណា​ដែល​គួរ​អង្គុយ​ខ្ពស់​ជាង។ ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​ផង​ដែរ​ដើម្បី​ទទួល​ប្រាសាទ។

vin cv 06 03 0 បាលី cs-km: vin.cv.06.03.0 អដ្ឋកថា: vin.cv.06.03.0_att PTS: ?

(តតិយភាណវារៈ ទី៣ វត្ថុ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(…)

[៣៩៣] សម័យនោះឯង ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត ទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី ហើយដើរទៅកាន់អាវាស ក្នុងស្រុកតូចមួយ ក៏ទទួលយកសេនាសនៈ ក្នុងទីនោះទៀត។ លំដាប់នោះ ភិក្ខុទាំងនោះ (ដែលនៅក្នុងទីអាវាសនោះ) គិតគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តនេះ ជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវការទាស់ទែង ធ្វើនូវតិរច្ឆានកថា ធ្វើនៅអធិករណ៍ក្នុងសង្ឃ ប្រសិនបើ ឧបនន្ទភិក្ខុនេះ នៅចាំវស្សាក្នុងទីនេះ យើងទាំងអស់គ្នា នឹងនៅពុំបានសប្បាយឡើយ បើដូច្នោះ មានតែយើងសួរលោកមើល។ ភិក្ខុទាំងនោះ ក៏សួរឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តដូច្នេះថា ម្នាលអាវុសោឧបនន្ទ លោកបានទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី មែនឬ។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ខ្ញុំបានទទួលយកមែន។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោឧបនន្ទ ចុះលោកតែម្នាក់ឯងទេ ម្តេចក៏ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ខ្ញុំលែងយកក្នុងទីនេះហើយ ខ្ញុំនឹងទៅទទួលយកក្នុងទីនោះវិញ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត តែមួយរូប មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបនន្ទ ឮថា អ្នកតែម្នាក់ឯង ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង មែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកតែម្នាក់ឯង មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងទេ ម្នាលមោឃបុរស (បើ) អ្នកទទួលយកសេនាសនៈ ក្នុងទីនោះហើយ មានតែលែងទទួលយកក្នុងទីនេះ (បើ) អ្នកទទួលយកក្នុងទីនេះហើយ មានតែលែងទទួលយកក្នុងទីនោះ នែមោឃបុរស បើយ៉ាងហ្នឹង អ្នកចាត់ថា ជាមនុស្សខាងក្រៅ គឺថា មិនត្រូវបានសេនាសនៈក្នុងទីទាំងពីរខាងទេ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់ឯង មិនត្រូវហួងហែងសេនាសនៈពីរកន្លែងទេ ភិក្ខុណាហួងហែងទុក ត្រូវអាបត្តិទុក្កដ។

[៣៩៤] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន។ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន ម្នាលអាវុសោ បើដូច្នោះ យើងនឹងរៀនវិន័យ ក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុចុះ។ ភិក្ខុច្រើនអង្គទាំងនោះ ទោះជាថេរៈក្តី ខ្ចីក្តី កណ្តាលក្តី តែងនាំគ្នាមករៀនវិន័យ ក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុ។ ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុ ក៏ចេះតែឈរ សំដែង (វិន័យ) ដោយសេចក្តីគោរព ចំពោះពួកភិក្ខុជាថេរៈ។ ឯពួកភិក្ខុជាថេរៈ ក៏ឈរឲ្យលោកសំដែង (វិន័យ) ដោយសេចក្តីគោរពក្នុងធម៌ដែរ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុជាថេរៈក្តី ព្រះឧបាលិដ៏មានអាយុក្តី ក៏លំបាក (ពេកណាស់)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុខ្ចីដែលសំដែង (វិន័យ) អង្គុយលើអាសនៈស្មើគ្នាក៏បាន ខ្ពស់ជាងក៏បាន ដោយសេចក្តីគោរពក្នុងធម៌ និងអនុញ្ញាតឲ្យភិក្ខុជាថេរៈ ដែលនិមន្តភិក្ខុខ្ចីឲ្យសំដែងវិន័យ អង្គុយលើអាសនៈស្មើគ្នាក៏បាន ទាបជាងណាស់ទៅក៏បាន ដោយសេចក្តីគោរពក្នុងធម៌។

[៣៩៥] សម័យនោះឯង ភិក្ខុច្រើនរូប នាំគ្នាឈររៀនបាលី ក្នុងសំណាក់នៃព្រះឧបាលិដ៏មានអាយុ ក៏លំបាក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលមានអាសនៈស្មើគ្នា អង្គុយជាមួយគ្នាបាន។

