ការបញ្ញត្តិច្រើនផ្នែក ចំពោះការរៀបចំនិងប្រើប្រាស់វត្ថុ ត្រឹមត្រូវ និងរក្សាអនាម័យ។ គ្មានទេដែលចេះតែប្រើប្រាស់វត្ថុមួយៗ តាមវេទនា និងតាមតែការពេញចិត្តរបស់ខ្លួន ឬតាមការស្រួល ទេ។
vin cv 06 03 04 បាលី cs-km: vin.cv.06.03.04 អដ្ឋកថា: vin.cv.06.03.04_att PTS: ?
(អញ្ញត្របរិភោគបដិក្ខេបាទិ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(អញ្ញត្របរិភោគបដិក្ខេបាទិ)
[៤១៩] សម័យនោះឯង ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ (ដែលគេឧទ្ទិស) ជាគ្រឿងសម្រាប់ប្រើប្រាស់ ក្នុងវិហារ ទៅប្រើប្រាស់ក្នុងទីឯទៀត។ គ្រានោះ ឧបាសកនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ មិនសមបើនឹងយកគ្រឿងប្រើប្រាស់អំពីទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកគ្រឿងប្រើប្រាស់ ក្នុងទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៤២០] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យ (មិនហ៊ាន) នាំយក (គ្រឿងប្រើប្រាស់) ទៅកាន់រោងឧបោសថ កាន់រោងជាទីប្រជុំ ហើយក៏នាំគ្នាអង្គុយផ្ទាល់លើផែនដី។ ទាំងខ្លួន ទាំងចីវរ (របស់ភិក្ខុនោះ) ក៏ប្រឡាក់ប្រឡូស ដោយអាចម៍ដី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យនាំយក (គ្រឿងប្រើប្រាស់នោះ) ឲ្យជារបស់ខ្ចីបាន។
[៤២១] សម័យនោះឯង វិហារធំរបស់សង្ឃទ្រុឌទ្រោម។ ពួកភិក្ខុសង្ស័យ មិនហ៊ាននាំយកសេនាសនៈចេញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យនាំយក (សេនាសនៈ) ទៅទុកថែរក្សាបាន។
[៤២២] សម័យនោះឯង សំពត់កម្ពលមានតម្លៃច្រើន ជាសេនាសនបរិក្ខារ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្ម គឺការចំរើនបាន។
[៤២៣] សម័យនោះឯង សំពត់មានតម្លៃច្រើន ជាបរិក្ខារក្នុងសេនាសនៈ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្មបាន។
[៤២៤] សម័យនោះឯង ស្បែកខ្លាឃ្មុំ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជាទ្រនាប់សម្រាប់ជូតជើងបាន។
[៤២៥] សម័យនោះឯង វត្ថុមានសណ្ឋានដូចជាកង់ (ដែលគេវេញ ដោយសំពត់កម្ពលជាដើម) កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជារង្វេល ម្រាប់ជូតជើងបាន។
[៤២៦] សម័យនោះឯង មានកំណាត់សំពត់ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជាសំពត់ សម្រាប់ជូតជើងបាន។
[៤២៧] សម័យនោះឯង ពួកភិក្ខុមិនទាន់លាងជើង1) ហើយដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឥតលាងជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤២៨] សម័យនោះឯង ពួកភិក្ខុដើរជាន់សេនាសនៈទាំងជើងទទឹក។ សេនាសនៈក៏សើមអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរជាន់សេនាសនៈទាំងជើងទទឹកទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤២៩] សម័យនោះឯង ពួកភិក្ខុពាក់ស្បែកជើង ដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុពាក់ស្បែកជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤៣០] សម័យនោះឯង ពួកភិក្ខុស្តោះទឹកមាត់ លើទីដែលគេតាក់តែងឲ្យស្អាត។ (ទីនោះ) ក៏អាប់អន់ពណ៌សម្បុរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្តោះទឹកមាត់ លើទីដែលគេតាក់តែងទេ ភិក្ខុណាស្តោះ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យប្រើ) កន្ថោរទឹកមាត់។
[៤៣១] សម័យនោះឯង ជើងគ្រែខ្លះ ជើងតាំងខ្លះ ក៏កោសដាច់ទីកន្លែង ដែលគេតាក់តែងឲ្យល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំ (ជើងគ្រែ ជើងតាំងនោះ) ដោយកំណាត់សំពត់។
[៤៣២] សម័យនោះឯង ពួកភិក្ខុផ្អែកនឹងជញ្ជាំងដែលគេលាប (ថ្នាំផ្សេងៗ)។ ពណ៌សម្បុរ (ជញ្ជាំង) ក៏អាប់អន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផ្អែកនឹងជញ្ជាំង ដែលគេលាប (ថ្នាំផ្សេងៗ) ទេ ភិក្ខុណាផ្អែក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារសម្រាប់ផ្អែក។ ឯផែនក្តារសម្រាប់ផ្អែក ក៏កោសផ្ទៃទីខាងក្រោមនឹងជញ្ជាំងខាងលើ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំសំពត់ទាំងខាងលើ ទាំងខាងក្រោម។
[៤៣៣] សម័យនោះឯង ភិក្ខុមានជើងលាងស្រេចហើយ តែនៅមានសង្ស័យ (មិនហ៊ាន) ដេក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលរួចសឹមដេក។