វត្ថុ៥យ៉ាង នៅពេលប្រគេនដល់សង្ឃ មិនមាននរណាមានសិទ្ធិចែកបាន។
vin cv 06 03 02 បាលី cs-km: vin.cv.06.03.02 អដ្ឋកថា: vin.cv.06.03.02_att PTS: ?
(អវេភង្គិយវត្ថុ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(អវេភង្គិយវត្ថុ)
[៤០៣] គ្រានោះឯង ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី សំរាន្តពុទ្ធឥរិយាបថ ហើយយាងទៅកាន់ចារិក ក្នុងកិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុ បានឮដំណឹងថា ព្រះមានព្រះភាគ យាងមកដល់កិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ក៏និយាយថា ម្នាលអាវុសោ បើដូច្នោះ មានតែយើងនាំគ្នាចែកសេនាសនៈ ជារបស់សង្ឃទាំងអស់ (ដ្បិត) សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា កុំរៀបចំក្រាលសេនាសនៈប្រគេនលោកឡើយ។ ភិក្ខុទាំងនោះ ក៏នាំគ្នាចែកសេនាសនៈ ដែលជារបស់សង្ឃទាំងអស់។ គ្រានោះ ព្រះមានព្រះភាគ កំពុងស្តេចមកកាន់ចារិក តាមលំដាប់ ទ្រង់តម្រង់ទៅកាន់កិដាគិរិជនបទនោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុច្រើនរូបមកថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរដើរទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ កំពុងតែស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោករាល់គ្នា ចូររៀបចំក្រាលសេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ (ព្រះពុទ្ធដីកា) នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំគ្នាចូលទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ ទើបថ្លែងបណ្តាំនេះ ប្រាប់ពួកអស្សជិ និងបុនព្វសុកភិក្ខុថា ម្នាលអាវុសោ ដ្បិតព្រះមានព្រះភាគ ស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោកទាំងឡាយ ចូរនាំគ្នារៀបចំក្រាលសេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈ ដែលជារបស់សង្ឃ មិនមានទេ (ព្រោះ) សេនាសនៈទាំងអស់ យើងចែកគ្នាអស់ហើយ ម្នាលអាវុសោ ព្រះមានព្រះភាគ ស្តេចមកល្អហើយ ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងវិហារណា ក៏នឹងគង់ក្នុងវិហារនោះទៅ ឯសារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា មិនបានរៀបចំក្រាលសេនាសនៈឲ្យលោកទាំងនោះទេ។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោ លោកទាំងឡាយ នំាគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ពួកអស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងចែកមែន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកអស្សជិ និងបុនព្វសុកភិក្ខុ មិនសមបើមកនាំគ្នាចែកសេនាសនៈរបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអស្សជិ និងបុនព្វសុកភិក្ខុ នាំគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងហ៊ាននាំគ្នាចែកសេនាសនៈរបស់សង្ឃទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរចែក៥ពួកនេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។ របស់៥ពួក ដូចម្តេច។ (របស់៥ពួកនោះ គឺ) អារាម គឺសួនច្បារ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរចែក ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដីសម្រាប់សង់លំនៅ១ នេះជារបស់មិនគួរចែក ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជាវត្ថុមិនគួរចែក ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជាវត្ថុមិនគួរចែក ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅយ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺគ្រឿងធ្វើពីដី១ នេះជាវត្ថុមិនគួរចែក ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជាវត្ថុមិនគួរចែក ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែកឡើយ ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។