[៣៩៦] គ្រានោះឯង ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដែលហៅថា មានអាសនៈស្មើគ្នា ដោយវស្សាប៉ុន្មានហ្ន៎។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានវស្សារវាង៣ អង្គុយជាមួយគ្នាបាន។1)

[៣៩៧] សម័យនោះឯង ភិក្ខុច្រើនរូបមានអាសនៈស្មើគ្នា នាំគ្នាទៅអង្គុយលើគ្រែមួយ ទាល់តែបាក់គ្រែ។ ទៅអង្គុយលើតាំងមួយ ក៏បាក់តាំងទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុ៣រូប តាំងមួយ ដល់ភិក្ខុ៣រូប។ ភិក្ខុ៣រូបអង្គុយលើគ្រែមួយ ក៏បាក់គ្រែទៅ។ អង្គុយលើតាំងមួយ ក៏បាក់តាំងទៀត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុពីររូប តាំងមួយ ដល់ភិក្ខុពីររូប។2)

[៣៩៨] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យនឹងការអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុដែលមានអាសនៈមិនស្មើគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុ ដែលមានអាសនៈមិនស្មើគ្នាបាន វៀរលែងតែមនុស្សខ្ទើយ មាតុគ្រាម និងមនុស្សមានភេទពីរ។

[៣៩៩] គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អាសនៈវែង តើមានទីបំផុតត្រឹមណា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអាសនៈវែង ដែលមានទីបំផុតល្មមភិក្ខុ៣រូប (អង្គុយបាន)។

[៤០០] សម័យនោះឯង នាងវិសាខា ជាមិគារមាតា ចង់ឲ្យជាងធ្វើបា្រសាទ ប្រកបដោយរបៀងឈ្មោះ ហត្ថិនខកៈ3) បំរុងប្រគេនព្រះសង្ឃ។ លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ បានទ្រង់អនុញ្ញាតការប្រើប្រាស់ប្រាសាទហើយឬ ៗមិនទាន់បានទ្រង់អនុញ្ញាតទេហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការប្រើប្រាស់ប្រាសាទគ្រប់យ៉ាងបាន។

[៤០១] សម័យនោះ ព្រះអយ្យិការបស់ព្រះបាទបសេនទិកោសលសុគត។ កាលដែលព្រះអយ្យិកានោះសុគតទៅ សង្ឃក៏បានអកប្បិយភណ្ឌជាច្រើន ឯអកប្បិយភណ្ឌនោះគឺ អាសនៈ ដែលកន្លងហួសប្រមាណ គ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ព្រំមានរោមវែងជាង៤ធ្នាប់ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ កម្រាលមានពណ៌ស ដែលធ្វើពីរោមសត្វ កម្រាលដែលធ្វើពីរោមសត្វជាផ្កាចង្កោម កម្រាលដែលញាត់គ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសីហៈ និងខ្លាធំជាដើម កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងតែម្ខាង កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងទាំងពីរខាង កម្រាលដែលធ្វើពីឌិនមាស ឬខ្សែសយ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលដែលធ្វើពីសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលធ្វើពីរោមសត្វល្មមស្រីរបាំ១៦នាក់ឈររាំបាន កម្រាលសម្រាប់ក្រាលលើខ្នងដំរី កម្រាលសម្រាប់ក្រាលលើខ្នងសេះ កម្រាលសម្រាប់ក្រាលលើរថ កម្រាលដែលធ្វើដោយស្បែកខ្លា កម្រាលដ៏ឧត្តម ដែលធ្វើពីស្បែកឈ្មុស ខ្នើយពណ៌ក្រហមទាំងពីរខាង (គឺខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់ជើងអាសនៈ ដែលកន្លងហួសប្រមាណ ហើយសឹមប្រើប្រាស់ ឲ្យទំលាយរូបសត្វសាហាវនៃគ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ហើយសឹមប្រើប្រាស់ ឲ្យកកាយកម្រាលដែលញាត់គ យកមកធ្វើជាខ្នើយ អាសនៈក្រៅអំពីនោះ យកមកធ្វើជាកម្រាលសម្រាប់ក្រាលលើផែនដីបាន។

 

លេខយោង

1)
អដ្ឋកថា ថា សំដៅយកភិក្ខុដែលចាស់ជាងគ្នាពីរវស្សា ឬក្មេងជាងគ្នាពីរវស្សា
2)
អដ្ឋកថា ថា បើគ្រែ ឬតាំងចំណុះភិក្ខុ៣រូប ទ្រង់អនុញ្ញាតឲ្យអង្គុយតែពីររូប
3)
ប្រែថា ប្រាសាទ តាំងនៅលើពោងដំរី
km/tipitaka/vin/cv/vin.cv.06.03.0.txt · ពេលកែចុងក្រោយ: 2023/08/04 16:11 និពន្ឋដោយ Johann