ពីព្រោះតែព្រះភិក្ខុសង្ឃ មានសេចក្ដីលំបាក ដើម្បីទទួលចង្ហាន់បិណ្ឌបាត ក្នុងវេលាស្រុកកើតទុរភិក្ស (ស្រុកអត់បាយ) ព្រះពុទ្ធបានអនុញ្ញាតនូវ ឱកាសខ្លះ ដើម្បីទទួលចង្ហាន់ក្រៅអំពីបិណ្ឌបាត។
vin cv 06 03 05 បាលី cs-km: vin.cv.06.03.05 អដ្ឋកថា: vin.cv.06.03.05_att PTS: ?
(សង្ឃភត្តាទិអនុជាននៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(សង្ឃភត្តាទិអនុជាននំ)
[៤៣៤] គ្រានោះ ព្រះមានព្រះភាគគង់នៅក្នុងដែន អាឡវី គួរតាមព្រះអធ្យាស្រ័យ រួចហើយ ទ្រង់ស្តេចទៅកាន់ចារិក ក្រុងរាជគ្រឹះ ស្តេចទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ក្រុងរាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។
[៤៣៥] សម័យនោះឯង ក្រុងរាជគ្រឹះក៏កើតទុរ្ភិក្ស (អត់បាយ) មនុស្សទាំងឡាយ មិនអាចនឹងធ្វើសង្ឃភត្តបាន ហើយក៏ប្រាថ្នានឹងធ្វើឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសង្ឃភត្ត ឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។