ព្រះពុទ្ធបញ្ញត្តសម្មតិភិក្ខុ ដែលទទួលកិច្ចរៀបចំភត្ត។ សូមមើល ភត្តុទ្ទេសកសូត្រ នៅ អង្គុត្តរនិកាយ ដែរ។
vin cv 06 03 06 បាលី cs-km: vin.cv.06.03.06 អដ្ឋកថា: vin.cv.06.03.06_att PTS: ?
(ភត្តុទ្ទេសកសម្មុតិ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(ភត្តុទ្ទេសកសម្មុតិ)
[៤៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទទួលយកភត្តប្រសើរ ចំពោះខ្លួនឯង ហើយឲ្យភត្តមិនថ្លៃថ្លា ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាភត្តុទ្ទេសកៈ គឺអ្នកសំដែងភត្ត (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់ភត្តដែលខ្លួនបានសំដែង និងមិនទាន់បានសំដែង១។
[៤៣៧] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៣៨] លំដាប់នោះ ពួកភិក្ខុជាភត្តុទ្ទេសកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគួរសំដែងភត្តដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចារិក ដោយសលាក ឬដំបា (មានបន្ទះឫស្សី និងស្លឹកត្នោតជាដើម) លា ឬបើកហើយ សឹមសំដែងភត្ត។