ព្រះពុទ្ធបញ្ញត្តិសេចក្ដីលម្អិត សម្រាប់ការមើលខុសត្រូវលើកសាងនិងថែរក្សា។មែន គ្មានឱកាសដែលមិនខ្វល់សោះ និងមិនសមគួរពោលថា «អនិច្ចា» ។
vin cv 06 03 03 បាលី cs-km: vin.cv.06.03.03 អដ្ឋកថា: vin.cv.06.03.03_att PTS: ?
(នវកម្មទានកថា)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(នវកម្មទានកថា)
[៤០៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកិដាគិរិជនបទ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងទៅកាន់ចារិក ក្នុងដែនអាឡវី ទ្រង់ត្រាច់ទៅកាន់ចារិក តាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ។ ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង អគ្គាឡវចេតិយ ទៀបដែនអាឡវីនោះ។
[៤០៥] សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនឡាឡវី ឲ្យនវកម្មមានសភាពយ៉ាងនេះ គឺឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ ឲ្យនវកម្ម ដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្ម ដោយគ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គខ្លះ1) ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនៅដែនអាឡវី មិនសមនឹងឲ្យនវកម្មមានសភាពយ៉ាងនេះទេ គឺឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ ឲ្យនវកម្មដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការនោះពិតមែនឬ។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំង មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែដំកល់ទ្វារ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារ មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែធ្វើបង្អួច មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ស មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ខ្មៅ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែចងទុក មិនត្រូវឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្រប មិនត្រូវឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំ មិនត្រូវឲ្យនវកម្មអស់២០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់៣០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់១ជីវិត មិនត្រូវឲ្យនវកម្មអស់ ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែង ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យនវកម្ម ចំពោះតែវិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ (បើ) វិហារតូច ឲ្យត្រួតមើលការងារហើយ សឹមឲ្យនវកម្មអស់ត្រឹម៦ឆ្នាំ ឬ៥ឆ្នាំ ឲ្យរួច (បើ) អឌ្ឍយោគ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនូវនវកម្ម អស់ត្រឹម៧ឆ្នាំ ឬ៨ឆ្នាំឲ្យរួច (បើ) វិហារធំ ឬប្រាសាទ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្មអស់ត្រឹម១០ឆ្នាំ ឬ១២ឆ្នាំឲ្យរួច។
[៤០៦] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មចំពោះវិហារទាំងអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ចំពោះវិហារទាំងអស់ទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤០៧] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មពីរកន្លែង ដល់ភិក្ខុ១រូប។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យវនកម្មពីរកន្លែង ដល់ភិក្ខុ១រូបទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤០៨] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយឲ្យភិក្ខុដទៃនៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយឲ្យភិក្ខុដទៃនៅទេ ភិក្ខុណាឲ្យភិក្ខុដទៃនៅ ត្រូវអាបត្តិទុក្កដ។
[៤០៩] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយហាមឃាត់សេនាសនៈរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម ហើយហាមឃាត់សេនាសនៈរបស់សង្ឃទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុដែលធ្វើការនោះ) ទទួលយកទីដេកដ៏ប្រសើរ១ (បន្ទប់បាន)។
[៤១០] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមាទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤១១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាលទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យហាមឃាត់ត្រឹម៣ខែ នៃវស្សានរដូវ (ប៉ុណ្ណោះ) មិនមែនហាមឃាត់គ្រប់កាលនៃរដូវទេ។
[៤១២] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្មហើយ ដើរចេញទៅខ្លះ សឹកខ្លះ ធ្វើមរណភាពខ្លះ ប្តេជ្ញាខ្លួនទៅជាសាមណេរខ្លះ ប្តេជ្ញាជាអ្នកលាសិក្ខាខ្លះ ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយខ្លះ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញខ្លះ ប្តេជ្ញាជាមនុស្សខ្ទើយខ្លះ ប្តេជ្ញាជាមនុស្សលួចសំវាសខ្លះ ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ប្តេជ្ញាជាអ្នកសម្លាប់មាតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់បិតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនីខ្លះ ប្តេជ្ញាជាអ្នកបំបែកសង្ឃខ្លះ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ប្តេជ្ញាជាអ្នកមានភេទពីរខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៤១៣] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀរចេញទៅ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្ម ហើយសឹកចេញ ធ្វើមរណភាព ប្តេជ្ញាទៅជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ប្តេជ្ញាជាមនុស្សខ្ទើយ ប្តេជ្ញាជាមនុស្សលួចសំវាស ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។
[៤១៤] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀសចេញទៅក្នុងវេលាដែលធ្វើ (នវកម្ម) មិនទាន់ស្រេច។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុឯទៀត ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ សឹកចេញ ក្នុងវេលាដែលធ្វើនវកម្ម មិនទាន់ស្រេច។ ធ្វើមរណភាព។ បេ។ ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។
[៤១៥] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀសចេញទៅ ក្នុងវេលាដែលធ្វើ (នវកម្ម) ហើយស្រេច (លុះត្រឡប់មកនៅវិញ) នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។
[៤១៦] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ សឹកចេញ ធ្វើមរណភាព ប្តេជ្ញាជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ក្នុងវេលាដែលធ្វើនវកម្មហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។
[៤១៧] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិចេញ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក្នុងវេលាដែលធ្វើនវកម្មហើយស្រេច នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។
[៤១៨] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ប្តេជ្ញាជាមនុស្សខ្ទើយ ប្តេជ្ញាជាអ្នកលួចសំវាស ប្តេជ្ញាជាអ្នកស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ ក្នុងវេលាដែលធ្វើ(នវកម្ម)ហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។