User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.06.03.01

(អវិស្សជ្ជិយវត្ថុ)

សង្ខេប

វត្ថុ​៥​យ៉ាង នៅ​ពេល​ប្រគេន​ដល់​សង្ឃ មិន​មាន​នរណា​មានសិទ្ធិ​លះ​បាន (ហើយ​នៅ​ពេល​រួច​រាល់ មិនទាន់រួចពីការ​លះ​ ប៉ុន្តែ​នៅតែ​ជា​របស់​សង្ឃ​) ទីអាសនៈ ទីអារាម គ្រឿងសង្ហា​រឹម សម្ភារៈ និងវត្ថុ​សម្រាប់​កសាង។

vin cv 06 03 01 បាលី cs-km: vin.cv.06.03.01 អដ្ឋកថា: vin.cv.06.03.01_att PTS: ?

(អវិស្សជ្ជិយវត្ថុ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(អវិស្សជ្ជិយវត្ថុ)

[៤០២] សម័យនោះឯង ពួកអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូច១ មិនឆ្ងាយពីក្រុងសាវត្ថី មានសេចក្តីលំបាកនឹងរៀបចំក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ។ ភិក្ខុទាំងនោះ ក៏គិតគ្នាថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ពួកយើងលំបាកនឹងក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងនឹងប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប ឯយើងរាល់គ្នា ចាំប្រើប្រាស់ទ្រព្យរបស់ ដោយសារភិក្ខុនោះវិញ។ ភិក្ខុទាំងនោះ ក៏បានប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប។ ពួកអាគន្តុកភិក្ខុនិយាយពាក្យនេះ នឹងអាវាសិកភិក្ខុនោះថា ម្នាលអាវុសោ ចូរលោករៀបចំសេនាសនៈបម្រុងយើង។ អាវាសិកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈរបស់សង្ឃ មិនមានទេ (ព្រោះ) យើងបានប្រគល់ឲ្យភិក្ខុមួយរូបអស់ទៅហើយ។ អាគន្តុកភិក្ខុសួរថា ម្នាលអាវុសោ ពួកលោកហ៊ានលះសេនាសនៈរបស់សង្ឃឬ។ អាវាសិកភិក្ខុឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុ មិនសមបើហ៊ានលះសេនាសនៈ ជារបស់សង្ឃសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុ លះសេនាសនៈរបស់សង្ឃ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងលះសេនាសនៈរបស់សង្ឃសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរលះចេញ៥យ៉ាងនេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។ របស់ទាំង៥នោះ ដូចម្តេច។ គឺអារាម គឺសួនច្បារ1) ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរលះចេញ ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដីសម្រាប់សង់លំនៅ១ នេះជារបស់មិនគួរលះចេញ ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជារបស់មិនគួរលះចេញ ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជារបស់មិនគួរលះចេញ ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅយ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺគ្រឿងធ្វើពីដី១ នេះជារបស់មិនគួរលះចេញ ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជារបស់មិនគួរលះចេញ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។

 

លេខយោង

1)
អដ្ឋកថា ថា សួនផ្កា សួនផ្លែ
km/tipitaka/vin/cv/vin.cv.06.03.01.txt · ពេលកែចុងក្រោយ: 2023/08/07 15:07 និពន្ឋដោយ Johann